ភ្នំពេញ៖ ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​ចោទ​ប្រកាន់​របស់​កាសែត The Nation Thailand នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៤។

កាសែត​ថៃ​មួយ​នេះ​បាន​ចុះផ្សាយ​ថា ក្រសួង​ទេសចរណ៍​កម្ពុជា​មិន​បាន​រៀបចំ និង​ស្វាគមន៍​អ្នក​ចូលរួម​កម្មវិធី​ប្រកួត Miss Grand International 2024 ឱ្យ​បាន​ត្រឹមត្រូវ ដែល​នាំ​ឱ្យ​កម្ពុជា​ត្រូវ​លុបចោល​តួនាទី​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ភ្លាមៗ។

យោងតាម​ការ​បង្ហោះ​ហ្វេសប៊ុក​របស់ The Nation Thailand ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដែល​ត្រូវ​បាន​លើក​ឡើង​សម្រាប់​ការ​លុបចោល​គឺ​អវត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ដូច​បាន​សន្យា ក៏ដូចជា​ការ​ខកខាន​របស់​មន្ត្រី​កម្ពុជា​ក្នុង​ការ​ស្វាគមន៍​បេក្ខភាព​បវរកញ្ញា​នៅពេល​ពួកគេ​បាន​មក​ដល់។


ការ​ចោទ​ប្រកាន់​ទាំងនេះ​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មាធិការរៀបចំ​កម្មវិធី Miss Grand International ក្នុង​ការ​ផ្លាស់ប្តូរ​ព្រឹត្តិការណ៍​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ។

សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា៖ «ក្រសួង​ទេសចរណ៍ សូម​ច្រានចោល និង​បដិសេដ​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​ខាងលើ​នេះ ដែល​ខុសពី​ការ​ពិត​ទាំង​ស្រុង និង​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»​។


ក្រសួង​បាន​បំភ្លឺ​ថា តាម​ពិត​ទៅ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ បាន​ជួប​ជាមួយ​អ្នករៀបចំ​កម្មវិធី Miss Grand International 2024 និង​បេក្ខនារី​ទាំងអស់​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ទីស្នាក់​ការ​ក្រសួង។

ក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អ្នកចូលរួម និង​បាន​ពិភាក្សា​អំពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ព្រឹត្តិការណ៍​នេះ​ក្នុងការ​លើក​កម្ពស់​វប្បធម៌ និង​ទេសចរណ៍​របស់​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត ក្រសួង​បាន​សង្កត់​ធ្ងន់​ថា៖ «ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ពុំ​ធ្លាប់​បាន​សន្យា​ថា​នឹង​ចូលរួម​សន្និសីទ​កាសែត និង/ឬ​កម្មវិធី​ណា​មួយ​ផ្សេង​ទៀត ក្រៅ​អំពី​ការ​ទទួល​ជួប​សំណេះសំណាល ជាមួយ​ប្រតិភូ និង​បេក្ខនារី»។

ក្រសួង​ក៏បាន​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​យ៉ាង​រលូន​ជាមួយ​ស្ថាប័ន​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចូល ចេញ និង​ទស្សនាការ​ប្រកួត​របស់​បេក្ខជន។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា៖​«ក្រសួង​ទេសចរណ៍ ស្នើឱ្យ​សារព័ត៌មាន The Nation Thailand កែតម្រូវ និង​បញ្ឈប់​រាល់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ខាង​លើ និង​ត្រូវ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ»។

កញ្ញា​ ប៊ី សុធារី បេក្ខភាព​បវរកញ្ញា Miss Grand Cambodia 2024 និង​កញ្ញា​ឯក​ Miss Grand International ជួប​សម្តែង​ការ​គួរ​សមជាមួយ​លោក ហួត ហាក់​ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ កាលពីថ្អៃទី ៦ ខែ​តុលា​។ MGC

ទំព័រ​ហ្វេសប៊ុក Miss Grand Cambodia (MGC) បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​និង​បាន​សរសេរ​ថា កម្រង​រូប​ភាព​ក្នុង​ស្នាម​ញញឹម​នៃ​ជំនួប​ដ៏​កក់ក្តៅ​ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​របស់​ស្ថាប័ន​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា និង​ក្រុម​ការងារ MGI កាលពី​ព្រឹក​ថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៤ នេះ។

MGC បាន​ឱ្យ​ដឹង​ថា៖ «ក្នុង​នាម​ស្ថាប័ន​ជាតិ និង​អន្តរជាតិ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ក្រសួង​ទេសចរណ៍​ក្នុង​ការ​ផ្តល់​កិច្ចសហការ​គាំទ្រ​ចំពោះ​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ»។

ហ្វេសប៊ុក​នេះ​បាន​បន្ដ​ថា៖ «យើង​ខ្ញុំ​ទទួលបាន​ការ​ស្វាមគមន៍​យ៉ាង​កក់ក្តៅ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី និង​សមាជិក សមាជិកា​ទាំង​អស់នៃ​ក្រសួង​ទេសចរណ៍​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។ យើង​ខ្ញុំ​សង្ឃឹម​ថា​ព្រឹត្តិការណ៍​មួយ​នេះ នឹង​រួមចំណែក​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្បី​សុះសាយ​ទូទាំង​សកលលោក»។

លោកស្រី អ៊ឹម សុគន្ធា ជា​អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ​និង​បច្ចុប្បន្ន​ជា​ម្ចាស់​ក្រុមហ៊ុន HK7 បាន​ចុះ​ហត្ថលេខា​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ថ្មី​ក្នុង​កម្មវិធី Miss Grand Cambodia បាន​ធ្វើ​ការ​បកស្រាយ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃទី៩ ខែ​តុលា​នេះ។

លោកស្រី​បាន​ឱ្យ​ដឹង​ថា ការ​សម្រេច​ចិត្ដ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត Miss Grand International (MGI) បី​វគ្គ និង​បី​វគ្គទៀ​ត រៀបចំ​នៅ​ប្រទេស​ថៃ​ ដោយ​មាន​ការ​​ផ្ដល់​ជំនួយ​បច្ចេកទេស​ពី​លោក Nawat Itsaragrisil  និង​ការ​ចំណាយ​ពី​ភាគី​កម្ពុជា។

អ្នករៀបចំ​ និង​កញ្ញា​ឯក​ Miss Grand International ជួប​សម្តែង​ការ​គួរ​សមជាមួយ​លោក ហួត ហាក់​ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី ៦ ខែ​តុលា​។ MGC

លោកស្រី​បាន​អះ​អាង​ថា៖ «ខ្ញុំ​ស្រឡាញ់​កម្មវិធីនេះ និង​ចង់​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក​ ជា​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​មែន​ទែន។ កម្មវិធី​ពីថ្ងៃទី ១ រហូត​ដល់​ថ្ងៃទី ៣ យើង​ទៅ​ទទួល​បវរកញ្ញា​ពី​បណ្ដា​ប្រទេស​នានា​ដោយ​រលូត»។

ប៉ុន្ដែ​ភាព​មិន​ប្រក្រតី​បាន​កើត​ឡើង​ថ្ងៃទី ៤ ​នៅ​ពេល​លោកស្រី សុគន្ធា ទៅ​ទទួល​លោក Nawat នៅ អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ជា​កំហិត​នៅម៉ោង ១១:៣០ ខណៈ​ពេល​ភ្ញៀវ​បែរ​ជាដើរ​គេច​ពី​ក្រុម​អ្នក​ទទួល​ និង​ចូល​រថយន្ដ​ចេញដំណើរ​ទៅ​បាត់។

នៅ​ថ្ងៃទី​៥ ខែ​តុលា ជា​ពិធី​បំពាក់​ឈៀង​នៅ​សណ្ឋាគារ​សុខាភ្នំពេញ​ ដែល​លោកស្រី សុគន្ធា បាន​ឱ្យ​ដឹង​ថា វាជា​វេលា​ដ៏​លំបាក​បំផុត ដែល​របៀប​វីរៈ និង​កម្មវិធី​ត្រូវបាន​ផ្លាស់​ប្ដូរ​ រួមទាំង​ពេលវេលា​ និង​បន្ថែម​បរិក្ខា។

លោកស្រី សុគន្ធា បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា​ លោកស្រី​បាន​អញ្ជើញ​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​នៅ​ម៉ោង ៥ល្ងាច ខណៈ​កម្មវិធី​ផ្សាយ​ផ្ទាល់​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ៦​ល្ងាច។ ប៉ុន្ដែ​លោក Nawat ទាមទារ​ឱ្យ​បិទ​សាល​អគារ​នៅសណ្ឋាគារ​នៅ​ម៉ោង ៤ ដើម្បី​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​មុន​ម៉ោង​កំណត់​។

លោកស្រី​និយាយ​ទាំង​អួល​ដើមក​ថា​៖ «​គាត់​ទៅ​ live កម្មវិធី​ម៉ោង ៤។ ខ្ញុំ​ បងប្អូន​ទាំងអស់ ខ្ញុំ​និយាយ​មែន​ ញ័រដៃ​ញ័រ​ជើងណាស់ ពីព្រោះ​ខ្ញុំ​ជា​អ្នក​អញ្ជើញគេ [រដ្ឋមន្ដ្រី] អ្នក​ធំ គិតមើល។ ខ្ញុំ​ភ័យ​ណាស់ គាត់​ធ្វើ​អ៊ីចឹង​ដាក់​ខ្ញុំ​ ហើយ​បើ​មាន​បញ្ហា នរណា​ជា​អ្នក​ដោះស្រាយ មិន​ខ្ញុំ​ជា​អ្នក​ដោះស្រាយ ពីព្រោះ​ខ្ញុំ​ជា​អ្នក​អញ្ជើញ​ថ្នាក់​ដឹកនាំមក​»។

លោកស្រី បានបន្ថែមថា លោករដ្ឋមន្ដ្រី​ទទួល​យក​ការ​លុប​ចោល​ចំពោះ​ការ​ចូលរួម​នោះ​។ ប៉ុន្ដែ​លោក Nawat បែរ​ជាហ៊ាន​និយាយ​ថា ថ្នាក់​ដឹកនាំ​មិន​ចូលរួម និងមិន​ផ្ដល់​កិត្ដិយស​ឱ្យ​រូប​លោក។ លោកស្រី​បាន​ចោទ​សួរ​វិញ​ថា៖ «តើ​នរណា​ជា​អ្នក​មិន​ផ្ដល់​កិត្ដិយស​ដល់​ប្រទេស​កម្ពុជា​ពិត​ប្រាកដ?»។

លោក Nawat Itsaragrisil ប្រធានអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញា Miss Grand និងបវរកញ្ញា Miss Grand International។ MGC

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេសថៃ កញ្ញា​ឯក​ថៃ​បាន​ស្រែក​យំ​ពេល​ទៅ​ដល់​អាកាសយានដ្ឋាន​ប្រទេស​ថៃ និង​បាន​ត្អូញត្អែរថា កញ្ញា​​​ទទួល​ទាន​ពងក្រួច​ដែលមាន​ដង្កូវ​ជាដើម។

លោកស្រី សុគន្ធា ក៏​បាន​បកស្រាយ​រឿងរ៉ាវ​ដែល​ផ្ទុះ​ល្បី​ខ្លាំង​ចំពោះ​ហេតុការណ៍​ជិះ​ទូក​នោះថា នៅ​ក្នុង​ការ​វិភាគ គ្មាន​កម្មវិធី​ជិះទូក​នោះ​ទេ តែ​លោក Nawat ជា​អ្នកសំណូមពរ​ផ្ទាល់​ និង​ទទួល​ទាន​អាហារ​នៅលើ​ទូក ទោះ​បី​ជា​លោកស្រី​ព្យាយាម​បង្វែ​ទៅទីតាំង​ផ្សេង ដែល​ស័ក្ដិសម​ជាង​នេះ។

លោកស្រី​បាន​ថ្លែងថា​៖ «​ម៉ោង​ ៥ល្ងាច​ជាង ​​មេឃកំពុងភ្លៀង​ ការ​តុបតែង​ផ្សេងៗនៅ​តុ ត្រូវបាន​រុះ​រើ​ចេញ​ និង​បារម្ភ​ពីការ​រៀបចំ​ឡើង​វិញ​នៅ​ម៉ោង ៧​យប់​ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​បេក្ខភាព​បវរកញ្ញា​ចំពោះ​ការ​អិល​»។

កញ្ញា​ ប៊ី សុធារី បេក្ខភាព​បវរកញ្ញា Miss Grand Cambodia 2024 បាន​បញ្ជាក់ថា ការ​សម្រេច​ចិត្ដ​ផ្លាស់​ប្ដូរ​ទូក ខណៈ​ពេល​ទូកធំ​ដែល​ត្រូវបាន​រៀបចំ​មិន​ទាន់​ចូល​ចំណត លោក Nawat ជ្រើសរើស​ទូក​ផ្សេង និង​ទិញ​ពង​ក្រូច​ និង​សណ្ដែក​ដី​ជាដើម។

លោកស្រី សុគន្ធា បាន​បន្ដថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា ទូក​ដែល​ត្រូវបាន​ថត​ផ្សព្វផ្សាយ​នោះ គឺជា​ទូក​ដែលគាត់ [Nawat] ជ្រើស​រើស​ខ្លួន​ឯង​ មិន​មែនជា​ទូក​ដែល​នាង​ខ្ញុំ​រៀបចំ​ជូនគាត់​នោះទេ។ ចំណែក​ឯ​ពងក្រួច និង​សណ្ដែកដី គាត់ជា​ទិញ និងរៀបចំ​ខ្លួន​ឯង តែ​នាង​ខ្ញុំ​ជា​អ្នក​ចេញ​លុយ​»។

រហូតមកដល់​ពេលនេះ បេក្ខនារី Miss Grand International 2024 បាន​បន្ត​ការ​ប្រកួត​​នៅក្នុង​ប្រទេស​ថៃវិញ​ ខណៈដែល​ភាព​ចម្រូងចម្រាស​ជុំវិញការ​រៀបចំ​នៅ​​កម្ពុជា​មិន​ទាន់​ផុត​រលត់៕