ក្រុង​ម៉ានិល: ថ្វីតែរូបភាព​ត្រូវ​បាន​បង្ហោះ​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ​មុនយ៉ាងណាក៏ដោយ ក៏​វាស្ថិត​នៅ​ក្នុង​ការ​ចងចាំ និង​ល្បីល្បាញ​ពាស​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ នៅពេល​​ប៉ូលិសហ្វីលីពីន​​ម្នាក់​បាន​ឆក់​យក​​បេះ​ដូង​​មហាជន​ បន្ទាប់ពី​បង្ហោះ​រូប​​លេងអុក​ជាមួយនឹង​អ្នកទោស​ក្នុង​​គុក​។​

លោក PCpl Arman Louie Buban ដែល​ធ្វើការ​នៅ​ការិយាល័យ​ប៉ូលិស​ខេត្ត Sorsogon បានបង្ក​ការ​ភ្ញាក់​ផ្អើល​ចំពោះ​​ការ​បង្ហោះ​រូបថត​របស់​លោក ​និង​អ្នក​ជាប់ឃុំ​ កំពុង​លេង​អុក ដោយសរសេរ​ចំណង​ជើង​​ថា «​គ្មាន​ជញ្ជាំង​ណា​អាច​បំបែក​យើង​ពី​ការ​​លេងអុក​បានទេ​»។​

លោក Buban បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ Pilipino Star Ngayon Digital ថា ​ក្នុងនាម​ជា​ប្រធាន​ក្លឹប​អុក​មួយ​នៅក្នុង​ទីក្រុង Magallanes ​ប្រចាំ​​តំបន់​ លោក​​ជឿថា​ មនុស្ស​គ្រប់រូប​​មាន​ភាពស្មើគ្នា​នៅពេល​និយាយ​អំពី​ក្តារអុក​។


លោក​បាន​និយាយថា៖ «​ខ្ញុំ​ចង់​ផ្សព្វផ្សាយ​ហ្គេម​អុក​សម្រាប់​មនុស្ស​គ្រប់គ្នា ដោយ​មិន​គិតពី​ទ្រព្យសម្បត្តិ ស្ថានភាព​ការងារ អាយុ ឬ​ប្រវត្តិ»។

​លោក Buban ​ក៏បាន​ចែករំលែក​ថា លោក​​តែងតែ​សួរ​អ្នកទោស​ដែល​ទើប​មកដល់​ថ្មីៗ​ថា ​តើ​ពួកគេ​ចេះ​លេងអុក​ដែរឬទេ៕​