បាត់ដំបង: បាត់ដំបង ជាទីក្រុងពោរពេញទៅដោយភាពអស្ចារ្យនៃសិល្បៈ ក៏ដូចជាស្ថាបត្យកម្មចាស់ៗ ថ្មីៗនេះបានរៀបចំពិធីមហោស្រព «បាត់ដំបងក្នុងក្ដីស្រមៃ៖ សិល្បៈសម្រាប់ការកសាងថ្ងៃអនាគត»។
កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងហ្វារពន្លឺសិល្បៈ Fonds Métis និងទីភ្នាក់ងារ Française de Développement (AFD) បានបង្កើតជាស្នាដៃមួយក្នុងការប្រើប្រាស់សិល្បៈជាកាតាលីករដើម្បីផ្តួចផ្តើមការសន្ទនាលើការអភិវឌ្ឍប្រកបដោយចីរភាព។
មហោស្រពបង្ហាញពីបញ្ហាប្រឈម និងកាលានុវត្តភាពរបស់ខេត្តទាក់ទងនឹងកិច្ចអន្តរាគមន៍របស់ AFD ក្នុងតំបន់ រួមទាំងការគ្រប់គ្រងធនធានទឹក ការអប់រំ និងលទ្ធភាពទទួលបានអគ្គិសនី។
ដោយមានអ្នកចូលរួមជាង ១ ពាន់នាក់ និងស្នាដៃដាក់តាំងបង្ហាញដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី ២៨ ខែតុលា នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
អ្នកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD បាននិយាយថា៖ «សិល្បៈជាឫសគល់នៃការបង្កើតអារម្មណ៍ និងគំនិត ជាមួយនឹងថាមពលពិសេសក្នុងការកៀរគរមនុស្សគ្រប់ជំនាន់មកពិភាក្សាគ្នា»។
អ្នកស្រីបន្តថា គោលបំណងនៃមហោស្រពនេះ គឺដើម្បីប្រមូលគំនិតយោបល់ទាំងនេះ ដើម្បីរិះរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្តបាត់ដំបង។
អ្នកស្រី Camille Esparsa អ្នកទទួលបន្ទុកគម្រោង (AFD) បាននិយាយថា ព្រឹត្តិការណ៍នេះគឺមានសារៈសំខាន់សម្រាប់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
តាមរយៈព្រឹត្តិការណ៍នេះ អ្នកស្រីបានឱ្យដឹងថា ភាគីសហការទាំងអស់មានបំណងចង់បង្ហាញថា សិល្បៈមិនត្រឹមតែជាទម្រង់នៃការបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរប្រកបដោយអត្ថន័យនៅក្នុងសហគមន៍ផងដែរ។
អ្នកស្រីបាននិយាយថា៖ «យើងចង់បំផុសគំនិតប្រជាជនខេត្តបាត់ដំបងឱ្យកសាងអនាគតប្រកបដោយចីរភាពសម្រាប់ខេត្ដពួកគេ។ ស្នាដៃសិល្បៈនីមួយៗដែលដាក់តាំងបង្ហាញជាការលើកទឹកចិត្តចំពោះលើបញ្ហាប្រឈមនៃវិស័យសេដ្ឋកិច្ចសំខាន់ៗ។ យើងសង្ឃឹមថា ស្នាដៃសិល្បៈទាំងនេះនឹងជំរុញគំនិតអភិវឌ្ឍន៍ដល់ខេត្ត»។
AFD Group លើកកម្ពស់គោលនយោបាយរបស់បារាំងក្នុងការអភិវឌ្ឍ និងសាមគ្គីភាពអន្តរជាតិ ដោយ AFD ផ្ដោតលើវិស័យសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល ហើយ Proparco សម្រាប់វិស័យឯកជន និងអ្នកជំនាញបារាំងសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស។
ពួកគេដឹកនាំគម្រោងជាង ៤ ពាន់ នៅទូទាំង ១១៥ ប្រទេស ដោយធ្វើការតស៊ូមតិលើបញ្ហាអាកាសធាតុ ជីវចម្រុះ សន្តិភាព និងសមភាពយេនឌ័រ។ គំនិតផ្តួចផ្តើមរបស់ពួកគេគាំទ្រការយកចិត្តទុកដាក់របស់ប្រទេសបារាំង ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
គម្រោងនេះបានចាប់ផ្តើមជាមួយសិក្ខាសាលាមួយឈ្មោះថា Phare Design Lab ខេត្តបាត់ដំបង កាលពីខែ មករា ឆ្នាំ ២០២៣ ដោយរួមសហការជាមួយអង្គការហ្វារពន្លឺសិល្បៈ និងសាលាជំនាញសិល្បៈ ទស្សនីយភាព។
ក្នុងអំឡុង ១ សប្តាហ៍ និស្សិតប្រមាណ ២០ នាក់បានជួបជុំគ្នាដោយបំពេញការងារជាក្រុមដើម្បីរៀបចំការដាក់បង្ហាញស្នាដៃសិល្បៈមួយនៃកម្ពុជា ដែលសមស្របសម្រាប់អនាគត។
សិល្បករអាជីព ៣ រូប បានកៀរគរគ្នាដើម្បីជួយជ្រោមជ្រែងនិស្សិតក្នុងការបង្កើត កសាង និងដាក់តាំងស្នាដៃទាំងនេះ។ ទីបំផុតទៅ ស្នាដៃសិល្បៈចំនួន ៥ ប៉ុណ្ណោះត្រូវបានរក្សាទុក ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ផ្នែកសិល្បៈ បច្ចេកទេស និងថវិកានៃគម្រោង។
បើយោងតាមលោក អូស្មាន់ ខាវ៉ាចា នាយកប្រតិបត្តិអង្គការហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា គោលបំណងចម្បងរបស់មូលនិធិ Fonds Métis គឺដើម្បីកសាងស្ពានរវាងការអភិវឌ្ឍ និងសិល្បៈ ក៏ដូចជាបង្កើនភាពជាដៃគូ។
បានចាប់ផ្តើមនៅឆ្នាំ ២០២១ ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង មូលនិធិ Fonds Métis សហការជាមួយផ្នែកអភិវឌ្ឍន៍ សិល្បៈ និងវិស័យឯកជន។
វាផ្តល់ហិរញ្ញប្បទានដល់គម្រោងសិល្បៈ ដើម្បីពង្រីកឥទ្ធិពលនៃគោលនយោបាយអភិវឌ្ឍន៍ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋានគោលដៅ។ គំនិតផ្តួចផ្តើមដែលមានឥទ្ធិពលរបស់ពួកគេត្រូវបានបង្ហាញជាសកល។
លោក ខាវ៉ាចា បានបន្ដថា៖ «លើសពីនេះ ទីភ្នាក់ងារ (AFD) ប្រារព្ធខួបលើកទី 30 នៃការងារនៅកម្ពុជានៅឆ្នាំ ២០២៣ ហើយហ្វារពន្លឺសិល្បៈនឹងប្រារព្ធខួបលើកទី៣០ នៅឆ្នាំ ២០២៤។ ដូច្នេះអង្គការទាំង ២ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងសហគមន៍ឱ្យកាន់តែរឹងមាំនៅកម្ពុជា»។
មហោស្រព «បាត់ដំបងក្នុងក្ដីស្រមៃ» បង្ហាញស្នាដៃរបស់សិល្បករចំនួន ២៧ នាក់ ជានិស្សិតចម្បងនៅអង្គការហ្វារពន្លឺសិល្បៈ ដែលបានចូលរួមសិក្ខាសាលាដែលរៀបចំដោយសិល្បករខ្មែរបច្ចុប្បន្នឈានមុខគេចំនួន ៣ គឺលោក វុធ លីណូ អ្នកនាង អេង ដាណែត និង ខៀវ សំណាង។
ស្នាដៃសិល្បៈ៤ រួមមាន «បាក់ព្រា» «មានអគ្គិសនី មានការកែច្នៃ» «ជំនាន់ថ្មី សករាជថ្មី» និង «តំណក់ជីវិត» បង្ហាញអំពីទិសដៅនៃការអភិវឌ្ឍខេត្តបាត់ដំបងនៅក្នុងវិស័យសំខាន់ៗនៃការគ្រប់គ្រងការនេសាទ លទ្ធភាពទទួលបានអគ្គិសនី ការអប់រំ និងការគ្រប់គ្រងធនធានទឹក។ ស្នាដៃទាំងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារធម្មជាតិ និងឬវត្ថុចាស់ៗ។
ស្នាដៃសិល្បៈទី៥ «ដីមាស» មានការចូលរួមយ៉ាងខ្លាំងពីពលរដ្ឋ។ អ្នកចូលរួមមហោស្រពត្រូវបានអញ្ជើញឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងស្នាដៃនេះ។ ក្នុងន័យនេះ អ្នកចូលរួមបានទស្សនាព្រៃមួយធ្វើឡើងពីវល្លិ និងមែកឈើ ដោយមានពិលបំភ្លឺមួយ។
ទន្ទឹមនឹងនោះដែរ ទស្សនីយភាពសៀកមួយបានប្រព្រឹត្តទៅក្នុងអំឡុងនៃការសម្ពោធបើកមហោស្រពនេះ។ ទស្សនីយភាពសៀកមិនធ្លាប់មានខាងលើដែលធ្វើឡើងដោយអង្គការហ្វារពន្លឺសិល្បៈ បានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពធំធេងផ្នែកសិល្បៈនៃស្នាដៃទាំងនេះ។
អ្នកស្រី អេង រិទ្ធដាណេត សិល្បការិនីអាជីព អ្នកផ្តល់ការណែនាំនៅក្នុងគម្រោងខាងលើបានឱ្យដឹងថា៖ «ខ្ញុំបានឃើញភាពរីកចម្រើនគួរឱ្យកត់សម្គាល់ទាក់ទងនឹងការត្រិះរិះពិចារណារបស់សិស្សស្តីពីបញ្ហាសង្គម និងសហគមន៍ ដែលបានធ្វើឱ្យវិធីសាស្ត្រសិល្បៈរបស់ពួកគេមានភាពសម្បូរបែបយ៉ាងខ្លាំង»។
អ្នកស្រីបន្ដថា៖ «កិច្ចពិភាក្សារបស់ពួកយើងបានផ្តោតលើសារៈសំខាន់ក្នុងការទទួលស្គាល់សិល្បៈនៅក្នុងបរិស្ថាន ដែលអនុញ្ញាតឱ្យមានការបង្កើតស្នាដៃសិល្បៈ ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងបរិបទសង្គម»។
បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ បានបំផ្លាញវិស័យទេសចរណ៍ជាច្រើននៅកម្ពុជា និងពិភពលោក លោក ខាវ៉ាចា បានឱ្យដឹងថា លោករីករាយស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ មកកាន់ខេត្តបាត់ដំបង និងអង្គការហ្វារពន្លឺសិល្បៈ។
លោកបានបន្តថា៖ «ខណៈរដូវកាលចាប់ផ្តើម យើងសង្កេតឃើញភ្ញៀវទេសចរ និងអ្នកទស្សនាកាន់តែច្រើនក្នុងកម្មវិធីសៀករបស់យើង ក្នុងដំណើរកម្សាន្តក្នុងសាលារបស់យើង និងក្នុងក្រុងបាត់ដំបងជាទូទៅ»។
លោកបានធានាថា ពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង ក៏នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំ និងជោគជ័យផងដែរ ដើម្បីនាំភ្ញៀវទេសចរជាតិ និងបរទេសមកលេងខេត្តចាប់ពីថ្ងៃទី ២៧-២៩ ខែតុលា។
លោកបានបន្ថែមថា លោកសង្ឃឹមថានឹងមានអ្នកធ្វើដំណើរច្រើនទៀតមកទទួលបានបទពិសោធន៍សិល្បៈ និងវប្បធម៌របស់ប្រទេសកម្ពុជាដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏អស្ចារ្យមួយសម្រាប់ការទស្សនា៕