សៀមរាប: កាលពី ២ ទសវត្សរ៍​មុន ប្រាសាទអង្គរវត្ត​កម្ពុជា បានដើរ​តួនាទី​លើសពីតំបន់​បេតិកភណ្ឌពិភពលោក​ដ៏អស្ចារ្យ​របស់​អង្គការ​យូណេស្កូ តែជាទីសួគ៌ា​សម្រាប់​គូស្នេហ៍​ជនជាតិ​អាមេរិក ខណៈភាគី​បុរស​បានសុំចិត្ដ​រៀបការ​ពីមិត្ដ​ស្រី។

លោក មាស សុវណ្ណារ័ត្ន មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសាអង់គ្លេស​កាលពី​ពេលថ្មីៗនេះ​ បានបង្ហោះនៅ​លើហ្វេសប៊ុក​ដើម្បីចែករំលែក​រឿងរ៉ាវ​ស្នេហា​ដ៏ផ្អែមល្ហែម​ដែលស្ថិតនៅ​ក្បែរចម្លាក់​ជញ្ជាំង​ប្រាសាទបុរាណ​នៃអច្ឆរិយៈ​ប្រវត្តិសាស្ត្រ​នេះ។

គូស្នេហ៍​ជនជាតិ​អាមេរិក ខណៈភាគី​បុរស​បានសុំចិត្ដ​រៀបការ​ពីមិត្ដ​ស្រីកាលពី ២ ទសវត្សរ៍មុន។ រូបថត ហ្វេសប៊ុក​ មាស សុវណ្ណារ័ត្ន


ការបង្ហោះ​របស់​លោក សុវណ្ណារ័ត្ន បង្ហាញពី​រូបថត​ដ៏អាលោះអាល័យ​កាលពី ២០ ឆ្នាំមុន ដែលភាគី​ខាងបុរស​បានលុត​ជង្គង់ក្បែរ​ចម្លាក់​ជញ្ជាំង​ដ៏ប្រណីត​នៃប្រាសាទ​អង្គរវត្ត ដើម្បី​សុំមិត្តស្រី​របស់គាត់​រៀបការ និងរូបថត​បច្ចុប្បន្ន​បង្ហាញពី​ប្ដីប្រពន្ធមួយគូ​នេះ​ជាមួយ​កូន ៤ នាក់។

សំណេរ​របស់​លោក សុវណ្ណារ័ត្ន នៅលើ​ហ្វេសប៊ុក បានបង្ហាញ​ថា៖ «អង្គរវត្ត ប្រទេស​កម្ពុជា ជាកន្លែង​ផ្ដើមស្នេហា​គ្រាដំបូង​របស់ភ្ញៀវ​សញ្ជាតិ​អាមេរិកកាំង​មួយគូនេះ​កាលពីម្ភៃឆ្នាំ​មុន។ ថ្ងៃនេះ​គាត់បាន​ត្រទ្បប់មក​ទស្សនា​អង្គរវត្ត​ជាថ្មីម្តងទៀត​ម្ភៃឆ្នាំក្រោយ​ជាមួយគ្រួសារ​ដ៏ធំដែល​មានកូនប្រុស​ចំនួន ៤ នាក់​ជាចំណង​អាពាហ៍ពិពាហ៍! អរុណ​សួស្តី​ពីទឹកដី​អច្ឆរិយៈ»៕


គ្រួសារ​ដ៏ធំរបស់​ភ្ញៀវ​សញ្ជាតិ​អាមេរិកកាំង ​ដែល​មានកូនប្រុស​ចំនួន ៤ មកទស្សនាតំបន់ប្រាសាទអង្គរនាពេលថ្មីៗនេះ។ រូបថត ហ្វេសប៊ុក​ មាស សុវណ្ណារ័ត្ន