កំពង់ស្ពឺៈ ផ្ទាំង​រូប​ចម្រុះ​ពណ៌​មាន​រាង​ជា​ផែនទី​ប្រទេស​កម្ពុជា​គឺជា​រូបភាព​មួយ​ដែល​បានកើត​ចេញពី​ការ​ផ្គុំ​គម្រប​ដប​ទឹក​សុទ្ធ​បានមកពី​ការដើរ​រើស​របស់​សិស្ស​នៅ​សាលា​ដូង​។

​រូប​ផែនទី​ ១​ ផ្ទាំង​នោះ​ក៏​ជា​ចំណែក​មួយ​របស់​កុមារី ភី រក្សា ម្នាក់​ដែរ​ក្នុងចំណោម​សិស្ស​ក្មេងៗ​ប្រុស​-​ស្រី​ទាំង​ ១៦១​ នាក់ ដែល​បាន​ចូល​រួម​រើស​គម្រប​ដប​ដើម្បី​ប្ដូរ​ជំនួស​ដើម្បី​បាន​សិក្សា​នៅ​សាលា​នោះ​ដោយ​មិន​បង់ថ្លៃ​។​

កុមារី ភី រក្សា អាយុ ​១២​ ឆ្នាំ ដែល​បច្ចុប្បន្នកំពុង​រៀ​ន​ថ្នាក់​ទី៥ រស់នៅ​ភូមិ​ថ្មី ឃុំ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​រៀប​រាប់​ថា នាង​ជា​ក្មេង​កំព្រា​ឪពុក ដោយសារ​ឪពុកម្តាយ​បាន​លែងលះគ្នា ហើយ​ត្រូវ​ម្តាយ​ឱ្យចូល​រៀន​នៅ​សាលា​ដូង ឬ​ហៅថា ​សាលា​សំរាម​ដែល​ស្ថិតនៅ​ភ្នំ​គិរី​រម្យ​ក្នុង​ឃុំ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​


កុមារី​រូបនេះ បាន​រៀបរាប់ថា កាលពី​មិនទាន់បាន​ចូលរៀន នាង​បាន​ជួយ​កិច្ចការ​ឪពុកម្តាយ​ដោយ​អង្គុយ​សុំ​លុយ​ភ្ញៀវ​ដែល​ឡើង​កម្សាន្ត​នៅលើ​ភ្នំ​គិរី​រម្យ​។ ​ប៉ុន្តែ​ក្រោយមក​មាន​លោកគ្រូ​ម្នាក់ ឈ្មោះ​ អ៊ុក វ៉ាន់​ដេ បាន​ដើរ​ប្រមូល​ក្មេងៗ​នៅក្នុង​ភូមិ​ដែល​មិនបាន​រៀន​ឱ្យមក​រៀន​នៅ​សា​លា​ដូង​ជាមួយ​គាត់​។​

កុមារី រក្សា បាន​បន្តថា សាលា​ដូង​មិនមែនជា​សាលា​រដ្ឋ​ទេ តែ​ជា​សាលា​មួយ​ដែល​កើតចេញពី​បេះដូង​សប្បុរសធម៌​របស់លោក​គ្រូ អ៊ុក វ៉ាន់​ដេ ដោយ​លោក​មិន​តម្រូវឱ្យ​សិស្ស​បង់ថ្លៃ​សិក្សា​ឡើយ​ក៏ប៉ុន្តែ​ជំនួស​មកវិញ លោកគ្រូ​អ៊ុក វ៉ាន់​ដេ បានស្នើ​សុំឱ្យ​សិស្ស​ម្នាក់ៗ​ជួយ​ដើរ​រើស​សំរាម​មានដូចជា ដប​ទឹក​សុទ្ធ ដប​ស្រា​បៀរ​ដែល​ភ្ញៀវ​មក​កម្សាន្ត​ហើយ​បោះចោល​យកមក​សា​លា​ជំនួស​ឱ្យ​ការបង់ប្រាក់​។​ជា​រៀងរាល់ថ្ងៃ​នាង​តែង​ក្រោក​ពី​ព្រឹក​ព្រលឹម​ចេញពីផ្ទះ​ដោយ​ត្រូវ​ដើរ​ប្រហែលជា ៣​ គីឡូម៉ែត្រ​ដើម្បី​មក​សាលារៀន​។


​រក្សា និយាយ​ដោយ​បង្ហាញ​ពី​មោទនភាព​ចេញពី​ចិត្ត​ថា​៖ «​បើទោះជា​ខ្ញុំ​ត្រូវ​ដើរ​ក៏ដោយ​តែ​ខ្ញុំ​សប្បាយ​ចិត្តនឹង​ការសិក្សា ព្រោះ​ខ្ញុំ​លែង​ជា​ក្មេង​ដែល​មិនចេះ​អក្សរ​ដូច​ពីមុន​ទៀតហើយ​»​។​

ថ្វីដ្បិតតែ​ខ្លួន​នៅ​ក្មេង​ក្តី តែដោយសារ​ឆ្លងកាត់​ការអប់រំ​នៅក្នុង​សាលា​ផង​នោះ កុមារី​ រក្សា បាន​ពោល​ប្រាប់ថា​សម្រាប់​នាង​យល់ថា ចំពោះ​ភ្ញៀវ​ដែល​ឡើង​មកលេង​លើ​ភ្នំ​គិរី​រម្យ ឬ​នៅ​ទីកន្លែង​ណាក៏ដោយ គឺ​នៅពេលដែល​គាត់​ហូប​ចំណី ឬ​ភេសជ្ជៈ​រួច​បោះ​សម្បក​ចោល​ពាសវាល​ពាសកាល​ដូច្នេះ ​គឺ​មិនល្អ​ទេ​។​ ទិដ្ឋភាព​សំរាម​ដែល​គេ​បាន​បោះ​រាយប៉ាយ​នៅក្នុង​តំបន់​កម្សាន្ត គឺ​នាង​មើលទៅ​ទើសភ្នែក​តែម្តង ហើយ​ប្រសិន​បើ​អាច ក្រោយ​ហូប​រួច ភ្ញៀវ​គួរ​ប្រមូល​ទុក​ម្តុំ​ឬ​ដាក់​តាម​រថយន្ត​ពេល​ដល់​ធុងសំរាម​សឹម​បោះ​ចោល​ទើប​ជាការ​ល្អ​។​

កុមារី រក្សា បានបញ្ជាក់​ប្រាប់ថា​៖ «​ភាគច្រើន​ខ្ញុំ​ឃើញ​គាត់​ហូប​រួច គាត់​ទុក​កាកសំណល់​ចោល​នៅ​កន្លែង​ហូប​តែម្តង​។ ​ពេល​ខ្ញុំ​ដើរ​ជួប​អ៊ីចឹងទៅ​ខ្ញុំ​ក៏​ជួយ​ដើរ​ប្រមូល​ដាក់​ក្នុង​ធុងសំរាម​ឱ្យ​គាត់​ហើយ​បើ​ធ្វើ​អ៊ីចឹងទៅ​បរិ​ស្ថាន​យើង​ក៏​ស្អាត​ល្អ​ដែរ​»​។​

​ភី រក្សា ប្រាប់​ពី​គោលបំណង​របស់​នាង​ថា​៖ «​ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​រៀន​បន្ត​ឱ្យ​ចប់​ថ្នាក់​ទី១២​ សិន​។​បន្ទាប់មក​ខ្ញុំ​ចូលរៀន​នៅ​មហាវិទ្យាល័យ​ធ្វើការ​បណ្តើរ​រៀន​បណ្តើរ​»​។​

កុមារី ភី រក្សា បាន​ពោល​ទៀតថា លោកគ្រូ អ៊ុក វ៉ាន់​ដេ មានទឹក​ចិត្តល្អ​ខ្លាំង បើ​គាត់​គិតថា​គាត់​ចំណាយពេល​នៅ​ជាមួយ​ប្រពន្ធ​កូន​របស់គាត់​ក៏បាន​ដែរ​។ តែ​ហេតុអ្វី​ក៏​គាត់​មិន​ព្រម​នៅ​ជាមួយ​ប្រពន្ធ​កូន​គាត់ ក៏​ព្រោះតែ​គាត់​ចង់ឱ្យ​ពួកយើង​មានចំណេះ​។​ ប្រសិនបើ​គាត់​នៅ​ជាមួយ​ប្រពន្ធ​កូន​របស់គាត់​ ​គឺ​គាត់​មាន​ពេល​ដើរលេង មាន​ពេល​សម្រាក​ច្រើន តែ​នេះ​មកពី​គាត់​មិន​ចង់ឱ្យ​ពួកយើង​ងងឹត​ល្ងង់​គ្មាន​ចំណេះ​។​

លោក ​អ៊ុក វ៉ាន់​ដេ ដែលជា​ស្ថាបនិក​សាលា​ដូង ឬ​សាលា​សំរាម នៅលើ​កំពូលភ្នំ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា កាលពីមុន​លោក​ជា​អ្នកគ្រប់គ្រង​សណ្ឋាគារ ​១ ​នៅក្នុង​ខេត្តកំពង់ធំ ហើយ​នៅ​អំឡុង​ឆ្នាំ​ ២០១៧ លោក​បានមក​លេង​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ​។ នៅពេលនោះ​លោក​សង្កេតឃើញ​មាន​ក្មេងៗ​ច្រើន​បាន​អង្គុយ​សុំទាន​ភ្ញៀវ​តាមផ្លូវ​ឡើងទៅ​ភ្នំ​គិរី​រម្យ​និង​ឃើញ​សំរាម​នៅ​ពេញ​វាល​នៃ​តំបន់​ទេសចរណ៍​នានា​នៃ​រមណីយដ្ឋាន​ភ្នំ​គិរី​រម្យ​។​

​លោក​បាន​បន្តថា មានកូន​អ្នករស់នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ​ច្រើន​រយ​នាក់ មិនបាន​ចូល​សាលា​​រៀន ដោយសារតែ​ទីតាំង​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក​។ ដោយ​សារ​តែ​មិនបាន​ចូល​សាលារៀន​នេះហើយ​ទើប​ក្មេងៗ​ទាំងនោះ​នាំគ្នា​អង្គុយ​សុំទាន​ភ្ញៀវ​ដែល​ឡើងទៅ​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ​។​

បើតាម​លោក វ៉ាន់​ដេ ក្រោយពី​លោក​គិត​ក៏​បែកគំនិត​ថា មានតែ​ធ្វើ​សាលា​ ១ ហើយ​ប្រមូល​ក្មេងៗ​មក​អប់រំ​ទើប​អាច​កាត់​បន្ថយ​កុំឱ្យ​ពួកគេ​ដើរ​សុំទាន​ភ្ញៀវ​ទៀត​។ បន្ទាប់ពី​មានគំនិត​បែបនេះ លោក​ក៏​ជ្រើស​រើសយក​សំរាម​ដើម្បី​ធ្វើជា​គំរូ​បង្ហាញ​ដល់​ក្រុម​ក្មេងៗ​ក៏​ដូច​ភ្ញៀវ​ដើម្បីឱ្យ​មានការ​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​សំរាម អ៊ីចឹង​ទើប​លោក​សម្រេច​បង្កើតបាន​ជា​សាលា​ដូង​គឺ​ក្នុង​ហេតុផល​ហ្នឹងឯង​។​

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា បើ​ខ្ញុំ​យកលុយ​ឱ្យ​ក្មេង​សុំ​​ទាន​ទាំងនោះ ក៏​មិន​គ្រាន់​ដែរ ហើយ​បើ​ខ្ញុំ​ដើរ​ប្រមូល​សំរាម​ក៏បាន​តែ​ ១ ​គ្រា លុះ​ ២​ ទៅ​ ៣ ​ថ្ងៃ​ក៏មាន​មកវិញ​។ អ៊ីចឹង​ខ្ញុំ​ក៏មាន​គំនិត​ថា ត្រូវធ្វើ​អ្វី​ ១ ជា​គំរូ​ដល់​សហគមន៍ ឬ​ភ្ញៀវ ដែល​មកលេង​ឱ្យ​គាត់​បានឃើញ​ពី​តម្លៃ​របស់​សំរាម​វិញ​»​។

លោក​ឱ្យដឹងថា នៅ​អំឡុង​ឆ្នាំ​ ២០១៧ លោក​បានស្នើ​សុំ​ដី​រដ្ឋ​ ១​ ហិកតា​ នៅលើ​ភ្នំ​គិរី​រម្យ ហើយ​បាន​បង្កើត​សាលា ​១ ​ដែលមាន​ឈ្មោះថា សាលា​ដូង ឬ​ហៅថា សាលា​សំរាម​។ សាលា​នេះ​មាន​គ្រូ​ចំនួន​ ៥​ នាក់ ​(​ស្រី​ ២​ នាក់​) ហើយ​កាលពី​ដំបូង​ឡើយ លោក​ទទួល​បានតែ​ក្មេងៗ​ ៣០ ​នាក់​ទេ​។ លុះ​បន្ទាប់ពី​បើក​បាន​កន្លះ​ឆ្នាំ ចំនួន​សិស្ស​បាន​កើន​ដល់​ ៧៦​ នាក់ ហើយ​គិត​រហូតមកទល់​បច្ចុប្បន្ន​កើន​ដល់​ ១៦១ ​នាក់​។​

ទិដ្ឋភាព​ក្រុងព្រះសីហនុ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២០​។ហុង មិនា

​ជាមួយនឹង​លក្ខខណ្ឌ​ខ្លះ លោក វ៉ាន់​ដេ បាន​បណ្តុះ​គំនិត​សិស្ស​ក្មេងៗ​ក្រីក្រ​ទាំង ​១៦១ ​នាក់​ឱ្យ​រើស​ដប​ទឹក​សុ​ទ ឬ​ដប​អំបែង យកមក​ដោះដូរ​នឹង​ថ្លៃ​បង់ប្រាក់​ប្រចាំខែ​។​កិច្ចការ​នេះ​ក៏​ព្រោះតែ​លោក​ចង់ឱ្យ​សិស្ស​ចេះ​ទុកដាក់​សំរាម​ប្លា​ស្ទិ​ក​ឱ្យបាន​ត្រឹមត្រូវ​និង​ចេះ​កែច្នៃ​សំរាម​ឱ្យទៅជា​ប្រយោជន៍​។​

លោក​និយាយថា ចំពោះ​ថ្លៃ​សិក្សា​របស់​ក្មេង​វិញ គឺ​លោក​មិន​តម្រូវឱ្យ​បង់ប្រាក់​អ្វី​ទេ តែ​លោក​ស្នើ​សុំឱ្យ​ពួកគេ​ដើរ​រើស​សន្សំ​គម្រប​ដប​ទឹក​សុទ្ធ ហើយ​យកមក​បង់​ជំនួស​លុយ​ឱ្យ​លោក​វិញ​។ ការងារ​បណ្តុះ​គំនិត​ឱ្យ​ស្រឡាញ់​បរិស្ថាន និង​ឱ្យ​ចេះ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​នេះ​គឺ​ក្មេងៗ​សិស្សសាលា​សហការ​ជាមួយ​លោក​បាន​យ៉ាង​ល្អ​ដែល​រហូតមកទល់​ខែតុលា​ឆ្នាំ​ ២០២៣ ​នេះ សាលា​ដំណើរការ​រយៈ​ពេល​ ៣​ ឆ្នាំកន្លះ​ហើយ​។​

លោក​បាន​បញ្ជាក់ថា​៖ «​ពួក​គាត់​ត្រូវ​បង់​គម្រប​ដប​ទឹក​សុទ្ធ​ឬ​ដប​អំបែង​ប្រចាំខែ​ដូចជា​ការបង់​លុយ​ដែរ គ្រាន់តែ​យើង​មិន​យកលុយ យើង​យកតែ​សំរាម​វិញ ព្រោះ​ការធ្វើ​បែបនេះ​ដើម្បីឱ្យ​គាត់​ស្គាល់​ពី​គុណប្រយោជន៍​នៃ​សំរាម​។​ ពួកគាត់​ទាំង​ ១៦១​ នាក់​ជា​អតីត​ក្មេង​អស់​សង្ឃឹមថា នឹង​មានឱកាស​បាន​រៀនសូត្រ តែ​ពេលនេះ​ពួកគាត់​បានមក​អង្គុយ​រៀន​ហើយ​មិន​បង់លុយ​ទៀត​»​។​

លោក ​វ៉ាន់​ដេ បាន​ប្រាប់ទៀតថា សាលា​ដែល​បាន​ដំណើរ​ការបង្រៀន​រហូតមក​ទល់​ពេលនេះ​ក៏​អាស្រ័យ​មានការ​ចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផងដែរ​។ អ្វីដែល​សំខាន់​នោះ​ គឺ​សាលា​ដូង​មាន​បើក​ជា​ហាង​កាហ្វេ​សម្រាប់​ទទួលភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​គិរី​រម្យ​ក៏ដូចជា​ទទួល​សប្បុរស​ជន​ដែល​មក​ទស្ស​កិច្ច​ស្វែងយល់​ពី​ជីវិត​សិក្សា​របស់​ក្មេង​សិស្សសាលា​ទាំង ​១៦១​ នាក់​។​ ចំពោះ​សម្ភារ​ដែល​បាន​រចនា​នៅក្នុង​បរិវេណ​សាលា​ដូង ​គឺ​សុទ្ធសឹងតែ​យក​សំណល់​សំរាម​មក​រចនា​ឡើង​ទាំងអស់ ហើយ​លោក​ក៏​ធ្លាប់​ទទួលបាន​បណ្ណ​សរសើរ​ចំនួន​ ២​ ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​ផងដែរ ពាក់​ព័ន្ធ​ការកែច្នៃ​សំរាម​ឱ្យទៅជា​វត្ថុ​មានតម្លៃ​ក្នុងការ​រចនា​លម្អ​សាលា​។​

​ទោះជា​យ៉ាងណាក្ដី លោក​បាន​បន្ថែមថា សាលា​ដូង​មាន​ត្រឹមតែ​កម្រិត​បឋមសិក្សា​ទេ គឺ​បង្រៀន​ពី​ថ្នាក់​ទី​១ ​ដល់ទី​៦​ ហើយក៏​មាន​សា​លាម​ត្តេ​យ្យ​ ១​ ថ្នាក់​ដែរ​។ លោក​បានឱ្យដឹង​ដែរ​ថា ថ្មីៗ​កន្លងមកនេះ​លោក​ទើបតែ​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​ហើយ​ការដែល​លោក​ចេញទៅ​ក្រៅប្រទេស​នេះ​ គឺ​ក្នុង​គោលបំណង​ស្វែងរក​សប្បុរសជន ​ដើម្បី​ជួយ​ទ្រទ្រង់​សា​លា​ដូង​របស់លោក​ដើម្បី​បាន​ដំណើរ​ការបន្ត​ទៅមុខទៀត​។ ​ជាមួយគ្នា​ដែរ​នៅ​ឆ្នាំ​ ២០២៨​ ខាងមុខ​ លោក​ថា​ នឹង​ជ្រើសរើស​សិស្ស​ចំនួន​ ៣​ នាក់​ឱ្យទៅ​បន្ត​ការសិក្សា​នៅ​ទីនោះ​ទៀតផង​។​

ពាក់ព័ន្ធ​ការចូលរួម​សម្អាត​ការងារ​បរិស្ថាន​នេះដែរ លោក ​ច័ន្ទ ថេត​ថា​នរៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ប្រាប់​យ៉ាងខ្លី​ថា ពាក់ព័ន្ធ​នឹង​ការងារ​បរិស្ថាន​នេះ ខាង​មន្ទីរ​ខេត្ត​ក៏ដូចជា ក្រ​សួង​បរិស្ថាន​កំពុងតែ​ធ្វើ​យុទ្ធ​នា​ការ​តាម​សាលារៀន​ (​មិន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​)៕