បុរស​​ ៤​ នាក់បាន​​រង​ការ​ចោទ​ប្រកាន់​ ហើយ​នឹង​ត្រូវ​ជំនុំជំ​​រះ​ពី​បទ​​លួច​បង្គន់​មាស​​ ១៨​ ការ៉ាត់ ​ពី​​​វាំង​​មួយ​កន្លែង​​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស​ ពោល​គឺ​កន្លែង​ដែល​បង្គន់​មាស​នោះ​ត្រូវ​បាន​គេ​រក្សា​ទុក​ដើម្បី​ដា​ក់​តាំង​​ពិពណ៌​សិល្បៈ ​មុន​ពេល​​មាន​គេ​លួច​យក​ទៅ​នៅ​ឆ្នាំ​ ២០១៩​។ ​​នេះ​បាន​តាម​ការ​ឱ្យ​ដឹង​របស់​​រាជ​អាជ្ញា ​​កាល​ពី​ថ្ងៃ​​ទី ​៦ ខែ​វិច្ឆិកា​ ឆ្នាំ ២០២៣​។ ​

​​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​បាន​រាយការណ៍​ថា​ បង្គន់​មាសដែល​មាន​ឈ្មោះ​ «America» ​នោះ​ មាន​តម្លៃ​ប្រមាណ​ ៥,៩ ដុល្លារ​អាមេរិក​ និង​​ត្រូវ​បាន​ដាក់​តាំង​ក្នុង​​​ពិពណ៌​ដោយ​វិចិត្រករច្នៃ​គំនិត​​​ជន​ជាតិ​អ៊ីតាលី​មួយ​រូប​ ​នៅ​វាំង​ Blenheim ដែល​ជា​កន្លែង​ទាក់​ទាញ​ទេសចរណ៍​ដ៏​សំខាន់​នៅ​អង់គ្លេស​​និង​ជា​តំបន់​បេតិក​ភ​ណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។

​សេវា​​អយ្យការ​វាំង​​ចក្រភព​អង់គ្លេស​ (CPS) ​បាន​​ឱ្យ​ដឹង​ថា​ បុរស​ឈ្មោះ​​ James Sheen ​អាយុ ​៣៩​ ឆ្នាំ​ រង​ការ​ចោទ​ប្រកាន់​ពី​បទ​លួច​ ១ ​​ករណី​ និង ​​២​ ករណី​ទាក់​ទង​នឹង​ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិផ្នែក​​ព្រហ្ម​ទណ្ឌ​។​


​ចំណែក​ឯ​បុរស​ ៣ ​នាក់​ផ្សេង​ទៀត​ រួម​មាន​លោក​Michael Jones លោក​ Fred Doe ​និង​លោក​ Bora Guccuk​ដែល​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​​​អាយុ ​៣០​ ឆ្នាំ​ ក៏​​រង​ការ​​ចោទ​ប្រកាន់​ពី​បទ​លួច​នេះ​ផង​ដែរ​។


បើ​តាម​ប៉ូលិស​ចក្រ​ភព​អង់គ្លេស​ ​​នៅ​​ក្រុម​​ចោរ​ចូល​លួច​ក្នុង​វាំងដោយ​ជិះ​រថយន្ត ២ ​គ្រឿ​ង​​ចូល​ទៅ​​ ​ហើយ​លួច​បង្គន់​មាស​យក​ទៅ​នៅ​ម៉ោង​ប្រហែល​ ៥ ​ព្រឹក​ព្រលឹម ថ្ងៃ​ទី​ ១៤ ខែកញ្ញា ឆ្នាំ​ ២០១៩កន្លងទៅនេះ​​។

ជុំ​វិញ​បញ្ហា​នេះ​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​បង្គ​ន់​នោះ​រក​ឃើញ​វិញ​ហើយ​ឬ​នៅ​ទេ​​ស្រប​ពេល​ដែល​អាជ្ញាធរ​អង់គ្លេស​មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ជុំ​វិញ​បញ្ហា​នេះ​ ខណៈ​បុរស​ជាប់​ចោទ​​​ទាំង ​​៤ ​​នាក់​ ​នឹង​​ចូល​​បំភ្លឺ​​នៅ​​តុលាការ​​​នៅ​​ថ្ងៃ​​ទី ​​២៨ ​ខែ​វិច្ឆិកា ​ខាង​មុខ​៕