ភ្នំពេញ: ក្រុមគ្រួសារ​ជនជាតិ​ឥណ្ឌា សមាជិក ៣ នាក់ ដែល​បានធ្វើ​ដំណើរ​តាម​រថយន្ដ​ផ្សព្វផ្សាយ​អំពី​សន្ដិភាព និង​សាមគ្គីភាព​ដោយ​ឆ្លងកាត់​ប្រទេស​ចំនួន ១២ បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​សប្ដាហ៍​មុន​។ 


​ក្រុម​នេះ​មាន លោក ឌី​ណា​ម៉ា​នី ចា​យ៉ា​គូ​ម៉ា អ្នកស្រី វេជ្ជបណ្ឌិត អា​ជី​ហា ស៊ី​អេស និង​កូនស្រី ល័​ក្ខ​ស្មី​ហា​តា ដែល​ដើរ​តាម​ទស្សនវិជ្ជា​ថា «​ពិភពលោក​គឺជា​គ្រួសារ​តែមួយ​»​។​

​ដោយ​ចាប់ផ្តើម​បេសកកម្ម​ក្នុង​ខែមេសា ស្របពេល​ជាមួយនឹង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅ​ប្រទេស​ឥណ្ឌា អ្នក​ទាំង​៣​បានធ្វើ​ដំណើរ​ដោយ​គ្មាន​កំណត់​ចំណុច​បញ្ចប់​។​


លោក ចា​យ៉ា​គូ​ម៉ា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​យើង​បាន​សម្រេចចិត្ត​បន្ត​ដរាបណា​យើង​នៅរស់​។ ពិភពលោក​របស់​យើង​គឺ​ធំធេង​ណាស់​»​។​

ដំណើរ​ពួកគេ​ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​គំនិត​ឥណ្ឌា​បុរាណ និង​ដំណើរ​ធម្ម​យាត្រា​ខាង​វិញ្ញាណ​ហៅថា «deshadan» បាន​នាំ​ពួកគេ​ឆ្លងកាត់​បទពិសោធន៍​ជាច្រើន​ទាំង​វប្បធម៌ និង​ទេសភាព​ផ្សេងៗ​គ្នា​។​


​គួរ​កត់សម្គាល់ថា អ្នក​ទាំង ៣ បានសម្រេច​ប្រើប្រាស់​រថយន្ដ​ក្នុងការ​ធ្វើដំណើរ ដោយសារ​ចង់ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​សហគមន៍​មូលដ្ឋាន​។​

បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​មួយ​របស់​ពួកគេ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ប្រឈមមុខ​នឹង​ការសង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ ពួកគេ​ត្រូវ​បង្ខំ​ចិ​ត្ដ​ទុក​រថយន្ត​ចោល​សិន​ដើម្បី​ស្វែងរក​ជំនួយ​។ ក្នុង​គ្រានោះ ដា​រី​ល ជា​កូនចៅ​ចិន ដែល​ពួកគេ​ទើប​ទាក់ទង​គ្នា​បាន​ម្ដង​ប៉ុណ្ណោះ បាន​ក្លាយជា​ចន្ទល់​ជួយ​យកអាសា​អ្នក​ទាំង​៣​។​

លោក​បាន​បន្តថា​៖ «​ដោយមាន​ភាព​តានតឹង​នៃ​ស្ថានភាព យើង​បាន​សុំ​ជំនួយ​ពី​គាត់​។ គាត់​ពិតជា​មនុស្ស​មាន​ទឹក​ចិ​ត្ដ​ណាស់ ទោះបីជា​គាត់​ត្រូវការ​ពេល​១​ម៉ោង​មកកាន់​កន្លែង​ស្នាក់​របស់​យើង​ក៏ដោយ​»​។​

​ដា​រី​ល បាន​ការពារ​រថយន្ត​របស់​ពួកគេ ដោយ​បង្ហាញ​ពី​ទង្វើ​នៃ​សេចក្តី​សប្បុរស ហើយ​ចាប់ពីពេលនោះ បុរស​ម៉ាឡេស៊ី​រូបនេះ បាន​ក្លាយជា​សមាជិក «​គ្រួសារ​» ម្នាក់​របស់​អ្នក​ទាំង ៣​។​

ទោះជា​យ៉ាងនេះ​ក្តី ដំណើរ​របស់​ពួកគេ​មិនទាន់​អស់​ឧបសគ្គ​ទេ​។ នៅ​បង់​ក្លា​ដែ​ស ពួកគេ​ប្រឈម​ការលំបាក ដោយសារ​រថយន្ដ​រប​ស់​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទឹកដី​ប្រទេស​នេះ​។ ប៉ុន្ដែ ពួកគេ​ក៏ត្រូវ​បាន​យកអាសា​ពី​សំណាក់​មន្ដ្រីជាន់ខ្ពស់​រប​ស់បង់​ក្លា​ដែ​ស​ផងដែរ​។

​នៅក្នុង​ប្រទេស​នីមួយៗ ពួកគេ​បាន​បង្កើត​កម្មវិធី​បំផុស​ការរួបរួម និង​សន្តិភាព ជាពិសេស​ផ្តោតលើ​យុវជន និង​ទុរគតជន​។ ការធ្វើដំណើរ​នេះ​ក៏​ស្របពេល​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៧៥ របស់​ប្រទេស​ឥណ្ឌា ដែលជា​វេលា​កាន់តែ​ស័ក្ដិសម​ចំពោះ​ប្រធានបទ​នៃ​សន្ដិភាព​។​

លោក ចា​យ៉ា​គូ​ម៉ា បាន​និយាយថា​៖ «​យើង​និយាយ​ជាមួយ​ក្មេងៗ បង្កើត​កម្មវិធី​តូចៗ​ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​សាមគ្គីភាព​។ យើង​ជួប​មនុស្ស​ដែល​ជួប​ការលំបាក ហើយ​យើង​ឆ្លៀតពេល​និយាយ​ជាមួយ​ពួកគេ បំផុសគំនិត​ឱ្យ​ពួកគេ​ស្រឡាញ់​ខ្លួនឯង​ម្តងទៀត​»​។​

រឿង​របស់​អ្នក​ទាំង ៣ គឺជា​សក្ខីភាព​មួយ​ចំពោះ​អំណាច​នៃ​ភាពជឿជាក់ ទំនាក់ទំនង​របស់​ម​នុស្ស និង​ជំនឿ​ដែល​ស្ថិតស្ថេរ​ដែលថា ទោះបី​ជាមាន​ភាពខុសប្លែក​គ្នា​ក៏ដោយ ពួកគេ​ទាំងអស់​គឺជា​ផ្នែក​នៃ​គ្រួសារ​សកល​មួយ​។​
​លោក​បានឱ្យដឹងថា ទោះបីជា​ពួកគេ​មាន​គម្រោង​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​ធ្វើដំណើរ​រយៈពេល​៣​ខែ​ក៏ដោយ ក៏​ពួកគេ​បានសម្រេច​ចិត្ត​បន្តដំណើរ​ទៅមុខទៀត​ដរាបណា​ពួកគេ​នៅរស់​។​

ទំនាក់ទំនង​ប្រវត្តិសាស្ត្រ បង្កើត​សាមគ្គីភាព​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​​ពេលមកដល់​កម្ពុជា ជា​ប្រទេស​ទី​៩​របស់​ពួកគេ ពួកគេ​បាន​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ក្នុង​រាជធានី​ភ្នំពេញ ជា​បទពិសោធន៍​ដ៏​អាក្រក់​ដែល​ធ្វើឱ្យ​ពួកគេ​មានការ​តាំងចិត្ត​យ៉ាង​ស៊ីជម្រៅ​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព​។​

លោក ចា​យ៉ា​គូ​ម៉ា បាន​និយាយថា ពួកគេ​មានការ​តក់ស្លុត និង​រន្ធត់​ចិ​ត្ដ​យ៉ាងខ្លាំង​ដែល​បានឃើញ​ស្លាកស្នាម​សោកនាដកម្ម​សង្គ្រាម​នៅ​កម្ពុជា​។​
​ពួកគេ​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ខ្លួនឯង​ក្នុង​ការតស៊ូ​មតិ​ដើម្បី​សន្តិភាព ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​សន្ដិភាព​ពិតជា​មានតម្លៃ​។ 

​ក្នុងពេល​ជាមួយគ្នា​នោះ អ្នក​ទាំង​៣​បានឃើញ​រូបចម្លាក់​អាទិទេព​ឥណ្ឌា​ជាច្រើន​នៅ​សារមន្ទីរ​ជាតិ ដែល​ភ្ជាប់​យើង​ទៅនឹង​អតីតកាល​ធម្មតា​ដែល​យើង​ចែករំលែក​។ ភាពស្រដៀងគ្នា​នៃ​វប្បធម៌​ប្រទេស​ទាំង​២​នេះ​ពិតជា​មានគុណ​តម្លៃ​ណាស់​។​

​លោក ចា​យ៉ា​គូ​ម៉ា បាន​ចែករំលែក​ថា ដំណើរ​របស់​ពួកគេ​ពោរពេញ​ទៅដោយ​បទពិសោធន៍​ដ៏​កក់ក្តៅ​ជាច្រើន​។ ពួកគេ​បានជ្រើសរើស​ចូល​តាម​ខេត្ដ​កោះកុង ដោយសារតែ​ពួកគេ​ចូលចិត្ត​ទិដ្ឋភាព​ជនបទ និង​សមុទ្រ​។​

លោក​បាន​បន្ដថា​៖ «​យើង​ចូលមក​កម្ពុជា​ពី​ព្រំដែន​ខេត្តកោះកុង ៥​ថ្ងៃមុន ហើយ​បើកឡាន​មក​ភ្នំពេញ​។ ពី​ទីនេះ យើង​នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ហើយ​ត្រឡប់មក​ខេត្តសៀមរាប​វិញ​ម្តង​»​។​

នៅពេល​ពួកគេ​ធ្វើដំណើរ​ឆ្ពោះទៅ​រាជធានី ពួកគេ​ជាប់​ចិ​ត្ដ​ទេសភាព​តាម​ដងផ្លូវ ហើយ​រីករាយ​នឹង​ការ​ប្រស្រ័យ​ទាក់ទង​ជាមួយ​អ្នកស្រុក​ដោយ​ប្រើ​ភាសា​សញ្ញា និង​កាយវិការ ថែមទាំង​បាន​ភ្លក្ស​ទឹកដូង​នៅតាម​ផ្លូវ​ទៀតផង​។​

គ្រួសារ​ដ៏​តូច​ដែល​ខំ​ស្កាត់​ទាំងពី​ចម្ងាយ​ទាំងនេះ រក្សាបាន​នូវ​សុខុមាលភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ពួកគេ ដោយ​ទទួលយក​ភាព​រីករាយ​នៃ​ជីវិត​តាមផ្លូវ ចម្អិន​អាហារ​របស់​ពួកគេ និង​ទទួលទាន​អាហារ និង​ផ្លែឈើ​ក្នុងស្រុក​។​

ពួកគេ​ទាំង ៣ នាក់​គ្រោង​នឹង​ត្រឡប់មក​កម្ពុជា​វិញ​តាម​ខេត្តសៀមរាប បន្ទាប់ពី​បាន​ទៅលេង​ប្រទេស​វៀតណាម​។ ទន្ទឹមនឹង​ការធ្វើដំណើរ​នេះ ពួកគេ​កំពុង​ចងក្រង​សៀវភៅ​១​ក្បាល​ដែលមាន​ចំណងជើង​ថា «​ម​ហាវ​ឌ្ឍា​ម​» ដែល​រៀបរាប់​អំពី​ជីវិត​អ្នក​ជំនឿ​លើ​ដួងព្រលឹង​ដែល​ត្រាស់ដឹង​ចំនួន ២១ រូប មកពី​ពេលវេលា និង​វប្បធម៌​ផ្សេងៗ ក្នុង​គោលបំណង​រួមចំណែក​ដល់​ការលើកតម្កើង​ខាង​វិញ្ញាណ​៕