សៀមរាបៈ បើទោះជា​បច្ចុប្បន្ន​គេ​ផ្លាស់ប្តូរ​ទៅប្រើ​ឡ​អគ្គិសនី​ដុត​នំប៉័ង​បែប​ទំនើប​ទៅហើយ​ក្តី ក៏ប៉ុន្តែ​បុរស​ចំណាស់​ពិការ​ជើង​ម្នាក់​នៅតែ​ប្រើឡ​ដី​បែប​បុរាណ​ដុត​នំប៉័ង​នៅឡើយ ហើយ​អ្នក​រស់នៅក្នុង​សហគមន៍​របស់គាត់ ក៏​នៅតែ​និយម​ហូប​នំប៉័ង​គាត់​ជាង​នំប៉័ង​ដុត​ឡ​អគ្គិសនី​ផងដែរ​។​

លោក ​អាន សុទ្ធា​ ហៅ​ពូ ​ត្បាល់ ជា​អ្នក​ផលិត​នំប៉័ង​ដុត​ឡ​ដី​រស់នៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រា​សាទ​បាគង ខេត្តសៀមរាប​ បាន​និយាយថា​៖ «​ខ្ញុំ​ផលិត​នំប៉័ង​ដូច​គេ​អ៊ីចឹង​ដែរ តែ​ខ្ញុំ​ប្រើឡ​ដុត​អុស​។ ឡ​នំប៉័ង​របស់ខ្ញុំ​ធ្វើ​ពី​ដីឥដ្ឋ​ហើយ​ជា​លក្ខណៈ​បុរាណ​ទេ តែ​អ្នកភូមិ​ថា ឆ្ងាញ់ និង​មាន​រសជាតិ​»​។

លោក​ អាន សុទ្ធា អាយុ​ ៥៤ ​ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា លោក​ស្វិតជើង​ខាងស្តាំ​តាំងពី​កំណើត ហើយ​មុននឹង​លោក​ចេះ​ជំនាញ​ធ្វើ​នំប៉័ង​នេះ គឺ​លោក​ធ្លាប់ជា​កម្មករ​ស៊ីឈ្នួល​ធ្វើ​នំប៉័ង​ឱ្យគេ​នៅ​ក្រុង​សៀមរាប​។ កាល​នៅ​ស៊ីឈ្នួល​គេ​ គឺ​លោក​ចេះ​លាយ​ម្សៅ​នំ ចេះ​ដុត​នំ និង​ចេះ​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង ឱ្យតែ​ការងារ​ផលិត​នំប៉័ង​គឺ​លោក​ធ្វើបាន​ទាំងអស់​។ ប៉ុន្តែ​ដោយសារ​គេ​ឱ្យប្រាក់​ខែ​លោក​ ១ ខែ​តែ​ ៧ ​ម៉ឺន​រៀល លោក​ក៏​សម្រេចចិត្ត​ឈប់​ហើយ​ចេញមក​ផលិត​នំប៉័ង​ខ្លួនឯង​ម្តង​។​


ដោយសារតែ​ប្រាក់ខែ​មិនអាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន លោក​ សុទ្ធា ក៏​ឈប់​ស៊ីឈ្នួល​គេ​ហើយ​ចាប់ផ្តើម​ផលិត​នំប៉័ង​ខ្លួនឯង​ក្នុងអំឡុង​ឆ្នាំ​ ១៩៩៧​។ ចំពោះ​ការធ្វើ​ឡ​វិញ​ គឺ​លោក​យក​ដីដំបូក​មក​បូក​ដែលមាន​ទំហំ​ ៣ ​ម៉ែត្រ​គុណ ​៣ ​ម៉ែត្រ ពោលគឺ​ផ្នែក​ខាងក្នុង​ប៉ាត​តែ​ដីដំបូក​សុទ្ធ និង​ប្រើ​បេតុង​តែ​ផ្នែក​ខាងក្រៅ​តែប៉ុណ្ណោះ​។​

រីឯ​ការ​ចម្អិន​នំប៉័ង​វិញ គឺ​លោក​ដុត​អុស​នៅក្នុង​ឡ​កន្លែង​ដាក់​នំ​តែម្តង បន្ទាប់ពី​អុស​ឆេះ​បាន​កម្ដៅ​ក្តៅ​មក​លោក​យក​រងើកភ្លើង​ចេញ និង​បោស​សម្អាត​ឱ្យ​ស្អាត​ទើប​ដាក់​នំប៉័ង​ចូល​ដែល​ម្តង​អាចដាក់​នំប៉័ង​បាន​ចំនួន ​១៨០ ​នំ​។​


តំបន់​ព្រៃកោងកាង​មួយកន្លែង​នៅក្នុង​ខេត្តកំពត​។ រូបថត ហ្វេសប៊ុក

​សម្រាប់​វិធី​ដុត​នំប៉័ង​របស់លោក​សុទ្ធា គ្មាន​កំណត់ថា ប៉ុន្មាន​នាទី​ត្រូវ​ឆ្អិន​ទេ ប៉ុន្តែ​លោក​ថា លោក​ឧស្សាហ៍​បើកទ្វារ​ឡ​មើល​។ បើកាលណា​លោក​ឃើញ​នំប៉័ង​ឡើង​ពណ៌​ក្រហម​កន្លាត​គឺ​បានន័យថា នំ​ឆ្អិន​ហើយ ហើយ​លោក​បារ​វា​ចេញ និង​ដាក់​នំ​ថ្មី​ចូល​។ ទោះជា​នំ​នៅក្នុង​ឡ​តែ​ ១​ មែន តែ​វា​មិន​ឆ្អិន​សព្វ​ទេ ដូច្នេះ​បើ​លោក​មើល​ដឹងថា នំប៉័ង​នៅ​ជ្រុង​ណា​ឆ្អិន គឺ​លោក​ចូក​វា​ចេញ​មុន​។ លោក​អះអាងថា នំប៉័ង​ដុត​ដោយ​ឡ​ដីដំបូក​នេះ​មាន​រសជាតិ​ខុសពី​នំប៉័ង​ដុត​ដោយ​ឡ​អគ្គិសនី​។​

លោក​ថ្លែងថា​៖ «​បើតាម​ម៉ូយ​នំប៉័ង​ខ្ញុំ គាត់​និយាយ​ប្រាប់ថា អ្នកទិញ​គេ​អត់​ចូលចិត្ត​ហូប​នំប៉័ង​ដុត​ឡ​អគ្គិសនី​ទេ​គេ​ថា អត់​ឈ្ងុយ អត់​ឆ្ងាញ់​។ បើ​យើង​ដុត​ឡ​អគ្គិសនី គឺ​គេ​អត់​ទិញ​ហូប​ទេ​។ គេ​ថា ឡ​អគ្គិសនី ជួនកាល​ពេល​ដាច់​ភ្លើង​គេ​ប្រើ​ហ្គាស​មាន​ចំហាយ​ហ្គាស​និង​ធុំក្លិន​ហ្គាស តែ​ឡ​យើង​ធ្វើ​ពី​ដី​ធ្វើឱ្យ​នំប៉័ង​មាន​ក្លិន​ឈ្ងុយ ព្រោះ​ដី​ធ្វើ​ឡ​យើង​មាន​លាយ​ស្ករ លាយ​អំបិល​អី​ចូលគ្នា និង​មកពី​យើង​ផ្សំ​គ្រឿង​ផង​»​។​

លោក​បញ្ជាក់ថា ក្នុង​ ១​ ថ្ងៃ លោក​ផលិត​នំប៉័ង​ពី​ ៦០០ ​ដើម ទៅ​ ៧០០ ដើម អាស្រ័យ​ទៅតាម​ម៉ូយ​កុម្ម៉ង់​ដែល​ម៉ូយ​របស់លោក​មាន​លក់​នៅក្នុង​ផ្សារ​អង្គរ និង​ផ្សារ​រលួស​ក្នុងស្រុក​ប្រាសាទ​បាគង​តែម្តង​។ រីឯ​ដំណើរ​ការផលិត​នំ​របស់លោក​ក៏​មិនមាន​ការ​ថមថយ​ដែរ ពោលគឺ​នៅ​ថេរ​រហូត​។ ចំពោះ​ការធ្វើ​អាជីវកម្ម​បែប​សហគមន៍​របស់លោក​នេះ​ក៏​អាច​រកប្រាក់​ចំណូល​បាន​សម​ល្មម​សម្រាប់​ផ្គត់ផ្គង់​កូនប្រុស ​៣​ នាក់​របស់លោក​បានដែ​រ ខណៈ​កូនប្រុស​ម្នាក់​ក៏មាន​គ្រួសារ និង​កំពុង​ជួយ​ធ្វើ​នំ​ជាមួយ​លោក​ដែរ​។​

លោក​ប្រាប់ថា ក្នុង​ ១ ​ថ្ងៃ​​ លោក​ធ្វើ​នំប៉័ង​ចាប់ផ្តើម​ពី​ម៉ោង​ ៦ ​កន្លះ​ល្ងាច​រហូតដល់​ម៉ោង​ ៣ ​ទៀបភ្លឺ ទើប​ធ្វើ​រួច ដែលមាន​កូន​ជួយ​ធ្វើ​ផង​។ លុះដល់​ម៉ោង ៤​ ទៀបភ្លឺ ម៉ូយ​ក៏​មក​ទទួល​យកទៅលក់​ប​ន្ត​ហើយ​លោក​ធ្វើ​សម្រាប់​បោះ​ដុំ​ឱ្យ​ម៉ូយ​តែប៉ុណ្ណោះ បើ​អ្នកភូមិ​ចង់​ហូប​នំប៉័ង​របស់លោក ក៏​ទៅ​ទិញ​នៅ​ផ្សារ​ទៅ​។​

លោក​ លី វ៉ា ដែលជា​ម៉ូយ​ទិញ​នំប៉័ង​បោះ​ដុំ​ពី​លោក ​អាន សុទ្ធា បាន​ប្រាប់ថា លោក​លក់​នំប៉័ង​ក្នុង​ផ្សារ​អង្ក្រង​និង​ទទួលយក​នំប៉័ង​របស់​លោក​សុទ្ធា​ច្រើន​ឆ្នាំ​មកហើយ ហើយ​ក្នុង​ ១ ​ថ្ងៃ​ លោក​លក់​អស់​ ២០០ ​នំ​ដែរ​។ ក្នុង​នំប៉័ង​ ១ ​ដើម​ គឺ​លោក​លក់​ថ្លៃ ​១​ ពាន់​រៀល ហើយ​ប្រការ​ដែល​លោក​យកនំ​ប៉័ង​របស់លោក​សុទ្ធា​មក​លក់​បន្ត​នេះ ក៏ដោយ​សារ​តែ​លោក​លក់ដាច់​។

ព្រោះថា នំប៉័ង​របស់លោក​ សុទ្ធា ដុត​ឡ​ដី មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាង​ឡ​ដុត​អគ្គិ​ស​នី​ សូម្បីតែ​អ្នកភូមិ​ដែល​ទិញ​ក៏​សរសើរ​ថា នំប៉័ង​របស់លោក ​សុទ្ធា ហៅ​ពូ​ ត្បាល់ មាន​រសជាតិ​ឆ្ងាញ់​ដែរ​។​លោក​ លី វ៉ា បានធ្វើការ​ប្រៀបធៀប​ថា រវាង​នំប៉័ង​ដុត​ដោយ​ឡ​អគ្គិសនី គឺមាន​ភាពខុសគ្នា​ត្រង់​សាច់​នំប៉័ង​ដុត​អុស​សាច់​នំ​មាន​ជាតិ​ស្រួយ​ឆ្ងាញ់​ជាង​នំប៉័ង​ដុត​អគ្គិសនី​។

បច្ចុប្បន្ន​លោក​ទទួលយក​នំប៉័ង​ដុត​ឡ​អគ្គិសនី​តែ​ប្រមាណ​ ៥០ ​នំ​អី​ទេ តែបើ​នំប៉័ង​ដុត​ឡ​ដី​​ គឺ​លោក​យក​ដល់​ ២០០​ ដើម​ហើយ​លក់​អស់​ទៀត​។

លោក​និយាយថា​៖ «​ឡ​ដុត​អុស​វា​មាន​រសជាតិ​ឆ្ងាញ់​ខុសពី​ឡ​ខ្សែភ្លើង ហើយ​ប្រជាពលរដ្ឋ​និយម​ទិញ​នំប៉័ង​ពូ​ត្បាល់​ហូប​។ ដោយសារ​គេ​និយម​ហូប​អ៊ីចឹង​ហើយ បានជា​ខ្ញុំ​នៅតែ​ទទួល​នំ​ពី​គាត់​លក់​ច្រើន​ឆ្នាំ​មកហើយ​ដែរ​»​។​

អាជ្ញាធរ​ជាតិ​អប្សរា​បន្តជួសជុល​រចនាសម្ព័ន្ធ​ស្រះ​ខាង​ជើង​នៃ​ប្រាសាទ​អង្គរវត្ត។ រូបថត អាជ្ញាធរ​ជាតិ​អប្សរា

​ពាក់ព័ន្ធ​ការដុត​នំប៉័ង​ជា​ទម្រង់​ឡ​បុរាណ​នេះដែរ ត្រូវបាន​លោក អ៊ុំ វ៉ុ​ង មេឃុំ​រលួស បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅក្នុង​ឃុំ​រលួស​មាន​ឡ​ដុត​នំប៉័ង​តែ ​១ ​ទេ ហើយ​ឡ​នេះ​ទៀតសោត ក៏​ធ្វើជា​របៀប​បុរាណ​ទៀត ខណៈដែល​បច្ចុប្បន្ន​គេ​ឈានទៅ​ប្រើឡ​ដុត​អគ្គិសនី​ទៅហើយនោះ​។ ចំពោះ​ឡ​ដី​នេះ បើ​គេ​មើលទៅ​យល់ថា អាច​គ្មាន​អនាម័យ​រីឯ​នំប៉័ង​វិញ​ក៏​មិនសូវមាន​រូបរាង​ល្អ​ដូច​នំប៉័ង​បែប​សម័យ​ទំនើប​ដែរ តែ​ផ្ទុយទៅវិញ នំប៉័ង​របស់​ពូ​ត្បាល់ មាន​អនាម័យ​ត្រឹមត្រូវ​ហើយ​ឈ្ងុយឆ្ងាញ់​ទៀត​។​

លោក​បន្តថា តាមពិតទៅ​លោក​ អាន​ សុទ្ធា​ ហៅ​ពូ​ ត្បាល់ ជា​ជន​មាន​ពិការ​ភាព ស្វិតជើង​ម្ខាង ហើយ​គាត់​មិនអាច​ធ្វើដំណើរ​បាន​ស្រួល​ទេ​។ របរ​នេះ​ជា​របរ​តាមបែប​បុរាណ​របស់គាត់ ហើយក៏​សមល្មម​នឹង​ភាព​ពិការ​របស់គាត់​​ដែល​អាច​គ្រាន់តែ​រកប្រាក់​ចិញ្ចឹម​ប្រពន្ធ​កូន​បាន​សមរម្យ​។ រីឯ​ឡ​នំប៉័ង​របស់គាត់ ​១​ ឆ្នាំ​ ត្រូវ​រុះរើ​ធ្វើ​ថ្មី​ម្តង មិនអាច​ជាប់​រហូត​ដូច​ឡ​អគ្គិសនី​ទេ​។​

លោក​មេឃុំ​និយាយថា​៖ «​អ្នកលក់​នំប៉័ង​នៅ​ផ្សារ​ក្នុងស្រុក​ប្រាសាទបាគង​ យកតែ​នំប៉័ង​គាត់​ទៅ​លក់​ទេ ព្រោះ​វា​ឈ្ងុយឆ្ងាញ់​។ សូម្បីតែ​ខ្ញុំ​ខ្លួនឯង​ពេល​ទៅ​ប្រជុំ​មានពេលខ្លះ​ក៏​ខ្ញុំ​ទិញ​ ៥០ ​នំ​អី យកទៅ​ចែកគ្នា​ហូប​ដែរ​»៕