មណ្ឌលគិរី៖ គម្រោងអេកូទេសចរណ៍ ចាហ៊ូ ដឹកនាំដោយសហគមន៍ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់និរន្តរភាពរបស់ EXO Foundation ឆ្នាំ ២០២៤ ក្នុងប្រភេទ «ភពផែនដី – សហគ្រាសសង្គម និងអង្គការក្រៅរដ្ឋាភិបាល»។
ការទទួលស្គាល់នេះផ្តល់កិត្តិយសដល់គំនិតផ្តួចផ្តើមដែលបង្ហាញពីយុទ្ធសាស្ត្រច្នៃប្រឌិតក្នុងការចូលរួមសហគមន៍ការគ្រប់គ្រងបរិស្ថាន និងការអនុវត្តទេសចរណ៍ប្រកបដោយសីលធម៌។
លោក Chris Iverson ទីប្រឹក្សាបច្ចេកទេសអេកូទេសចរណ៍សម្រាប់សមាគមអភិរក្សសត្វព្រៃ លើកឡើងពីសារៈសំខាន់ចំពោះការជ្រើសរើសនេះ។
លោក Iverson បាននិយាយថា៖ «គំរូនៃទេសចរណ៍ដែលជំរុញដោយសហគមន៍របស់ ចាហ៊ូ បង្ហាញថា សហគមន៍ក្នុងស្រុក និងជនជាតិដើមភាគតិចអាចការពារបរិស្ថានរបស់ពួកគេ ខណៈពេលដែលធានាបាននូវជីវភាពរស់នៅកាន់តែធន់ អាស្រ័យលើការបន្តអភិរក្សសត្វព្រៃ និងព្រៃឈើដែលជិតផុតពូជ»។
ចាហ៊ូ គឺជាគម្រោងបំផុសគំនិតមួយក្នុងចំណោមគម្រោងលើកទឹកចិត្តចំនួន ៥០ ដែលត្រូវបានវាយតម្លៃដោយគណកម្មការជំនាញ ដែលត្រូវបានជ្រើសរើសក្នុងការប្រកួតប្រជែងដោយផ្អែកលើសមត្ថភាពអភិរក្សសត្វព្រៃប្រកបដោយការទទួលខុសត្រូវ និងបទពិសោធន៍វប្បធម៌នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
គំនិតផ្តួចផ្តើមនេះផ្តល់ផលវិជ្ជមានជាអតិបរមានៅក្នុងសហគមន៍មូលដ្ឋាន ការថែរក្សាធនធានធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅ។
គម្រោងទេសចរណ៍ធម្មជាតិដែលគ្រប់គ្រងដោយសហគមន៍នេះបានផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនជាតិដើមភាគតិចពូនងនៃអណ្តូងក្រឡឹង ដើម្បីធ្វើជាដៃគូស្មើគ្នាក្នុងការគ្រប់គ្រងចាហ៊ូ។
ចាប់តាំងពីឆ្នាំ ២ឥ១៣ ជំនឿប្រពៃណី និងទំនៀមទម្លាប់ត្រូវបានគោរព ខណៈដែលអ្នកស្រុកចំនួន ២៤ នាក់ត្រូវបានបណ្តុះបណ្តាល និងជួលក្នុងតួនាទីបដិសណ្ឋារកិច្ច ការណែនាំ និងការស្រាវជ្រាវ។
សកម្មភាពប្រកបដោយនិរន្តរភាព
ការប្តេជ្ញាចិត្តលើគម្រោងអេកូទេសចរណ៍ចាហ៊ូ ចំពោះនិរន្តរភាពត្រូវបានបញ្ចូលក្នុងមូលនិធិសត្វទោចរបស់ខ្លួន ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៧ ។
លោក Iverson បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ទឹកប្រាក់ជាង ៥ម៉ឺនដុល្លារត្រូវបានបង្កើតតាមរយៈមូលនិធិ សត្វទោច ដែល ៣០ ដុល្លារពីអ្នកទស្សនាម្នាក់ៗគាំទ្រដោយផ្ទាល់ដល់សកម្មភាពអភិរក្សដែលដឹកនាំដោយសហគមន៍ ពិធីវប្បធម៌ជនជាតិដើមភាគតិចពូនង និងកម្មវិធីជំនួយមនុស្សចាស់។ មូលនិធិនេះធានាថា ទេសចរណ៍ផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍»។
គម្រោងអេកូទេសចរណ៍ ចាហ៊ូ ការពារជម្រកសត្វត្រយ៉ងសំខាន់ៗចំនួន ៧០០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជ ដូចជា សត្វទោចស្ពាល់លឿងជាដើម។
លោក Iverson បាននិយាយថា៖ «នេះមិនមែនគ្រាន់តែអំពីគម្រោងអេកូទេសចរណ៍ចាហ៊ូប៉ុណ្ណោះទេ វាជាការបង្ហាញពិភពលោកនូវអ្វីដែលអាចធ្វើទៅបាន ពេលសហគមន៍រួមគ្នាដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ពួកគេ។ កិច្ចសហការគឺជាគន្លឹះក្នុងការធ្វើឱ្យទេសចរណ៍ប្រកបដោយនិរន្តរភាពជាកម្លាំងដ៏មានអត្ថន័យសម្រាប់ការអភិរក្ស»។
គាំទ្រចក្ខុវិស័យរបស់សហគមន៍ពូនងសម្រាប់អនាគតប្រកបដោយនិរន្តរភាពដោយបោះឆ្នោតឱ្យ ចាហ៊ូ។ រាល់ការបោះឆ្នោតតំណាងឱ្យជំហានឆ្ពោះទៅកាន់ការអភិរក្សទាំងបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន។
ចុចលើតំណភ្ជាប់៖ https://forms.gle/6M5HJ14bnw4VoM9G8 ហើយជ្រើសរើស «Jahoo» បន្ទាប់មក «summit»។ បោះឆ្នោតឥឡូវនេះ! ថ្ងៃផុតកំណត់គឺថ្ងៃទី ២៥ ខែវិច្ឆិកា៕