ភ្នំពេញៈ យុវជនជាង ១ ពាន់នាក់ ដែលជាសិស្ស និស្សិត សកម្មជនយុវជន សហគ្រិនវ័យក្មេង និងសិល្បករបានចូលរួមពិព័រណ៍អនាគតយុវជនរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជាក្រោមប្រធានបទ «សកម្មភាពអ្នក អនាគតអ្នក»កាលពីថ្ងៃទី ២១ ខែតុលា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ ដើម្បីបានទទួលសិទ្ធិអំណាច និងចូលរួមរៀបចំអនាគតមួយប្រកបដោយចីរភាព។
ពិព័រណ៍នេះត្រូវបានសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា UN ប្រចាំកម្ពុជា រួមមានដូចជា មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) យូនីសេហ្វ (UNICEF) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញយុវជន និងវិស័យឯកជន។
នៅក្នុងវេទិកានេះ យុវជនបានចែករំលែកគំនិត និងដំណោះស្រាយស្តីពីបញ្ហាគន្លឹះមួយចំនួនដែលបង្កផលប៉ះពាល់ដល់យុវជនសម័យបបច្ចុប្បន្ន ព្រមទាំងបានពិភាក្សាជជែកដេញដោល រៀនសូត្រពីអ្នកជំនាញ និងបង្កើតបណ្តាញ។
អ្នកចូលរួមក៏បានពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសុខភាពផ្លូវភេទ និងបន្តពូជ សិទ្ធិនិងជម្រើស សិទ្ធិមនុស្ស សមភាពយេនឌ័រ ជំនាញបៃតង យុវជននិងការអប់រំ។
ពិព័រណ៍នេះបានដាក់វិញ្ញាសាឱ្យយុវជនបង្កើតគំនិត និងដំណោះស្រាយ និងបង្កើតបណ្តាញជាមួយគ្នា ហើយបានរកឃើញនូវដំណោះស្រាយសម្រាប់ធ្វើសកម្មភាព។ ពិព័រណ៍ក៏បានដាក់វិញ្ញាសាឱ្យយុវជនគិតគូរពីអនាគតដែលពួកគេចង់ឃើញក្នុង «ពិភពលោកមួយដែលមាន ប្រជាជន៨ប៊ីលាននាក់» តាមរយៈសិល្បៈប្រកបដោយគំនិតច្នៃប្រឌិត និងកិច្ចសន្ទនា។
UN ប្រចាំកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៣ ខែតុលា ថា៖ «ផ្នែកមួយនៃពិព័រណ៍ការប្រកួតប្រជែងស្នាដៃសិល្បៈត្រូវបានរៀបចំឡើងជាមួយនឹងពិព័រណ៍ ដែលបង្ហាញពីទេពកោសល្យនៃសិល្បករវ័យក្មេង។ ការប្រកួតប្រជែងនេះ បានផ្តល់វេទិកាសម្រាប់អ្នកចូលរួមបញ្ចេញទស្សនៈសម្រាប់អនាគតប្រកបដោយចីរភាពតាមរយៈសិល្បៈ ជយលាភី ត្រូវបានប្រកាសនិងទទួលរង្វាន់លើកទឹកចិត្តនៅក្នុង ព្រឹត្តិការណ៍ពិព័រណ៍ផ្ទាល់ ដោយជំរុញទឹកចិត្តយុវជនឱ្យបន្តស្វែងយល់ពីសមត្ថភាពសិល្បៈរបស់ពួកគេ និងរួមចំណែកលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសង្គមស្មើភាព»។
លោក ចឹក លីម អគ្គនាយករងយុវជន នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជននៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានស្រង់សម្ដីក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «យុវជន គឺជាអនាគតនៃប្រទេសជាតិហើយចាំបាច់ណាស់ដែលយើងត្រូវវិនិយោគលើការអប់រំ និងបណ្ដុះបណ្ដាលពួកគេ ដើម្បីពួកគេអាចចាប់យកជំនាញដែលត្រូវការដើម្បីធ្វើឱ្យជោគជ័យក្នុងសេដ្ឋកិច្ចសតវត្សរ៍ទី២១នេះ»។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើតនូវបរិស្ថានសមស្របមួយក្នុងការជំរុញការអប់រំ និងបណ្តុះបណ្តាលសម្រាប់យុវជន។ ធ្វើដូច្នេះ យើងអាចទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាព និងកសាងសង្គម១ដែលមាន អារ្យធម៌ ខ្ពង់ខ្ពស់ សីលធម៌ សមធម៌ នវានុវត្តន៍និងបរិស្ថានមេត្រី»។
លោកស្រី Sandra Bernklau តំណាង UNFPA ប្រចាំកម្ពុជា និងជាតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ ទាំងអស់ថ្លែងនៅឯព្រឹត្តិការណ៍ពិព័រណ៍នេះថា៖ «ការទាញយកទស្សនៈពេញលេញរបស់យុវជនតម្រូវឱ្យមានការសម្របសម្រួលនៅទីកន្លែងដែលមានសុវត្ថិភាព ច្នៃប្រឌិត និងនវានុវត្តន៍ ដែលនឹងអនុញ្ញាតឱ្យមានការចូលរួម និងការបញ្ចេញមតិរបស់យុវជនយើង»។
លោកស្រីចោទជាសំណួរថា៖«នៅក្នុងពិភពលោកដែលមានប្រជាជន ៨ពាន់លាននាក់ ដែលកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុដែលកំពុងកើនឡើង និងបញ្ហាជាច្រើនទៀត តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីធ្វើឱ្យសហគមន៍របស់អ្នកក្លាយជាកន្លែងប្រសើរជាងមុន? តើអ្នកមានការពាក់ព័ន្ធទេ? តើអ្នកកំពុងចាត់វិធានការអ្វីដែរឬទេ?»។
លោកស្រី Sandra Bernklauលើកទឹកចិត្តដល់យុវជនឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ចូលរួមក្នុងបណ្ដាញយុវជន ជាផ្នែកមួយនៃដំណោះស្រាយ និងចាប់ផ្ដើមធ្វើសកម្មភាព៕