ភ្នំពេញ៖ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​​និង​កំពុង​​​ផ្ដល់​ភាពងាយស្រួល​ដល់ផលិតករ​ទាំង​ជាតិ និងអន្ដរជាតិ​ក្នុង​​ការ​ផលិត​ភាពយន្ដ​នៅ​កម្ពុជា​ ទាំង​ការ​ផ្ដល់​រយៈ​ពេល​ខ្លី​ក្នុង​ការ​ស្នើសុំ ការ​ផ្ដល់​ទីតាំងថត ការ​ចូលរួម​ចំណែក​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ដើម្បី​ផ្សព្វផ្សាយសក្តានុពល​នៃ​សិល្បៈ​វប្បធម៌ ប្រពៃណី និង​តំបន់​ទេសចរណ៍​ទៅ​កាន់​​ឆាក​អន្ដរជាតិ។ 

តបតាម​​ការ​ស្នើ​សុំរបស់​ក្រសួង​វប្បធម៌​វប្បធម៌ និង​វិចិត្រសិល្បៈ ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​បាន​សម្រេច​​លើ​គោលការណ៍​សម្រួល​ដល់​ស​កម្ម​ភាព​ថត​ភាពយន្ត​នៅ​កម្ពុជា ដែល​មិនតម្រូវ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​ដែនដី មិនត្រូវ​ពិនិត្យ​បន្ថែម​លើ​អត្ថបទ​និពន្ធ​ភាពយន្ត​នោះឡើយ ក្រោយ​ទទួលបាន​លិខិតអនុញ្ញាត​និង​សំណើរ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

យោង​តាម​សេចក្ដីសម្រេច បាន​បង្ហាញថា​៖ «បន្ទាប់ពី​ចេញ​លិខិតអនុញ្ញាត​ថត ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវ​បន្ត​សម្របសម្រួល​ទីតាំង​ថត​ភាពយន្ត ជាមួយ​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ដែនដី តាមរយៈ​លិខិត​ជូនដំណឹង​ស្នើសុំ​ទីតាំង​ជូន​ផលិតករ​។ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​ដែនដី ​ត្រូវ​កាត់បន្ថយ​រយៈពេល​នៃ​ការផ្តល់​លិខិតអនុញ្ញាត​ទីតាំង​ថត ឱ្យមក​ត្រឹម​រយៈពេល​យ៉ាងយូរបំផុត​៣​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​»។


ផលិតករ តារាភាពយន្ដ និងក្រុមផលិតភាពយន្ដរឿង “Monsters of Man”។ រូបថត សហការី

​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈក៏​បន្ដ​រក្សា​រយៈពេល​កំណត់​ក្នុងការ​ពិនិត្យ​អនុញ្ញាត​ថត​ភាពយន្ត ​យ៉ាងយូរបំផុត ​៥ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ សម្រាប់​ការពិនិត្យ​ និង​ចេញ​លិខិតអនុញ្ញាត​ថត​ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ភាគ​ទូរទស្សន៍ ចម្រៀង​កាយវិការ (​ខារ៉ាអូខេ​) ភាពយន្ត​ឯកសារ ខ្នាត​ខ្លី និង​ស្បត​ពាណិជ្ជកម្ម និង​យ៉ាងយូរបំផុត​ ​១៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ សម្រាប់​ភាពយន្ត​ខ្នាត​វែង​។


​យ៉ាង​ណាមិញ ផលិតករ​ត្រូវគោរព​ទៅតាម​គោលការណ៍ ​និង​តម្លៃ​សេវា​នៅតាម​ទីតាំង​សាធារណៈ​នានា ស្ថិតក្រោម ការគ្រប់គ្រង​របស់រ​ដ្ឋ រីឯ​ទីតាំង​សាធារណៈ​ផ្សេងទៀត ដែល​ពុំទាន់​មានការ​កំណត់​តម្លៃ​សេវា មិន​តម្រូវឱ្យ​មានការ​បង់ថ្លៃ​សេវា​ថត ឬ​តម្កល់​ប្រាក់​ធានា​សម្រាប់​ថត​ភាពយន្ត​នោះឡើយ រហូតដល់​មានការ​កំណត់​តម្លៃ ផ្លូវការ ក្នុងពេល​ណាមួយ​នាពេល​អនាគត​។​

ផលិតករ​ជនជាតិ​អូស្ដ្រាលី​បាន​មក​ថត​ភាពយន្ដ​​រឿង “Monsters of Man” ​​នៅ​កម្ពុជាក្នុង​ឆ្នាំ​២០១៦​។ រូបថត សហការី​

សេចក្ដី​សម្រេច​ក៏​បាន​ធានាថា ផលិតករ​ភាពយន្ត ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការខូចខាត​នានា​លើ​ទីតាំង​ថត ព្រមទាំង​ត្រូវ​ចូលរួម​ថែរក្សា អនាម័យ​និង​សណ្តាប់ធ្នាប់​សាធារណៈ​។

លើស​ពីនេះ ក្រុមហ៊ុន​ឯកជន​ដែល​ទទួលបាន​កិច្ចសន្យា​សម្បទាន​សេដ្ឋកិច្ច ត្រូវ​សម្របសម្រួល​ផ្តល់​ទីតាំង​ថត​ភាពយន្ត និង​គួរ​បង្ក​ភាពអនុគ្រោះ​ដល់​សកម្មភាព​ផលិតភាព​យន្ត ជាពិសេស​តម្លៃ​សេវា​លើ​ទីតាំង​ថត​។

យោងតាម​សេចក្ដី​ប្រកាសរបស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បន្ដថា គោលការណ៍​សម្រួល​ដល់​សកម្មភាព​នៃ​ការថត​ភាពយន្ត​នៅ​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូនដល់​ផលិត​ករ​ភាពយន្ត​កម្ពុជា និង​​អ្នកសម្របសម្រួល​ការផលិត​ភាពយន្ត​បរទេស​នៅ​កម្ពុជា​ទាំងអស់ ព្រមទាំង​បាន​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មួយ​ភាគ​ធំ​របស់​វិស័យ​ភាពយន្ត​កម្ពុជា​។​

តារាភាពយន្ដ​ខ្មែរ ម៉ា រីណែត ដើរតួសំខាន់ក្នុងភាពយន្ត ​​រឿង “Monsters of Man” ហើយនិយាយទាំងភាសាខ្មែរ និងអង់គ្លេស។ រូបថត សហការី​

​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បញ្ជាក់​ជំហថា​៖ «ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​នឹង​បន្ត​ចូលរួម​សហការ និង​ជំរុញ​ការផ្តល់សេវា​ថត​ភាពយន្ត​ជូន​ផលិតករ​ឱ្យ​​មាន​ប្រសិទ្ធភាព តម្លាភាព ព្រមទាំង​ជួយ​សម្របសម្រួល​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​រាជធានី​ខេត្ត​ក្នុង​ការសម្រួល​ផ្តល់​ទីតាំង​ថត​ភាពយន្ត ជូន​ផលិតករ​ជាតិ អន្តរជាតិ ដែល​មក​ថត​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​សិល្បៈ​វប្បធម៌ ប្រពៃណី និង​តំបន់​ទេសចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ឆាក​អន្តរជាតិ»៕