ព្រៃវែងៈ នៅក្នុងសម័យសង្គ្រាមដែលមានការបាញ់គ្នានៅកម្ពុជា «អ្វីដែលខ្ញុំប្រមូលស្ពាយជាប់ខ្លួនគឺថាសចម្រៀងដែលមានផ្ទុកទៅដោយសំឡេងសិល្បករជំនាន់មុនទៅតាមប្រភេទនៃសិល្បៈនីមួយៗ ថ្វីបើពេលខ្លះថាសមួយចំនួនបានធ្លាក់ចូលភក់ក៏ខ្ញុំរើសមកលាងទឹកទុកវិញដែរ»។
នេះគឺជាការលើកឡើងរបស់បុរសវ័យចំណាស់ម្នាក់ឈ្មោះ ឌិន អ៊ាម ដែលបានតំណាលប្រាប់ពីការព្យាយាមរក្សាទុកថាសចម្រៀងជាច្រើនដែលជាស្នាដៃសិល្បៈរបស់មនុស្សជំនាន់មុនរហូតមកទល់បច្ចុប្បន្នហើយពេលនេះ កំពុងត្រូវបានយកមករក្សាទុកជាឯកសារឱ្យមនុស្សជំនាន់ក្រោយបានដឹង។
ជាអ្នកដែលកំពុងរស់នៅក្នុងភូមិព្រៃឈាងទី២ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង លោក ឌិន អ៊ាម ដែលមានវ័យអាយុ ៧៦ ឆ្នាំ បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា លោកបានរក្សាទុកថាសចម្រៀងជាប្រភេទថាសថ្ម និងថាសនីឡុងបានជាង ១០០ ថាស ដែលថាសចម្រៀងទាំងនោះមានខ្លះគេថតតាំងពីទសវត្សរ៍ឆ្នាំ ១៩៥៨ មក តែពេលនេះលោកបានប្រគល់ជូនអ្នកស្រាវជ្រាវ ដើម្បីរក្សាទុកសម្រាប់ជាមរតករបស់ជាតិអស់ហើយ។
ទាក់ទងនឹងមូលហេតុដែលនាំឱ្យលោកមានគំនិតរក្សាទុកថាសទាំងនេះ លោក ឌិន អ៊ាម បានរៀបរាប់ប្រាប់ថា រឿងនេះផ្ដើមចេញពីការចូលចិត្ដ ដោយកាលពីអំឡុងឆ្នាំ ១៩៦០ ប្លាយ លោកតែងតែជិះទូកដ ហើយម្ចាស់ទូកដតែងចាក់ចម្រៀងឱ្យអ្នកដំណើរស្តាប់។ ចាប់តាំងពីពេលនោះមក លោកបានចាប់អារម្មណ៍នឹងចម្រៀងហើយក៏មានគំនិតប្រមូលថាសចម្រៀងដើម្បីយកមកចាក់ស្តាប់ ពីព្រោះជំនាន់នោះសូម្បីតែអ្នកចម្រៀងក៏លោកមិនបានស្គាល់អស់ផង។
លោកឱ្យដឹងថាកាលពីសម័យនោះ គ្មានកាសែតចម្រៀងទេ មានតែថាសចម្រៀង និងមានម៉ាស៊ីនសម្រាប់ចាក់។ ហេតុនេះហើយទើបលោកចេះតែទិញមកសន្សំទុកចាក់ស្តាប់រហូតសល់រាប់រយថាសនៅក្នុងផ្ទះ។ លុះចូលដល់សម័យសង្គ្រាម មានការបាញ់ផ្លោងដាក់គ្នា រវាងទាហានរដ្ឋាភិបាល លន់ នល់ និងក្រុមអ្នកតស៊ូដែលក្នុងពេលនោះទាំងលោកទាំងអ្នកភូមិបាននាំគ្នារត់គេចពីគ្រាប់កាំភ្លើង។
នៅពេលរត់គេចពីការបាញ់គ្នានោះ លោក ឌិន អ៊ាម បានប្រាប់ថា រូបលោកបានប្រមូលស្ពាយតែថាសចម្រៀងតាមខ្លួនហើយមានពេលខ្លះថាសចម្រៀងបានធ្លាក់ចូលភក់ក៏រើសលាងទឹកទុកវិញ។ លុះចូលដល់សម័យខ្មែរក្រហម លោកបានវេចខ្ចប់លួចលាក់ទុកមិនឱ្យមាននរណាដឹងឡើយ តែអ្នកខ្លះក៏មិនស្គាល់ថា វាជាអ្វីផងទេ ហើយបើគេដឹងក៏គេមិនយកធ្វើអីដែរ ព្រោះគេយល់ថាវាគ្មានប្រយោជន៍។
លោក ឌិន អ៊ាម បានរៀបរាប់ថា៖ «កាលសម័យសង្គ្រាមគេរត់គេចពីគ្រាប់ ហើយទាំងខ្ញុំទាំងគេរត់ឱ្យរួចតែខ្លួន។និយាយពីថាសចម្រៀងវិញ ខ្ញុំធ្លាក់ប្រឡាក់សុទ្ធតែភក់ ខ្ញុំរើសលាងទឹកហើយថាសចម្រៀងនេះបើជារបស់ស៊ីកើត គេស៊ីអស់ទៅហើយ»។
បើតាមលោក អ៊ាម លុះដល់ក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ ខណៈដែលលោកត្រូវរកស៊ីចិញ្ចឹមកូនប្រុសស្រីដល់ទៅ ៦ នាក់ លោកបានចាប់អាជីពជាជាងជួសជុលវិទ្យុម៉ាញ៉េ ហើយលោកក៏អ្នកស៊ីឈ្នួលដើរចាក់មេក្រូឱ្យគេផងដែរ។តាមរយៈអាជីពនេះ គួបផ្សំនឹងនិស្ស័យចូលចិត្តចម្រៀងផងនោះ លោកក៏ចេះតែប្រមូលសន្សំទុកបន្ថែមតាំងពីកាសែតចម្រៀង តាំងពីវិទ្យុ ម៉ាញ៉េ ដែលមាននៅសេសសល់ខ្លះរហូតមកទល់បច្ចុប្បន្ន។
លោកតា អ៊ាម បានឱ្យដឹងទៀតថា ថាសទាំងនោះមានខ្លះនិយាយរឿងតម្លង់ ៧ សន្តាន ថាសខ្លះនិយាយពីប្រវត្តិព្រះពុទ្ធនិងមានចាប់តាំងពីថាសល្ខោននិយាយ ល្ខោនបាសាក់ ថាសចម្រៀងមហោរី អាយ៉ៃ យីកេ ព្រមទាំងថាសចម្រៀងលោកស៊ីនស៊ីសាមុត រស់សេរីសុទ្ធា ជាដើមផង។ ទន្ទឹមនឹងនេះ បច្ចុប្បន្នលោកក៏នៅមានសេសសល់ម៉ាស៊ីនសម្រាប់ចាក់ថាស ១ គ្រឿងផងដែរ តែឥឡូវវាខូចក្បាលមាន់ហើយ [ឧបករណ៍ដាក់គងលើថាសចម្រៀងដើម្បីឱ្យឮសំឡេង]។
លោកបានបញ្ជាក់ថា ចំពោះថាសដែលនៅមានគុណភាពអាចប្រើការបានចំនួន ១១៧ ថាស តែលោកបានចែកទៅឱ្យលោកសេង តារា អស់ហើយ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ ២០២៣ ថ្មីៗនេះ។ មូលហេតុដែលលោកចែកថាសចម្រៀងឱ្យទៅលោក សេង តារា ព្រោះថា លោក សេង តារា ជាអ្នកស្រាវជ្រាវពីប្រវត្តិអ្នកចម្រៀងពីសម័យដើមក៏ដូចជាអ្នកស្រាវជ្រាវបទចម្រៀងពីសម័យដើមដែរ។ ជាមួយគ្នានេះលោក សេង តារា ក៏បានប្រាប់លោកថា ប្រការដែលលោកសុំចែកទិញក្នុងថាស ១ តម្លៃ ២០ ដុល្លារ ពីព្រោះគាត់ចង់យកទៅរក្សាទុកឱ្យបានត្រឹមត្រូវនិងទុកជាប្រយោជន៍ជាតិផងទើបលោកសម្រេចចិត្តចែកឱ្យទៅ។
លោក ឌិន អ៊ាម បានបញ្ជាក់ប្រាប់ថា៖ «គាត់ប្រាប់ខ្ញុំថា គាត់ទិញថាសចម្រៀងពីខ្ញុំដើម្បីយកទៅរក្សាទុកតម្កល់សម្រាប់ជាតិហើយខ្ញុំឮអ៊ីចឹងក៏ចែកឱ្យលោក សេង តារា ទៅ។ រឿងនេះបើគាត់ត្រឹមតែអរគុណខ្ញុំក៏ខ្ញុំមិនលក់ឱ្យដែរតែគាត់ថា ទុកសម្រាប់ជាតិយើង។បើលោក សេង តារា ជាជនជាតិអាមេរិកក៏ខ្ញុំមិនលក់ដែរតែគាត់ជាខ្មែរ»។
បើតាមលោក ឌិន អ៊ាម ទោះជាលោកលក់ថាសចង្រៀមអស់ក្តី តែវាទៅតែរូបទេ ព្រោះចម្រៀងលោកបានថតទុកគ្រប់សន្លឹកថាសអស់ហើយ។ អ្វីដែលលោកពេញចិត្តនឹងថតចម្លងទុកនេះក៏ព្រោះតែលោកយល់ថា មនុស្សសម័យមុនគាត់គ្រាន់តែច្រៀង គ្រាន់តែនិយាយរឿងល្ខោនយីកេ គឺមិនបានធ្វើឱ្យប៉ះពាល់អីទេ។
លោកបានបន្ដថា៖ «ម្យ៉ាងទៀតលោកគិតថាពីអំណឹះតទៅសាសនាអាចកាន់តែរួញថយ អ៊ីចឹងសីលធម៌សង្គមកាន់តែថយចុះ មានន័យថា បានរបស់ថ្មីចោលចាស់ដល់យូរៗទៅអស់អាចាស់រលីង ទើបខ្ញុំចេះតែរក្សាទុកទៅ»។
ពាក់ព័ន្ធនឹងការទិញថាសចម្រៀងនេះ លោក សេង តារា ដែលជាអ្នកស្រាវជ្រាវពីជីវប្រវត្តិសិល្បករពីសម័យដើមនៅកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រការដែលលោកទៅប្រមូលទិញថាសចម្រៀងពីលោកតា ឌិន អ៊ាម ដោយសារតែលោកជាអ្នកស្រាវជ្រាវអំពីជីវប្រវត្តិរបស់សិល្បករខ្មែរពីសម័យដើម។ លោកថា ថាសចម្រៀងទាំងនោះ បើទោះជាមានខ្លះខូចគុណភាពទៅហើយក្តី ក៏លោកយកមករក្សាទុកដែរ។ម្យ៉ាងវិញទៀតលោកក៏មានជាបណ្ណាល័យសម្រាប់តម្កល់វត្ថុទាំងនោះឱ្យនៅគង់វង្សសម្រាប់ជាមរតកជាតិទៀតផង។
លោកបានបញ្ជាក់ទៀតថា៖ «ថាសចម្រៀងទាំងនោះមួយចំនួនបែកបាក់ តែមួយចំនួននៅប្រើបាន។ ខ្ញុំយកវាមកសម្អាតដុសដីចេញទៅគឺយើងអាចប្រើបានវិញ»។ លោកបានបញ្ជាក់ថា ការដែលលោកប្រមូលទិញថាសចម្រៀងចាស់ៗទាំងនេះ គឺក្នុងគោលបំណងទុកស្រាវជ្រាវបន្តទៀត និងសម្រាប់តម្កល់ទុកជាកេរមរតកទៅថ្ងៃមុខ។ ក្នុងនោះលោកបានរៀបជាបណ្ណាល័យ ១ សម្រាប់អ្នកដែលចូលចិត្តបទចម្រៀងពីជំនាន់ដើមទៅទស្សនា ដើម្បីរំឭកពីវីរភាពឬក៏ស្នាដៃរបស់កវីជំនាន់មុនផង។
លោក តារា បានបង្ហាញពីទស្សនៈថា ដោយសារតែជាសម័យកាលមួយថ្មី ដូច្នេះការគាំទ្រចម្រៀងសល់ពីសម័យដើមយ៉ាងណានោះវាអាស្រ័យទៅតាមពេលវេលា ទៅតាមទិដ្ឋភាពជាក់ស្តែង។ ដូចជាយុវជនបច្ចុប្បន្នគេចូលចិត្តបទចម្រៀងបែបសម័យថ្មីអ៊ីចឹងទៅ! តែសម្រាប់អ្នកដែលធ្លាប់មានអនុស្សាវរីយ៍ពីសម័យដើមទសវត្សរ៍ឆ្នាំ ៦០ ឬ ៧០ ជាង គឺគាត់នៅតែស្រឡាញ់ចូលចិត្តចម្រៀងពីដើមៗដដែលទេ។
ទោះយ៉ាងណា លោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែងបានលើកឡើងថា លោក ឌិន អ៊ាម ដែលបានរក្សាទុកបានថាសចម្រៀងពីសម័យដើមបែបនេះ គឺជាការអភិរក្សដ៏កម្រមួយរបស់គាត់ ជាពិសេសគាត់បានបង្ហាញពីគុណតម្លៃមួយដែលអាចរក្សាបាននូវអ្វីដែលមានពីសម័យដើម ព្រោះអ្វីៗដែលជាមរតកដើម វាស្ទើរតែបាត់បង់អស់ទៅហើយ។
លោកបានថ្លែងថា៖ «ឥឡូវយើងអាចថតចម្លងបានតើ ហើយទុកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយគាត់យល់ដឹង។បើទោះជាគាត់ឱ្យអ្នកផ្សេងក៏ដោយក៏គាត់នៅតែអភិរក្សដូចតែគ្នាទេ»៕