ភ្នំពេញ៖ ការបន្ថែម​ដ៏​សំខាន់​មួយ​ដល់​ប្រវត្តិសាស្ត្រ​សិល្បៈ​ខ្មែរ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា នៅ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន (ស.ស.រ)។

សារមន្ទីរ​បានទទួល​នូវ​ផ្ទាំងគំនូរ​ទី​ពីរ​ ជាស្នាដៃ​របស់​​វិចិត្រករ​ខ្មែរ​ដ៏​ល្បីឈ្មោះលោក​ ញឹក ឌឹ​ម ដោយ​មោទនភាព​ចំពោះ​ការបរិច្ចាគ​ដ៏​សប្បុរស​ពីសំណាក់​​លោក​បណ្ឌិត Milton Osborne ​ជា​អ្នកសិក្សា​អូស្ត្រាលី​ដ៏​ល្បីល្បាញ និង​ជា​អតីត​អ្នកការទូត។

ស្នាដៃ​សិល្បៈ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ជនបទ​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​សារមន្ទីរ​នៅ​ថ្ងៃទី ២៨ ខែតុលា នៅ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​។​


លោក ប្លែ​ស គី​លី​យ៉ង់ សហប្រធាន សារមន្ទីរ ស​.​ស​.​រ បាន​សម្តែង​ការដឹងគុណ​ចំពោះ​ការបរិច្ចាគ​ដ៏​មានតម្លៃ​នេះ ដោយ​និយាយថា​៖ «​ខ្ញុំ​សូម​អរគុណ​លោក​បណ្ឌិត Milton Osborne សម្រាប់​ការបរិច្ចាគ​ដ៏​សំខាន់​របស់លោក​ដល់​សារមន្ទីរ ស​.​ស​.​រ​។ រូប​ដែល​គូរ​ដោយ​វិចិត្រករ​ខ្មែរ​ដ៏​ល្បីឈ្មោះ គឺ​លោក ញឹក ឌឹ​ម​ នេះ​នឹង​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​សារមន្ទីរ​សម្រាប់​ការអភិរក្ស នឹង ដាក់តាំង​ពិព័រណ៍​នាពេល​អនាគត​»​។​

ការបរិច្ចាគ របស់លោក​បណ្ឌិត Milton Osborne បាន​គូសបញ្ជាក់​បន្ថែម​ពី​ទំនាក់ទំនង​ពិសេស​របស់លោក​ជាមួយ​ប្រទេស​កម្ពុជា ដែល​បានចាប់ផ្តើម​ដោយ​បេសកកម្ម​ការទូត​អូស្ត្រាលី​របស់លោក​មកកាន់​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៥៩​។


លោក​បណ្ឌិត Milton Osborne ជា​អ្នកសិក្សា​អូស្ត្រាលី​ដ៏​ល្បីល្បាញ និង​ជា​អតីត​អ្នកការទូត​ បាន​ធ្វើ​ការ​បរិច្ចាគ​គំនូរ​ស្នាដៃរបស់​វិចិត្រករ​ខ្មែរ ញឹក ឌឹម ដល់​សារមន្ទីរ​ ស.ស.រ។ រូបថត សហការី​​

ការណ៍​ដែល​លោក​បណ្ឌិត Milton Osborne បានប្រគល់​ផ្ទាំងគំនូរ​ដ៏​មានតម្លៃ​នេះ​ជូន​សារមន្ទីរ ស​.​ស​.​រ «គឺជា​ការឆ្លុះបញ្ចាំង​ពី​ការ​ស្ងើចសរសើរ​របស់លោក​ចំពោះ​ប្រជាជន​កម្ពុជា​ជា​យូរ​មកហើយ និង​ជាការ​ទទួលស្គាល់​លើ​ការរួមចំណែក​ដ៏​សំខាន់​របស់​វិចិត្រករ ញឹក ឌឹ​ម ដល់​វប្បធម៌​ខ្មែរ​»​។​

ស្នាដៃ​របស់លោក ញឹក ឌឹ​ម គឺជា​ការឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សិល្បៈ​ដ៏​រស់​រវើក​ក្នុងអំឡុងពេល​រវាង ក្រោយ​សម័យ​ឯករាជ្យ និង​មុនពេល​អ្វីៗ​ត្រូវបាន​បំផ្លាញ​ដោយ​សង្គ្រាម​និង​ក្នុង​របប​ប៉ុលពត​។

ការបន្ថែម​ស្នាដៃ​ទី​ពីរ​​របស់លោក​បណ្ឌិត Osborne ក៏​បាន​បន្ថែម​​នូវ​កេរដំណែល​របស់​វិចិត្រករ​ក្នុង​បេតិកភណ្ឌ​ជាតិ​របស់​កម្ពុជា​។​
វា​ក៏​បញ្ជាក់​ពី​ការទទួលស្គាល់​ជា​អន្តរជាតិ​នៃ​សិល្បៈ​ខ្មែរ​ផងដែរ ដោយសារ​ការបរិច្ចាគ​ទាំងនេះ​បានមកពី​បុគ្គល​ដែលមាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយនឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។​

ទំនាក់ទំនង​របស់លោក​បណ្ឌិត Osborne ជាមួយ​ប្រទេស​កម្ពុជា​បាន​ពង្រីក​លើសពី​អាជីព​ការទូត​ដំបូង​របស់លោក​​។

អ្នកនិពន្ធ​ដ៏​ឆ្នើម និង​ជា​អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍ លោក Osborne ​បានខិត​ខំ​យ៉ាង​ខ្លាំង​​​ ដើម្បីសិក្សាស្វែង​យល់​ និង​ការដឹងគុណ​ចំពោះ​វប្បធម៌ ក៏ដូចជា​​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប​ក្នុង​តំបន់​៕