សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ គ្រោង​នឹង​តាំងពិព័រណ៍​វត្ថុ​សិល្បៈ​បុរាណ​ក្វាត ចំនួន​ ៦ ៩៥៦ ​គ្រាប់ នៅ​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ  ២០២៤ ដើម្បី​បង្ហាញជូន​សាធារណ​ជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និង​សិស្សានុសិស្ស​ឱ្យមក​ទស្សនា​សិក្សា​ស្វែងយល់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

គួររំឭកថា ក្រុម​អ្នកស្រាវជ្រាវ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​វត្ថុ​សិល្បៈ​បុរាណ​ក្វាត ចំនួន​៦៩៥៦​គ្រាប់​នេះ នៅឯ​ប្រាសាទ​កណ្តាល​ស្រះស្រង់ កាលពី​ឆ្នាំ​២០២០​កន្លងទៅ​។

លោក គុន ផល្លី មគ្គទេសក៍​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ បាន​លើកឡើងថា វត្ថុ​សិល្បៈ​បុរាណ​ក្វាត ចំនួន​៦៩៥៦​គ្រាប់​នេះ នឹងដាក់​តាំងពិព័រណ៍​ជា​អចិន្ត្រៃយ៍​ក្នុង​សាល​ពិព័រណ៍​សារមន្ទីរ​។ វត្ថុ​សិល្បៈ​នេះ មាន​បី​ប្រភេទ គឺ​ពណ៌​ស្វាយ ​(​កែវ​ណាំ​ហ្វា​ន​) Amethyst ពណ៌​លឿង​ (​ស៊ី​ទ្រី​ន​) Citine និង​ពណ៌​ស​ថ្លា​​ (​គ្រី​ស្តា​ល់​) Crystal​។


លោក​បញ្ជាក់ទៀតថា​៖«​ក្រៅពី​ការដាក់​តាំង​ក្វាត​នេះ ក៏មាន​ការដាក់​តាំង​បង្ហាញ​នូវ​វត្ថុ​មួយចំនួនទៀត ដែល​បានមកពី​កន្លែង​តែមួយ​នៅ​ប្រាសាទ​កណ្ដាល​ស្រះស្រង់​ដែរ​ដូចជា រូប​អណ្ដើក​ថ្ម អាវុធ​ត្រីសូល៍ អាវុធ​បញ្ច​សូល៍ និង​ចតុ​សូល៍​ជាដើម​»​។


រូប អាជ្ញាធរជាតិអប្សរា


បើតាម លោក គុន ផល្លី ការតាំង​បង្ហាញ​ពិព័រណ៍​ជា​អចិន្ត្រៃយ៍​នេះ ក្នុង​គោលបំណង​បង្ហាញជូន​សាធារណ​ជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និង​សិស្សានុសិស្ស​ឱ្យមក​ទស្សនា​សិក្សា​ស្វែងយល់​អំពី​វត្ថុ​សិល្បៈ វត្ថុ​សក្ការៈ​សម្រាប់​បញ្ចុះ​នៅ​គ្រឹះ​ប្រាសាទ​កាលពី​សម័យបុរាណ ព្រមទាំង​ដឹង​ពី​ប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និង​ទំនៀមទម្លាប់​របស់​ជាតិខ្មែរ​ផង​។


បើតាម អាជ្ញាធរ​ជាតិ​អប្សរា ជា​រៀងរាល់ថ្ងៃ​សៅរ៍​ដើមខែ​នីមួយៗ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ តែងតែ​បើក​ឱ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​ទស្សនា​ដោយ​មិន​គិតថ្លៃ ដែល​នេះ គឺជា​ចំណុច​មួយ​ដ៏​ពិសេស​សម្រាប់​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ សាធារណជន អ្នកស្រាវជ្រាវ និង​សិស្សានុសិស្ស ចូល​ទស្សនា​សារមន្ទីរ​ឱ្យបាន​កាន់តែច្រើន​៕​