មណ្ឌលគិរី៖ មហោស្រពសិល្បៈបុណ្យភូមិមានជើង ត្រៀមនាំអារម្មណ៍មហាជនទៅកាន់ដែនដីភាគឦសាន្ដនៃខេត្ដមណ្ឌលគិរីដ៏ស្រស់ត្រកាលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ រួមបញ្ចូលការប្រារឰពិធីវប្បធម៌ ការសម្តែងសិល្បៈ និងការផ្សព្វផ្សាយវិស័យទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ប្រពៃណីដ៏សម្បូរបែប និងអច្ឆរិយៈធម្មជាតិនៃតំបន់ដែលមិនសូវមានប្រជាប្រិយរបស់កម្ពុជា។
មហោស្រពសិល្បៈឆ្នាំនេះផ្តោតលើសក្តានុពលទេសចរណ៍ធម្មជាតិរបស់ខេត្តមណ្ឌលគិរី នៃតំបន់ខ្ពស់រាបវាលស្មៅដ៏ខៀវស្រងាត់ ដំរីដ៏មហិមា និងប្រពៃណីស់ជនជាតិដើមភាគតិចពូនង។
ដំរី ជាសត្វដែលបានប្រវត្តិផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយូរលង់ណាស់ហើយ មានតួនាទីសំខាន់ក្នុងព្រឹត្ដិការណ៍បុណ្យភូមិមានជើងនេះ។
កញ្ញា រិទ្ធី លំអរពេជ្រ ឬស្គាល់ជា YoKi ជាសហស្ថាបនិកបុណ្យភូមិដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ ដោយកើតចេញពីការស្រឡាញ់ល្ខោនស្រមោលស្បែកធំ បានឱ្យដឹងថា បុណ្យភូមិមានជើង គឺជាកម្មវិធីមួយរបស់កម្មវិធីបុណ្យភូមិ។
នេះជាឆ្នាំទីពីរដែលក្រុមការងារបុណ្យភូមិប្រារឰមហោស្រពសិល្បៈបុណ្យភូមិមានជើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីទីតាំង តំបន់ ក៏ដូចជាខេត្ដ អំពីអេកូទេសចរណ៍ និងសត្វ ជាគោលដៅដែលមិនសូវមានប្រជាប្រិយភាព និងកំពុងតែត្រូវការចំណាប់អារម្មណ៍ពីមហាជន។
កញ្ញា លំអរពេជ្រ បាននិយាយថា ព្រឹត្ដិការណ៍ឆ្នាំទីមួយ ត្រូវបានរៀបចំឡើងនៅខេត្ដក្រចេះ ដោយផ្ដោតសំខាន់លើផ្សោតទន្លេមេគង្គ (Mekong Dolphin)។
សហស្ថាបនិកបុណ្យភូមិរូបនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បុណ្យភូមិមានជើងលើទីពីរនៅទឹកដីមណ្ឌលគិរីនេះ យើងផ្ដោតលើជនជាតិដើមភាគតិចពូនង និងដំរីនៅភូមិភាគឦសាន្ដ»។
នេះជាការចូលរួមចំណែកផ្សព្វផ្សាយអំពីសេចក្ដីស្រឡាញ់ចំពោះសត្វដំរី ក៏ដូចជាផ្សព្វផ្សាយសក្ដានុពលអេកូទេសចរណ៍នៅលើទឹកដីដែលសម្បូរទៅដោយវាលភ្នំស្មៅដ៏ស្រស់ត្រកាល។
មហោស្រពសិល្បៈបុណ្យភូមិមានជើង នឹងផ្ដល់នូវបទពិសោធន៍វប្បធម៌ដ៏សម្បូរបែបក្នុងរយៈពេលបីថ្ងៃជាមួយប្រធានបទ និងសកម្មភាពកម្សាន្ដប្លែកៗ។
នៅថ្ងៃទី១ (ថ្ងៃទី២២ ខែវិច្ឆិកា) មហោស្រពសិល្បៈចាប់ផ្តើមដោយការប្រារឰទិវាកុមារពិភពលោកនៅសាលាបឋមសិក្សា ពូលូង ជាមួយនឹងព្រឹត្តិការណ៍ផ្តោតលើការផ្តល់សិទ្ធិអំណាចដល់កុមារ និងយុវជនក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឲ្យមានភាពស្រស់បំព្រង»។
ថ្ងៃទី២ (ថ្ងៃទី២៣ ខែវិច្ឆិកា) ប្រែក្លាយសួនដំរីដែកទៅជាកន្លែងប្រគំតន្ត្រីដ៏រីករាយ ដោយមានការសម្តែងដោយសិល្បករជនជាតិដើមភាគតិច រួមជាមួយនឹងទេពកោសល្យដ៏ល្បីមកពីរាជធានីភ្នំពេញ។
មហោស្រពនេះបានបញ្ចប់នៅថ្ងៃទី៣ (ថ្ងៃទី២៤ ខែវិច្ឆិកា) ដោយមានការតាំងបង្ហាញសិល្បៈប្រពៃណី ការសម្ដែងល្ខោនខោល និងការសម្តែងវប្បធម៌ដ៏ទាក់ទាញ រួមទាំងការសម្ដែងដោយអ្នករាំរបាំបុរាណខ្មែរដ៏ល្បីឈ្មោះ កញ្ញា សុខគា គឹមលាង ឬ Kon Ant ដែលនឹងធ្វើឱ្យទស្សនិកជនជក់ចិត្តជាមួយនឹងរឿង «ទេពធីតាក្នុងព្រៃជប់ដំរី»។
ចំណុចពិសេសមួយក្នុងពិធីបុណ្យនេះគឺការសម្ដែងល្ខោនខោល «គុជរី គុជរឹង» គឺជាសាច់រឿងមួយផ្នែកដែលដកស្រង់ចេញពីរឿង រាមកេរ្តិ៍ ជាការសម្តែងល្ខោនខោលរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលបំណងលាយបញ្ចូលកេរ្តិ៍ដំណែលសិល្បៈរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពរស់រវើកនៃការសម្ដែងសហសម័យ។
កញ្ញា លំអរពេជ្រ បានរំឭកថា៖ «មូលហេតុដែលយើងបានដាក់ឈ្មោះបុណ្យភូមិមានជើងនេះ ដោយសារយើងពាក់ស្បែកជើងឱ្យបុណ្យភូមិ ដើរទៅតាមតំបន់ ទៅតាមទីតាំង ទៅតាមខេត្ដ ដែលត្រូវការសំឡេងរបស់បុណ្យភូមិ និងការជួយជ្រោមជ្រែង លើកតម្កើន អបអរសាទរនូវអត្ដសញ្ញាណ វប្បធម៌ សិល្បៈប្រចាំតំបន់»។
កម្មវិធីបុណ្យភូមិមានជើងនេះ មានកិច្ចសហការជាមួយ UNICEF Cambodia ដែលលើកកម្ពស់សិទ្ធិកុមារ KampumEra ដែលផ្ដោតលើទៅសកម្មភាពយុវជន និងលើកកម្ពស់សិល្បៈ។
កញ្ញាបានបញ្ជាក់ថា អ្នកនៅរាជធានីភ្នំពេញក៏អាចចូលរួមកម្មវិធីបុណ្យភូមិមានជើង ដែលប្រារឰឡើងចាប់ពីថ្ងៃទី២២ ដល់ទី ២៤ ខែវិច្ឆិកា តាមរយៈរថយន្ដតម្លៃពិសេសរបស់ BookMeBus។
យោងតាម UNICEF Cambodia - ដើម្បីកុមារគ្របរូប បានឱ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំទី២ ដែលភ្លើងគប់ បុណ្យភូមិ និងយូនីសេហ្វ សហការគ្នារៀបចំបុណ្យភូមិមានជើងជាមួយនឹងការអបអរទិវាកុមារពិភពលោក ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពកុមារនិងយុវជនគឺជាការកសាងពិភពលោកឲ្យមានភាពស្រស់បំព្រង»។
UNICEF Cambodia បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកថា៖ «ថ្ងៃនេះ យើងអបអរសក្ដានុពល ភាពធន់ និងសំឡេងរបស់កុមារនៅគ្រប់ទីកន្លែង។ សូមបន្តស្តាប់គាំទ្រនិងក្រោកឈរឡើងសម្រាប់សិទ្ធិរបស់ពួកគេ ពីព្រោះកុមារគ្រប់រូបសមនឹងទទួលបានអនាគតដ៏ភ្លឺស្វាងនិងមានក្តីសង្ឃឹម។ ចូរយើងរួមគ្នាកសាងពិភពលោកដ៏ស្រស់បំព្រងមួយសម្រាប់កុមារគ្រប់រូប»៕