ភ្នំពេញៈ នៅពេលដែល​គេ​រំឭក​ពី​ឈ្មោះ​ក្តុល​ដូនទាវ ក្នុងស្រុក​ឯក​ភ្នំ គឺ​គេ​នឹង​គិតដល់​រោងចក្រ​ផលិត​បាវ​ក្រចៅ​ហើយពី​ជំនាន់ ​១ ទៅ​ជំនាន់ ​១​ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​មាន​របរ​មួយ​ខាង​ដាំ​ដំណាំ​ក្រចៅ​នេះ​។ ប៉ុន្តែ​ក្រោយ​រំដោះ​ឆ្នាំ​ ១៩៧៩​ រោងចក្រ​ក្រចៅ​លែង​ដំណើរ​ការ​បានធ្វើឱ្យ​របរ​ដាំ​ក្រចៅ​ថយចុះ តែ​ដោយ​ខ្លាច​បាត់បង់​ដំណាំ​ប្រពៃណី​មួយ​នេះ​ទើប​ប្រជាពលរដ្ឋ​ខ្លះ​ក្នុង​ឃុំ​ព្រែក​នរិន្ទ​នៅតែ​ដាំ​ក្រចៅ​រហូតដល់​បច្ចុប្បន្ន បើទោះជា​មិនសូវមាន​ទីផ្សារ​ក៏ដោយ​។

ក្រចៅ​ ជា​ដំណាំ​ក​សិ​ឧស្សា​ហ​កម្ម​ហើយក៏​ជា​ដំណាំ​ប្រពៃណី​ដូនតា​របស់​អ្នករស់នៅ​ក្នុង​តំបន់​មួយ​នៃ​ស្រុក​ឯក​ភ្នំ​ដែរ​។ នៅ​ ២​ ឃុំ​ក្នុងស្រុក​ឯក​ភ្នំ​មាន​ផ្ទៃដី ​៦​ ហិកតា​សម្រាប់​ដាំ​ក្រចៅ និង​មាន​កសិករ​ជិត ​២០ ​គ្រួសារ ​ចាប់យក​ដំណាំ​ក្រចៅ​នេះ​ជា​ដំណាំ​រួមផ្សំ​សំខាន់​បន្ទាប់ពី​របរ​ធ្វើស្រែ​ចម្ការ​។​

​គំនរ​ពណ៌​ខៀវខ្ចី​ទំហំ​ប៉ុនៗ​ម្រាមដៃ​ប្រវែង​ជាង ​២ ​ម៉ែត្រ​ដាក់​គរ​នៅក្បែរ​ខ្លួន​របស់​បុរស​ម្នាក់​កំពុង​អង្គុយ គឺជា​គំនរ​ដើម​ក្រចៅ​ដែល​លោក ​យាម មួង កំពុង​កូត​យក​សម្បក​របស់​វា​។​


​លោក យាម មួង អាយុ​ ៥៦ ​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​​ឯក​ភ្នំ ខេត្តបាត់ដំបង​បាន​ប្រាប់ថា ចាប់តាំងពី​លោកធំ​ដឹងក្តី​មក​កាល​ណា លោក​ឃើញតែ​ដូនតា​ដាំ​ដំណាំ​ក្រចៅ​នៅក្នុង​ឃុំ​ព្រែក​នរិន្ទ​នេះ​រហូតមក​។ ដូច្នេះ​អាច​និយាយបានថា ជា​ដំណាំ​ប្រពៃណី​បន្ត​ពី​ដូនតា​ក៏​ថា​បានដែរ​។ បច្ចុប្បន្ន​លោក​មាន​ផ្ទៃដី​ទំហំ ​៤ ៨០០ ​ម៉ែត្រការ៉េ​សម្រាប់​ដាំ​ដំណាំ​ក្រចៅ​នេះ ហើយ​លោក​ក៏​ផលិត​គ្រាប់​ពូជ​សម្រាប់​លក់​ឱ្យ​កសិករ​ដូចគ្នា​ដែរ​ដោយ​លោក​លក់​ក្នុង ​១ ​គីឡូក្រាម ថ្លៃ​ ២ ​ម៉ឺន​រៀល​។​

​លោក​បន្តថា វិធី​ដាំ​ក្រចៅ​ដំបូង​គឺ​លោក​ត្រូវ​ភ្ជួរ​រា​ស់ដីឱ្យ​វា​មាន​ដង្ហើម​និង​ដើម្បីឱ្យ​ដី​ត្រសុស​ល្អ បន្ទាប់មក​បូមទឹក​ដា​ក់ និង​ព្រោះ​គ្រាប់​ក្រចៅ​។​ដោយសារ​ក្រចៅ​ជា​ដំណាំ​ងាយ​ស្រួល​ដាំ ដូច្នេះ​លោក​មិនសូវ​ថែទាំ​វា​ដូច​ដំណាំ​ផ្សេងៗ​ទេ គ្រាន់តែ​ឧស្សាហ៍​មើល​ទឹក​ក្នុង​ស្រែ​ប៉ុណ្ណោះ​។ បើ​គិតពី​ព្រោះ​គ្រាប់ រហូត​ទទួលផល​មាន​រយៈពេល​ចន្លោះ​ពី​ ៣ ​ខែ ទៅ​ ៣​ ខែ​កន្លះ​តែបើ​ដីកណ្តេង ​(​ដីស្អិត​)​ ក៏​ក្រចៅ​លូតលាស់​មិនល្អ​ដែរ​។ ដើម​ក្រចៅ​ល្អ​មាន​ប្រវែង​ពី​ ២ ​ម៉ែត្រ​កន្លះ​ទៅជា​ង ​៣​ ម៉ែត្រ​។ ដំណាំ​ក្រចៅ​ក្នុង​ ១ ​ឆ្នាំ​ធ្វើការ​ដាំ​ដុះ​បាន ​៣​ លើក​ហើយ​ក្នុង​ ១ ​លើកៗ​មាន​រយៈពេល ៣ ​ខែ​។​


ប៉ូលិស​បិទផ្លូវ​មួយ​នៅ​ក្នុង​អំឡុង​បាតុកម្មប្រឆាំង​រដ្ឋ​ប្រ​ហារ​​នៅបរិ​វេណ​សាកលវិទ្យា​ល័យ Yangon University កាលពីថ្ងៃ​ទី ២៥ ខែកុម្ភៈ។ AFP

​បើតាម​លោក យាម មួង ក្រចៅ​មាន​ ២ ​ប្រភេទ គឺ​ក្រចៅ​បោក ហើយ​ក្រចៅ​ដែល​លោក​ក៏ដូចជា​អ្នកភូមិ​ផ្សេងទៀត​ដាំ ហៅថា ក្រចៅ​កូត​។ ក្រចៅ​ប្រភេទ​នេះ​គេ​យកតែ​សម្បក​ទេ​តែ​ដើម្បី​បាន​សម្បក​គឺ​គេ​យក​ឈើ​ចំនួន ​២ ​មក​ដំ​ជា​ស្នឹង​ចន្លោះ​ពីគ្នា​ប្រហែល​ ៣​ ធ្នាប់​ដៃ​ដោយ​កាច់​ដើម​ក្រចៅ​ស៊ក​ក្នុង​ចន្លោះ​ឈើ​ហូត​យក​សម្បក​។​

​លោក​ប្រាប់ថា​៖ «​ការ​អង្គុយ​សក​បកសម្បក​ក្រចៅ​វា​ហត់​ដែរ តែ​រដូវ​ខែ​ហ្នឹង​យើង​អត់រ​កអី​បាន បើ​នេសាទ​ក៏​មិនសូវ​បាន​ឬ​ធ្វើ​សំណង់​បាន​។ ស្រូវ​ក៏​មិនទាន់​ទុំ អ៊ីចឹង​ទៅបាន​អាហ្នឹង​ហើយ​គ្រាន់​ដោះស្រាយ​ជីវភាព​មួយគ្រាៗ​ដែរ​»​។​

​លោក មួង បានឱ្យដឹងថា សម្រាប់​លោក​បកសម្បក​ក្រចៅ​ក្នុង​ ១ ​ថ្ងៃ​បាន​ប្រហែល ​១០​ គីឡូក្រាម​សម្បក​ក្រចៅ​ស្រស់​។ ចំពោះ​សម្បក​ក្រចៅ​ក្រោយ​សក គឺ​លោក​យកទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត​ទើប​អាច​លក់បាន​ដែល​សម្បក​ក្រចៅ​ស្ងួត​ក្នុង​ ១​ គីឡូក្រាម​ថ្លៃ​ពី ៨០០ ទៅ​ ១ ​ម៉ឺន​រៀល​។ ឆ្នាំនេះ​ហាងឆេង​សម្បក​ក្រចៅ​ឡើងថ្លៃ​គ្រាន់បើ​ដែរ ព្រោះ​មាន​ឈ្មួញ​មករក​ទិញ​ច្រើន ហើយ​លោក​ក៏​មិន​បារម្ភ​ថា ធ្វើបាន មិនមាន​ទីផ្សារ​លក់​ដែរ ពោល​គឺមាន​ឈ្មួញ​មក​ទិញ​ដល់ៗ​ផ្ទះ​តែម្តង​។​

​លោក​ពោលថា ចំពោះ​សម្បក​ក្រចៅ​ដែល​ឈ្មួញ​ទិញ​ទៅ លោក​មិនដឹងថា គេ​យកទៅ​ធ្វើ​អ្វីខ្លះ​ទេ តែ​លោក​ដឹងថា សម្រាប់​ធ្វើជា​ខ្សែចំណង​ចង​វត្ថុ​ផ្សេងៗ​និង​ធ្វើជា​អង្រឹង​ឬ​ខ្សែ​កន្ទេល ព្រោះ​វា​ជាប់​ល្អ​។ នៅក្នុង​ភូមិ​របស់លោក​មាន​អ្នក​ដាំ​ក្រចៅ​ប្រហែលជា ៥០​ ទៅ ​៦០ ​គ្រួសារ​ដែរ​។ ដំណាំ​នេះ​ជា​ដំណាំ​កេរ​ត​ពី​ដូនតា​មកហើយ​ពី​សម័យ​មុន​អ្នក​ភូមិ​ដាំ​ដើម​ក្រចៅ​រាប់រយ​ហិកតា​ឯណោះ​។ ព្រោះ​មាន​រោងចក្រ​ក្រចៅ ​១ ធ្វើ​បាវ​ក្រចៅ​នៅក្នុង​ភូមិ​ព្រែក​ត្រប់​ឈ្មោះ ​(​រោងចក្រ​ក្រចៅ​ដូនទាវ​)​។​

​លោក យោក កន មេភូមិ​ព្រែក​ត្រប់​ឱ្យដឹងថា នៅក្នុង​ភូមិ​របស់លោក​មាន​ប្រជាកសិករ​ដាំ​ដំណាំ​ក្រចៅ​ជា​លក្ខណៈ​គ្រួសារ​មាន​ចំនួន​ច្រើន​ដែរ​។​វា​ជា​ដំណាំ​រួមផ្សំ​បន្ទាប់ពី​ស្រែចម្ការ​ហើយក៏​រកបាន​ចំណូល​គ្រាន់​ដោះ​ស្រាយ​ក្នុង​ជីវភាព​គ្រួសារ​ដែរ​។​

​លោក​ថា​៖ «​ឥឡូវនេះ​គ្រួសារ​ខ្លះ​មានតែ​ ១ ​រ៉ៃ ​(១ ៦០០ ​ម៉ែត្រការ៉េ​)​ គ្រួសារ​ខ្លះ​មាន​ដី ​២ ​រ៉ៃ​តិចៗ​វា​បន្ទាប់​បន្សំ​ទេ បើ​ពី​ដើម​ទើប​ជា​មុខរបរ​ចម្បង​ដោយសារតែ​គ្មាន​រោងចក្រ​ដូនទាវ​ដូច​មុន​»​។​

ហាង អូន អ៊ូក​ មានបម្រើអាហារ បង្អែម និងភេសជ្ជៈប្រមាណជាង ៣០ មុខ។ហេង ជីវ័ន

​ពាក់ព័ន្ធ​ដំណាំ​ក្រចៅ​នេះដែរ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ឈឹម វជី​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​បានទេ​។

ប៉ុន្តែ​លោក ចាប សុធា ប្រធាន​កា​រិ​យា​​ល័យ​កសិកម្ម​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ស្រុក​ឯក​ភ្នំ​ប្រាប់ថា កាលពី​សម័យមុន​រប​រ​ដាំ​ក្រចៅ​បោក​សម្រាប់​កែច្នៃ​ធ្វើ​បាវ​ក្រចៅ​មាន​ចំនួន ​៣ ​ឃុំ​គឺ​ឃុំ​ព្រែក​ខ្ពប ឃុំ​ព្រែក​ហ្លួង និង​ឃុំ​ព្រែក​នរិន្ទ​។ ទាំង​ ៣ ​ឃុំ​នេះ​មាន​ផ្ទៃដី​ដាំ​ក្រចៅ​ប្រមាណ ​២ ​ពាន់​ហិកតា​ឯណោះ​ព្រោះ​នៅពេលនោះ​មាន​រោងចក្រ​ក្រចៅ​ដូនទាវ​ដំណើរការ​។​

​លោក​បន្តថា បច្ចុប្បន្ននេះ​ប្រជា​កសិករ​ខ្លះ​ដាំ​បានតែ​ក្រចៅ​កូត​លើ​ផ្ទៃដី​ប្រហែលជា​ ៥ ​ទៅ​ ៦ ​ហិកតា​ប៉ុណ្ណោះ​នៅក្នុង​ឃុំ​ព្រែក​នរិន្ទ និង​ឃុំ​​ព្រែក​ហ្លួង​។ មូលហេតុ​ដោយសារ​គ្មាន​រោងចក្រ​កែច្នៃ​ក្រចៅ ហើយ​ម្យ៉ាងទៀត​មិនសូវមាន​តម្រូវការ​ប្រើប្រាស់​។ ក្រចៅ​កូត គឺ​គេ​យកទៅ​ប្រើប្រាស់​ដូចជា​ធ្វើ​ចំណង​វេច​នំ​ឬ​យកទៅ​ធ្វើជា​អង្រឹង និង​ធ្វើជា​ខ្សែ​សម្រាប់​ត្បាញ​កន្ទេល​។​

​លោក​ថ្លែងថា​៖ «​នៅក្នុង​ស្រុក​ឯក​ភ្នំ​យើង​នេះ​ភាគច្រើន​គ្រាន់តែ​ជា​អ្នក​ផលិត​ទេ​តែ​ភាគច្រើន​ឈ្មួញ​នៅ​ខេត្តកំពង់ឆ្នាំង​មក​ទិញ​ច្រើនតែ​មិនដឹងថា​គាត់​យក​ធ្វើ​អី​ទេ​។ ភាគតិច​ទេ​ដែល​អ្នក​បាត់ដំបង​ខ្លួនឯង​ប្រើប្រាស់​ក្រចៅ​នេះ​»​។​

​លោក​ឱ្យដឹងថា នៅក្នុង​ខេត្ត​បាត់​ដំបង​មានស្រុក​តែ ១​ គត់​ដែល​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ក្រចៅ ព្រោះ​អាច​និយាយបានថា ជា​ដំណាំ​ប្រពៃណី​ដូន​​តា​របស់​អ្នកស្រុក​ឯក​ភ្នំ បើទោះជា​មិនសូវមាន​ទីផ្សារ​ក៏ដោយ​ក៏​ពួកគាត់​មិន​បោះបង់ចោល​ដែរ​គ្រាន់តែ​ថា​វា​ថយ​ជាង​ពី​សម័យមុន​។​

​បើតាម​លោក​សុធា មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្តបាត់ដំបង​បាន​បង្កើតឱ្យមាន​សហគម​ន៍​ចំនួន ៤ ​ដែល​អាចជួយ​ដល់​ប្រជាកសិករ​ក្នុង​ការដាំដុះ​ដំណាំ​ក៏ដូចជា​ជួយ​សម្របសម្រួល​លក់ក​សិ​ផល​ដែល​ប្រជាកសិករ​ធ្វើបាន​។ សម្រាប់​ដំណាំ​ក្រចៅ គឺ​លោក​នឹង​សម្រួល​ធ្វើយ៉ាងណា​ដាក់ចូល​ក្នុង​សហគមន៍​កសិកម្ម​ដែរ​នៅពេល​ខាងមុខ​។ ដំណាំ​ក្រចៅ​បច្ចុប្បន្ននេះ​ក៏មាន​តម្លៃ​ទីផ្សារ​គួរសម​ដែរ គឺ​ក្នុង ​១ ​គីឡូ​​ក្រាម​លក់បាន​ចន្លោះ​ពី ៨០០ ទៅ ​១ ១០០​ រៀល​ដែរ​ដែលមាន​ប្រជាកសិករ​ជិត​ ២០ ​គ្រួសារ​កំពុង​ប្រកប​របរ​ដាំ​ដំណាំ​ក្រចៅ​នេះ​៕