ភ្នំពេញ៖ នៅពេលព្រះរាជ​​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ​​ចាប់ផ្តើមពីថ្ងៃ​ស្អែកទី ១៤​ដល់​ថ្ងៃទី​​១៦ ខែវិច្ឆិកានេះ​ រាជធានីភ្នំពេញ​ក៏បាន​បង្ហាញ​ខ្លោង​របារ​កាត់ទទឹងផ្លូវ ឬ​ខ្លោង​ទ្វារ​រំលេច​​​សិល្បៈ​ប្រពៃណី​ខ្មែរ​ដ៏​ប្លែក​អស្ចារ្យ​សម្រាប់​ឆ្នាំ​២០២៤​នេះ​។​


​ចំណុច​សំខាន់​នៃ​ការ​ប្រារឰព្រះរាជ​​ពិធី​នៅ​ឆ្នាំនេះ​គឺ ការ​រចនា​ក្បាច់​​បំភ្លឺ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅ​ទីតាំង​ចំនួន ៣ ដែល​ត្រូវបាន​ឆ្លាក់​ដោយ​ចម្លាក់​ដ៏​ប្រណិត ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​។

ខុសពី​ឆ្នាំមុនៗ នៅពេលដែលខ្លោង​ទ្វារ​ព្រះរាជ​​ពិធីបុណ្យ​ត្រូវបាន​បោះពុម្ព​ជាស្ទីកឃ័រ​ ការតុបតែង​នៅ​ឆ្នាំនេះ​ត្រូវបាន​ឆ្លាក់ ដោយ​បញ្ចូល​នូវភាព​វិសេស​នៃ​​សិល្បៈចម្លាក់សម័យ​អង្គរ​ដ៏រុងរឿង​។​


លោក ណាក់ ណាង ជា​អ្នក​ទទួល​ការងារ​ចម្លាក់​ក្បាច់​រចនា​ខ្លោង​របារ​កាត់​ទទឹង​ផ្លូវ (ខ្លោងទ្វារ) ​សម្រាប់​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២៤ នេះ បាន​ឱ្យ​ដឹងថា លោក​ទទួល​ការងារ​នេះជាលើកដំបូង និងមាន​លក្ខណៈ​ពិសេស​ជាង​រាល់​ៗ​ឆ្នាំ​។


ក្រោយ​ការ​ឌីហ្សាញ​ក្បាច់​រចនា​របស់​វិចិត្រករ ថៃ សាន ផ្នែក​ចម្លាក់​មាន​តួនាទី​ឆ្លាក់​រូបភាព​ទាំង​នោះ​មុនពេល​ត្រូវបាន​តម្លើង​ទៅតាម​ទីតាំងទាំង ៣​។


លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​កន្លងមក ខ្លោងទ្វារ​ស្វាគមន៍​បុណ្យ​អុំ​ទូកនេះ​ គ្រាន់តែ​ត្រូវបាន​ព្រីន​ក្រោយ​ការ​ឌីហ្សាញ រួច​បិទ​តែម្ដង​។ ប៉ុន្ដែ​ឆ្នាំ​នេះ ស្លាក​អុំទូក​ត្រូវបាន​ធ្វើ​ចេញ​ជា​ចម្លាក់​វិញ​ ដែលជា​លើក​ទីមួយ​»។

ទិដ្ឋភាព​ការ​រៀបចំតម្លើង​ខ្លោងទ្វារ​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​នៅ​វិថីព្រះ​សុធារស ក្បែរ​វត្ដ​ឧណ្ណាលោម ដែល​រចនា​ឡើងពី​អ្នក​ឌីហ្សាញ​ថៃ សាន និង​ជាង​ចម្លាក់ ណាក់ ណាង​​។ រូបថត សហការី​​

គំនិត​ផ្ដួចផ្ដើម​បង្កើត​ជា​ចម្លាក់​នេះ​ ទើប​ត្រូវបាន​សម្រេច​ដោយ​សាលា​រាជធានី​ភ្នំពេញ​ក្នុង​រយៈ​ពេល​ខ្លី​ ដែល​ទាមទារ​ក្រុម​ការងារ​ចម្លាក់​ និង​តម្លើង​ញាប់ដៃញាប់ជើង​ទាំង​យប់​ទាំង​ថ្លៃ​។

លោក ណាង បាន​ឱ្យ​ដឹងថា ក្រោយ​បញ្ចប់​ការ​តម្លើង​នៅ​ទីតាំង​វត្ដ​ឧណ្ណាលោម​ រួច​បន្ដ​ទៅ​ទីតាំង​វត្ដភ្នំ​ និង​រៀបចំ​ទីតាំង​ចុង​ក្រោយ​នៅ​វិមាន​ឯករាជ្យ ដែល​ត្រូវ​បញ្ចប់​នា​រាត្រីនេះ មុន​ពេល​ពិធី​បុណ្យ​អុំទូក​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​។

ចម្លាក់​ក្បាល​នាគពី​ស្នោ​ មុនពេល​ត្រូវយក​ទៅលាប​ និងតម្លើង​នៅតាម​គោលដៅ​ ដែល​ខុសពី​ឆ្នាំ​កន្លងមក ខ្លោងទ្វារ​ត្រូវបាន​ធ្វើ​ឡើង​ជា​រូបភាព​ព្រីន​​​។ រូបថត សហការី​

ជាមួយ​ក្រុម​ការងារ​ជា​អ្នក​សិល្បៈ​ចម្លាក់ប្រមាណ ២០​នាក់​​ លោក ណាង បាន​បញ្ជាក់ថា ពួកគេ​ស្ម័គ្រចិត្ដ​ចូលរួម​ក្នុង​គម្រោង​នេះ​សម្រុក​ការងារ​រហូតដល់​អាធ្រាត្រ​ដើម្បី​សម្រេច​គោលបំណង​ចម្លាក់​ស្វាគមន៍​ព្រះរាជពិធីបុណ្យ​អុំទូក​ទាន់​ពេល​វេលា។

លោក ថៃ សាន ជាវិចិត្រកររចនា​ក្បាច់​រូបភាព និង​ក្បាច់​បុរាណខ្មែរ បាន​និយាយថា ឆ្នាំនេះ ក្រុម​ការងារ​របស់​លោក​ធ្វើ​ការ​ឌីហ្សាញ​លើ​ស្នោរ ​​ខុសពីឆ្នាំ​កន្លងទៅ​ ដែល​ធ្វើ​ឡើង​លើ​ស្ទីកឃ័រ និងបិទ​លើ​បន្ទះ​រឹង​។

លោកបាន​ឱ្យដឹងថា ឆ្នាំ​នេះ គណកម្មាធិការ​បុណ្យ​ជាតិ និង​អន្ដរជាតិ​រៀបចំ​ធំ ហើយ​ខាង​សាលា​រាជធានី​ភ្នំពេញ​បា​នចាត់​ចែក​ឱ្យ​លោក​ឌីហ្សាញ​លើ​ស្នោរ​វិញ​ដើម្បី​ឱ្យ​ប្លែក​ជាង​ឆ្នាំ​មុនៗ​។

លោក ណាក់ ណាង ថតរូបសែលហ្វី​អំឡុងពេល​បំពេញ​ការងារ​ទាំង​យប់ ទាំង​ថ្ងៃ​ក្នុង​ការ​ឆ្លាក់​ក្បាច់​រចនា​បុរាណ​ខ្មែរ​សម្រាប់​អបអរ​ព្រះរាជពិធី​បុណ្យ​អុំទូក​។ រូបថត សហការី​

ជាអ្នកឌីហ្សាញ​ខ្លោងទ្វារ​សង្ក្រាន​ព្រៃវែង​ដ៏​ល្បីល្បាញ លោក សាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «ចំពោះការ​ឌីហ្សាញ​នេះ វាជា​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ពីព្រោះ​ខ្ញុំ​បា​ន​ធ្វើ​កិច្ចការ​នេះ​យូរ​ឆ្នាំ​ដែរ​ហើយ​ ហើយ​មានការ​កែតម្រូវ​ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ ដែលលោកបាន​កែ​សម្រួល​»។

លោក​បាន​បន្ថែមថា​៖ «​ជា​ទូទៅ ក្បាច់​បុរាណដែល​ខ្ញុំ​ជ្រើសរើស​យកមក​នេះ ជា​ក្បាច់​សម័យ​អង្គរ ដែល​ជា​សម័យ​កាល​ដ៏​រុង​រឿង​មួយ​របស់​ខ្មែរ ដែលជា​ទូទៅ​ គេ​ក្រឡេក​មើល​ឃើញ​ប្រាកដ​ជា​ស្គាល់​»។

សង្ក្រាន្ត​ឆ្នាំ​២០១៨ វិចិត្រករ ថៃ សាន បាន​ទាញយក​ចំណាប់អារម្មណ៍​មហាជន បន្ទាប់ពី​បាន​ឌី​ហ្សា​ញ​គំនូរ​ខ្លោងទ្វារ​សង្ក្រាន្ត​ព្រៃវែង ដែល​រំលេច​នូវ​រចនាប័ទ្ម​គួ​ស្រូវ​ធំ និង​ទេវតា​ពីរ​អង្គ​។

ដោយសារ​តែ​ពេលវេលា​ខ្លី​ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ ក្រុម​ការងារ​ទាំង​អស់​ត្រូវ​រៀបចំ​តុបតែង​ខ្លោង​ទ្វារ​ ៣​គោល​ដៅ​ លោក​ សាន បាន​អរគុណ​ដល់​ក្រុមសមាជិក​ទាំអស់​ រួមទាំង ក្រុម​ការងារ​របស់លោក ណាង៕