ភ្នំពេញ៖ សមាគមន៍​គំនូរ​សិល្បៈ​ពណ៌​ទឹក​​កម្ពុជា សហការ​ជាមួយ​សម្ព័ន្ធ​គំនូរសិល្បៈពណ៌ទឹក​​អាស៊ី និង​សម្ព័ន្ធ​សិល្បៈ​អាស៊ី បង្ហាញ​មោទនភាព​ចំពោះ «​ការតាំងពិព័រណ៍​សិល្បៈ​អច្ឆរិយៈ» "Wonder Art Exhibition" រួម​នឹង «​ពិព័រណ៍​ពិសេស​សម្ព័ន្ធ​សិល្បៈ​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០២៤»​។​

​ព្រឹត្តិការណ៍​​​នេះ​ដែលមាន​ស្នាដៃ​សិល្បៈ​​​ចំនួន ១៧៧​ផ្ទាំង​ ពី​វិចិត្រករ​ចំនួន ៨២ តំណាងឱ្យ ១៧ ប្រទេស បាន​បើក​ដំណើរការ​នៅថ្ងៃនេះ​នៅ​សាល​តាំង​ពិព័រណ៍​​បណ្តោះអាសន្ន​របស់​សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។​

ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ការតាំងពិព័រណ៍​នេះ​ផ្តល់ជូន​នូវ​ការបង្ហាញ​ដ៏​រស់​រវើក​នៃ​ទម្រង់​សិល្បៈ​ចម្រុះ រួមទាំង​គំនូរ រូបចម្លាក់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ ដែល​នីមួយៗ​ឆ្លុះបញ្ចាំង​ពី​ប្រធានបទ​នៃ​បច្ចេកវិទ្យា ធម្មជាតិ និង​បទពិសោធន៍​របស់​មនុស្ស​ជាតិ​​។​


លោក Chong Pak Jit ប្រធាន​សមាគមន៍​គំនូរ​សិល្បៈ​ពណ៌​ទឹក​​កម្ពុជា បានថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍ថា​៖ «​យើង​ជឿជាក់ថា ​ការតាំងពិព័រណ៍​នេះ​នឹង​បង្ហាញ​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​នានា និងជំរុញ​​ការសន្ទនា​ប្រកបដោយ​អត្ថន័យ​»។​​

លោក Pak Jit បាន​ស្វាគមន៍​អ្នកចូលរួម​ដោយ​ប្រារឰ​ការតាំង​ពិព័រណ៍​ជា​វេទិកា​សម្រាប់​ការផ្លាស់ប្តូរ​វប្បធម៌ និង​ការទទួលស្គាល់​សិល្បៈ​។​


លោកបាន​បន្ដ​ថា៖ «​បេតិកភណ្ឌ​ដ៏​សម្បូរបែប និង​ចក្ខុវិស័យ​តែមួយគត់​របស់​សិល្បក​រ​ខ្មែរ សម​នឹង​ទទួលបាន​ការអបអរ​សាទរ និង​ចែករំលែក​ទៅកាន់​ពិភពលោក​។​ ​តាមរយៈ​ព្រឹត្តិការណ៍​បែបនេះ យើង​ផ្តល់នូវ​វេទិកា​មួយ​សម្រាប់​អ្នក​មាន​ទេពកោសល្យ​​​បញ្ចេញ​សមត្ថភាព​ និង​ទទួលបាន​ការទទួលស្គាល់»។​


លោក Blaise Kilian សហ​នាយក​នៃ​សារមន្ទីរ ស.ស.រ​ បាន​និយាយ​​ថា សាល​តាំង​ពិ​ព័រ​ណ៍​​បណ្ដោះ​អាសន្ន​​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​​គោលបំណង​បំណង​ផ្សព្វផ្សាយ​ស្នាដៃ​សិល្បៈ​​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​ដែល​​ផ្ដល់​ជូន​នូវការ​ទស្សនា ការ​ផ្លាស់ប្តូរ និង​​ទស្សនវិស័យចម្រុះ​។​

លោក Kilian បាន​និយាយថា លោក​​ចង់ឱ្យ​កន្លែង​នេះ​ក្លាយជា​កន្លែងទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ និង​ជា​មជ្ឈមណ្ឌល​នៃ​ការផ្លាស់ប្តូរ​សិល្បៈ​។​

លោក​បាន​បន្ថែមថា៖ «​ខ្ញុំមើល​ឃើញ​​សិល្បករមាន​​ចំនួន ៨២ នាក់​មកពី ១៧ ប្រទេស​ដែល​ដាក់តាំង​គំនូរ​ចំនួន ១៧៧ ផ្ទាំង ក្នុងនោះ​មាន ២ នាក់ តំណាង​ឱ្យ​​ទេសាភិបាល​ធនាគារជាតិ​របស់​យើង។​ ​ដូច្នេះ​ខ្ញុំ​ពិត​ជាមាន​អំណរគុណ​ណាស់​ដែល​អ្នក​ទាំងអស់គ្នា​បានមកពី​កន្លែង​ផ្សេង​ៗ​ដើម​ប្រមូល​ផ្ដុំ​គ្នា​នៅ​​​ប្រទេស​កម្ពុជា និង​នៅក្នុង​សារមន្ទីរ​នេះ ដែល​មិន​ត្រឹមតែ​ជា​សារមន្ទីរ​ក្មេងខ្ចី​​ជាងគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សារមន្ទីរ​ទំនើប និង​បើកទូលាយ​​បំផុត​នៅក្នុង​ប្រទេស​ផងដែរ។ ស្វាគមន៍​អ្នក​រាល់គ្នា​»​។​

អ្នកស្ម័គ្រចិត្ត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ជួយ​រៀបចំ​ព្រឹត្តិការណ៍​នេះ ហើយ​ទំនងជា​បាន​សិក្សា​ស្វែង​យល់​​ក្នុងនាម​ជា​និស្សិត​សិល្បៈ​វ័យក្មេង ដែល​ថ្ងៃ​ណាមួយពួកគេ​​អាច​នឹងដាក់​តាំងនៅ​ទីនេះ ឬ​កន្លែង​ផ្សេងទៀត​។​

ពិព័រណ៍​នេះ​បើក​ជា​សាធារណៈ​ចាប់ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ១០ ខែវិច្ឆិកា រួមទាំង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ត្រូវបាន​​រំពឹងថា​នឹង​ទាក់ទាញ​អ្នកទស្សនា​ជាច្រើន​។​

លោក ឈុនលី ​បាន​ផ្លាស់ប្តូរ​បច្ចេកទេស​គំនូរ ​និង​​​ចែករំលែក​ចំណេះដឹងជាមួយ​វិចិត្រករ​ដទៃ​។ រូបថត ហុង រស្មី​

លោក Kilian បានបញ្ចប់​ថា​៖ «​ខ្ញុំ​លើកទឹកចិត្ត​សាធារណជន​ឱ្យ​​ចូល​ទស្សនាច្រើន​កុះ​ករ​​។ ខ្ញុំ​ប្រាកដថា ​នេះ​ជា​ព្រឹត្តិការណ៍​មួយទៀត​ដែល​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​វប្បធម៌ និង​សិល្បៈ​របស់​ប្រទេស​កម្ពុជា​ដែលមាន​ភាព​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ​»​។​

លោក ប៉ោយ ឈុនលី ជា​សិល្បករ​​​មកពី​ខេត្តបាត់ដំបង ដែល​ល្បីល្បាញ​ខាង​ការងារ​គំនូរជីវចល គំនូរ និង​ការអប់រំ​សិល្បៈ​។​

និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាលា​សិល្បៈ ហ្វា​ពន្លឺ​សិល្បៈ ខេត្តបាត់ដំបង និង Ecole Pivaut នៃ​​ប្រទេស​បារាំង លោក ឈុនលី ​បាន​សិល្បករ​ផ្នែក​គំនូរ​​វិស័យ​សិល្បៈ​កម្ពុជា​។​

ភ្ញៀវ​ចូល​ទស្សនា «​ការតាំងពិព័រណ៍​សិល្បៈ​អច្ឆរិយៈ» "Wonder Art Exhibition" រួម​នឹង «​ពិព័រណ៍​ពិសេស​សម្ព័ន្ធ​សិល្បៈ​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០២៤»​​។ រូបថត ហុង រស្មី​

នៅក្នុង "Wonder Art Exhibition" លោក ឈុនលី បង្ហាញ​ស្នាដៃ​បុរស​ម្នាក់​ពាក់​ក្រមា ​នៅក្នុង​ផ្ទះ​ចាស់​មួយ​នៅជាយ​​ភូមិ​បណ្តែត​ទឹក​។​

លោក ឈុនលី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ប្រជាជន​នៅក្នុង​រាជធានី និង​ទីប្រជុំជន​​មើលឃើញ​រថយន្ត និង​អគារ​ជាច្រើន ដូច្នេះ​ផ្ទះ​នៅ​ឆ្ងាយ​ដាច់ស្រយាល​លើ​បឹង​ទន្លេសាប គឺជា​ទិដ្ឋភាព​ដ៏​កម្រ​សម្រាប់​ពួកគេ»​។

លោក​បាន​បន្ថែមថា​៖ «​ពាក្យចាស់​ដែលពោល​ថា ទីណា​មានទឹក ទីនោះ​មាន​​ត្រី ​លែង​ជាការ​ពិតហើយ​ ហើយ​ប្រជាជន​នាំ​គ្នា​​​ចាក​ចេញពី​ភូមិ​ជា​បន្ដ​បន្ទាប់​»​។

លោក ឈុនលី បានផ្លាស់ប្តូរបច្ចេកទេសគំនូរ និងចែករំលែកចំណេះដឹងជាមួយវិចិត្រករដទៃ។ រូបថត ហុង រស្មី

ក្នុងពេល​តាំង​ពិ​ព័រ​ណ៍​​នេះ លោក ឈុនលី ក៏បាន​ផ្លាស់ប្តូរ​បច្ចេកទេស​គំនូរ​ជាមួយ​វិចិត្រករ​ដទៃទៀត ដោយ​អាចឱ្យ​ពួកគេ​ចែករំលែក​ចំណេះដឹង​ដល់​គ្នា​ទៅវិញទៅមក​។​

សារមន្ទីរ ស.ស.រ មាន​ទីតាំងនៅអគារលេខ១៦ រុក្ខវិថីលេខ១០៦ ព្រះមហាក្សត្រីយានីកុសមៈ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ៕​