​ភ្នំពេញ៖ នៅពី​ក្រោយ​ភាព​ស្រស់​ស្អាត​ចំពោះ​​សិល្បៈនៃការ​ថតរូប​ និង​ការពុះពារ​ឧបសគ្គ​ លោក​ ទីវ តារា​​រិ​ទ្ធ ​ជា​អ្នកជិះ​កង់​កម្ពុជា និង​ជា​អ្នកបង្កើត​មាតិកា កំពុងធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទ្វីបអឺរ៉ុប ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​​​កុមារ​កម្ពុជា។


​ជាមួយនឹងការ​ធាក់​​ឈ្នាន់កង់​មួយៗ យុវជន​រូប​នេះ​​មិន​ត្រឹមតែធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​​​ប៉ុណ្ណោះ​ទេ ថែមទាំង​ឆ្លៀត​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់ស្អាត និង​បញ្ហា​ប្រឈម​នានា​ជុំវិញខ្លួន​តាមរយៈលែន​កាមេរ៉ា​របស់​លោក​ផង​ដែរ​​។​

បច្ចុប្បន្នកំពុង​ជិះ​កង់​ឆ្លងកាត់​ប្រទេស​ឥណ្ឌា លោក តារា​​រិ​ទ្ធ បាន​ចែករំលែក​រឿង​រ៉ាវ​ពី​ការ​ផ្សងព្រេង​ ​ទាក់​ទង​​នឹង​សិល្បៈ​នៃ​ការថតរូបនៅ​តំបន់​ជួរ​ភ្នំ​​ដ៏​លំបាក​​។​


នៅក្នុង​រូបថត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ លោក តារា​រិ​ទ្ធ​ ត្រូវបាន​​ឃើញ​ជិះ​កង់​​ឆ្លងកាត់​ខ្សែទឹក​ថ្ម​ដែល​ព័ទ្ធជុំវិញ​ដោយ​ជួរ​ភ្នំ​ពណ៌​បៃតង​​​នៃ​ផ្លូវ​ឆ្លងកាត់​ភ្នំ​ដាច់ស្រយាល​។


ចំពោះ​រូបភាព​នេះ ទោះបី​មើលទៅ​គ្មាន​អ្វី​អស្ចារ្យ​យ៉ាង​ណា​​ក៏ដោយ ក៏​វាទាមទារ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​បំផុត នៅពេល​អ្នក​អ្នក​ផ្សង​ព្រេង​រូប​នេះ ត្រូវ​រៀបចំ​កាមេរ៉ា​ថត​ខ្លួន​។


លោក តារារិទ្ធ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​ឥណ្ឌា បាន​ចែករំលែក​បទពិសោធ​នៃការ​ផិត​យក​រូបភាព​ស្រស់​ស្អាត​នៅ​តាម​គោលដៅ​ជាច្រើន​ចាប់​ពី​កម្ពុជា​ ឡាវ ថៃ រហូត​ដល់​នេប៉ាល់ និង​ឥណ្ឌា​អស់​រយៈ​ពេល​ជាច្រើន​ខែ​​កន្លងមក​នេះ​។

លោក​បានឱ្យ​ដឹង​ថា ចំពោះ​ការ​ថតរូប​បែប​វិជ្ជាជីវៈ​ខ្លួនឯង​អំឡុង​ពេល​ធ្វើដំណើរ​ផ្សងព្រេង​ដោយ​ជិះ​កង់​កាត់​វាល​ចូល​ព្រៃ កាន់ព្រៃ​ឆ្លង​ជ្រលង​ភ្នំ និង​វាល​ខ្សាច់​ដ៏​លំបាក​លំបិន វា​ទាមទារ​នូវ​ជំនាញ​មួយ​ពិត​ប្រាកដ។

លោក​ តារារិទ្ធ បាន​និយាយថា​៖ ​«​ដោយសារ​ខ្ញុំ​មាន​បទពិសោធ​ច្រើន​នៃការ​ធ្វើដំណើរ​ ដូច​ឆ្នាំ​មុន ខ្ញុំ​ធ្វើ​ដំណើរ​កាត់​តំបន់​អាស៊ី​អាគ្នេយ៍ ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប ដែល​បាន​ជំរុញឱ្យ​ខ្ញុំ​មាន​ជំនាញ​ក្នុង​ការ​ថត​រូប​អំឡុង​ពេល​ធ្វើដំណើរ​។ ប៉ុន្ដែ​មុន​ពេល​ទៅ​តំបន់​ណាមួយ ខ្ញុំ​ត្រូវ​គិត​ទុក​ជាមុន​ ដោយ​គួរ​ចាប់​ប្លង់​ថត​បែប​ណា​ ដោយ​កត់​ចំណាំ​ទុក​ក្នុង​កូន​សៀវភៅ​»។

លោក តារារិទ្ធ ជិះកង់ផ្សងព្រេងកាត់បឹង Pangong ស្ថិតក្នុងខ្សែភាពយន្ដឥណ្ឌា 3 idiots” ដ៏ស្រស់ស្អាត។ រូបថត សហការី

អ្នក​ផលិតមាតិកា​ទេសចរណ៍​ជាមួយ​បទពិសោធ​ជិះ​កង់​ឆ្លង​កាត់​ទ្វីប​នេះ លោក តារារិទ្ធ បាន​បង្ហើប​ឱ្យ​ដឹងថា លោក​សិក្សា​ស្វែង​យល់​អំពី​ទិកនិក​នៃ​ថតរូប​ច្រើន​ តាម​រយៈ​ការ​ទស្សនា​ភាពយន្ដឯកសារ​ បណ្ដាញ​សង្គម​យូរធូបអំពីការ​ផលិត​មាតិកា​ និង​កត់​ចំណាំ​ទុក​នូវ​ប្លង់​ថត​សំខាន់​ៗ​។

លោក តារារិទ្ធ បាន​ពន្យល់​ថា​៖ «ពេល​ឃើញ​រូបភាព​ប្លង់​ស្អាត​ៗ​មួយ​ចំនួន​ដែល​ខ្ញុំ​បង្ហោះ​នោះ វា​កើត​ចេញ​ពីការ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​។ ប្លង់​ថតខ្លះ​កើត​ចេញ​ពី​ប្លង់​សំណាង​ ហើយ​បើ​អត់មាន​ប្លង់​សំណាង​ទេ វា​អត់មាន​អ្វីសោះ​តែម្ដង ដូចជា ការ​ជិះកង់​ចុះ​ពីលើ​ភ្នំ ថ្ងៃលិច ក្មេង​ញញឹម ស្ដ្រី​លើ​ផ្លូវ និង​ចាស់​ៗ​ ដែល​ទាម​ទារ​ឱ្យ​ពួកគេមាន​ការ​ចូលរួម»​។

រូបភាព​របស់លោកមាន​អត្ថន័យ​លើសពី​ភាព​ស្រស់​ស្អាត​​។ គ្រប់​សន្លឹក​នៃ​ទិដ្ឋភាព​នីមួយៗ​បង្កប់​នូវ​មនោសញ្ចេតនា​ និង​ឱកាស​ដ៏​តិចតួច​ដែល​ពិបាក​​​ក្នុង​ការបង្កើតឡើងវិញ​។​

ផ្លូវជ្រលងភ្នំដ៏លំបាកក្នុងប្រទេសនេប៉ាល់ពី Jomsom ទៅកាន់ Muktinath ដែលមើលទៅហាក់ដូចជាមាននរណាម្នាក់ថតរូបឱ្យលោក តារារិទ្ធ។ រូបថត សហការី

ការធ្វើដំណើរ​នេះ​មិនកើតឡើង​​ដោយ​គ្មាន​បញ្ហា​ប្រឈម​នោះទេ ជាពិសេស​នៅ​ប្រទេស​នេ​ប៉ាល់ ជា​កន្លែង​ដែល​ផ្លូវ​​ការ​លំបាក​យ៉ាង​ខ្លាំង​។

លោក​បាន​កត់សម្គាល់ថា​​ «​ស្ថានភាព​ផ្លូវ​ក្នុងប្រទេស​នេ​ប៉ាល់​គឺ​អាក្រក់​ណាស់​សម្រាប់​អ្នកជិះ​កង់​។ មាន​ផ្លូវ​ខូច​ស្ទើរ​គ្រប់​ទីកន្លែង​​។​

យ៉ាងណាក៏ដោយ ស្ថានភាព​ដ៏​លំបាក​របស់​ប្រទេស​នេ​ប៉ាល់​បាន​នាំ​ឱ្យ​​ជំនាញ​របស់លោក តារា​​រិ​ទ្ធ ជា​​អ្នកជិះ​កង់ផ្សង​ព្រេងផង​ និង​អ្នក​ថតផង បង្កើត​ភាព​វិសេស​ផ្ទាល់​ខ្លួន​​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​រូបភាព​ជិះកង់​ឆ្លង​កាត់​ឧបសគ្គ​ទាំងនោះ មើល​ទៅ វាហាក់បីដូចជា​មាន​គេ​ថត​ឱ្យ​អ៊ីចឹង​។ តាម​ការពិត វា​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ទើប​មាន​រូបភាព​ទាំង​អស់​នោះ​។ ខ្ញុំ​បាន​ដាក់​កាមេរ៉ាលើ​​ tripod និង​រៀបចំប្លង់ (focus) ឱ្យ​ហើយ​នៅ​ទីតាំង​ ហើយ​ចាប់ផ្ដើម​ជិះ​ទៅដល់​ទីតាំងនោះ​ដោយ​​កំណត់​ឋេរវេលា​ថត​»។

លោក ទីវ តារារិទ្ធ ត្រួតពិនិត្យមើលរូបភាពដែលខ្លួនបានថត នៅក្បែរបឹង Pangong ស្ថិតក្នុងខ្សែភាពយន្ដឥណ្ឌា 3 idiots” ដ៏ស្រស់ស្អាត។ រូបថត សហការី

លោក​ទទួល​ស្គាល់​ថា ទម្រាំតែបាន​រូបថត​ស្អាត​មួយ​សន្លឹក វាទាមទារ​ឱ្យ​មាន​ការ​ព្យាយាម​ជាច្រើន​លើក​ច្រើន​សា​ដោយ​ពុះពារទាំងការ​ថត និង​ការ​ជិះកង់​លើទីតាំងលំបាក​សាចុះ​សាឡើង​។

នៅពេលក្រោយ​នៃ​រូបភាព​ស្អាត វា​ទាមទារ​ឱ្យ​មានការ​តស៊ូ និង​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​ផលិត​មាតិកា​ផ្ដោតលើ​ការ​ធ្វើដំណើរ​ បង្កើត​ស្នាម​ញញឹម​ ស្វែង​យល់​អំពី​ប្រពៃណី​នៃ​របៀបរបប​ការ​រស់​នៅ​របស់​ប្រជាជន​តាម​តំបន់ ក៏ដូចជា ចែក​រំលែក​រឿងរ៉ាវ​ផ្ទាល់​ខ្លួន និង​វប្បធម៌​របស់​កម្ពុជា​ដល់​បរទេស​​៕