ស្ត្រី​ម្នាក់​​វ័យ ​​២០ ឆ្នាំ​បាន​ធ្លាក់ស្លាប់​ពីលើ​ស្ពាន ខណៈ​​នាង​​កំពុង​ថត​សត្វ​ក្តាន់​ព្រៃ​​និង​សត្វដទៃទៀត ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុមគ្រួសារ​និង​មិត្តភ័ក្តិ​​​​ នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​សៅរ៍។

យោងតាម​គេហទំព័រ Yahoo Japan បានឱ្យដឹងថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល៩​និង​៣០​ព្រឹក នៅក្នុង​ទីប្រជុំជន Higashi-Izu ក្នុង​ខេត្ត Shizuoka ។

អាជ្ញាធរ​បាន​និយាយថា ស្ត្រី​ដែល​ធ្លាក់​ស្លាប់​នោះ​ ត្រូវបាន​គេ​រាយការណ៍​ថា​មាន​អាយុ ២០ឆ្នាំ និង​មកពី​ខេត្ត​Chiba បាន​នៅ​ជាមួយ​ឪពុក និង​មិត្ត​ភ័ក្តិ​របស់គាត់​ក្នុងការ​ធ្វើដំណើរ​​កម្សាន្ត​ទៅ​​កាន់​តំបន់​ភ្នំ​ដើម្បី​មើល​សត្វ​ក្តាន់​ព្រៃ​ដែល​ដើរ​​​រក​ស៊ី​ចំណី​នៅក្នុង​ជម្រក​ធម្មជាតិ​របស់​ពួកគេ។


នាង​បាន​ចាក​ចេញពី​យានជំនិះ​ដែល​គ្រប់គ្នា​ជិះ ហើយ​ចេញដំណើរ​ទៅកាន់​ស្ពាន ដើម្បី​ថត​សត្វ​ក្តាន់ និង​សត្វ​ដទៃទៀត​ដោយ​ប្រើ​ទូរស័ព្ទ​របស់​នាង។ ទោះជា​យ៉ាងណា​នាង​បាន​របូតជើងម្ខាង​ពីលើ​ស្ពាន ហើយ​ធ្លាក់​ពីលើ​ស្ពាន​ទៅ​តែម្តង។ ឪពុក​របស់​ស្ត្រី​រូបនេះ​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិសភ្លាមៗដោយ​និយាយថា៖ «កូនស្រី​ខ្ញុំ​ធ្លាក់​ពីលើ​ស្ពាន» ។

The Yomiuri Shimbun បាន​រាយការណ៍​ថា ស្ថានីយ៍​ប៉ូលីស Shimoda បាន​និយាយថា នាង​បាន​ធ្លាក់​ពី​ស្ពានកម្ពស់​៤០ម៉ែត្រ ដែលជា​កន្លែង​ដែល​នាង​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ជ្រលង​ភ្នំ។


ស្ត្រី​រូបនេះ​ត្រូវបាន​គេ​ប្រកាសថា​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ការស៊ើបអង្កេត​កំពុង​បន្ត។