ភ្នំពេញ: ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​វប្ប​ធម៌ ​និង​ការ​ទទួល​ស្គាល់​ជា​សកល ​ក្រុម​ហ៊ុន​ OCIC Group របស់​កម្ពុជា​បាន​សហ​ការ​ជា​យុទ្ធ​សាស្ត្រ​ជា​មួយ​ផលិត​កម្ម Aloest ក្នុង​ការ​នាំ​យក​ភាព​យន្ត «​ទេព​ហត្ថា​» ទៅ​ដាក់​បញ្ចាំង​នៅ​ប្រទេស​បារាំង​ និង​អឺរ៉ុប​។​

កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​ត្រូវ​បាន​លើកឡើង​តាម​រយៈ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា (MOU) ដែល​បាន​ចុះ​ហត្ថ​លេខា​ កាល​ពី​ថ្ងៃទី​ ១៥ ​ខែមករា ​ក្នុង​វេទិកា​ធុរ​កិច្ច​បារាំង​-​កម្ពុជា ​(MEDEF) ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែ​ត​។​

លោក​ ទា ធា​រី អគ្គ​នាយក​រង​ក្រុម​ហ៊ុន​ Oversea Cambodian Investment Corporation (OCIC) បាន​ថ្លែង​ថា​៖ «​អរ​គុណ​ចំពោះ​ភាព​ជា​ដៃគូ​នេះ​ ក្រុ​មហ៊ុន (OCIC) គឺជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ការ​នាំ​យក​ភាព​យន្ត «​ទេព​ហត្ថា​» ទៅ​កាន់​អឺរ៉ុប​។ ភាព​យន្ត​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ជាង​៣០​ទីក្រុង​ទូទាំង​ប្រទេស​បារាំង​»​។​


លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​កិច្ច​សហកា​រ​រវាង​ក្រុម​ហ៊ុន ​OCIC និង​ភាពយ​ន្ត​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុម​ហ៊ុន​ចំពោះ​កា​រគាំទ្រ​ផ្នែក​វប្ប​ធម៌ ​និង​សិល្បៈ ​ខណៈ​ពេល​ដែល​ការ​ពង្រឹង​វត្ត​មាន និង​ឥទ្ធិ​ពល​របស់​ខ្លួន​នៅក្នុង​ឧស្សាហ​កម្ម​ភាព​យន្ត​បារាំង​»​។​

ការ​ដាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​នេះ​នៅ​ក្នុង​រោង​ភាព​យន្ត​បារាំង​ត្រូវ​បាន​កំណត់​ពេល​សម្រាប់​ថ្ងៃទី១៣ ​ខែ​មីនា​ ឆ្នាំ២០២៤ ​បន្ទាប់ពី​យុទ្ធ​នាការ​ផ្សព្វផ្សា​យ​នៅ​បារាំង ​ទីក្រុង​ប្រ៊ុ​ច​សែ​ល និង​ទីក្រុង​ហ្សឺ​ណែវ​ ដោយ​ចាប់​ផ្តើម​នៅ​សារ​មន្ទីរ​សិល្បៈ​អាស៊ី​-​ហ្គី​មេ​ត​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ​និង​បញ្ចប់​នៅ​ឯ​ទីស្នាក់​ការ​កណ្តាល​អង្គ​កា​រ​យូ​ណេស្កូ​​ពិភ​ពលោក ​ថ្ងៃទី១១ ​ខែមីនា​ឆ្នាំ២០២៤ ។​


«​ទេពហ​ត្ថា​» ជា​កម្រង​ឯក​សារស្វែងយ​ល់​ពី​ប្រវ​ត្តិសាស្ត្រ​ដ៏​សម្បូរ​បែប​នៃ​របាំ​ព្រះរាជ​ទ្រព្យ​កម្ពុជា ​និង​ទម្រង់​របាំ​ប្រពៃ​ណី​ខ្មែរ​អប្សរា​។​


ខ្សែ​ភាព​យន្ត​នេះ​ឧទ្ទិស​ដល់​ព្រះ​រាជ​វិញ្ញាណ​ក្ខន្ធ សម្តេច​ព្រះរៀម ​នរោត្តម ​បុប្ផា​ទេវី ​អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ជា​អ្នក​ដឹក​នាំ​របាំ​ព្រះរាជ​ទ្រព្យ ​ដោយ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​មិន​ចេះ​នឿយ​ហត់​របស់​ព្រះ​អង្គ ​ដើម្បី​ការ​ពារ​កេរ​ដំណែល​វប្ប​ធម៌​របស់​កម្ពុជា ​ចំពេល​មាន​ឧប​សគ្គ​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​ខ្មែរ​ក្រហម​។​

ព្រះ​អង្គ​ម្ចាស់ ​ស៊ីសុវត្ថិ ​តេស​សូ ​បាន​បង្ហាញ​ក្ដី​នឹក​រឭក​ដល់​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​របស់​សម្ដេច​ព្រះរៀម ​បុប្ផា​ទេវី ​ចំពោះ​វប្ប​ធម៌​កម្ពុជា​។​

ទ្រង់​បាន​រំឭក​ពី​ព្រះ​រាជ​បំណង​ប្រាថ្នា​របស់​សម្ដេច​ព្រះរៀម​ក្នុង​ការ​ធានា​ថា យុ​វជន​ជំនាន់​ក្រោយ​បាន​ទទួល​ការ​អប់រំ​ល្អ​អំពី​សម្បត្តិ​វប្ប​ធម៌​ខ្មែរ​។​

ព្រះ​អង្គ​ម្ចាស់ ​មាន​បន្ទូល​ថា​៖ «​សម្ដេច​ព្រះរៀម​តែង​តែមាន​បន្ទូលពី​អ្វី​ដែល​ទ្រង់​ដឹង ​និង​បាន​រៀន​ ដោយ​ព្រះអង្គ​ចង់​រក្សា ​និង​បន្ត​ដល់​ក្មេង​ជំនាន់​ក្រោយ ​ទាំង​តាម​រយៈ​ខ្លួន​សម្ដេច​ព្រះរៀម​ផ្ទាល់ ​និង​គ្រូ​បង្រៀន​ដទៃទៀ​ត​»​។

​លោក Xavier de Lauzanne អ្នក​ដឹក​នាំ​រឿង​បាន​ថ្លែង​​ថា «​ទេព​ហត្ថា​» តំណាង​ឱ្យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រយៈពេល ​៥​ឆ្នាំ​ដ៏​អស្ចារ្យ​។ ​ដំណើរ​រឿង​នេះ​រួម​បញ្ចូល​គ្រប់​យ៉ាង​តាំង​ពី​គំនិត​ដំបូង​ និង​ការ​សរសេរ​សំណេរ​រហូតដ​ល់​ការ​សម្ដែង ​និង​ការ​ផលិត​ គឺ​មាន​ភាព​រំភើប ​និង​មិន​នឹក​ស្មាន​ដល់​ដូច​ការ​និទាន​រឿង​ផ្ទាល់​ខ្លួន​។​

លោក​បាន​ថ្លែង​ថា​៖ «​យើង​ចង់​ផលិត​ខ្សែ​ភាព​យន្ត​ដែល​ចាប់​យក​ទាំង​ភាព​ស្រស់​ស្អាត​នៃ​របាំ​បុរាណ​ខ្មែរ​ និង​រឿ​ងរ៉ាវ​ដែល​មិន​គួរ​ឱ្យ​ជឿ​នៃ​ប្រវត្តិ​សាស្ត្រ​»​។​

លោក Xavier បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​នេះ​នៅ​ប្រទេស​បារាំង​បន្ទាប់​ពី​ការ​បញ្ចាំង​ដំបូង​ដ៏​ជោគ​ជ័យ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​ជា​មួយ​នឹង​ទស្ស​និក​ជន​វ័យ​ក្មេង​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​ពី​ប្រទេស​បារាំង​ថា​៖ «​ការ​នាំយ​ក​ភាព​យន្ត​ឯក​សារ​ប្រវត្ដិ​សាស្ដ្រ​នេះ​ទៅ​កាន់​រោង​កុន​នៅ​អឺរ៉ុប​គឺ​មិន​ងាយ​ស្រួល​​ទេ​។ យើង​ត្រូវតែ​ធ្វើឱ្យ​ទស្ស​និក​ជន​ចាប់​អារម្មណ៍​ជា​មុន​សិន​។ វា​គឺជា​សហ​គមន៍​បារាំង​-​ខ្មែរ​ ចិន​-​ខ្មែរ​ អង្គ​ការ​ក្រៅរ​ដ្ឋាភិបា​ល​បារាំង​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា «​មិត្ត​របស់​កម្ពុជា​»​ទាំង​អស់​»​។​

«​ទេព​ហត្ថា​» នឹង​នាំយក​ភាព​អរិយ​ធម៌​ខ្មែរ​អាយុកា​ល​ពាន់​ឆ្នាំ និង​​សិល្បៈ​ដ៏​អាថ៌កំ​បាំង​ជា​ព្រះរាជ​ទ្រព្យ​ និង​របាំ​បុរាណ​ខ្មែរ​ផ្សព្វ​ផ្សាយ​ដល់​មហាជ​ន​អឺរ៉ុប​។​

លោក ​ធា​រី បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​សម្ព័ន្ធ​OCIC Group នឹង​ដាក់​បញ្ចាំ​ងភា​ពយន្ត​ ទេព​ហត្ថា​ យ៉ាង​ទូលំ​ទូ​លាយ​នៅ​តាម​រោង​កុន​នានា​ទូទាំង​ប្រទេស​បារាំង​។ លើសពី​នេះ ​វា​មាន​បំណង​ចង់​បង្កើត​ឱ្យមាន​ទំនាក់​ទំនង​វប្បធម៌​សម្រាប់​ជន​អន្តោ​ប្រវេសន៍​​ខ្មែរ​ជំនា​ន់ទី​១ ទី​២ ​និង​ទី៣ ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​ចង​ចាំ ​ឬ​រំឭក​ឡើង​វិញ​នូវ​បេតិក​ភណ្ឌ​វប្ប​ធម៌​ដ៏​សម្បូរ​បែប​របស់​ពួក​គេ ​តាម​រយៈ​ភាព​យន្ត​»​។​

លោក​បាន​បន្ត​ថា ការ​គាំទ្រ​ដោយ​ធនធា​ន​ហិរ​ញ្ញវត្ថុ​ដ៏​ច្រើន ​ការ​គាំទ្រ​ផ្នែក​ភ័ស្តុភា​រ​ដ៏​រឹងមាំ​ និង​បណ្តាញ​កិច្ច​សហ​ប្រតិ​ប​ត្តិកា​រយ៉ា​ង​ទូលំ​ទូលាយ​ ខ្សែ​ភាព​យន្ត​នេះ​ត្រូវ​បាន​រៀបចំ​សម្រាប់​ដំណើរ​ទេស​ចរណ៍​ដ៏​ទូលំ​ទូលាយ​មួយ​នៅ​ទូទាំង​ប្រទេស​​បារាំង​ និង​បែល​ហ្ស៊ិក​។

លោក​បន្ដ​ថា ​OCIC រំពឹង​ថា កិច្ចសហ​ការ​នេះ​ជា​កត្តា​ជំរុញ​ឱ្យមា​ន​លទ្ធផ​ល​វិ​ជ្ជមាន​ក្នុង​លក្ខ​ខណ្ឌ​នៃ​ការផ្លា​ស់​ប្តូរ​វប្ប​ធម៌ ឱកា​ស​អាជី​វកម្ម និង​ទំនាក់ទំ​នង​អន្តរ​ជាតិ​។​

បើ​តាម​លោក​ ធា​រី បាន​ឱ្យដឹង​ថា ក្រុ​មហ៊ុន​មាន​បំណង​នាំយ​ក​ភាព​ស្រស់​ស្អាត​របស់​កម្ពុ​ជា​ទៅ​កាន់​ពិភព​លោក ក្នុង​នាម​ជា​ប្រទេស​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ពោរ​ពេញ​ទៅ​ដោយ​លទ្ធ​ភាព​ និង​ធន​ធាន​ដែល​អាច​ប្រៀប​បាន​នឹង​ប្រទេស​ជិត​ខាង​។​

លោក ​Xavier បាន​បង្ហាញ​​ភាព​រីក​រាយ​ចំពោះ​ការ​ដាក់​បញ្ចាំង​ភាព​យន្ដ​ដែល​លោក​បាន​ផលិត​ទៅ​លើ​ទឹកដី​កំណើត​របស់​លោក​ និង​បាន​សង្កត់​ធ្ងន់​លើ​កិច្ច​សហ​ការ​​ជាមួយ​អង្គ​ការ​បារាំ​ង និង​កម្ពុជា​។​

លោក​បាន​ថ្លែង​ថា​៖ «​នេះ​គឺជា​អត្ថ​ន័យ​នៃ​ការ​ចុះហ​ត្ថលេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ការ​រវាង​ផលិត​កម្ម​ Aloest និង ​OCIC ដែល​យើង​អាច​ធ្វើ​នៅ​ប្រទេស​បារាំង​ ក្នុង​សប្តាហ៍​នេះ ​នៅ ​Medef ដោយ​​វត្ត​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែ​ត »​។​

លោក Xavier ក៏បាន​រំឭក​ដាក់​បញ្ចាំង​ភាព​យន្ដ​នេះ​នៅក្នុ​ង​ស្រុក ​ជាពិសេស​នៅតា​ម​សាលា​រៀន និង​ជា​ឯកសា​រ​គរុ​កោស​ល្យ​សុ​ពល​ភាព ​ដោយ​ក្រសួង​អប់រំ និ​ង​វប្បធម៌​ ហើយ​ភាព​យន្ដ​នេះ​ក៏​នឹងដា​ក់​បញ្ចាំង​នៅ​លើ​វេ​ប​សាយ www.​the-​perfec​t-motio​n.com ​ឆាប់ៗ​នេះ​ផងដែរ​៕