មនុស្សយ៉ាងហោចណាស់ ៣ម៉ឺននាក់បានទស្សនាផ្ទាល់ការសម្ដែងរួមគ្នានៃក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងក្បាច់គុនសៅលីញរបស់ចិននៅខេត្តហឺណាន ប្រទេសចិន ក្នុងពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិលើកទី១៣ កាលពីថ្ងៃទី១៩ ខែតុលា។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះត្រូវបានរៀបចំឡើងនៅមុខព្រះវិហារសៅលីញ ក្នុងតំបន់ Dengfeng ដែលជាទីចាប់កំណើតនៃក្បាច់គុណ កុងហ្វូ របស់ចិន។
ក្រសួងទេសចរណ៍បានថ្លែងនៅថ្ងៃទី២០ ខែតុលា ថា៖ «នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមកដែលមានការសម្ដែងក្បាច់គុនពីប្រទេសផ្សេង ធ្វើនៅមុខក្លោងទ្វារព្រះវិហារសៅលីញ»។
ការសម្ដែងគុនល្បុក្កតោ នៅវិហារសៅលីញ នេះគឺជាប្ដូរការសម្ដែងនៃព្រឹត្តិការណ៍ «នៅពេលសៅលីញជួបល្បុក្កតោ» ដែលធ្វើឡើងលើកទី១ នៅខេត្តសៀមរាប កាលពីខែមេសា កន្លងទៅ ហើយលើកទី២នេះនៅខេត្តហឺណាន ប្រទេសចិន។ វាជាផ្នែកមួយនៃឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤។ កីឡាករនិងកីឡាការិនីល្បុក្កតោកម្ពុជា ១២រូបបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
បើតាមក្រសួងទេសចរណ៍ ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិលើកទី១៣ នេះមានការចូលរួមពីប្រទេសចំនួន ៥៦ និងមានកីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១២០០នាក់បានចូលរួម។ បន្ថែមពីលើនេះក៏មានការចូលរួមរបស់សិស្ស គ្រូ សម្ដែងក្បាច់គុន មានចំនួនប្រមាណ ៣ ម៉ឺននាក់ផងដែរ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅពេលលោកត្រឡប់មកដល់កម្ពុជាវិញកាលពីថ្ងៃទី២០ ខែតុលាថា ព្រឹត្តិការណ៍នេះមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយសារតែទង់ជាតិកម្ពុជាត្រូវបានបង្ហាញ និងដោតនៅលើឆាក នៅមុខអ្នកចូលរួមរាប់ម៉ឺននាក់។
លោកនិយាយថា ការនេះក៏បង្ហាញថា កម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព និង ស្មើមុខស្មើមាត់ជាមួយប្រទេសនានានៅលើឆាកអន្តរជាតិផងដែរ។
លោករៀបរាប់ថា ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដែលមានតាំងពីសម័យបុរេប្រវត្តិ។ ស្នៀតខ្លះនៃក្បាច់គុននេះត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទនានា ដូចជានៅប្រាសាទអង្គរវត្ត បាយ័ន បន្ទាយស្រី ប្រាសាទបាពួន ប្រាសាទសំបូរព្រៃគុក ជាដើម។ ក្បាច់គុននេះមានភាពចំណាស់ជាងក្បាច់គុនសៅលីញ ដែលមានអាយុប្រមាណ១៥០០ឆ្នាំ។
លោក ហួត ហាក់ ក៏បានឲ្យដឹងថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកទៅចូលរួមពិធីនេះ លោកបានបង្ហាញពីសក្ដានុពលរបស់កម្ពុជាលើលើវិស័យទេសចរណ៍ និងវិនិយោគ ក្នុងពេលលោកជួបជាមួយក្រុមហ៊ុនចិនដែលរកស៊ីក្នុងវិស័យពាក់ព័ន្ធនឹងទេសចរណ៍ចំនួន ២២។ ក្រុមហ៊ុនទាំងនោះបង្ហាញពីចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។
លោក ឈត ប៊ុនថង អ្នកជំនាញទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា វាជារឿងល្អដែលការផ្លាស់ប្ដូរវប្បធម៌ កម្ពុជានិងចិន បានប្រព្រឹត្តទៅដោយរលូន។ ការសម្ដែងគុនល្បុក្កតោ ដែលជាអត្តសញ្ញាណវប្បធម៌ និងជាផលិតផលទេសចរណ៍ នៅកម្រិតអន្តរជាតិបែបនេះ ជួយឲ្យពិភពលោកស្គាល់កម្ពុជា អត្តសញ្ញាណនិងសិល្បៈខ្មែរ កាន់តែច្រើន។
លោកបន្តថា លើសពីនេះទៀត ការផ្លាស់ប្ដូរការសម្ដែងគុនល្បុក្កតោ និងគុនសៅលីញ នេះជួយលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរលើកផ្នែកការទូត សេដ្ឋកិច្ច និង នយោបាយ ផងដេរ ជាពិសេសលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍របស់ប្រទេសទាំងពីរ។
លោកថ្លែងដូច្នេះថា៖ «នៅពេលយើងមានឱកាសចេញទៅសម្ដែងនៅបរទេសច្រើន វាជាឱកាសមួយ និងជាកម្លាំងជំរុញមួយជួយឲ្យវប្បធម៌របស់ខ្មែររីកចម្រើន។ បើយើងអត់រីកច្រើន អត់មានអភិវឌ្ឍន៍ទេ យើងក៏អត់មានអ្វីយកទៅសម្ដែងដែរ។ វាក៏ជំរុញឲ្យមានអ្នករៀន អ្នកហាត់កាន់តែច្រើន ដែលធ្វើឲ្យសិល្បករក៏មានការងារធ្វើ និងមានឱកាសបញ្ចេញទេពកោសល្យទាំងក្នុងស្រុកនិងក្រៅស្រុក ដែលជារួមធ្វើឲ្យអត្តសញ្ញាណនៃវប្បធម៌ខ្មែររស់ និងផ្ដល់ផលប្រយោជន៍ផ្សេងៗ»៕