ភ្នំពេញ: មហោស្រព​អក្សរសិល្ប៍​​ខ្មែរ​នឹង​ត្រឡប់​មកវិញ​ជា​លើក​ទី​៦ ដែលជា​ការបន្ត​បេសកកម្ម​របស់ខ្លួន​ ដើម្បី​អបអរ​សាទរ​សិល្បៈ​​អក្សរសិល្ប៍​កម្ពុជា​។​

​ប្រធានបទ​នៅ​ឆ្នាំនេះ​គឺ «សំឡេង​ចម្រុះ​ពណ៌» បំភ្លឺ​លើ​ការនិទាន​រឿង​ដែល​គេ​មើលរំលង​ជា​ញឹកញាប់​នៅក្នុង​អក្សរសិល្ប៍​កម្ពុជា​។​ ​វា​អាចជា​សំឡេង​ធម្មជាតិមនុស្សសត្វឬអ្វី​ផ្សេងទៀត​ដែល​កើតចេញពី​ការស្រមើស្រមៃ​របស់​អ្នកឬក៏​ជា​សំឡេងរបស់​អ្នក​ផ្ទាល់​ដែល​​មិន​ធ្លាប់បាន​បន្លឺឬក៏​បន្លឺ​ហើយតែ​ពុំមាន​អ្នក​ឮ ឬក៏​យកចិត្តទុកដាក់​ស្តាប់​។ឥឡូវនេះ​ជា​ឱកាស​សម្រាប់​អ្នក​ហើយ​ក្នុងការ​បន្លឺសំឡេង​នោះ​។​

​​មហោស្រពដែល​ត្រូវបាន​បង្កើត​តាំងពី​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០១៧ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី ​២២ ខែតុលា ឆ្នាំ​ ២០២៣ នៅមុខ​សាលា​​ខេត្ត​កោះកុង​។​


​មហោស្រព​អក្សរសិល្ប៍​ខ្មែរដែល​​មាន​ចក្ខុវិស័យ​ក្នុងការ​លើកកម្ពស់និង​​ផ្សព្វផ្សាយ​អំពី​​អក្សរ​សិល្ប៍​ខ្មែរ​​ ​មាន​គោលបំណង​សំខាន់​ចំនួន​ ៣​ គឺ​បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍ជាតិលើកកម្ពស់​កិត្តិយសនិង​គុណ​តម្លៃ​របស់​អ្នក​និពន្ធក៏ដូចជាបង្កើន​ឱកាស​​ទំនាក់ទំនងនិង​ពង្រីក​វិសាលភាព​ទីផ្សារ​ដល់​អ្នកនិពន្ធនិង​វិស័យ​បោះពុម្ព និង​អក្សរ​សិល្ប៍​។​

​លោកស្រី ហួត​ សុជាតា ស្ថាប​និក និង​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរបាន​សម្តែង​​មោទនភាព​ក្នុងការ​រួម​ចំណែក​ដល់​វិស័យ​អក្សរ​សាស្ត្រ​កម្ពុជា​។​


​លោកស្រី​ សុជាតា ដែល​ស្រឡាញ់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាពនិង​លើក​កម្ពស់​ជីវភាព​រស់នៅ​បាន​ឱ្យ​ដឹង​ថា៖ «​ខ្ញុំ​មាន​មោទន​ភាព​ដែលជា​តំណក់ទឹក​ ១ តំណក់​ជួយ​បំពេញ​អាង​នៃ​វិស័យ​អក្សរសិល្ប៍​នៅ​កម្ពុជា​»។​

​លោកឥន្ទស​ម៉ា​ណាក់ប្រធាន​កម្មវិធីដែល​បាន​​ចូលរួម​រៀបចំ​មហោស្រព​​សម្រាប់​ឆ្នាំ​ទី​២ បាន​សង្កត់ធ្ងន់​លើ​បទពិសោធន៍​មហោ​ស្រព​មានការ​ផ្លាស់​ប្ដូរ​ពី ១ ឆ្នាំ​​ ទៅ​ ១​ ឆ្នាំ​​។​

​លោក​បាន​ថ្លែង​​ថា៖ «ខ្ញុំ​បន្ត​ចូលរួម​ដោយសារ​ខ្ញុំ​នឹក​អនុស្សា​វ​រី​យ៌​កាលពី​ឆ្នាំមុន​ដែល​ឃើញ​អ្នកនិពន្ធកវីអ្នក​ស្រឡាញ់​អក្សរសិល្ប៍គ្រូ និង​សិស្ស​និស្សិតបាន​ចូលរួម​យ៉ាងច្រើននិង​ទទួលបាន​បទពិសោធន៍​ល្អៗ​ពី​កម្មវិធី​។ ដូច្នេះ​សូម​និមន្ត​ និង​អញ្ជើញ​ចូលរួម​ឱ្យបាន​ច្រើន​កុះករ ដើម្បី​ទទួលបាន​បទពិសោធន៍​ចំណេះដឹង និង​បង្ហាញ​ពី​ការគាំទ្រ​ដល់​ផ្នែក​អក្សរ​សិល្ប៍​»​។

មហោស្រព​នេះ​មាន​កិត្តិយស​ដែលមាន​លោក ម៉ុង ម៉ា​និ​ត អ្នកនិពន្ធតារាចម្រៀង និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ល្បី​ ១​ រូប ជា​ឯកអគ្គរដ្ឋ​ទូត​សុច្ឆន្ទៈ​មហោ​ស្រព​អក្សរ​សិល្ប៍​​ខ្មែរ​​សម្រាប់​ឆ្នាំ ២០២៣​​។​

​លោក ម៉ា​និ​ត បាន​សម្តែង​​ភាពសប្បាយ​រីករាយ​ក្នុង​ការចូលរួម​ពិធីបុណ្យ និង​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​សិល្បៈ​អក្សរ​សិល្ប៍​ និង​អក្ខរកម្ម​។​

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំបាទ​រីករាយ​ណាស់ដែល​បាន​ចូលរួមចំណែក​ជា​ផ្នែក​មួយ​នៃ​មហោស្រព​នៅ​ឆ្នាំនេះ​។ ការចូលរួម​នេះនឹង​ជួយ​ជំរុញ​​ការផ្សព្វផ្សាយ​អំពី​មហោស្រព​ឱ្យ​សាធារណជន​បាន​ជ្រាបក៏ដូចជា​អភិវឌ្ឍ​វិស័យ​អក្សរសិល្ប៍វិស័យ​អំ​ណានជំរុញ​ និង​​បង្កើន​ស្នាដៃ​និពន្ធព្រមទាំង​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកអាន និង​ប្រជាជន​កម្ពុជា​ឱ្យ​យល់ច្បាស់​ពី​សក្ដា​នុពល​នៃ​អក្សរ​សិល្ប៍​ខ្មែរ​»​។​

​មហោស្រព​អក្សរសិល្ប៍​ខ្មែរលើក​ទី​៦ នេះមាន​រយៈពេល ​៣ ​ថ្ងៃ ដែលមាន​កម្មវិធី​ពិសេសៗជាច្រើន​ដូចជាពិព័រណ៍​មរតក​អក្សរសិល្ប៍វេទិកា​ពិភាក្សា​អំពី​អក្សរសិល្ប៍​នៃ​ខេត្តកោះកុង សិក្ខាសាលា​និពន្ធ​ច្នៃ​ប្រឌិតទស្សនកិច្ច​វប្បធម៌វេទិកា​ពិភាក្សា និង​បទ​បង្ហាញ​អំពី​វប្បធម៌​អក្សរសិល្ប៍​នៃ​ខេត្តកោះកុង កម្មវិធី​កំណាព្យបញ្ចាំងភាព​យន្ត​ឯកសារកម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​អក្សរសិល្ប៍ និង​កម្មវិធី​ទស្សនីយភាព ​ល្ខោន​និយាយ «​ឃុន​ឆាង​ឃុន​ផែន​» របាំ​ចម្រៀង​ និង​ចាប៉ី​ដងវែង​ផង​ដែរ​។​

មហោស្រព​អក្សរសិល្ប៍​ខ្មែរផ្តួចផ្តើម​គំនិត​ដោយ​អ្នកនិ​ពន្ធ សូ ភី​ណា ក្នុង​ឆ្នាំ ២០១៧ មាន​គោលបំណង​លើកកម្ពស់​អក្សរសិល្ប៍​ខ្មែរ និង​កិត្តិយស​អ្នកនិពន្ធ​ខ្មែរ​។ វា​ក៏​ស្វែងរក​ការជំរុញ​ទំនាក់ទំនង​នៅក្នុង​ឧស្សាហកម្ម​ផងដែរ​។​

​គួរ​បញ្ជាក់​ថា មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​៥ ឆ្នាំ ​២០២២ រៀបចំ​ឡើង​​នៅ​ខេត្តពោធិ៍សាត់ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី ​២៣ ខែតុលា ដោយ​ផ្តោត​សំខាន់​លើ​ការបណ្តុះចិត្ដ​ស្រឡាញ់​​អក្សរសិល្ប៍​​ក្នុងស្រុកផ្ដល់​កិត្តិយស​ដល់​អ្នក​និពន្ធ​ខ្មែរ និង​ជួយ​សម្រួល​បណ្តាញ​រវាង​អ្នកនិពន្ធ​អ្នក​អាន និង​អ្នក​បោះ​ពុម្ពផ្សាយ​។​

​ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​អក្សរសិល្ប៍​ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​មាន​គោលបំណង​ទាក់​ទាញ​​យុវជន​ឱ្យចូល​សិល្បៈ និង​វប្បធម៌តាម​រយៈ​ការរៀបចំ​មហោស្រព​នៅក្នុង​ខេត្ត​មួយ​នៃ​ប្រទេស​កម្ពុជា​។​

​មហោស្រព​នេះ ​រួមមាន​ការសម្ដែង​ ការតាំង​ពិ​ព័រ​ណ៌​រូបភាព​ពី​ប្រលោមលោក​ខ្មែរ​មុន​ឆ្នាំ​ ១៩៧៥ ការលក់​សៀវភៅ និង​សិក្ខា​សាលា​ដែល​មាន​ទាំង​អ្នក​និពន្ធ​ជើង​ចាស់ និង​អ្នកនិពន្ធ​ថ្មី​។​

​ដើម្បី​ស្វែងយល់​កាន់តែច្បាស់​អំពី​ការប្រព្រឹត្តទៅ​កម្មវិធី​មហោស្រព ​ភ្ញៀវ​​ទាំងអស់​ចូលរួម​កម្មវិធី​សន្និសីទ​សារព័ត៌​មាននា​ថ្ងៃទី ៣០​ ខែកញ្ញា ឆ្នាំ​ ២០២៣ ម៉ោង ៤:០០​ រសៀល នៅ​មជ្ឈមណ្ឌល​ធន​ធាន​សោត​ទស្សន៍​​បុប្ផា​ណា​។ ​​ចុះ​ឈ្មោះ​ជាមុន​តាមរយៈ​តំណ​ភ្ជាប់​​ lynakourn77@gmail.com​​។​

មហោស្រព​អក្សរសិល្ប៍​បានទទួល​ការគាំទ្រ​ពី​សហគមន៍​អ្នកនិពន្ធ​សមាគម​អក្សរសិល្ប៍​នានាក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សប្បុរស​ជន​ជាច្រើន​នាក់​ទៀត​៕