សៀមរាបៈ ​ដោយ​មើលឃើញ​ពី​តម្រូវការ​ក្នុងការ​ប្រើប្រាស់​បន្លែ​បរទេស​ខ្ពស់ នៅក្នុង​ស្រុក ពិសេស​នៅក្នុង​ក្រុង​សៀមរាប កសិករ​ម្នា​ក់បាន​ងាក​មក​ដាំ​បន្លែ​រូ​កែ​ដ និង​ភើ​រី​ឡា ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ហើយ​បានធ្វើឱ្យ​កម្រិតជីវភាព​របស់​ក​សិ​ករ​រូបនេះ​មាន​ភាពប្រសើរឡើង​។

លោក ​ទក់ សុខា ជា​អ្នក​ដាំ​បន្លែ​រូ​កែ​ដ និង​បន្លែ​ភើ​រី​ឡា​រស់​នៅ​ភូមិ​ស្រិត​ខាងកើត​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រសាទ​បាគង​ខេត្ត​សៀម​​រាប​បានឱ្យដឹងថា​៖ «​ឥឡូវ​បន្លែ​រូ​កែ​ដ ​(Wild Rocket) ​និង​បន្លែ​ភើ​រី​ឡា ​(Perila)​ កំពុងមាន​តម្រូវ​ការ​ខ្ពស់​។ ពីមុន​ខាង​ក្រុមហ៊ុន​ត្រូវការ ​១​ សប្តាហ៍​តែ​​ ៣០​​ គីឡូ​ក្រាម​ទេ​។ តែ​ឥឡូវ​ ១ សប្តាហ៍​ត្រូវការ​ជាង​ ១០០ គីឡូក្រាម​តែ​ខ្ញុំ​ដាំ​មិនទាន់​ឱ្យ​ក្រុមហ៊ុន​»​។​


លោក ​សុខា បាន​ដាំ​ដំណាំ​កសិកម្ម​បន្លែ​ជិត ​២០ ​ឆ្នាំ​មកហើយ​ដោយ​ធ្វើ​កសិកម្ម​តាម​ទម្លាប់​។ ការដាំ​បន្លែ​តាម​ទម្លាប់​នេះ​គឺ​លោក​មិនសូវ​ជា​ទទួលបាន​ផល​ប៉ុន្មាន​ទេ​គ្រាន់តែ​ដាំ​ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ចង់​ផ្លាស់ប្តូរ​មក​ធ្វើ​កសិកម្ម​តាមបែប​ការប្រើ​បច្ចេកទេស​និង​ការធ្វើ​កសិកម្ម​ជា​លក្ខណៈ​អាជីព​វិញ​។

លោក​បាន​ស្រាវជ្រាវ​ពី​បច្ចេក​​ទេស​ដាំ​ដំណាំ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​យូ​ធូប​ពី​តាម​សហគមន៍​ពិសេស​ការបង្ហាត់បង្ហាញ​ពី​មន្ត្រី​ជំនាញ​របស់​មន្ទីរ​កសិក​ម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​តែម្តង​។​


លោក​បន្តថា ក្នុងស្ថានភាព​នៃ​ការ​វិវឌ្ឍន៍​ផ្នែក​កសិកម្ម និង​ការ​ប្រកួតប្រជែង​ទីផ្សារ​បន្លែ​ក្នុងស្រុក​ឈានទៅរក​បន្លែ​សុវត្ថិភាព​ផង​នោះ លោក​បាន​ទៅ​សិក្សា​ពី​ការដាំដុះ​នៅតាម​សហគមន៍​នានា​។ ក្នុងនោះ​លោក​បាន​ទៅ​សហគមន៍​មួយ​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។ នៅ​ទីនោះ​កសិករ​មាន​ដាំ​បន្លែ​រូ​កែ​ដ​និង​បន្លែ​ភើ​រី​ឡា​ដែលជា​ប្រភេទ​បន្លែ​បរទេស​តែ​ងាយ​​ស្រួល​ដាំ ហើយ​ភ្ញៀវ​បរទេស​និយម​ហូប​ខ្លាំង​។​

លោក ​សុខា​ មិន​ត្រឹមតែ​ដើរ​សិក្សា​រៀនសូត្រ​ពី​បច្ចេកទេស​ដាំ​​ដុះ​ទេ តែ​លោក​ក៏​ដើរ​ស្ទាបស្ទង់​ទីផ្សារ​បន្លែ​រូ​កែ​ដ​ផងដែរ​ពីព្រោះ​ជា​បន្លែ​ដែល​ជនបរទេស​និយម​ហូប​ខ្លាំង ហើយ​មិនសូវមាន​អ្នក​ដាំ​ក្នុងស្រុក​។ ហេតុដូច្នេះ​ហើយ​ទើប​លោក​ទិញ​ពូជ​បន្លែ​រូ​កែ​ដ​ពី​ក្រុមហ៊ុន​កសិកម្ម​ក្នុងស្រុក​មួយ ទម្ងន់ ​១០ ​ក្រាម​ថ្លៃ​ ១២ ០០០​ រៀល​យកមក​ដាំ​សាកល្បង​។

លោក​ថ្លែងថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ដាំ​បន្លែ​រូ​កែ​ដ និង​បន្លែ​ភើ​រី​ឡា​នេះ ដោយសារ​ខ្ញុំ​មើលឃើញ​កំណើន​នៃ​ការប្រើ​​ប្រាស់​បន្លែ​បរទេស​នៅក្នុង​ស្រុក​កាន់​តែមាន​តម្រូវការ​ខ្ពស់​។ អ៊ីចឹង​ហើយ​ធ្វើឱ្យ​ខ្ញុំ​ដាំ​បន្លែ​ទាំង​ ២ ​ប្រភេទ​នេះ​ទៅ​»​។​

លោក​បញ្ជាក់ថា មុនដំបូង​លោក​ធ្វើ​ថ្នាល​ព្រោះ​គ្រាប់​ឱ្យ​វា​ដុះ​ចេញ​ជាដើម​សិន​។ លុះ​ការលូតលាស់​របស់​វា​មាន​អាយុ​ ២៤​ ថ្ងៃ​ ហើយ​ទើប​លោក​ដកយក​មក​ដាំ​នៅលើ​រង​។ លោក​បាន​លើក​រង​បន្លែ​ចំនួន ​៨ ​រង ដោយ​លើក​កម្ពស់​ពី​ផ្ទៃដី​ចន្លោះ​ពី​ ១ ​តឹក​កន្លះ​ដល់ ​៣ ​តឹក ដែលមាន​ទទឹង​ ១ ​ម៉ែត្រ និង​បណ្តោយ​ ២២​ ម៉ែត្រ និង​ធ្វើ​ផ្ទះ​សំឡាញ់​ទទឹង​ ៦ ​ម៉ែត្រ​បណ្តា​យ ​២២ ​ម៉ែត្រ​បិទ​ជិត​ការពារ​សត្វ​ល្អិត​។

បើ​និយាយ​ពី​បច្ចេកទេស​ដាំ​បន្លែ​រូ​កែ​ដ​នេះ​វិញ ក៏​មិន​ខុសគ្នា​អី​ពី​បច្ចេកទេស​ដាំ​ស្ពៃក្រញាញ់ និង​សាឡាដ​នោះដែរ ហើយ​ប្រភេទ​បន្លែ​រូ​កែ​ដលោក​ទទួលផល​រយៈពេល​រហូតដល់ ៦ ​ខែ​ទើប​ចប់​ដោយ​ក្នុង​ ១ ​ខែ លោក​អាច​លក់បាន​ប្រា​ក់ជាង​ ១ ​លាន​រៀល​។

លោក​ប្រាប់ថា បន្លែ​នេះ ក្រោយពី​ដាំ​កូន​រយៈពេល​ ២ ​ខែ អាច​កាត់​ស្លឹក​លក់បាន​ហើយ​។ បន្លែ​រូ​កែ​ដលោក​បេះ​លក់​ក្នុង​ ១ ​គីឡូក្រាម​ថ្លៃ​ ១២ ០០០​ រៀល ឱ្យ​ក្រុមហ៊ុន​អមរ​: ដែល​លោក​ជា​សមាជិក​របស់​ក្រុមហ៊ុន​។ រីឯ​ខាង​ក្រុមហ៊ុន យកទៅ​វេច​ខ្ចប់​ជា​កញ្ចប់​តូចៗ​ដាក់លក់​នៅក្នុង​ផ្សារ​ម៉ា​ត ក្នុង​ផ្សារ​អី​អន ក្នុង​ផ្សារ​រាត្រី​ខេត្តសៀមរាប​និង​តាម​ផ្សារ​មួយចំនួនទៀត​។ បើទោះជា​បន្លែ​រូ​កែ​ដ​និង​ភើ​រី​ឡា​ជនបរទេស​ចូលចិត្ត​ខ្លាំង​ក្តី​តែ​សម្រាប់​ជន​ជាតិខ្មែរ​ដែល​គាត់​ធ្លាប់​ហូប​ក៏​ពេញនិយម​ដែរ​។​

លោក​បាន​ប្រាប់ថា ចំពោះ​បន្លែ​រូ​កែ​ដ​វា​មាន​សណ្ឋាន​ស្រដៀង​គ្នា​នឹង​បន្លែ​តាំងឱ​ដែរ តែ​ការប្រើប្រាស់​និង​រសជាតិ​ខុសពី​បន្លែ​តាំងឱ​។ ដោយសារ​បន្លែ​រូ​កែ​ដ​មាន​រសជាតិ​ចត់​តិចៗ​ហើយ​ប្រហើរៗ​មាន​ក្លិន​ឆួល​ដែល​ជនបរទេស​ចូលចិត្ត​ហូប​ធ្វើជា​បន្លែ​អន្លក់​ជាមួយ​ម្ហូបអាហារ​ច្រើនបែប អាចជា​មួយ​សាច់​អាំង ទឹកគ្រឿង​ជាដើម​។​

បើតាម​លោក ​សុខា បច្ចុប្បន្ន​ទាំង​បន្លែ​រូ​កែ​ដ​ទាំង​បន្លែ​ភើ​រី​ឡា កំពុង​ពេញនិយម​ខ្លាំង​នៅលើ​ទីផ្សារ​ក្នុងស្រុក​។ កាលពីមុន​ក្រុមហ៊ុន​អមរ​: តម្រូវឱ្យ​លោក​ប្រមូល​ផល​បន្លែ​រូ​កែ​ដ​ក្នុង​ ១ សប្តាហ៍​តែ​ ៣០ ​គីឡូក្រាម​ទេ តែ​បច្ចុប្បន្ន​ខាង​ក្រុមហ៊ុន​តម្រូវ​ទិញ​ក្នុង​ ១ ​ថ្ងៃ​ ១៥ ​គីឡូក្រាម​។ សម្រាប់​នៅក្នុង​ស្រុក​ប្រាសាទបាគង បើតាម​ដែល​លោក​សង្កេតមើល​គឺ​មិនទាន់មាន​នរណា​ចាប់អារម្មណ៍​ដាំ​បន្លែ​ទាំង​ ២ ​ប្រភេទ​នេះ​ទេ​។​

លោក​បន្ថែមថា ចំពោះ​បន្លែ​ភើ​រី​ឡា​ជា​ពូជ​មកពី​ប្រទេស​កូរ៉េ ក៏​កំពុងមាន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ខ្ពស់​ដែរ​លក់បាន​ក្នុង ​១​ គីឡូក្រាម ​១៥ ០០០​ រៀល​។ សម្រាប់​លោក​ក៏​ដាំ​បន្លែ​នេះ ៦ ​រង​ដែរ ហើយ​វា​ផ្តល់​ផល​បានតែ ​២ ​ខែ​ប៉ុណ្ណោះ​ក៏​ងាប់​ដើម​ទៅវិញ​។ ក្នុង​រយៈពេល​ ២ ​ខែ លោក​អាច​ប្រមូល​ផល​បាន ១៣៥ ​គីឡូក្រាម​។ សម្រាប់​ដំណាំ​នេះ​ក្នុង​ ១ ​ឆ្នាំ​លោក​ដាំ​បាន​ ៦ ​ដង និង​ប្រើ​ជីកំប៉ុស​ប្រើ​ទឹក​ធម្មតា មិនឱ្យ​ជោកជាំ​ហើយក៏​មិនឱ្យ​ស្ងួត​ដែរ​។​

លោក​ថ្លែងថា​៖ «​បន្លែ​ភើ​រី​ឡា​នេះ​វា​ចេញ​ផ្កា​ហើយ​អាយុ​វា​ខ្លី​បានតែ​ ២ ​ខែ​ទេ​។ តែ​បន្លែ​នេះ​ជនជាតិ​ជប៉ុន​និង​កូរ៉េ​ចូលចិត្ត​ខ្លាំងណាស់​នៅ​សៀមរាប​។ គេ​ហូប​វា​ឆៅ​ធ្វើជា​អន្លក់​ផ្ទាប់​ជាមួយនឹង​ទឹក​កាពិ​ជាដើម​»​។​

សម្រាប់​លោក​ធា​ម ឆាង​មេឃុំ​កន្ទ្រាំ​ង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កន្ទ្រាំ​ង​បាន​អាស្រ័យ​នឹង​ភោគផល​ក​សិ​កម្ម មាន​ផ្កា​ខាត់ណា​ដើម​ស្លឹក​​ខ្ទឹម ត្រសក់ទ្រើង​ប៉េងប៉ោះ ម្រះ ស្ពៃក្តោប និង​បន្លែ​មួយចំនួនទៀត ហើយ​មាន​ទីផ្សារ​ល្អ​។ ក្រៅពីនេះ​ក៏​មានការ​ចិញ្ចឹមសត្វ ការនេសាទ និង​ការចិញ្ចឹម​ត្រី និង​កង្កែប​ជាដើម​។ ដំណាំ​ស្រូវ​ជា​វិស័យ​ក​សិ​កម្ម​ចម្បង សម្រាប់​អ្នក​ឃុំ​កន្ទ្រាំ​ង ហើយ​ពួកគាត់​តែងតែ​ធ្វើ​បានជា​រៀងរាល់ឆ្នាំ​។​

​លោក​ថ្លែងថា​៖ «​របរ​ចិញ្ចឹម​កង្កែប​ចិញ្ចឹម​ត្រី​ជា​របរ​ទី ​២​ សំខាន់​សម្រាប់​អ្នកស្រុក​ខ្ញុំ​។ ចំពោះ​វិស័យ​កសិកម្ម​វិញ​គាត់​មាន​ទីផ្សារ​លក់​មិន​ភ័យព្រួយ​ថា ធ្វើបាន​ហើយ​លក់​មិន​ចេញ​ទេ​»​។

ចំណែក​លោក​សាន សំណាង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍ កសិកម្ម​កន្ទ្រាំ​ង​ប​ល្ល័​ង្គ​រស្មី​ស្ត្រី​សាមគ្គី​ក្នុងស្រុក​ប្រាសាទបាគង បានឱ្យដឹងថា ពាក់ព័ន្ធ​ដំណាំ​បន្លែ​រូ​កែ​ដ និង​បន្លែ​ភើ​រី​ឡា​នេះ បច្ចុប្បន្នកំពុង​តែមាន​តម្រូវ​​ការ​ខ្ពស់​ព្រោះ​ជា​បន្លែ​សម្រាប់​ជនបរទេស​ទទួលទាន​។ ក្នុង​ ១ ​ថ្ងៃ​ត្រូវការ​ចន្លោះ​ពី ​៣០​ ទៅ​ ៥០ ​គីឡូក្រាម ទើប​បំពេញតម្រូវការ​ទីផ្សារ​បានតែ​ពេលនេះ​ប្រមូល​ផល​បានតែ​ ១០ ​គីឡូក្រាម​ប៉ុណ្ណោះ​។​

លោក​ថ្លែងថា​៖«​សម្រាប់​កសិករ​ឈ្មោះ​ទក់ សុខា គាត់​ដាំ​ម្នាក់ឯង​មិន​គ្រប់​ទេ អ៊ីចឹង​ខ្ញុំ​កំពុង​រក​កសិករ​ដើម្បី​ពង្រីក​ការដាំ​បន្លែ​រូ​កែ​ដ និង​បន្លែ​ភើ​រី​ឡា​ទៀត​»​។​

លោក​បន្តថា ទោះយ៉ាងណា​បន្លែ​ ២ ​ប្រភេទ​នេះ ត្រូវ​ការដាំ​ក្នុងផ្ទះ​សំណាញ់ ដែល​ផ្ទះ​សំណាញ់​មាន​ទទឹង ​១០​ ម៉ែត្រ​គុណ​ ២៥ ​ម៉ែត្រ ត្រូវ​ចំណាយលុយ​ជាង​ ៣​ ពាន់​ដុល្លារ ដើម្បី​សាងសង់​។ បញ្ហា​នេះ​ប្រជាកសិករ ក៏​ជួប​ការលំបាក​ដែរ​ក្នុងការ​ចំណាយ​ទុន ដើម្បី​ដំឡើង​ផ្ទះ​សំណាញ់​ ១ ​ខ្នង​បាន​។ បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក​ចំនួន​ ៣២១​ នាក់ ​(​ស្រី​ ២៥៦​ នាក់​)​ មកពី​ ៦ ​ភូមិ​ក្នុង​ឃុំ​កន្ទ្រាំ​ង​។​

​លោក​ ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រសួង​តែង​លើកទឹកចិត្ត​ឱ្យ​កសិករ ដាំ​ដំណាំ​ដែលមាន​លក្ខ​ណៈ​យុទ្ធសាស្ត្រ សម្រាប់​វិស័យ​កសិកម្ម និង​ស្របតាម​គោលនយោបាយ​ដែលមាន​ស្រាប់​។ ក្នុងនោះ​មានដូចជា​ស្រូវ ស្វាយ​ចន្ទី ម្រេច ឬ​បន្លែ​ជាដើម ដោយ​សារ​ដំណាំ​ប្រភេទ​នេះ​មាន​ខ្សែ​ច្រវាក់​តម្លៃ​រឹងមាំ និង​ច្បាស់លាស់ ទាំង​ពូជ បច្ចេកទេស​ផលិត ការកែច្នៃ និង​ទីផ្សារ​។

លោក​បន្តថា​៖ «​ដំណាំ​ប្រភេទ​នេះ ពេល​មាន​បញ្ហា​ណាមួយ ដែល​ចាំបាច់​ត្រូវឱ្យ​ក្រសួង​អន្តរាគមន៍ យើង​អាច​ផ្តល់​ការគាំទ្រ​បាន​។ ដោយឡែក​ដំណាំ​ផ្សេងទៀត ឬ​ថ្មីៗ យើង​មិន​ហាមឃាត់​ទេ តែ​កសិករ​គួរ​សិក្សា​ស្វែងយល់​ពី​ខ្សែ​ច្រវាក់​តម្លៃ​ទាំងមូល​ឱ្យបាន​ច្បាស់​​លាស់​ជាមុនសិន ចៀសវាង​ជួប​បញ្ហា​ដោយ​កត្តា​ណាមួយ​»​។

លោក​បន្ថែមថា ក្រសួង​ក៏​នឹង​តាមដាន​សង្កេតមើល ពី​សក្តានុពល​របស់​ដំណាំ​ប្រភេទ​ទាំងនេះ តែ​ក៏​មិនទាន់​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ដែរ លុះត្រាតែ​មានការ​ធានាបាន​នូវ​និរន្តរភាព​នៃ​ខ្សែ​ច្រវាក់​តម្លៃ​ជាមុនសិន​និង​ធានាបាន​ថា​វា​ផ្តល់​អត្ថប្រយោជន៍​យូរអង្វែង​សម្រាប់​ប្រជាកសិករ​និង​វិស័យ​កសិកម្ម​ព្រមទាំង​ត្រូវមាន​គោលនយោបាយ​គាំទ្រ​ច្បាស់​លាស់​ផងដែរ​។​

​លោក​សង្កត់ធ្ងន់​ដែរ​ថា ទៅ​ថ្ងៃមុខ​ទៀត​ចំពោះ​ដំណាំ​ទូទៅ​ដែល​វា​មិន​ស្ថិតក្នុង​ចំណោម​ដំណាំ​យុទ្ធសាស្ត្រ​មិន​ថា​ដំណាំ​ស្លា ដំណាំ​ទំពាំងបាយជូរ ឬ​ដំណាំ​ថ្មីៗ​ប្លែកៗ​ទេ គឺ​ក្រសួងកសិកម្ម មិន​ជំទាស់​ទេ​។ តែដោយសារ​តែ​វា​មិនត្រូវ​នឹង​គោលនយោបាយ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង ហើយ​ក្រសួង​ក៏​មិន​ចង់យក​កសិករ​ឬក៏​វិស័យ​កសិកម្ម​ទៅ​ប្រថុយប្រថាន​ជាមួយនឹង​អ្វីដែល​វា​មិនទាន់មាន​ការកសាង​នូវ​ខ្សែ​ច្រវាក់​តម្លៃ​ឱ្យបាន​រឹងមាំ​នៅឡើយ ហេតុដូច្នេះ​ក្រសួង​ត្រូវ​ពិនិត្យពិច័យ​វា​ដោយ​ឈរលើ​មូលដ្ឋាន​ប្រុងប្រយ័ត្ន​ឱ្យបាន​ច្រើន​។ «​ដូច្នេះ​ការងារ​យើង​ចំពោះ​វិស័យ​កសិកម្ម​គឺ​យើង​បន្ត​នូវ​ជំហរ​ដូចខាងលើ​អ៊ីចឹង​»៕