ភ្នំពេញ៖ មហោស្រព​រូបថត​ភ្នំពេញ​ឆ្នាំនេះ​នាំមក​នូវ​រឿងរ៉ាវ​នៃ​ការ​ផ្សងព្រេង ភាពក្លាហាន និង​ចំណង​ដែល​មិនអាច​បំបែក​បាន​តាមរយៈ​កែវភ្នែក​របស់​នារី​ខ្មែរ​ដ៏​ក្លាហាន​ពីរ​នាក់​គឺ សឿ​ម ហឿង និងចៅ សោ​ភ័​ណ។​


ការតាំងពិព័រណ៍​រប​ស់​ពួកគេ «សេរីភាពនារី​​ពីរ​នាក់» ដែល​រៀបចំ​នៅ The Peak ចាប់ពី​ថ្ងៃទី ១៩ ខែវិច្ឆិកា​ដល់​ថ្ងៃទី ១២​ ខែធ្នូ ឆ្នាំ ២០២៤​ រៀបរាប់​ដំណើរ​ដ៏​អស្ចារ្យ​មួយ​ឆ្លងកាត់​ខេត្ត​ចំនួន ២៥​ របស់​ប្រទេស​កម្ពុជា​ដោយការ​ជិះ​​ម៉ូតូ ​លើ​ចម្ងាយផ្លូវ​​ជាង ១២០០០ គីឡូម៉ែត្រ​ក្នុង​រយៈពេល ៣៦៧​ ថ្ងៃ​។​

ការតាំងពិព័រណ៍​រូបថតបើក​ទូលាយ​ដល់​​ទស្សនិកជន​ចូលទៅក្នុង​ពិភព​នៃ​សេរីភាព​ ជា​ប្រធានបទ​ចម្បង​​នៅក្នុង​រូបភាព​នីមួយៗ​។​


ក្រុម​អ្នក​រៀបចំ​មហោស្រព​បានចោទ​ជា​សំណួរ​ថា​៖ «​​តើ​វា​មាន​អារម្មណ៍​យ៉ាងណា​ក្នុងការ​ធ្វើជា​តាមអ្វីដែលអ្នកចង់បាន​​​? តើ​អស្ចារ្យ​ប៉ុនណា​ទៅនៅពេល​ដែលអាច​ធ្វើ​ឱ្យ​ក្ដី​ស្រមៃរបស់​អ្នក​ក្លាយជា​ការពិត​?»។ ​


អ្នក​រៀបចំ​បាន​បន្ដថា​៖ «​​ដំណើរ​របស់ ហឿង និង​សោ​ភ័​ណ បង្កប់​នូវ​សំណួរ​ទាំងនេះ ដោយ​បង្ហាញ​ពី​ថាមពល​នៃ​ភាពក្លាហាន និង​ការរកឃើញ​​​ខ្លួនឯង​នៅក្នុង​ទម្រង់​​បំផុសគំនិត​ពីសេរីភាព​​»។


មិត្ត​ភក្តិ​ទាំងពីរ​បានចាប់ផ្តើម​ដំណើរ​ផ្សងព្រេង​ដោយ​បង្កើត​នូវ​បទពិសោធ​ជីវិត​រស់​នៅ​ជាមួយ​គ្នា​​ប្រចាំថ្ងៃ និង​​ទទួលយក​ភាពស្រស់ស្អាត​ធម្មជាតិ វប្បធម៌ និង​បេតិកភណ្ឌ​ដ៏​សម្បូរបែប​របស់​កម្ពុជា​។​

ពួកគេ​បាន​រុករក​ទាំង​ទេសភាព​ដ៏​ស្រស់ត្រកាល និង​ផ្លូវ​ដ៏​លំបាក បង្កើត​អនុស្សាវរីយ៍​ដែល​នឹងមាន​ពេញ​មួយជីវិត ខណៈពេលដែល​បន្ដរឹត​ចំណង​​មិត្តភាព​​​មិនអាច​បំបែក​បាន​។​

អ្នក​រៀបចំ​មហោស្រព​ពិព័រណ៍​រូបថត​ភ្នំពេញ​លើកទី​១៥ បានឱ្យដឹងថា​៖ «​គម្រោង​នេះ​គឺ​លើសពី​ការរៀបរាប់​អំពី​ការធ្វើដំណើរ​។ វា​គឺជា​ការប្រមូលផ្ដុំ​នៃ​រឿងរ៉ាវ បទពិសោធន៍ និង​រសជាតិជីវិត​​ដ៏​រស់​រវើក ដែល​ឆ្លុះបញ្ចាំង​ពី​ខ្លឹមសារ​នៃ​ជីវិត​នៅក្នុង​ប្រទេស​កម្ពុជា»​។​

ការធ្វើដំណើរ​របស់​ពួកគេ​មិនមែន​ត្រឹមតែ​រាប់លើ​ចម្ងាយ​ផ្លូវ​រាប់​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អំពី​​ការផ្តល់​សិទ្ធិអំណាច និង​ការ​ស្រវា​យក​សេចក្តី​រីករាយដំណើរ​លើ​ដែន​ដី​សុវណ្ណភូមិ​នេះ​ផង​ដែរ​។ ​

អ្នក​នាង សឿម ហឿង ដែល​មកពី​ខេត្តសៀមរាប និង​បាន​សិក្សា​ផ្នែក​សេដ្ឋកិច្ច​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ក្នុង​រាជធានី​ភ្នំពេញ បាន​​ធ្វើការ​លើ​គម្រោង​អប់រំ និង​បរិស្ថាន​។​

ក្រោយមក អ្នក​​នាង​បានឈ្នះ​អាហារូបករណ៍​ទៅ​សិក្សា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ ដោយ​បន្ត​ការប្តេជ្ញាចិត្ត​​ក្នុងការ​អភិវឌ្ឍ​សហគមន៍​។​

ទន្ទឹមនឹងនោះ ដៃគូ​ធ្វើដំណើរ​របស់អ្នក​​នាង​គឺ អ្នកនាង​ សោ​ភ័​ណ ជា​អ្នកតស៊ូ​មតិ​យ៉ាង​មុតមាំ​សម្រាប់​ការពង្រឹង​សិទ្ធិអំណាច​យុវជន និង​ស្ត្រី ជាមួយនឹង​បទពិសោធន៍​ជាង​មួយ​ទសវត្សរ៍​ក្នុង​កម្មវិធី​គណនេយ្យភាព​សង្គម ការអប់រំ និង​ជីវភាព​រស់នៅ​។​

សមិទ្ធិផល​របស់​ស្ត្រី​ទាំងពីរ បញ្ជាក់​ពី​សារៈសំខាន់​នៃ​ជំនឿ​លើ​ខ្លួនឯង​។​

អ្នក​នាង សោភ័ណ បា​ឱ្យដឹងថា​៖ «​ដំណើរ​របស់​យើង​បង្ហាញថា ​សមត្ថភាព​រប​ស់មនុស្ស​ម្នាក់​មិនត្រូវ​បានកំណត់​ដោយ​យេនឌ័រ ឬ​ឋានៈ​សង្គម​ទេ​។ ខ្ញុំ​សង្ឃឹមថា នេះ​ជាការ​បំផុសគំនិត​អ្នកដទៃឱ្យ​​មានជីវិត​ផ្ទាល់ខ្លួន និង​បង្កើត​ឱកាស​របស់​ពួកគេ​»​។​

​ចូលរួម​កម្មវិធី មហោស្រព​ពិព័រណ៍រូបថត​ភ្នំពេញ​ឆ្នាំ​២០២៤​​ ដើម្បី​ធ្វើជា​សាក្សី​ក្នុង​ដំណើរ​ដ៏ផ្សងព្រេង​​ឆ្លងកាត់​ប្រទេស​កម្ពុជា ដែល​រូបថត​នីមួយៗ​និយាយ​អំពី​ភាព​ធន់ មិត្តភាព និង​សេចក្តីស្រឡាញ់​ចំពោះ​ប្រទេស​របស់​ពួកគេ៕