ភ្នំពេញ: នៅ​ក្នុង​កិច្ចសហការ​ដ៏​ពិសេស​មួយ​រវាង 16albermarle Project Space និង​គម្រោង​សិល្បៈ​ស​-​ស របស់​កម្ពុជា​សិល្បករ​​សហ​សម័យកម្ពុជា​​បានបង្ហាញស្នាដៃ​សិល្បៈ​បែប​ប្រវត្តិ​សាស្ត្រស្ដីពី​សម័យ​ខ្មែរក្រហមនិង​ទិដ្ឋភាព​នយោ​បាយ​សង្គម​ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​។​

ពិព័រណ៍ «​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ទាំង​អស់​» ​ជា​សក្ខីភាព​នៃ​វិស័យ​សិល្បៈ​ដ៏​រស់​រវើក​របស់​ប្រទេស​កម្ពុជា ដែល​រៀបចំ​ដោយ ​ឡូរ៉េន​ អេលីស​បាឡូ, លោក ​វុទ្ធ លីណូ, អ្នកស្រី​ ឈុន​ ចាន់​វាសនា​ និង​ មឿង ​មេត្ដា​។ ​

​​ពិព័រណ៍​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ៧​ ខែតុលាដល់​ថ្ងៃទី ១១​ ខែវិច្ឆិកា ឆ្នាំ ២០២៣​​​​​​ បាន​បង្ហាញ​ស្នាដៃ​ពហុ​ជំនាញ​​ ចាប់ពី​ការ​ដំឡើង និង​គំនូរ​រហូតដល់​រូបចម្លាក់ និង​ការបោះពុម្ព​ឌីជីថលដែលផ្ដោតលើ​ប្រធាន​បទ​តែ ១ គឺ ​«​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ទាំង​អស់​»។ វាមាន​ទម្រង់​ផ្សេងៗ​ដូចជាគំនូរចម្លាក់សេ​រ៉ា​មិចស្ថាបត្យ​កម្មការ​ថតរូបការ​ដំឡើង​វីដេអូ និង​ស្នាដៃ​សិល្បៈ​នៅលើ​ក្រដាស​ដែល​មាន​​ប្រភព​មក​ពី​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។​


​​យោងតាមអ្នក​រៀបចំ​ពិព័រណ៍​នៅ​វិចិត្រ​សាល​ 16albermarle Project Space បានឱ្យដឹងថា៖​ «​​រួមទាំង​ការងារ​របស់​សិល្បករ​វ័យក្មេងនិង​ពាក់កណ្តាល​អាជីព​ចំនួន ១២​ នាក់ពិព័រណ៍ «​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ទាំង​អស់​» បង្ហាញ​សិល្បៈ​ថ្មី​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​​ទស្សនិកជន​អូស្ត្រាលីនិង​ផ្តល់ឱកាស​ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ប្រទេស​តាមរយៈ​សិល្បៈ​របស់ខ្លួន​»។​

​ពួកគេ​បាន​លើកឡើង​ពី​ប្រធានបទ​នៃ​អំពើពុករលួយការពង្រីក​ទីក្រុងការពង្រីក​វិសាលភាព​ឱ្យ​តែ​ទូលំទូលាយ​​​រវាង​ទីក្រុង និង​ជន​បទ​និង​ការ​រេច​រឹល​បរិស្ថាន​។​


ក្រុម​អ្នក​រៀបចំ​ពិព័រណ៍​នៅ​អូស្ដ្រាលីបាន​ឱ្យ​ដឹង​ថា៖​ «​​ជា​សមូហភាពសិល្បករ​វ័យក្មេង​ទាំងនេះ​បង្ហាញ​ការយកចិត្តទុកដាក់​លើ​ការព្រួយបារម្ភ​ទាក់ទង​នឹង​ដំណើរ​ឡើង​ចុះ​នៃសិល្បៈ​របស់​ប្រទេស​កម្ពុជានិង​តួនាទី​របស់​វា​នៅក្នុង​​តំបន់​​អាស៊ី​អាគ្នេយ៍​»។​


ក្នុងចំណោម​សិល្បករ​ទាំង ​១២ ​រូប​ កញ្ញា​ អេង រិ​ទ្ធ​ច័ន្ទ​ដា​ណែ​ត ពី​ការប្រើ​ដីឥដ្ឋកប្បាស​ឆៅនិង​​​ឫស្សី​បង្កើត​ជា​រចនាប័ទ្ម​​នគរូប​នីយ​កម្មនិង​រចនា​សម្ព័ន្ធ​ថាមពល​ ខណៈ​ការបោះពុម្ព​ឌីជីថល «ចំបើង​ ២០២២» របស់​អ្នកនាង​នាក់​ ​សុផលចូល​ជ្រៅ​ក្នុង​ព្រលឹង​​សង្គម​កម្ពុជា​។​

​កញ្ញា​ រិ​ទ្ធ​ច័ន្ទ​ដា​ណែត អាយុ ៣០ ​ឆ្នាំមកពី​ទីក្រុង​ភ្នំពេញ បាន​បន្តការ​សិក្សា​ផ្នែក​​សិល្បៈ​នៅគម្រោង​សិល្បៈ​ស-ស និង​បាន​បញ្ចប់​ប​រិញ្ញាបត្រ​ផ្នែក Design ពី​វិទ្យា​ស្ថាន SETEC ផងដែរ​។​

​ទន្ទឹម​នឹង​នោះអ្នកនាង​​ នាក់​ សុផល អាយុ ៣៤ ឆ្នាំមកពី​ខេត្តតាកែវ បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវបាន​ទទួលស្គាល់​កាន់តែខ្លាំង​​​ចំពោះ​សមត្ថភាព​រិះ​គន់គំនិតសិល្បៈ​ប្លែក​ៗ​។ ​

​ផ្ទាំងគំនូរ​ពណ៌​ទឹក​របស់លោក​ រឿន សុខុម «​អគារ​ចាស់​នៅ​ផ្លូវ​លេខ 1 2023» និង​ផ្ទាំង​ក្រណាត់របស់អ្នក​នាង​​ សៅ ស្រី​ម៉ៅ «​កោះ​ផ្ដៅ​ អតីត​កាលនិង​អនាគត​កាល ២០១៨​» ទាំង ២​ នេះ​បង្កប់​នូវ​អត្ថន័យ​នៃ​ការចងចាំ​ពី​អតីតកាល​ និង​ក្តី​ប្រាថ្នា​នា​ពេល​អនាគត​។​

​លោក​រឿនសុខុមអាយុ ៣៦ ឆ្នាំ មកពី​ខេត្ត​បាត់​ដំបង បាន​បញ្ចប់​ការសិក្សា​ពី​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​ក្នុង​ឆ្នាំ ២០០៨ ហើយ​ចាប់​តាំង​ពី​ពេល​នោះមក​បាន​ក្លាយ​ជា​សិល្បករ​ឆ្នើម​ម្នាក់​នៅ​​​ខេត្ត​បាត់​ដំបង​។​

​ក្នុង​វ័យ ៣៧ ឆ្នាំអ្នក​នាង សៅ ស្រី​ម៉ៅ មកពី​ខេត្តបាត់ដំបង ​ចូលប្រឡូក​ក្នុង​សិល្បៈ​ចម្រុះ​ដែល​រួមបញ្ចូល​ទាំង​ការ​គូររូបការ​ថត​រូបការ​គូរ​ឌីជីថល​ចម្លាក់​ និង​ការ​សម្តែង​។​

​សិល្បករ​វ័យក្មេង​ដូចជា​លោកជាសេរី​រ័ត្ននិងកញ្ញា​ ម៉ៅ សុវណ្ណ​ចាន់​ឌី បង្ហាញ​ស្នាដៃ​សិល្បៈ​​ពាក់​ព័ន្ធ​នឹង​​របប​ខ្មែរក្រហមដោយ​លើក​យក​ពី​​​បញ្ហា​សង្គម​នគរូប​នីយ​កម្ម និង​បរិស្ថាន​។​

​លោក​ សេរី​រ័ត្ន អាយុ ៣៣ ឆ្នាំ មកពី​ខេត្តបាត់ដំបង បាន​បន្ត​ការសិក្សា​ផ្នែក​គំនូរ​នៅ​សាលា​សិល្បៈ​ហ្វា​ពន្លឺ​សិល្បៈ​ក្នុង​ឆ្នាំ ២០០៥ ចំណែកកញ្ញា​ សុវណ្ណ​ ចាន់​ឌី អាយុ ២៥ ឆ្នាំ មកពី​ខេត្ត​បាត់​ដំបង​ បាន​ទទួល​សញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម​ពីសា​កល​វិទ្យា​ល័យ​Paragon International និង​បន្ត​ការសិក្សា​ផ្នែក​សិល្បៈ​នៅ​សាលា​សិល្បៈ​។ ​

ពួកគេ​បាន​បង្កើត​​​ជា​សំណួរ​ពិបាកៗដោយ​ជំរុញ​ឱ្យ​អ្នកទស្សនា​​ត្រិះរិះ​ពិចារណា​​ពី​ទិសដៅ​ដែល​កម្ពុជា​កំពុង​ដើរទៅ​មុខ​ និង​គោលដៅ​​​របស់​ខ្លួន​ក្នុង​សហ​គមន៍​អាស៊ី​អាគ្នេយ៍​។​

​លោក ប៉ែន រ៉ូ​ប៊ីត អាយុ ៣២ ​ឆ្នាំ ជា​និស្សិត​បញ្ចប់​ការសិក្សា​ពី​ហ្វារ​ពន្លឺ​សិល្បៈ (២០១០) ក្នុង​ខេត្តបាត់ដំបងផ្តោត​សំខាន់​លើ​ការ​គូរគំនូរ​។ ស្នាដៃ​សិល្បៈ​របស់​លោក ​«​ថ្ងៃ​ដ៏​ស្រស់ស្អាត​ឆ្នាំ ២០២០» ឆ្លុះបញ្ចាំង​ពី​​នយោបាយ​សង្គមរ​បស់​កម្ពុជា​។​

​នៅ​អាយុ ៣៤ ឆ្នាំ លោក ប៉ែន សេរី​បញ្ញា មាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ និង​ជា​និស្សិត​បណ្ឌិត​ផ្នែក​ស្ថាបត្យកម្ម និង​ទីក្រុង​នៅ​សាកលវិទ្យាល័យ​ហុងកុងស្វែងយល់​ពី​ទម្រង់​ទីក្រុង និង​ស្ថាបត្យកម្ម​ទំនើប​នៅក្នុង​ស្នាដៃ​សិល្បៈ​របស់លោក​​ជាមួយ​ការ​បង្ហាញ​ស្នាដៃ ​«White building''s schizoanalysis 2023»​។​

​អ្នកស្រី យឹម ម៉ា​លីន ​អាយុ ​៤១ ឆ្នាំ និង​មកពី​ខេត្ត​បាត់​ដំបង​និយាយ​អំពី​និមិត្តសញ្ញា​វប្បធម៌​ និង​ប្រធានបទ​នៃ​ការបាត់​បង់ក៏​ដូចជា​​ភាពមិន​ច្បាស់លាស់​នៅក្នុង​សិល្បៈ​​រួមទាំង «​ភ្លៀង​ឆ្នាំ ២០២៣​» ដែល​ផលិត​ពី​វត្ថុធាតុដើម​កែច្នៃ​។​

​កញ្ញា ប្រាក់ ដាលី​ន អាយុ​ ២៧ ​ឆ្នាំមកពី​ខេត្ត​កំពង់ចាម​រួមបញ្ចូល​គ្នា​នូវ​ស្ថាបត្យកម្ម​ជាមួយ​សិល្បៈបង្កើត​ស្នាដៃ​ដំឡើង​ដូចជា «ព្រះ​សង្ឃ ១ ​អង្គ​ ឆ្នាំ​ ២០២១​» ពី​ឥដ្ឋដែល​ឆ្លុះបញ្ចាំង​ពី​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក ​ថា​​​​ន​ សុខ​ អា​យុ​ ៣​៩ ឆ្នាំ​មក​ពី​​​ខេត្ត​តាកែ​វ​ស្វែ​ង​​យល់​ពី​ចម្លាក់​ខាង​វិញ្ញាណ​តាមរយៈ​ចម្លាក់ និង​ការ​ដំឡើង​ដោយ​មាន​ស្នា​ដៃ «ក្បាច់​ទឹក​ (Water Lily form) ឆ្នាំ​ ២០២៣​» ជា​ឧទាហរ​ណ៍​។​

​លោក ថាំង​ សុ​ធា អា​យុ ៤​០​​ ឆ្នាំ​ មកពី​ខេត្តកំពង់ចាម រៀន​ផ្នែក​សិល្បៈ​​ដោយ​ខ្លួនឯងក៏​​មាន​ប្រវត្តិ​ផ្នែក​ស្ថាបត្យកម្ម និង​ផែនការ​ទីក្រុងប្រើប្រាស់​សម្ភារ​ប្រពៃណី​បង្កើត​ជា​​ចម្លាក់ និង​ការដំឡើង​ដូចជាស្នាដៃ​ «​​ការរំខាន​ឆ្នាំ ២០២​០»​ ជាដើម​។​ វិចិត្រសាល​​ 16albermarle Project Space នៅ​ក្រុង​ស៊ីដនី ​​​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៩ ​ដោយ​អ្នក​ស្នេហា​សិល្បៈ John Cruthers។ ចាប់តាំងពី​ការចាប់​ផ្តើម​របស់​ខ្លួន​មកវិចិត្រ​សាល​​​បាន​បង្ហាញ​ស្នាដៃ​​សិល្បៈរបស់​​អាស៊ី​អាគ្នេយ៍​ក្នុង​គោល​បំណង​ធ្វើឱ្យ​ទស្សនិក​ជន​អូស្ត្រាលី​ស្គា​ល់ពី​វប្បធម៌​ចម្រុះ​ក្នុង​តំបន់​។​

​​ទន្ទឹម​នឹង​នោះ​គម្រោង​សិល្បៈស​-​ស ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​សិល្បៈ Stiev Selapak ក្នុង​ឆ្នាំ ២០១០ ​នៅតែ​ជា​មូល​ដ្ឋាន​គ្រឹះ​​នៃ​សិល្បៈ​សហ​សម័យ​របស់​ក​ម្ពុ​ជា​។ ពួកគេ​ភ្ជាប់​គម្លាត​រវាង​សិល្បៈ និង​ការអប់រំដោយ​បណ្ដុះ​ឱ្យមាន​បរិយា​កាស​មួយ​ដែល​សិល្បករ​​អាច​បញ្ចេញ​មតិ​ចែក​រំលែក​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក​ដោយ​សេរី​។​

​អ្នកស្រី​ ជុំ ច័ន្ទ​វាសនា អ្នកគ្រប់គ្រង​គម្រោង​សិល្បៈស​-​ស​ បាន​ឱ្យ​ដឹង​ថា៖​ «​ការតាំង​ពិព័រណ៍​​ដ៏​ពិសេស​នេះមិន​ត្រឹមតែ​ជា​បង្អួច​ចូល​ទៅក្នុង​ពិភព​ដ៏​ស្មុគស្មាញ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សក្ខីភាព​នៃ​ស្មារតី​របស់​មនុស្ស​ដែល​ស្ថិតស្ថេរ​ផង​ដែរ​»៕