ភ្នំពេញ៖ នៅក្នុងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលឯមហោស្រពភាពយន្តកម្ពុជា ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កាលពីខែកញ្ញាឆ្នាំមុន អ្នកស្រី Li-Da Kruger ជាផលិតករភាពយន្តខ្មែរ-អង់គ្លេស បានបង្ហាញនូវគម្រោងសេវាកម្មស្វែងរកសមាជិកគ្រួសារដែលបែកបាក់គ្នាក្នុងរបបខ្មែរក្រហមដ៏ឃោរឃៅ។
អ្នកស្រី Kruger រឿងរ៉ាវជាកូនចិញ្ចឹម និងការស្វែងរកឫសគល់គ្រួសារបង្កើតរបស់អ្នកស្រី ត្រូវបានថតនៅក្នុងភាពយន្តឯកសារ «Prue Leith: Journey with My Daughter» បានបង្កើតគំនិតផ្តួចផ្តើមផ្តល់ការធ្វើតេស្ត DNA ដោយឥតគិតថ្លៃ ដើម្បីជួយស្វែងរកសាច់ញាតិដែលបាត់ខ្លួនជាយូរមកហើយ។
ការធ្វើតេស្ត DNA ត្រូវបានធ្វើឡើងជាផ្នែកពិសេសមួយនៅសាលមហោស្រពសិល្បៈឡុងប៊ិច ស្របពេលជាមួយនឹងការបញ្ចាំងភាពយន្តឯកសាររបស់អ្នកស្រីក្នុងមហោស្រពភាពយន្តក្រុងកម្ពុជាលើកទី១០ (CTFF)។
អ្នកស្រី Kruger ដែលត្រូវបានយកមកចិញ្ចឹមដោយបុគ្គលិកទូរទស្សន៍អង់គ្លេសអ្នក ស្រី Prue Leith និងស្វាមី Rayne Kruger តាំងពីបាតជើងក្រហមរងាល មុនពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនក្នុងការស្វែងរកសាច់ញាតិបង្កើតតាមរយៈការធ្វើតេស្ត DNA។
កិច្ចការនេះមានការបំផុសគំនិតឱ្យបើកដំណើរការ DNACambodia ជាគម្រោងផ្តល់ការធ្វើតេស្ត DNA ដោយឥតគិតថ្លៃ ដើម្បីបង្រួបបង្រួមគ្រួសារដែលព្រាត់ប្រាស់គ្នាដោយសង្គ្រាម ការប្រល័យពូជសាសន៍ និងភាពក្រីក្រ។
អ្នកស្រី Kruger បាននិយាយថា៖ «បន្ទាប់ពីការពិនិត្យរបស់ខ្ញុំ អ្នកនឹងជួបសាច់ញាតិដែលខ្ញុំបានរកឃើញនៅទីនេះក្នុងទីក្រុងឡុងប៊ិច ដោយសារ DNA។ យើងផ្តល់ជូនការធ្វើតេស្ត DNA ដោយឥតគិតថ្លៃ ដោយសង្ឃឹមថា អ្នកនឹងចូលរួមក្នុងគម្រោងសប្បុរសធម៌ ដើម្បីជួយបង្រួបបង្រួមគ្រួសារកម្ពុជាឡើងវិញ»។
ខ្សែភាពយន្ត «Prue Leith: Journey with My Daughter» ស្វែងយល់ពីឫសគល់របស់អ្នកស្រី Kruger នៅពេលដែលអ្នកស្រីស្វែងរកគ្រួសារបង្កើត ចំពេលមានការបំផ្លិចបំផ្លាញដែលបណ្តាលមកពីរបបខ្មែរក្រហម។ ចាប់តាំងពីពេលនោះមក រឿងរ៉ាវរបស់អ្នកស្រីបានបំផុសគំនិតអ្នកផ្សេងទៀតឱ្យស្វែងរកសាច់ញាតិរបស់ពួកគេ។
តាមរយៈអង្គការមិនរកប្រាក់ចំណេញរបស់អ្នកស្រី Kruger គឺ Reconnecting Cambodia សហការជាមួយអង្គការសប្បុរសធម៌គ្រួសារខ្មែរ (KFCO) ការធ្វើតេស្ត DNA ដោយឥតគិតថ្លៃបានក្លាយជាសញ្ញានៃក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរកសមាជិកគ្រួសារដែលបានបែកបាក់គ្នាក្នុងអំឡុងពេលដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
បេសកកម្មរបស់អង្គការនេះគឺសាមញ្ញ ប៉ុន្តែមានថាមពល៖ ដើម្បីបង្រួបបង្រួមគ្រួសារដែលបានបែកគ្នាដោយសាររបបខ្មែរក្រហមតាមរយៈការផ្គូផ្គង DNA។
ឥទ្ធិពលនៃគំនិតផ្តួចផ្តើមនេះគឺមានអត្ថន័យជ្រាលជ្រៅ ជាពិសេសសម្រាប់អ្នកដែលរស់នៅជាមួយក្នុងភាពស្រពិចស្រពិលអស់ជាច្រើនទសវត្សរ៍មកហើយ។ មនុស្សជាច្រើន ដូចជា អ្នកស្រី Kruger ជឿថា មនុស្សជាទីស្រឡាញ់របស់ពួកគេបានស្លាប់បាត់បង់ជីវិត តែនៅពេលធ្វើតេស្ត DNA បានរកឃើញថា អ្នកខ្លះនៅមានជីវិត។
ជួបជាមួយបុរសម្នាក់ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក ឥឡូវនេះកំពុងស្វែងរកសាច់ញាតិរបស់លោកក្នុងប្រទេសកម្ពុជា ដោយសារគម្រោងនេះ។
មុនការដួលរលំនៃប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥ កុមាររាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមដោយទីភ្នាក់ងារអង្គការកុមារកំព្រាអន្តរជាតិ។
ខណៈពេលដែលកុមារទាំងនេះមួយចំនួនបានរកឃើញផ្ទះថ្មីតាមរយៈការសុំកូនចិញ្ចឹមនោះ កុមារជាច្រើនទៀតត្រូវបានដាក់ក្នុងមណ្ឌលថែទាំ ដែលនៅរាយប៉ាយពាសពេញពិភពលោក ដោយជាច្រើនទសវត្សរ៍បានកន្លងផុតទៅដោយមិនមានសញ្ជាតិស្របច្បាប់ ហើយជោគវាសនានៃគ្រួសារបង្កើតរបស់ពួកគេនៅតែមិនទាន់ដឹងនៅឡើយ។
យោងតាមរបាយការណ៍របស់ Times ឆ្នាំ២០១៥ បុគ្គលរាប់មិនអស់នៅតែបែកបាក់ពីគ្រួសាររបស់ពួកគេ ដោយអ្នកខ្លះមានសំណាងអាចភ្ជាប់ទំនាក់ទំនងឡើងវិញបន្ទាប់ពីជាង ៤០ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ការពិតដ៏គួរឱ្យសោកស្ដាយគឺថា មនុស្សរាប់ពាន់រាប់ម៉ឺននាក់ រួមទាំងបងប្រុសច្បងរបស់លោក សុង ឆាល នៅតែបាត់ខ្លួន។
លោក ឆាល បានចែករំលែកថា៖ «ខណៈដែលគេសន្មត់ថា គ្រួសារដែលបែកគ្នាជាយូរមកហើយទំនងជាត្រូវព្រាត់ប្រាសរហូត ប៉ុន្តែយើងនៅតែសង្ឃឹមថា ថ្ងៃណាមួយយើងនឹងបានជួបជុំជាមួយពួកគេវិញ»។
ក្តីសង្ឃឹមនៃការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសមាជិកគ្រួសារដែលព្រាត់ប្រាស់កំពុងត្រូវបានគាស់កកាយ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រី Li-Da Kruger។
លោក សុង រួមជាមួយនឹងជនភៀសខ្លួនកម្ពុជាជាច្រើននាក់ទៀត ឥឡូវនេះបានធ្វើតេស្ត DNA ដោយឥតគិតថ្លៃ ដែលផ្តល់ដោយ DNACambodia។
លោកបាននិយាយថា៖ «ខ្ញុំមានមោទនភាពដែលបានចូលរួមជាមួយអ្នកស្រី Li-Da និងអ្នកផ្សេងទៀតជាច្រើននៅក្នុងបេសកកម្មនេះ។ ការធ្វើតេស្តដ៏សាមញ្ញរយៈពេលពីរនាទីនេះ ផ្តល់ឱកាសដល់ពួកយើងដែលបានបែកបាក់ពីគ្រួសាររបស់យើងក្នុងការស្វែងរកចម្លើយ»។
លោកជំរុញអ្នកដែលមានចម្ងល់ ឬមានចំណាប់អារម្មណ៍ក្នុងកម្មវិធីទាក់ទងមកលោកដោយផ្ទាល់។
ជាផ្នែកមួយនៃការផ្សព្វផ្សាយ អ្នកស្រី Kruger បានជំរុញឱ្យអ្នកមានសមាជិកគ្រួសារដែលបាត់ខ្លួន ឱ្យចូលរួមក្នុងការធ្វើតេស្ត DNA ដោយឥតគិតថ្លៃ៕