​ភ្នំពេញ: វិថី​ក្នុង​ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ មាន​ភាព​​អធិកអធម​កាលពី​ថ្ងៃ​អាទិត្យ​ទី​ ៨ ខែតុលា ឆ្នាំ​ ២០២៣ ក្រុមហ៊ុន Marriott Bonvoy ជា​ក្រុម​ប​ដិ​ស​ណ្ឋា​រ​កិច្ច​ដែល​សណ្ឋាគារ​ប្រណីត​នៅ​កម្ពុជា បានរៀបចំ​សកម្មភាព​សប្បុរសធម៌ ​«Road to Give 2023»​។​

​ព្រឹត្តិការណ៍​នេះ​មាន​គោល​​បំណង​រៃអង្គាស​ថវិកា​សំខាន់ៗ​សម្រាប់​មូលនិធិ​កុមារ​កម្ពុជា ​(CCF)​ ជា​អង្គ​ការជួយ​ដល់​កុមារ​ក្រីក្រ​តាមរយៈ​ការអប់រំ និង​ការលើកកម្ពស់​សុខុមាល​ភាព​ទូទៅ​របស់​ពួកគេ​។​កម្មវិធី​រត់​សប្បាយៗ​ដែល​ទាក់ទាញ​អ្នកចូលរួម​គ្រប់​វ័យ និង​គ្រប់​ស្រទាប់វណ្ណៈ​នោះ ត្រូវបាន​ចូលរួម​ដោយ​វត្តមាន​របស់លោក សំហេង បុរស រដ្ឋលេខា​ធិ​ការ​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិសម្បទា​។​

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍ «Road to Give 2023» នៅ​កោះ​ពេជ្រ លោក សំហេង បុរស បាន​លើកឡើងថា កម្មវិធី​នេះ រៀបចំ​ដោយ​សណ្ឋាគារ Courtyard និង Fairfield ដើម្បី​ប្រមូល​ថវិកា​ជូន​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)​ ដើម្បី​ជួយ​ដល់​កុមារ​ជួប​ការលំបាក​ឱ្យទទួល​បានការ​អប់រំ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​។


​លោក​បាន​ថ្លែងថា​ ៖«​ការចូលរួម​ថ្ងៃនេះ​មាន​អត្ថន័យ ​២​ សម្រាប់​រូបខ្ញុំ​ក៏ដូចជា រាជរដ្ឋាភិបាល​កម្ពុជា គឺ​វា​ជា​សកម្មភាព​គំរូ​ដល់​កូន​ខ្មែរ​យើង​ដែល​លើក​ទឹក​ចិ​ត្ដ​បងប្អូន​ដទៃទៀត​ស្រឡាញ់​សុខភាព​។ មួយវិញទៀត ប្រសិនបើ​កូន​ខ្មែរ​បង្កើត​កម្មវិធី​សប្បុរសធម៌​បែបនេះ​ច្រើន ដើម្បី​រៃអង្គាសប្រាក់​ដើម្បី​ជួយ​កូន​ខ្មែរ​ផ្សេងៗ​ទៀត​ដែល​ជួប​ការលំបាក​»​។

​គាំទ្រ​ដោយ​សណ្ឋាគារ Courtyard by Marriott Phnom Penh និង Fairfield by Marriott Phnom Penh កម្មវិធី «Road to Give 2023» គឺជា​ការរត់​ចម្ងាយ​ ៥ ​គីឡូម៉ែត្រ ចាប់​​ផ្តើម​នៅ​កោះ​ពេជ្រ​ទល់មុខ The Elysee ក្នុង​រាជធានី​ភ្នំពេញ​។​


​ការចូលរួម​ដែល​ចំណាយ​ម្នាក់​ ១០​ ដុល្លារ អ្នកចូលរួម​ទទួលបាន​អាវយឺត​ ១ អាហារ​ពេលព្រឹក​១​កញ្ចប់ ស្លាក​លេខ វិញ្ញាបនបត្រ និង​មេដាយ​សម្រាប់​អ្នកឈ្នះ​ដំបូង​ទាំង​ ១០​ នាក់ រួម​ជាមួយ​ពានរង្វាន់​សម្រាប់​អ្នកឈ្នះ​កំពូល​ទាំង ​៣​។​

​អ្នកស្រី Sarah Moya អ្នក​​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ Courtyard by Marriott Phnom Penh បានបង្ហាញ​ការដឹងគុណ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ការគាំទ្រ​ដ៏​លើស​លប់​ដែល​ចូលរួម​ក្នុង​កម្មវិធី​រត់​ ដើម្បី​សប្បុរសធម៌​នេះ​។​

​អ្នកស្រី​បាន​ថ្លែងថា​៖ «​យើង​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ភាពជោគជ័យ​នៃ ''ROAD TO GIVE''​ឆ្នាំនេះ​។ ការចូលរួម និង​ភាព​សប្បុរស​របស់លោក​អ្នករត់​ប្រណាំង អ្នក​ឧបត្ថម្ភ និង​សហគមន៍​មូលដ្ឋាន​ពិតជា​មានការ​ផុសផុល​»​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​នៅ Marriott International យើង​ប្តេជ្ញាចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្នុងការ​ផ្តល់​ត្រឡប់​ទៅ​សហគមន៍​ដែល​យើង​បម្រើ​ហើយ​ព្រឹត្តិ​ការណ៍​នេះ​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​របស់​យើង​ក្នុងការ​ធ្វើឱ្យមាន​ភាពខុស​ប្លែក​គ្នា​ដ៏​មានន័យ​ក្នុង​ជីវិត​របស់​កុមារ​ក្រីក្រ​»​។​

​ប្រាក់ចំណូល​ទាំង​អស់ពី​ព្រឹត្តិ​ការណ៍​នេះ​នឹងត្រូវ​បញ្ជូនទៅ​មូលនិធិ​កុមារ​កម្ពុជា​ជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ដែល​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​ជួយ​ដល់​កុមារ និង​គ្រួសារ​ដែល​រស់នៅក្នុង​ភាពក្រីក្រ​បំផុត​។​

​បន្ថែម​ពីលើ​ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ព្រឹត្តិ​ការណ៍ «Road to Give 2023» ក៏បាន​ផ្តល់ឱកាស​អ្នកចូលរួម​បាន​ជួយ​ដល់​សហគមន៍​មូល​​ដ្ឋា​ន​ផងដែរ​។​

​លោក​ ស្កុ​ត នី​សុន ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​មូល​​និ​ធិ​កុមារ​កម្ពុជា បានបង្ហាញ​ការដឹងគុណ​ចំពោះ​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ ដោយ​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិតជា​មាន​អំ​​ណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ ដូចជា Marriott International,Courtyard by Marriott, Fairfield by Marriott និង OCIC»​។​

​លោក​បាន​បន្ដថា​៖ «​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​មូលនិធិ​កុមារ​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​ដៃគូ​ទទួលយក​ជំនួយ​សប្បុរស​នេះ​។ ខ្ញុំ​សូម​ជូនពរ​អ្នក​គ្រប់គ្នា និង​សូមឱ្យ​ពួកគេ​រត់​បាន​ឆ្ងាយ​»​។​

​អ្នកនាង Claudia Turkington អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​ដៃគូ និង​ម្ចាស់ជំនួយ​សម្រាប់ CCF បានលើកឡើង​ពី​បេសកកម្ម​របស់​អង្គការ​ក្នុងការ​ធានាឱ្យមាន​លទ្ធភាព​ទទួល​​បានការ​អប់រំ​សម្រាប់​កុមារ​ដែល​រស់នៅក្នុង​ភាពក្រីក្រ​ខ្លាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​អ្នកនាង​បាន​ថ្លែងថា​៖ «​ខ្ញុំ​ចង់​និយាយ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​គ្រប់គ្នា​ដែល​នៅទីនេះ​ថ្ងៃនេះ ក៏ដូចជា Courtyard by Marriott និង Fairfield by Marriott និង​ដៃគូ​ទាំងអស់​ដែល​ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ​កើតឡើង​»​។​

​ក្នុងចំណោម​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ចូលរួម​ការរត់​យ៉ាង​សប្បាយ លោក ប៉ែន សុផាត ជា​អ្នក​ហាត់ប្រាណ​បានក្លាយ​ជា​អ្នកឈ្នះ​ព្រឹត្តិការណ៍​នេះ​នៅពេល​លោក​សម្រេចបាន​នៅ​ ១៧,០៥ ​នាទី​។​

​យុវជន​ក្នុង​ក្រុម ​«​ស៊ូៗ​» ដែលមាន​សមាជិក​ប្រមាណ​ជាង ​១០​ នាក់​ចូលរួម​ក្នុង​ការរត់​សប្បុរស​នេះ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​រមែង​ចូលរួម​រត់​ក្នុង​កម្មវិធី​សប្បុរសធម៌​។ វា​ផ្ដល់​អត្ថ​ប្រ​យោជន៍​ចំពោះ​សុខភាព​ផង សប្បាយរីករាយ​ផង និង​រួមគ្នា​កសាង​អំពើ​ល្អ​ផងដែរ​»​។

​មនុស្ស​ជាង​ ៦៥០​ នាក់​បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ទៅកាន់ «Road to Give 2023» រួមទាំង​ក្រុមហ៊ុន​ឧបត្ថម្ភ និង​ដៃគូ​។​

​អ្នកស្រី Ria Sari ជំនួយការ​នាយក​ប្រតិ​ប​ត្ដិ​សណ្ឋាគារ Courtyard by Marriott Phnom Penh បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​យើង​មាន​អ្នករត់​ប្រណាំង​ដែល​បាន​ចុះ​ឈ្មោះ​ចំនួន​ ៤២០ ​នាក់ បូក​នឹង​អ្នកចូលរួម​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ ២៣០​ នាក់​។ ប៉ុន្តែ​ពួកគេ​មួយចំនួន​គ្រាន់តែ​ចង់​ធ្វើការ​បរិច្ចាគ​ប៉ុណ្ណោះ​»៕