ភ្នំពេញ: ការប្រកួត​អក្សរសិល្ប៍​ឥន្ទ្រ​ទេវី​ឆ្នាំ ២០២៣ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ បាន បញ្ចប់​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​អបអរសាទរ​ម្ចាស់​ជយលាភី​ទាំង ២​ ប្រភេទ ​គឺ​អ្នក​និពន្ធ​ប្រលោម​លោក​ខ្លី និង​កំណាព្យ​រឿង​។​

ការ​ប្រកួត​ប្រជែង​នេះ​បាន​ទាក់​ទាញ​បេក្ខ​ភាព​ដាក់​បញ្ជូន​ស្នាដៃ​ចំនួន ​១១៤ (​ស្នាដៃ​អ្នក​និពន្ធ​នារី ៤៥) រួ​មទាំង​ប្រលោម​លោក​ខ្លី​ចំនួន ៨៦ និង​កំណាព្យ​រឿង​ចំនួន ​២៨ ​បាន​បង្ហាញ​ពី​ទេព​កោសល្យ​ដ៏​រស់​រវើកនិង​ចម្រុះ​របស់​អ្នក​និពន្ធ​កម្ពុជា​។​

លោក​ស្រី ឡង​ឌី សាន់​ណា​រ៉ា រដ្ឋ​លេខាធិ​ការ​ក្រសួង​វប្ប​ធម៌ ​និង​វិចិត្រ​សិល្បៈ​ បាន​ថ្លែង​នៅ​ថ្ងៃ​ប្រគល់​ពាន​រង្វាន់ «​ព្រះ​នាង​ឥន្ទ្រ​ទេវី​» ឆ្នាំ​២០២៣ ​ដែល​រៀបចំ​ឡើង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ថ្ងៃទី​ ២០ ​កន្លង​ទៅ​ថា លោក​ស្រី​អរ​គុណ​ចំពោះ​​គ្រប់ភាគី​​ដែល​មាន​សុច្ឆន្ទៈ​ថែរក្សា​​គាំពារ​ព្រលឹង​អក្ស​រសាស្ត្រ​ជាតិ​ដ៏​រុងរឿង​ដោយ​មាន​ការលះ​បង់​ទាំង​កម្លាំង​កាយ ​កម្លាំងចិ​ត្ត និង​បញ្ញា​ស្មារ​តី​ដើម្បី​តាក់តែ​ង​និពន្ធ​ស្នាដៃ​ប្រលោម​លោក​និង​ប្រលោម​កំណា​ព្យ (​កំណាព្យ​រឿង​) មក​ចូល​រួម​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​ជយ​លាភី​សម្រាប់​ឆ្នាំ ២០២៣ ​នាឱ​កាស​នេះ​។​


លោក​ស្រីបាន​បញ្ជាក់​ថា​៖ «​លទ្ធ​ផល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​បង្កើត​ស្នាដៃ​តែង​និពន្ធ ប្រ​លោមលោ​ក ​និង​កំណាព្យ​រឿង​ដែល​ជា​វណ្ណ​កម្ម​មួយ​យ៉ាង​សំខាន់​នៃ​អក្សរ​សាស្ត្រ​ជាតិ​ទទួល​បាន​នូវ​ការ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ពី​សំណាក់​កវី​និពន្ធ​រៀម​ច្បង​និង​អ្នក​និពន្ធ​ជា​យុវ​ជន​ជំនាន់​ក្រោយ​»​។

លោក​ស្រីបាន​បន្ដ​ថា ពី ១ ​ឆ្នាំ​ទៅ​ ១ ឆ្នាំ​ ក្រសួងទទួល​បាន​នូវ​ធន​ធាន​មនុស្ស​ថ្មីៗ​ ក្នុង​វិស័យ​តែង​និពន្ធ​ជា​បន្ត​បន្ទាប់​។ ថ្វី​ដ្បិត​សមិទ្ធ​ផល​ទាំង​នេះ​នៅ​ក្មេងខ្ចី ​មិន​ទាន់​បំពេញ​បាន​ដូច​សេចក្តី​ប៉ង​ប្រាថ្នា​ក៏ពិត​មែន​ ប៉ុន្តែ​វា​ជា​សកម្ម​ភាព​មួយ​ប្រកប​ដោយ​អត្ថ​ប្រយោជន៍​ដ៏​ធំធេង​ និង​ជា​វិភាគ​ទាន​មួយ​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល លើក​ទឹក​ចិត្ត​ដល់​យុវជន​ឱ្យ​ស្រឡាញ់​ចូល​ចិត្ត​ការអាន​ ការ​សរសេរ​ ការ​តាក់តែង​និពន្ធ ​និង​កា​របោះ​ពុម្ព​សៀវភៅ​ដែល​នៅ​ក្នុង​នោះ​បង្កប់​ទៅ​ដោយ​ការអ​ប់រំ​ពី​តម្លៃ​សីល​ធម៌ វប្បធម៌​ អត្ត​សញ្ញាណ​ជាតិ និង​នវានុ​វត្តន៍​។


ចំពោះ​ពាន​រង្វាន់​ប្រលោម​លោក​ខ្លី ជយ​លាភី​លេខ ​៣ (​ពាន​សំរឹទ្ធ​) ប្រលោម​លោក​រឿង «​រាជិនី​ល្បុក្កតោ​» និពន្ធ​ដោយ​លោក​ វង្ស​ សុភាជ  មក​ពី​ខេត្ត​ខេត្ត​ព្រៃវែង​, ជយ​លាភី​លេខ​២ (​ពានប្រាក់​) ប្រលោម​លោក​រឿង «​រចនា​» និពន្ធ​ដោយ​លោក​ស្រីធា សុ​ភី នៅរាជ​ធានី​ភ្នំពេញ ​និង​ជយ​លាភី​លេខ​១ (​ពាន​មាស​) ប្រលោម​លោក​រឿង «​ព្រលឹង​គុ​ហ​នគរ​» និពន្ធ​ដោយ​លោក​ ផាត តឿ​ក អ្នក​និពន្ធ​មក​ពី​ខេត្ត​កំពង់​ចាម​។


ចំណែកឯ​ពាន​រង្វាន់​កំណាព្យ​រឿងជយ​លាភី​លេខ​៣ (៣​ន​សំរឹទ្ធ​) កំណាព្យ​រឿង «​សម្បាច់​នារី​» និពន្ធ​ដោយ​លោក​ ទៀង ធន ​មក​ពី​ខេត្ត​ខេត្ត​ព្រៃវែ​ង, ជយ​លាភី​លេខ ​២ (​ពានប្រាក់​) កំណាព្យ​​រឿង «​រំដួល​វ​តី​» និពន្ធ​ដោយ​លោក ​សុវណ្ណ ​សិរី​វ​ឌ្ឍ​ រាជ​ធានី​ភ្នំពេញ ​និង​ជយ​លាភី​លេខ​ ១ (​ពាន​មាស​) កំណាព្យ​រឿង «​វណ្ណៈ​ស្នេហ៍​ប្រែ​ពណ៌​» និពន្ធ​ដោយ​លោក ចំរើន ​សុភ័ក្ត្រ ​មកពី​ខេត្ដ​កំពត​។

លោក អ៊ុន សុខ​ហ៊ាង  ជា​គណៈក​ម្មការ​ផ្នែក​ប្រលោម​លោក ​បាន​ឱ្យ​ដឹង​ថា ស្នាដៃ​ទាំង​នោះ​សុទ្ធតែ​ជា​ស្នាដៃ​ល្អៗ ដែល​ឈរ​លើ​តថ​ភាព​សង្គម ​ទស្សន​វិជ្ជា​មាន ជា​ពិសេសបាន​លើក​កម្ពស់​នៃ​តម្លៃ​ស្ដ្រី​។

យ៉ាង​ណា​មិញ លោក​បាន​លើក​ឡើង​ថា ក្នុង​ចំណោម ៨៦ ស្នាដៃ ​ផ្នែក​អត្ថ​ន័យ ​អត្ថ​រស​និង​អត្ថរូប​ស្ទើរតែ​គ្រប់​ស្នាដៃ ​ពុំ​ទាន់​បាន​ល្អ​គ្រប់​ជ្រុង​ជ្រោយ​នៅឡើ​យ​។

​លោក​​ថ្លែងថា​៖ «​អ្នក​និពន្ធ​ខ្លះ​មិន​គួរ​ជ្រើសរើ​ស​ស្នាដៃ​មួយ​ចំនួន​ ដែល​មិន​បាន​ផ្ដល់​អត្ថប្រយោ​ជន៍​ដល់​សង្គម​នោះ​ទេ​។

​លោក ​សុខ​ហ៊ាង បាន​ចែករំ​លែក​បទ​ពិសោធន៍ ​និង​ចំណេះ​ដឹង​ផ្នែក​និពន្ធ​ប្រលោម​លោក​ខ្នាត​ខ្លី​ចំនួន​៥​ចំណុច​ដល់​បេក្ខ​ជន ​ដោយ​ផ្ដល់​ពី​ការ​ស្វែងយ​ល់​នូវ​ពាក្យ​ប្រលោម​លោក​ខ្នាត​ខ្លី ការរៀបចំ​ឈុត​ឆាក​ជា​ទម្រង់​រឿង​ ចលនា​បត់​បែន​ទៅ​តាម​ភាព​ប៉ិន​ប្រសប់ និង​ការ​ជ្រើសរើ​ស​សាច់​រឿង​ថ្មី​សម្រាប់​ការដាក់​ប្រកួតប្រ​ជែង ក៏​ដូចជា​ ការបង្ហាញ​ពី​គោល​បំណង​ជាតិនិ​យម​។

អ្នក​ស្រី លឹម ផាន់​ណា មក​ពី​គណៈ​កម្មការ​កំណា​ព្យ​រឿងបានឱ្យ​ដឹង​ថា ឆ្នាំនេះ ​មាន​បេក្ខជ​ន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ផ្នែក​កំណាព្យ​រឿង​មាន២៨ស្នាដៃដែល​បេ​ក្ខ​នារី​មាន​ចំនួន​ ៩ រូប​។

អ្ន​កស្រីបាន​បន្ដថា ក្រោយ​ការ​ពិនិត្យ​ជម្រើស ​ជម្រុះ ​ចម្រាញ់​ ស្នាដៃ​មួយ​ចំនួន​មាន​ភាព​ល្អប្រ​សើរ​ទៅលើ​អត្ថ​ន័យ អត្ថ​រស​និង​អត្ថ​រូប​។

យ៉ាង​ណា​មិញ អ្នក​ស្រី ផាន់​ណា  ជា​ម្ចាស់​ជយលា​ភី​ស្នាដៃ​ឆ្នាំ​ ២០១៩ បា​នលើ​កឡើង​ពី​ចំណុច​ខ្វះខា​ត​របស់​បេក្ខ​ជន​មួយចំ​នួន​ថា​៖«​បេក្ខ​ជន​ខ្លះ​នៅមា​ន​បញ្ហា​ផ្នែក​ចុង​ចួន​ ហើយ​រឿង​ខ្លះ​មាន​ទម្រង់​ជា​អត្ថ​បទ​កាព្យ​ តែ​មិន​ត្រឹមត្រូវ​តាម​ក្បួន​កាព្យ​ឡើយ​។ បេក្ខ​ជន​ខ្លះ​ទៀត​ ប្រើ​កំណាព្យ​ច្រើន​បទ​ តែ​ពេល​ប្ដូរ​ពី​កាព្យ​មួយ​ទៅ​កាព្យ​មួយមិន​បាន​ភ្ជាប់​ចុង​ចួន​ឡើយ​ ខណៈ​ស្នា​ដៃ​ខ្លះ​បាន​បន្ទាប​បន្ថោក​តម្លៃ​ស្ដ្រី​»​។

អ្នក​ស្រី ​បានលើ​កឡើង​ពី​គន្លឹះ៤ចំណុច​សម្រាប់​បេក្ខ​ជន​ និង​បេ​ក្ខ​នារី​ត្រិះ​រិះ​ពិចារណា​ថា អ្នក​និពន្ធ​ត្រូវ​ច្បាស់​អំពី​ក្បួន​តែង​កាព្យ ការ​បង្កើត​សាច់​រឿង​ដែល​ជា​ស្នាដៃ​ថ្មី​របស់​ខ្លួន ទំហំ​រឿង ​ដែល​ស័ក្ដិសម​​ទៅនឹង​សាច់រឿ​ងដោយ​មិន​បាន​ប្រើ​ប្រាស់​តួអង្គ​អសក​ម្ម​ច្រើន ​និង​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​។

លោក ចំរើន​ សុភ័ក្ដ្រ ​មកពី​ខេត្ដ​កំពត​ ជា​ម្ចាស់​ពានរ​ង្វាន់​លេខ​១​ផ្នែក​កំណាព្យ​រឿង «​វណ្ណៈ​ស្នេហ៍​ប្រែ​ពណ៌​» បាន​ឱ្យដឹ​ងថា នេះ​គឺជា​ការ​ចូលរួម​ប្រកួត​ប្រជែង​លើក​ទី​២​រប​ស់លោក​ក្រោយពី​ឆ្នាំ​២០២២ ដែ​ល​លោក​មិន​បាន​ឈ្នះ​ពានរ​ង្វាន់​ឡើយ​។

លោក​បាន​ថ្លែង​ថា ​លោក​មាន​ក្ដីរំភើប​រីករាយ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​លេខ​មួយ​ក្នុង​ចំណោម​២៨​ស្នាដៃ​របស់​បេក្ខ​ជន​កវី​នី​ពន្ធ ​ដោយ​ពួកគេ​​ខ្លះ​ជាអ្នក​និពន្ធ​ជើង​ចាស់​ផង​ដែរ​។

លោក​បាន​ថ្លែង​ទទួល​ស្គាល់​ថា​៖«​ថ្វី​ដ្បិតតែ​កំណាព្យ​​រឿង​មួយ​នេះ​ទទួល​បាន​ជយ​លាភី​លេខ​១​​យ៉ាងណា​ក៏ដោ​យ ក៏​ស្នាដៃ​​មួយ​នេះ​នៅមា​ន​ចំណុច​ខ្វះខា​តដែល​ទាម​ទារ​ឱ្យមា​ន​ការកែ​លម្អ​បន្ថែម​ទៀត​។

រឿង «​វណ្ណៈ​ស្នេហ៍​ប្រែ​ពណ៌​» ប្រឌិត​ឡើង​ជា​កំណាព្យ​បទ​ចម្រុះ ​រួមមា​ន បទ​កាកគ​តិ បទ​បន្ទោល​កាក​ បទ​ព្រហ្ម​គីតិ បទ​ពាក្យ៧   បទ​ពាក្យ៨​    បទ​ពាក្យ៩ ដែល​មាន​ទាំង​អស់៤០០​ល្បះ​។

ស្នាដៃ​នេះ អ្នក​ពិ​ន្ធ​បាន​ឡើង​ក្នុង​បំណង​ផ្ញើ​សារ​រួម​ចំណែក​លុប​បំបាត់​ទស្សនអវិជ្ជ​មាន​មួយ​ចំនួន​ក្នុង​សង្គម ដូច​ជា ​ការរំ​លោភ​សិទ្ធិ​នារី​ក្នុង​ហាង​ផឹក​ស៊ី ​ការរើស​អើង​វណ្ណៈ​ក្នុងការ​ទុក​ដាក់​គូស្រក​រ ការ​ផឹក​ស្រា​នាំឱ្យ​មាន​បញ្ហា​ក្នុង​ពេល​បើក​បរ​ ក៏ដូ​ចជា ការ​ប្រើ​កំហឹង​ខ្វះ​ការពិចា​រណា​នាំ​ឱ្យ​អន្ដរា​យ​ដល់​ខ្លួន​ គ្រួសារ​ និង​សង្គម​ជា​ដើម​។

​ម្ចាស់​ជយ​លាភី​រូបនេះ​បាន​លើក​តម្កើង​តម្លៃ​ស្ដ្រី​ជា​ដៃគូ​ស្មើ​ភាព​ជា​មួយ​បុរស​ ក្នុង​ការរួម​ដំណើរ​ដ៏​សំខាន់​ចំពោះ​ការ​អភិវឌ្ឍ​គ្រួសា​រ និង​សង្គម​លើ​គ្រប់​វិស័យ​។

លោក​បាន​ឱ្យដឹង​ថា​៖ «​ទោះ​បីជា​ស្ដ្រី​មិន​បាន​បញ្ចប់​ការ​សិក្សា​យ៉ាង​ណា​ក៏ដោយ ក៏​ជំនាញ​កាត់ដេរ​របស់​គាត់​គឺជា​បំ​ណិ​ន​ជីវិត​ដ៏​ចម្បង​សម្រាប់​រូប​គាត់ ​និង​គ្រួសារ​។ ដោយ​ភាព​ស្មោះត្រ​ង់ និង​ឧស្សាហ៍​ព្យា​យាម​ ដែល​ទទួល​បាន​ការ​អា​ណិ​ត​ស្រឡាញ់​ពី​ម្ចាស់​ហាង​កាត់​ដេរ​ផង​នោះ ​នាង​ក៏បាន​ក្លាយជា​​កូនប្រ​សា​ស្រី​ម្ចាស់​ហាង​ថែម​ទៀត​»​។

លោក​កុក រស់ ប្រធាន​នាយកដ្ឋា​ន​សៀវ​ភៅ និង​ការ​អាន​ បាន​ឱ្យដឹង​ថា ​ការប្រឡង​​តែង​និពន្ធ​ប្រលោម​លោក​ខ្នាត​ខ្លី​និង​កំណាព្យ​រឿង ​គឺជា​ចក្ខុ​វិស័យ​មួយ​ក្នុង ​ចំណោម​ចក្ខុវិ​ស័យ​សំខាន់ៗ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដើម្បី​លើក​ស្ទួយ​ ការពារ និង​ ថែ​រក្សា​អក្សរ​សិល្ប៍ អក្សរ​សាស្ត្រ​ជាតិ​។

លោក​បាន​ថ្លែង​ថា​៖«​ឆ្នាំ​២០២៣​នេះ ​គឺជា​ឆ្នាំ​ទី​២៣​នៃ​ការ​ប្រឡង​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោ​ក និង​កំណាព្យ​រឿង​ដែល​រៀបចំឡើ​ង​ដោយ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​និង​ជា​ឆ្នាំ​ទី​៩ នៃ​ការ​ប្រគល់​ពានរ​ង្វាន់​អក្សរ​សិល្ប៍​ឥន្ទ្រ​ទេវី ជា​ពាន​១​មាន​វ័យ​ចំណាស់​ជាង​គេ គឺ​ចាប់​បដិ​សន្ធិ​ឡើង​តាំងពី​ឆ្នាំ១៩៦០»​។

ក្រៅពី​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បានរៀ​បចំ​ប្រឡង​ស្នា​ដៃ​តែង​និពន្ធ​ពាន​រង្វាន់​ចំនួន​១៧ ​ទៀត​ស្ថិត​ក្រោម​ឈ្មោះ​ផ្សេងៗ​។ ចាប់​តាំងពី​ឆ្នាំ​២០១៩​ដល់​បច្ចុប្បន្ន​ គឺ​ពានរ​ង្វាន់ ​ព្រះនាង​ឥន្ទ្រ​ទេវី​ ទី​ ​៩​។

លោក​ស្រី ​សាន់​ណា​រ៉ា បាន​ថ្លែងថា​៖ «​ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​ផ្តល់នូវ​​ទស្សនា​ទាន​មួយ​ចំនួន​ដល់​អ្នក​និពន្ធ កវី​និព​ន្ធ និង​អ្នក​បង្កើត​ស្នាដៃ​អក្សរ​សិល្ប៍​។ អ្នក​និពន្ធ​១ ត្រូវ​មាន​អត្ត​សញ្ញាណ​១ ឬវិសេស​ភាព​១ ក្នុង​ស្នាដៃរ​បស់​ខ្លួន​ដោយ​ប្រកាន់​ឱ្យ​បាន​ខ្ជាប់​នូវ​មុខងា​រ​ពុទ្ធិ អប់រំ​ និង​សិល្ប៍​សោ​ភ័ណ​។ 

ហុង រស្មី

លោក​ស្រី ​បាន​បន្ថែម​ថា អ្នក​និព​ន្ធ គឺជា​ទិព្វ​មន្ត​ដែល​អាច​ប្រោះព្រំ​អ្នក​គិត​អវិជ្ជមាន​ទៅ​គិត​វិជ្ជមាន​ ពី​អ្នក​មាន​ភាព​ងងឹត​ល្ងង់​ទៅ​មាន​ភាពឈ្លាសវៃ​ និង​ពី​ការ​គេង​សុបិន​ទៅជា​ការ​ពិត​។ អ្នក​និពន្ធ​ គឺជា​វិស្វករ​ព្រលឹង​ និង​ជាស​ត្វ​ឥន្ទ្រី​ដែល​ប្រាប់​ទិស​នៃ​ខ្យល់​បក់​និង​មាន​អានុភា​ព​ឆាប​ឆក់​ឥន្ទ្រី​យារ​ម្មណ៍ ​ព្រម​ទាំង​បេះ​ដូង​អ្នក​អាន​ អ្នក​ស្តាប់ និង​អ្នក​ទស្ស​នា​។

អ្នក​និពន្ធ គឺជា​អ្នក​មាន​ទេព​កោ​សល្យ​ឯក ប្រកប​ដោយ​សីល​ធម៌​ គុណធម៌​ និង​ការ​ទទួលខុស​ត្រូវ​ចំពោះ​ស្នាដៃ​របស់​ខ្លួន​។ ការ​ចង់​ក្លាយ​ជា​អ្នកនិពន្ធ ​មិន​មែនជា​ការងាយស្រួល​ទេ តែ​វា​ក៏​មិន​លំបាក​ហួស​ពី​សេចក្តី​ប៉ង​ប្រាថ្នា និងកា​រតាំង​ចិត្ត​ប្រកប​ដោយ​វី​រិយ​ភាព​នោះដែរ​។

លោក​ស្រី ​ សាន់​ណា​រ៉ា បាន​ណែនាំ​ឱ្យ​អ្នក​និពន្ធ​ចោទ​សួរ​ខ្លួន​ឯង​ថា មុននឹង​ក្លាយ​ជា​អ្នក​និពន្ធ​ ស្មេរ​ ឬ តែង​និពន្ធ តើ​ចង់​ល្បីឈ្មោះ​ ឬ​ចង់​ក្លាយ​ជា​អ្នក​មាន​ ដោយ​អ្នក​និពន្ធ​ត្រូវ​ថ្លឹង​ថ្លែង​ឱ្យបាន​ច្បាស់​លាស់​រវាង​មន​សិការ​ និង​បញ្ហា​សេដ្ឋ​កិច្ច​៕ 

ហុង រស្មី