ភ្នំពេញ៖ ព្រះវិហារ​ព្រះ​កុមារ​យេស៊ូ នៃ​ព្រះ​សហគមន៍​កាតូលិក​នៅ​បឹង​ទំពុន រាជធានី​ភ្នំពេញ នឹង​រៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌​ផ្ដល់​​ក្តី​សង្ឃឹម​ដល់​កុមារ​អូទីស្សឹម។

រាត្រី​តន្ត្រី​នេះ​មាន​គោលបំណង​រៃអង្គាស​ថវិកា​សម្រាប់​ការ​សាងសង់​អគារ​សិក្សា​កម្ពស់ ១០ ជាន់ ជា​មជ្ឈមណ្ឌល​នៃ​ការ​អប់រំ​និង​ការ​ថែទាំ​កុមារ​ដែល​មាន​ពិការភាព​អូទីស្សឹម ដល់ «សាលា​អប់រំ​ពិសេស​នៃ​ការ​លូតលាស់» (GSES)។

ក្រោម​ការ​ដឹកនាំ​ផ្នែក​សិល្បៈ​របស់​លោក​ស្រី Ai Iwasaki ​ជា​អ្នក​ផលិត​ចម្រៀង​ជប៉ុន​ដ៏​ល្បី និង​ជា​ផលិតករ​ប្រតិបត្តិ​នៃ​គម្រោង​ល្ខោន​អូប៉េរ៉ា​កម្ពុជា ការ​ប្រគំតន្ត្រី «A Mozart Spiritual Bouquet» របស់​ក្រុម Cambodia Opera Project និង MusiCA​​ នឹង​មាន​ការ​លាយ​បញ្ចូល​គ្នា​នៃ​តន្ត្រី​បុរាណ និង​សកម្មភាពសប្បុរសធម៌​​នៃ​ក្តីសង្ឃឹម​សម្រាប់​កុមារ​អូទីស្សឹម​នៅ​កម្ពុជា។


គណៈកម្មាធិការ​ព្រះ​សហគមន៍​កាតូលិក​បាន​សម្រេច​ចិត្ត​លើ​ការ​សាងសង់​អគារ​ថ្មី​កម្ពស់ ១០ ជាន់​នៅ​ក្នុង​បរិវេណ​ដី​របស់​ព្រះ​វិហារ​ ដើម្បី​បម្រើ​ដល់​តម្រូវការ​បច្ចុប្បន្ន​និង​អនាគត​របស់​កុមារ អាណាព្យាបាល និង​គ្រូ​អប់រំ​ពិសេស។

អ្នកស្រី ភោគ ម៉ានី ស្ថាបនិក និង​អ្នក​សម្រប​សម្រួល​សាលា​អប់រំ​ពិសេស (GSES) បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា ចូលរួម​វិភាគទាន​ជា​ថវិកា និង​សម្ភារៈ ដើម្បី​ធានាបាន​នូវ​អគារសិក្សា​ដ៏​ទំនើប និង​ធំ​ទូលាយ​សម្រាប់​កុមារ​អូទីស្សឹម។


អ្នកស្រី​បាន​និយាយ​ថា៖ «គណៈ​គ្រប់គ្រង​សាលា អាណាព្យាបាល និងកុមារ​មាន​បញ្ហា​អូទីស្សឹម ព្រម​ទាំង​បុគ្គលិក​សាលា​អប់រំ​ពិសេស​នៃ​ការ​លូតលាស់ នឹង​កត់ត្រា ហើយ​ចងចាំ​នូវ​ទឹកចិត្ត​សប្បុរស​របស់​អ្នក​ឧបត្ថម្ភ​ទាំងអស់»។

ការ​សម្ដែង «A Mozart Spiritual Bouquet» របស់​ក្រុម​ Cambodia Opera Project និង MusiCA មាន​គោល​បំណង​បំផុស​គំនិត​មិន​ត្រឹម​តែ​ការ​កោត​សរសើរ​ចំពោះ​តន្ត្រីបុរាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បុព្វហេតុ​ផងដែរ។

អ្នកស្រី Iwasaki បាន​ឱ្យ​ដឹង​ថា៖ «តន្ត្រី​មាន​ថាមពល​ក្នុង​ការ​ព្យាបាល ការ​រួបរួម​និង​ជំរុញ​សកម្មភាព។ តាម​រយៈ​ការ​ប្រគំ​តន្ត្រី​នេះ យើង​សង្ឃឹម​ថា​នឹង​ធ្វើឱ្យ​មាន​ការ​អភិវឌ្ឍន៍​ដ៏​មាន​អត្ថន័យ​សម្រាប់​ក្មេងៗ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដ៏​មិនគួរ​ឱ្យ​ជឿ»។

កុមារ ៤៦នាក់បានចេញពីសាលាអប់រំពិសេសទៅបន្ដនៅសាលាចំណេះដឹងទូទៅ ហើយប្រមាណ ១០នាក់កំពុងសិក្សានៅសាលាអប់រំមួយវេន និងសាលាចំណេះដឹងទូទៅមួយវេន។ រូបថត សហការី

កម្មវិធី​តន្ដ្រី​សប្បុរសធម៌​នឹង​ផ្តល់​កន្លែង​អង្គុយ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ចូលរួម ខណៈ​កន្លែង​អង្គុយ VIP ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​អ្នក​ឧបត្ថម្ភ។ ការ​ឧបត្ថម្ភមាន​ប្រភេទ​មាស (១០០០ ដុល្លារ) ប្រាក់ (៥០០ ដុល្លារ) និង​សំរឹទ្ធ (១០០ ដុល្លារ​) ដោយ​បើក​ស្វាគមន៍​ម្ចាស់​អាជីវកម្ម និង​បុគ្គល​ឱ្យ​ចូលរួម​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ។

អាហារ អាហារសម្រន់ និង​កន្លែង​មើលថែ​កុមារ​តូចៗ​នឹង​ផ្ដល់​ជូន​ដល់​ភ្ញៀវ​ទាំង​អស់ ដោយ​ធានា​បាន​នូវ​បទពិសោធន៍​ប្រកប​ដោយ​ផាសុកភាព និង​រួម​បញ្ចូល​សម្រាប់​ទាំងអស់​គ្នា។

ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៧​ សាលា​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ពី​ផ្ទះ​មួយ​ល្វែង​សម្រាប់​បម្រើ​កុមារ​តែ​ប៉ុន្មាន​នាក់។ ប៉ុន្ដែ​បច្ចុប្បន្ន សាលា​អប់រំពិសេស​នៃ​ការ​លូតលាស់ មាន​សិស្ស​ដល់​ចំនួន ៣១៣ នាក់​នៅ​ក្នុង​ថ្នាក់​រៀន​ចំនួន ១៧ ក្រោម​ដំបូល​​ផ្ទះ​ជួល​ចំនួន ៣ល្វែង។

ទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ក៏ដោយ សម្ភារៈ​បរិក្ខារ​បច្ចុប្បន្ន​នៅតែ​មិន​គ្រប់គ្រាន់​ដើម្បី​បំពេញតម្រូវការ​ដែល​កំ​ពុង​កើនឡើង​របស់​កុមារ​អូទីស្សឹម។ សាលា​រៀន​ក៏​បន្ដ​យក​ចិត្ដ​ទុក​ដាក់​​ចំពោះ​ក្រុម​គ្រួសារ​ដែល​ប្រាថ្នា​ចង់បាន​ការគាំទ្រ​ផ្នែក​អប់រំ និង​ការព្យាបាល​គ្រប់គ្រាន់​។​

អគារ​ថ្មី​កម្ពស់ ១០​ ជាន់ គឺជា​គម្រោង​ផ្លាស់ប្តូរ​ដែល​នឹងមាន​បន្ទប់​ចំនួន ៥០​ រួមទាំង​ថ្នាក់រៀន បន្ទប់​ព្យាបាល​ផ្នែក​ចលនា បន្ទប់​ព្យាបាល​ផ្នែក​ញាណ បន្ទប់​ថែទាំ​ និង​សូម្បីតែ​អាង​ហែល​ទឹក។

រចនាសម្ព័ន្ធ​​ទំនើប​នេះ​នឹងមិន​ត្រឹមតែ​បំពេញ​តម្រូវ​ការ​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់នូវ​បរិយាកាស​ចិញ្ចឹម​បីបាច់​សម្រាប់​ការ​បណ្តុះបណ្តាល​បំណិន​ជីវិត និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​ផងដែរ។

តម្លៃ​ប៉ាន់​ស្មាន​នៃ​អគារ​នេះ​គឺ ១,៦៥ លាន​ដុល្លារ ដោយ​ត្រូវ​ការ​យ៉ាង​តិច ១ លាន​ដុល្លារ​សម្រាប់​នាំ​យក​ក្ដី​សុបិន្ត​នេះ​ក្លាយ​ជា​ការ​ពិត។

បច្ចុប្បន្ន សាលា​អប់រំពិសេសនៃការ​លូតលាស់ មាន​​សិស្ស​ដល់​ចំនួន ៣១៣​ នាក់​នៅក្នុង​ថ្នាក់រៀន​ចំនួន ១៧ នៃ​ផ្ទះ​ជួល​ចំនួន ៣ ល្វែង​។ រូបថត សហការី​

ជាមួយ​​បទពិសោធន៍​ផ្ទាល់​ក្នុង​នាម​ជាម្ដាយ​ដែល​មាន​កូន​អូទីស្សឹម អ្នកស្រី ម៉ានី បាន​ជំរុញ​ទឹកចិត្ត​អ្នកស្រី​ឱ្យ​ចាប់​ផ្តើម​គម្រោង​ត្រួស​ត្រាយ​ផ្លូវ​នេះ។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ផ្តល់​ឱកាស​នៃ​ការអប់រំ​ដល់​ពួកគេ​ ពីព្រោះ​ពួកគេ​អាច​មិន​មាន​កន្លែង​ទៅ។ គម្រោង​នេះ​មិន​ត្រឹម​តែ​ជា​អគារ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម​និង​សមភាព»។

ឥទ្ធិពល​នៃ GSES មាន​អានុភាព​លើសពី​ថ្នាក់រៀន​។ តាមរយៈ​ការផ្តល់​ការអប់រំ​សមរម្យ​សម្រាប់​កុមារ​អូទីស្សឹម សាលារៀន​នេះ​​ក៏​កាត់បន្ថយ​ភាព​តានតឹង​លើ​គ្រួសារ​ផងដែរ​។ ឪពុកម្តាយ​អាចធ្វើ​ការ ជីដូន​ជីតា​អាច​សម្រាក​បាន ហើយ​ទំនាក់ទំនង​គ្រួសារ​​​មាន​ភាព​ប្រសើរ​ឡើង។

ពន្លឺនៃ​ក្ដីសង្ឃឹម​

អ្នកស្រី គឹម ដាវន បាន​ឱ្យដឹងថា កូនប្រុសរបស់​អ្នកស្រី បាន​ចូល​រៀន​នៅ​សាលា​អប់រំ​ពិសេស​នេះ​រយៈ​ពេល​ ៧ ឆ្នាំ ​តាំងពីអាយុ​ ៤ ឆ្នាំ ហើយ​អ្នកស្រី​បាន​នាំកូន​ចូល​សាលា​ធម្មតា​នៅ​ថ្នាក់​ទីមួយ ខណៈ​បច្ចុប្បន្ន​កូន​ប្រុស​របស់​អ្នកស្រី​កំពុង​សិក្សា​ថ្នាក់ទីពីរ។

អ្នកស្រី​បាន​រំឭកថា​៖ «​កាលពី​ចូល​រៀនដំបូង ស្ថានភាព​គាត់​គឺ​អត់ស្គាល់ថា ហៅប៉ាម៉ាក់យ៉ាង​ដូចម្ដេច​ អត់អាចឆ្លើយ​សំណួរ​នរណា​បាន​ដោយ​គ្រាន់​តែ​អាច​និយាយ​បាន​តិចតួច​ និង​មាន​អាកប្បកិរិយា​ពិបាក​គ្រប់​គ្រង​ខ្លាំង​»។

សកម្មភាពសិក្សារបស់កុមារអូទីស្សឹមនៅសលាអប់រំពិសេសនៃការលូតលាស់។ រូបថត សហការី

ក្រោយ​ពី​សិក្សា​នៅ​សាលាបង្រៀនអប់រំពិសេស​នេះ​មួយ រយៈ​កូន​ប្រុស​របស់​អ្នកស្រី ដាវន អាច​បញ្ចេញសំឡេងនិយាយ​បាន​ច្រើន​ ចេះ​ជួយខ្លួនឯង និង​អាកប្បកិរិយា​ស្ងប់​។

អ្នកម្ដាយ​ដែល​មាន​អារម្មណ៍​មិនខុស​ពី​ឪពុកម្ដាយ​មាន​កូន​អូទីស្សឹមដទៃ​ទៀតនូវ​​ការ​ខ្វល់​ខ្វាយ​ចំពោះ​កូន​ បាន​អះអាងថា​៖ «បើ​អត់មានសាលានេះទេ​ ខ្ញុំ​ពិតជាលំបាកខ្លាំង​ណាស់​ ដោយសារ​​យើង​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សាលា​ឯកជនដែល​​មានតម្លៃ​សិក្សា​ចាប់​ពី​មួយ​ម៉ោង ២០​ដុល្លារឡើង​»។

ថ្វីដ្បិតតែ​កូន​ប្រុស​របស់​អ្នកស្រី​បាន​ចាក​ចេញ​ពី​សាលា​អប់រំ​ពិសេស​នេះ​រយៈ​ពេ​ល​ពីរ​ឆ្នាំ​ហើយ​ក្ដី ក៏​អ្នកស្រី​មិន​ភ្លេច​បន្ដ​ការ​គាំទ្រ និង​ជួយ​ដល់​គម្រោង​កសាង​អគារ​សិក្សា​ថ្មី​ ដែល​នឹង​បន្ដ​ជួយ​ដល់​កុមារ​អូទីស្សឹម​ជាច្រើន​ទៀត​។

អ្នកស្រី ដាវន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​អរគុណ​មែនទែនចំពោះសាលារៀន និង​លោកគ្រូ​អ្នក​គ្រូ​ដែល​យក​បេះដូង​មក​បង្រៀន​សិស្ស​។ បើ​គាត់​សាលា​នេះ និង​ពួកគាត់​ទេ កូន​ប្រុស​របស់​ខ្ញុំ​នៅតែ​លំបាក​ និង​មិនអាច​ចូល​រៀនសាលា​ដូច​ក្មេង​ដទៃ​ឡើយ​»។

អ្នកស្រី​បន្ដថា​៖ «​គ្រាន់តែ​ឮថា សាលា​មាន​គម្រោង​កសាង​អគារ​សិក្សា​ផ្ទាល់​ខ្លួន​ ខ្ញុំ​ និង​ស្វាម៉ី​ចូលរួម​ជា​ថវិកា​ភ្លាមៗ​។ ខ្ញុំ​ពិត​ជា​គាំទ្រ​ពេញ​ទំហឹង​លើសពី​១០០ភាគរយ​ទៅទៀត»​។

នេះជា​រឿង​រ៉ាវ​នៃក្ដីស្រមៃក្លាយ​ជាការ​ពិត​មួយ​របស់​អ្នក​ម្ដាយ​ដែល​មាន​កូន​អូទីស្សឹម​ក្នុង​ចំណោម​កុមារ​ជាង​ ៥០នាក់​ទៀត ដែលបាន​ធ្វើ​សមាហរណកម្ម​ទៅកាន់​សាលា​ចំណេះដឹង​ទូទៅ​។

អ្នកស្រី ម៉ានី បាន​ឱ្យដឹងថា កន្លងមក កុមារ ៤៦នាក់​បាន​ចេញ​ពី​សាលា​អប់រំ​ពិសេស​ទៅបន្ដ​នៅសាលា​ចំណេះដឹង​ទូទៅ​ ហើយ​ប្រមាណ ១០​នាក់​កំពុង​សិក្សា​នៅ​សាលា​អប់រំ​មួយ​វេន និង​សាលា​ចំណេះដឹង​ទូទៅ​មួយ​វេន​។

អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​រំពឹងថា កុមារ​ ១០​នាក់​នេះ នឹង​ផ្ដាច់​ខ្លួន​ពី​សាលា​អប់រំពិសេស​នៅ​ឆ្នាំ​ក្រោយ​»។

កុមារអូទីស្សឹមមានឱកាសបានសិក្សាចលនា ភាសា សិល្បៈ និងបំណិនជីវិត។ រូបថត សហការី

​​ការរួមបញ្ចូល​សម្រាប់​ការ​ផ្លាស់​ប្ដូរ​

​ទោះបីជា​ជោគជ័យ​ទាំងនេះ​ក៏ដោយ ដំណើរ​ឆ្ពោះទៅរកបរិយាប័ន្នភាព​​គឺ​ពោរពេញ​ដោយ​បញ្ហា​ប្រឈម​។ ការ​មាក់ងាយ​ក្នុងសង្គម និង​ធនធាន​មាន​កម្រិត ​​ធ្វើឱ្យ​កុមារ​អូទីស្សឹម​ បាត់បង់​ឱកាស​ ដោយ​ទុកឱ្យ​គ្រួសារ​គ្មាន​ជំនួយ​។​

​អ្នកស្រី ម៉ានី ​បាន​ពន្យល់ថា​ គ្រួសារ​មួយចំនួន​ប្រឈម​នឹង​ការរើសអើង​នៅពេល​ព្យាយាម​បញ្ចូល​កូន​របស់​ពួកគេ​ទៅក្នុង​សាលា​រដ្ឋ​​។​

​អ្នកស្រី​ ​បាន​និយាយថា​៖ «​នៅ​កន្លែង​សាធារណៈ​ជាច្រើន​មានការ​រើសអើង​យ៉ាងខ្លាំង​​ចំពោះ​កុមារ​ពិការ​។ ​នេះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​ឪពុកម្តាយ និង​កូនៗ​»​។​

អង្គការ​សុខភាព​ពិភពលោក (WHO) ប៉ាន់ប្រមាណ​ថា កុមារម្នាក់​ក្នុងចំណោម ១០០​ នាក់​នៅ​ទូទាំង​ពិភពលោក​មាន​​អូ​ទី​ស្សឹម (ASD) ទោះបីជា​ទិន្នន័យ​ជាក់លាក់​ចំពោះ​ប្រទេស​កម្ពុ​ជាមាន​កម្រិត​ក៏ដោយ​។​

​នេះ​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​ការបង្កើន​ការយល់ដឹង ការស្រាវជ្រាវ និង​ធនធាន​ដើម្បី​គាំទ្រ​កុមារ​​​អូ​ទី​ស្សឹម និង​គ្រួសារ​របស់​ពួកគេ​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម​។

លោក ចាន់ សារិន នាយក​វិទ្យាល័យ​អប់រំ​ពិសេស​តាខ្មៅ ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០១៩ កុមារ​ជាង ១០០០ នាក់​ដែលមាន​អូ​ទី​ស្សឹម​ត្រូវបាន​រកឃើញ​នៅក្នុង ២៥ ស្រុក នៃ​ខេត្ត​ចំនួន ៦ ។​ ​លោក​ថា ​​កុមារ​ជាង ២​ម៉ឺន​នាក់ ​មាន​​​អូ​ទី​ស្សឹម​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​លម្អិត សូមទាក់​ទាក់​​អ្នកសម្របសម្រួល អ្នកស្រី​ ភោគ ម៉ានី​ តាមរយៈទូរស័ព្ទ ០១២ ៧១៣ ១៤៨ ឬ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​សាលា​៕