ភ្នំពេញ៖ សិស្សានុសិស្ស​មក​ពី​មូលនិធិ​កុមារ​កម្ពុជា (CCF) ជា​អង្គ​ការ​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​តំបន់​អតីត​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ កំពុង​តាំង​បង្ហាញ​ស្នាដៃ​ថតរូប​របស់​ពួកគេ​ក្នុង​ពិព័រណ៍ «STEM In My Life'»។


ការ​តាំង​ពិព័រណ៍​ដែល​រៀបចំ​ឡើង​នៅ​ភោជនីយដ្ឋាន Wild បង្ហាញ​ពី​ភាព​ច្នៃប្រឌិត និង​ទេពកោសល្យ​របស់​សិស្ស​មក​ពី​សាលា Neeson Cripps Academy (NCA) របស់​អង្គការ CCF តាមរយៈ​ប្រធាន​បទ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)។

ការ​តាំង​ពិព័រណ៍​នេះ​មាន​រូបថត​ចំនួន ១០ សន្លឹក​ដែល​បាន​ជ្រើសរើស​ពី​ការ​ប្រកួត​ប្រជែង​ដែល​បង្កើតឡើង​ដើម្បី​បំផុស​គំនិត​សិស្សានុសិស្ស​ឱ្យ​ស្វែង​យល់​ពី STEM នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​តាម​រយៈ​ការ​ថតរូប។


ពួកគេ​តំណាង​ឱ្យ​យុវជន​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​របស់ CCF ដែល​ផ្ដោត​លើ​ការអប់រំ ដោយ​លើកទឹក​ចិត្ត​ពួកគេ​ឱ្យ​រួម​បញ្ចូល​ការ​បញ្ចេញមតិ​សិល្បៈ​ជាមួយនឹង​ការ​យល់ដឹង​តាម​បែប​វិទ្យាសាស្ត្រ។


អ្នកស្រី ផន ឡា មន្ត្រី​គម្រោង​អប់រំ​នៅ CCF បាន​ពន្យល់​ថា៖​«យើង​ចង់​បង្កើត​ឱកាស​មួយ​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការ​មើលឃើញ STEM នៅក្នុង​ជ្រុង​ផ្សេង​ ហើយ​ជំរុញ​ពួកគេ​ឱ្យ​គិត​អំពី​របៀប​ដែល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​មាន​ឥទ្ធិពល​លើ​បរិស្ថាន​ជុំវិញ​របស់​ពួកគេ»។​


អ្នកស្រីបន្ដថា​៖ «​ការប្រកួតប្រជែង​ថតរូប​នេះ​បានអនុញ្ញាត​ឱ្យ​សិស្ស​ចូលរួម​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ និង​អភិវឌ្ឍ​ចំណេះដឹង​​ចំពោះមុខ​វិទ្យា​ STEM»។​

យុវជន សុខជា សិស្សថ្នាក់ទី ១២ បានចូលរួមចំណែកបង្កើតគំនិតមួយដែលមានចំណងជើងថា «ការធ្លាក់ចុះនៃនិម្មិត» ដែលស្វែងយល់ពីផលប៉ះពាល់នៃអនឡាញលើជីវិតបុគ្គលនីមួយៗ។ រូបថត សហការី

ឥឡូវនេះ​នៅក្នុង​ឆ្នាំ​ទី ៣ របស់ខ្លួន ការប្រកួតប្រជែង «STEM In My Life» ស្នើឱ្យ​អ្នកចូលរួម​ដាក់​រូបថត​មួយ​សន្លឹក រួម​ជាមួយ​នឹង​សំណេរ​បរិយាយ​​​អំពី​​រូបភាព​របស់​ពួកគេ​តំណាងឱ្យ​ទិដ្ឋភាព​នៃ STEM​។​

ក្នុងចំណោម​បេក្ខភាព​ចុងក្រោយ រូបថត​របស់កុមារា ​សំណាង ​អាយុ ១៥​ ឆ្នាំ​ដែលមាន​ចំណងជើង​ថា ធម្មជាតិ (​អ្នក​សង្គ្រោះ​ជីវិត​) បង្ហាញ​ពី​ផ្កា​ពណ៌​ផ្កាឈូក​រស់​រវើក​ដែល​ដុះ​ចេញពី​ថ្ម តំណាងឱ្យ​ភាព​ធន់ និង​ការផ្សារភ្ជាប់​ពិភព​ធម្មជាតិ​ទៅនឹង​វិទ្យាសាស្ត្រ​។​

​កុមារ ពេជ្រ សុខា អាយុ ១៤ ឆ្នាំ ដែល​រូបថត​​ដ៏​ទាក់ទាញ​របស់កុមារី​​បាន​ផ្ដោត​លើ​ផ្កាភ្លើង​ពី​ការ​​ផ្សារ​ដែក​ដែលចាំង​ឆ្លុះ​​ក្នុង​ភ្នែក​​បង្កើតជា​រាងខ្ញែ​សមុទ្រ​​។​

កុមារី សុខា ថ្នាក់​ទី ៨ នៅ​សាលា Neeson Cripps Academy​ បាន​និយាយថា​៖ «​​ខ្ញុំ​ចូលចិត្ត​សមុទ្រ ប៉ុន្តែ​ខ្ញុំ​មិនដែល​ទៅ​ទីនោះ​ទេ​។ ពេល​ខ្ញុំ​មើល​រឿង​ភាគ ខ្ញុំ​ឃើញ​មនុស្ស​មុជ​ចូល​សមុទ្រ​មើល​ផ្កាថ្ម​។ ខ្ញុំ​ក៏​ចង់​ទទួលបាន​បទពិសោធន៍​ដែរ​​​។ ​​​ប្រសិនបើ​អ្នក​ក្រឡេកមើល​រូបភាព​របស់ខ្ញុំ គោលបំណង​របស់ខ្ញុំ​គឺ​ចង់បង្ហាញ​អ្នក​នូវ​ការស្រមើស្រមៃ​។ ខ្ញុំ​មិន​ជឿថា វា​ប្រែ​ក្លាយទៅជាខ្ញែ​សមុទ្រ​ទេ​​»​។​

កុមារ ពេជ្រ សុខា អាយុ ១៤ ឆ្នាំ បានផ្ដោតលើផ្កាភ្លើងពីការផ្សារដែកចាំងឆ្លុះក្នុងភ្នែកបង្កើតជារាងខ្ញែសមុទ្រ ដែលបង្ហាញអត្ថន័យពីក្ដីស្រមៃចង់ឃើញមហាសាគរ។ រូបថត សហការី

យុវជន សុខ​ជា សិស្ស​ថ្នាក់​ទី ១២ បាន​ចូលរួមចំណែក​បង្កើត​គំនិត​មួយ​ដែលមាន​ចំណងជើង​ថា «ការធ្លាក់ចុះ​នៃ​និម្មិត» ដែល​ស្វែងយល់​ពី​ផលប៉ះពាល់​នៃ​​​អន​ឡាញ​លើជីវិត​បុគ្គល​នីមួយៗ​​។​

​លោក សុខ​ជា ដែល​ប្រាថ្នា​ចង់​បន្ត​អាជីព​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ បាន​និយាយថា៖ «​បច្ចេកវិទ្យា​តែងតែ​​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​ ហើយ​ខ្ញុំ​ចង់បង្ហាញ​ពី​របៀប​ដែល​ពេលខ្លះ​វា​អាច​គ្របដណ្ដប់​លើ​ជីវិត​ពិត​របស់​យើង​»។​

​ពិព័រណ៍​ដែល​អ​បអរ​​ខួប​២០​ឆ្នាំ​នៃ​អង្គការ​ CCF ផ្តល់ឱ្យ​អ្នកទស្សនា​នូវ​ទិដ្ឋភាព​នៃ​ដំណើរ​ផ្លាស់ប្តូរ​របស់​អង្គការ តាំងពី​ការចាប់ផ្តើម​ជួយ​កុមារ​ពី​អតីត​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ រហូតដល់​តួនាទី​បច្ចុប្បន្ន​ក្នុង​ការផ្តល់​ការអប់រំ​ដល់​សិស្ស​ជិត ១៧០០ នាក់​ ដែល​ទទួល​បាន​ពន្លឺ​ជីវិត​ថ្មី។​

​រូបថត​ទាំងនេះ​​​ជាការ​បញ្ចេញមតិ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ការឆ្លុះបញ្ចាំង​ពីបទ​ពិសោធន៍ និង​សេចក្តីប្រាថ្នា​របស់​សិស្ស ដែល​បង្ហាញ​ដោយ​ការចូលរួម​របស់​ពួកគេ​ក្នុង​ការអប់រំ STEM​។​

ការតាំងពិព័រណ៍​នេះ​មាន​រូបថត​ចំនួន ១០ សន្លឹក​ដែល​បានជ្រើសរើស​ពី​ការប្រកួតប្រជែង​ដែល​បង្កើតឡើង​ដើម្បី​បំផុសគំនិត​សិស្សានុសិស្ស​​ឱ្យ​ស្វែងយល់​ពី​ STEM នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​តាមរយៈ​ការថតរូប​។​ រូបថត សហការី​

​អ្នកទស្សនា​ការតាំងពិព័រណ៍​​​អាច​បោះឆ្នោត​សម្រាប់​រូបថត​ដែល​​ចូលចិត្ត ដោយ​ឥទ្ធិពល​នៃ​សន្លឹក​ឆ្នោត​អាច​ប្រែ​ក្លាយជា​រង្វាន់​ដល់​បេក្ខជន​ទាំង​ ១០​ រួម​ជាមួយ​ការ​​វាយ​តម្លៃ​​ពី​ក្រុម​ចៅក្រម ​​រួមមាន លោក ស្កុត នីសុន​​ ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ CCF និងលោក​ Renaud Dion សហ​ស្ថាបនិក​ភោជនីយដ្ឋាន Wild​។​

​លោក Dion បាន​ចែករំលែក​ថា​៖ «​ការតាំងពិព័រណ៍នេះ​​មិន​ត្រឹមតែ​បង្ហាញ​ពី​ទេពកោសល្យ​របស់​អ្នក​ថតរូប​វ័យក្មេង​ទាំងនេះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រឹង​អំណាច​នៃ​ការអប់រំ​ដើម្បី​បើកទ្វារ​សម្រាប់​កុមារ​ដែល​ជួប​ការលំបាក​​​។ ​​យើង​មាន​សេចក្តីរំភើប​រីករាយ​ក្នុងការ​សហការ​ជាមួយ CCF និង​ផ្តល់​ទីកន្លែង​​សម្រាប់​សិស្ស​ទាំងនេះ​ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​»។​

រូបថតទាំងនេះជាការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត និងការឆ្លុះបញ្ចាំងពីបទពិសោធន៍ និងសេចក្តីប្រាថ្នារបស់សិស្ស ក្នុងការអប់រំ STEM តាំងបង្ហាញនៅភោជនីយដ្ឋាន Wild។ រូបថត សហការី

​ការតាំង​ពិ​ពិព័រណ៍​​រូបថត «STEM In My Life» បើក​ជា​សាធារណៈ​នៅ​ភោជនីយដ្ឋាន Wild ក្នុង​រាជធានី​ភ្នំពេញ រហូតដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ដោយមាន​ការចូល​ទស្ស​នា​ដោយ​ឥតគិតថ្លៃ​។​

​មូលនិធិ​កុមារ​កម្ពុជា បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៤ មាន​គោលបំណង​លើក​កុមារ​ចេញពី​ភាពក្រីក្រ តាមរយៈ​ការអប់រំ និង​ការគាំទ្រ​សហគមន៍ ផ្តល់​អំណាច​ឱ្យ​ពួកគេ​ក្លាយជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ​នៅ​កម្ពុជា៕ ​