ក្រុង​ស៊ាងហៃ: ជាង​មួយ​ទស្សវត្សរ៍​បន្ទាប់ពី Ikea ព្យាយាមឱ្យ​​ពួកគេ​ចេញក្រៅ​ផ្ទះ​ ក្រុម​អ្នក​ផ្គូរ​ផ្គង​គូ​ស្រក​សម្រាប់​ជន​ចាស់​ជរា​ចូល​​​និវត្តន៍​នៅ​ទីក្រុង​ស៊ា​ង​ហៃ​​​ ដែល​ប្រមូលផ្តុំ​រៀងរាល់​សប្តាហ៍​នៅក្នុង​អាហារ​ដ្ឋា​ន​របស់​ហាង​លក់​គ្រឿង​សង្ហា​រឹមនៅតែ​សកម្ម​ក្នុង​ការ​ជួប​ជុំ​ក្រុម​របស់​ពួកគេ​​។​

​រៀងរាល់ថ្ងៃ​អង្គារ មនុស្ស​​វ័យ​ចំណាស់​រាប់រយនាក់​មក​​កាន់​​តុ​​​អាហារ​ដ្ឋា​នតាំងពី​ព្រឹកព្រលឹម​ ក្រេប​ទឹក​តែ​ អាហារ​សម្រន់​ និង​កាន់​គ្រឿង​ស្រវឹងកំដៅ​ពោះ​​។

​ដោយ​ប្រឈមមុខនឹង​ភាព​ឯកោសម្រាប់​​ប្រជាជនចិន​វ័យ​ចំណាស់​​ ពួកគេ​បាន​ប្រែក្លាយ​អាហារដ្ឋាន​​​នេះ​ទៅជាទី​​ណាត់ជួប​ស្នេហ៍​វ័យ​ជ្រេរបស់​ពួកគាត់​​។​


អតីត​នាយក​គិលានុបដ្ឋាយិកា​ចូលនិវត្តន៍​ម្នាក់​ឈ្មោះ Qingqingបាន​ប្រាប់ AFPថា​៖ «​មិនមាន​អ្វីដែល​គួរឱ្យ​ខ្មាស់អៀន​ក្នុងការ​និយាយ​នោះទេ​។ វា​មិន​ត្រឹមតែ​​ក្មេង​ដែល​ត្រូវការ​សេចក្តីស្រឡាញ់​ប៉ុណ្ណោះ​ទេ មនុស្ស​ចាស់​ក៏​ត្រូវការ​សេចក្តីស្រឡាញ់​ផងដែរ»​។​

មនុស្ស​វ័យ​ចំណាស់​ក្រុងស៊ាងហៃបំបែកប្រពៃណី​ ចេញក្រៅស្វែង​រក​ដៃគូរ៉ូមេនទិក​។AFP


​មនុស្ស​ចាស់​ៗ​ទាំង​នោះ​ចែក​រំលែក​​ផ្លែក្រូច​ឃ្វិច ផឹក​តែជជែក​ និងក្រេប​​ស្រា​​​ម្តងម្កាល យ៉ាង​សប្បាយ​ក្អាក​ក្អាយ​​។​

​យោងតាម​ទិន្នន័យ​ផ្លូវការ​បានឱ្យដឹងថា​ក្នុងចំណោម​មនុស្ស​ជាង ២៩៧​ លាន​នាក់​ ដែលមាន​អាយុ​ចាប់ពី ៦០​ ឆ្នាំ​ឡើងទៅ​នៅក្នុង​ប្រទេស​ចិន មួយ​ភាគ​បួន​គឺជា​អ្នក​នៅ​លីវ​។​

ដោយ​ធ្លាប់តែ​សំកុក​ឯការ​នៅ​ក្នុង​ផ្ទះ មើល​ថែទាំ​កូន​ចៅ មនុស្ស​ចាស់​ជាច្រើន​ឥឡូវនេះ​រស់នៅ​ដោយ​ខ្លួនឯង​។​

​នៅក្នុង​ការស្ទង់មតិ​ឆ្នាំ ២០១៦​ ដោយ​សាកលវិទ្យាល័យ Renminទីក្រុង​ប៉េកាំង មួយ​ភាគ​បួន​​មនុស្ស​​អាយុ​លើសពី ៦០ ឆ្នាំ​បាន​និយាយថា ពួកគេ​ជួបប្រទះ​ភាព​ឯកា​។​

លោក​ Gu Yijun​ ជា​អ្នកបើកបរ​ចូលនិវត្តន៍​​ ​បាន​និយាយថា៖​«ខ្ញុំ​ឯក​កោ​គ្រប់ពេលវេលា​។ ខ្ញុំ​មាន​អារម្មណ៍​ថា ​ជីវិត​គួរឱ្យ​ធុញទ្រាន់​ណាស់​នៅ​អាយុ​របស់ខ្ញុំ ... ខ្ញុំ​តែងតែ​ចង់​មាន​ដៃគូ​»។​

​បុរស​អាយុ ៧៣​ ឆ្នាំ​រូបនេះ ​បានធ្វើ​ដំណើរ​ជា​ទៀងទាត់​មួយ​ម៉ោង​កន្លះ​តាម​រយៈ​ឡាន​ក្រុង​ ​ដើម្បី​មកជួប​ជុំ​គ្នា។​ ប៉ុន្តែលោក​តា​​មានការ​ងឿងឆ្ងល់​អំពី​ឱកាស​ជោគជ័យ​ក្នុង​ការ​ជួប​ដៃគូ​របស់​លោក​​។​

​លោក Yijun​ បាន​ប្រាប់ AFP ថា៖ ​«​​វា​ក៏​ជា​វិធី​​​សម្រាក និង​មាន​ភាពសប្បាយ​រីករាយមួយ​​ផងដែរ​។​​វា​ល្អ​ជាង​និយាយ​ជាមួយ​កញ្ចក់​តែឯង​នៅផ្ទះ ឃើញតែ​ខ្លួន​ខ្ញុំ​ឆ្លុះបញ្ចាំង​ពីក្រោយ​»​។​

​ក្រុម​នេះ​បាន​ជួបគ្នា​នៅ Ikea អស់​រយៈពេល​ជាង ១០​ ឆ្នាំ​មកហើយ ទោះបីជា​គ្មាន​នរណាម្នាក់​ប្រាកដថា​វា​ចាប់ផ្តើម​ដោយ​របៀប​ណាក៏ដោយ​៕