ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមរៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ នៅខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជំរុញឱ្យកូនខ្មែរមួយចំនួនដែលនិយមសម្លៀកបំពាក់បរទេសងាកមកចាប់អារម្មណ៍សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាពិសេសនោះដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ និងអភិរក្ស ដែលជាកេរដំណែលដូនតាខ្មែរ។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំលើកទីមួយនៃក្រុមការ​ងារ​ពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមរៀបចំនូវកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរនេះ។

លោកស្រី ឡងឌី សាន់ណារ៉ា បានលើកឡើងថា៖«ដោយមើលឃើញអំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌ បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ»។


លោកស្រីបានលើកឡើងទៀតថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះទៀតសោត គឺជាការបង្ហាញឱ្យឃើញអំពីអត្ថប្រយោជន៍នៃសំពត់បត់ខ្មែរ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់សម័យកាល គ្រប់វ័យ និងគ្រប់កម្មវិធី រួមមានស្លៀកធ្វើស្រែចំការ នៅផ្ទះ ទៅធ្វើការ ទៅវត្តអារាម កម្មវិធីធំៗរបស់ជាតិ ពិធីបុណ្យផ្សេងៗ ពិធីមង្គលការនិងរាត្រីសមោសរជាដើម។ 
 
លោកស្រីបញ្ជាក់ដូច្នេះថា៖«ម្យ៉ាងទៀតតាមរយ:កម្មវិធីនេះ ក៏ដើម្បីជួយជំរុញឱ្យកូនខ្មែរមួយចំនួន ដែលនិយមសម្លៀកបំពាក់បរទេសភ្លេចសំពត់បត់ខ្មែរដ៏ល្អផូរផង់នៃយើង ឱ្យងាកមករកអ្វីដែលជារបស់ខ្មែរ»។
 
ប្រភពពីក្រសួងវប្បធម៌ បានឱ្យដឹងថា សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាសម្លៀកបំពាក់ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរនាគ្រប់សម័យកាល ពីមួយជំនាន់ទៅមួយជំនាន់។ តាំងពីសម័យដើមរហូតមកដល់ពេលបច្ចុប្បន្ននេះ សម្លៀកបំពាក់ខ្មែរបានវិវត្តន៍ដោយដំបូងឡើយផ្ដើមចេញពីសាច់ក្រណាត់សូត្រត្បាញពីសូត្រដង្កូវនាង ជ្រលក់ពណ៌ធម្មជាតិ ប្រើពីឫសឈើ និងស្លឹករុក្ខជាតិផ្សេងៗ។
 
ចំណែកសំពត់បត់ខ្មែរវិញ មានច្រើនរចនាប័ទ្មនិងច្រើនទម្រង់បែងចែកទៅតាមរសនិយមក្នុងសម័យកាល។ ជាមួយគ្នានេះ ប្រភេទនៃក្រណាត់សូត្រខ្មែរមានការបែងចែកជាច្រើនប្រភេទ មានដូចជា ក្រណាត់ហូល ក្រណាត់ផាមួង ក្រណាត់សឹង សំពត់ល្បើក សំពត់សាបាប់ សារុងសូត្រ ក្រណាត់អន្លូញ ដែលមានការរចនាប្លែកៗពីគ្នានិងរបៀបស្លៀកពាក់ខុសៗគ្នា៕