ខេត្ដ​ព្រះ​សីហនុ​៖ កោះរ៉ុង ជាកោះមួយតភ្ជាប់​ឆ្នេរសមុទ្រនៃក្រុង​ព្រះសីហនុ បានផ្លាស់ប្តូរមុខ​មាត់​គួរឱ្យកត់សម្គាល់ពី​ភូមិនេសាទប្រពៃណី ទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេស។

កោះនេះត្រូវបានគេកំណត់ជាផ្លូវការថាជាទីក្រុងក្នុងឆ្នាំ២០១៩​ ឥឡូវនេះបានទាក់ទាញ​ទេសចរមកពីជុំវិញពិភពលោក ដោយចង់ទទួលបានបទពិសោធន៍សម្រស់​ឆ្នេរដ៏ស្រស់ស្អាត​ ជីវិតពេលរាត្រី​ដ៏រស់រវើក និងសម្រស់ធម្មជាតិ។

កោះរ៉ុងមាន​ភូមិនេសាទចំនួន ៤ គឺភូមិ​កោះតូច ភូមិ​ដើមថ្កូវ ភូមិ​​ព្រៃស្វាយ និង​ភូមិ​សុខសាន្ដ។ ភូមិនីមួយៗមានផែនេសាទផ្ទាល់ខ្លួន ដែលបម្រើជាមជ្ឈមណ្ឌលនៃសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។


លោក នួន ប៊ុនថុល អភិបាល​ក្រុង​កោះរ៉ុង បាន​ថ្លែង​ថា​៖ «​រហូត​មកដល់​ថ្ងៃនេះ ការ​ប្រកប​របរ​នេសាទ​នៅតែ​មាន តែ​តិច​តួច​ទេ ដែល​ត្រឹម​ប្រមាណ ១៥ ទៅ ២០​នាទី​ប៉ុណ្ណោះ​។ ពួកគាត់​ងាក​មកផ្ដល់​សេវាកម្ម​វិស័យ​ទេសចរណ៍​វិញ​។ ជីវភាព​របស់​ពួកគាត់ ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ មាន​ការ​រីក​ចម្រើន​លើ​វិស័យ​ទេសចរណ៍​»។

ជាច្រើនជំនាន់មកហើយ អ្នកស្រុកនៅលើកោះនេះពឹងផ្អែកលើទឹកដ៏សម្បូរបែបជុំវិញកោះរ៉ុង ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ ជាមួយនឹងការនេសាទជា​ប្រចាំ​។ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវិស័យទេសចរណ៍ចាប់ផ្តើមរីកចម្រើននៅ​កម្ពុជា សេដ្ឋកិច្ចរបស់កោះនេះបានផ្លាស់ប្តូរ ហើយអ្នកភូមិជាច្រើនបានងាកទៅរកសេវាកម្មដែលទាក់ទងនឹងទេសចរណ៍ដើម្បីទទួលបានប្រាក់ចំណូលប្រកបដោយនិរន្តរភាព និងចំណេញច្រើនជាង។


សព្វថ្ងៃនេះ កោះរ៉ុងគឺជាមេដែកមួយសម្រាប់ភ្ញៀវទេសចរ ដោយមានកំពង់ផែទូក​ល្បឿនលឿនជំនួសផែនេសាទប្រពៃណីជាមជ្ឈមណ្ឌលនៃសកម្មភាព។ជាពិសេស ភូមិកោះតូច​ បានក្លាយទៅជាគោលដៅ​ទេសចរណ៍ដ៏សំខាន់របស់កោះ ដែលល្បីល្បាញដោយសារការកម្សាន្តពេលរាត្រីដ៏កក្រើក​ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងបឹងហ្គាឡូ។

បើ​តាម​គេហទំព័រ Visit Koh Rong ភូមិ​ដ៏តូច​របស់​សង្កាត់​កោះរ៉ុង​សំឡឹម​ ដែល​ស្ថិត​លើ​ដែន​កោះ​រ៉ុង​ដ៏​​ច្រើន​សន្ធឹកសន្ធាប់ រួម​មាន​ ហាង​តូច​ៗ ម៉ាស៊ីន ATM និង​សូម្បី​តែ​គ្លីនិក​​ផង​ដែរ។

អ្នកដំណើរនៅលើទូកល្បឿនលឿនទៅកាន់កោះរ៉ុង ដែលចំណាយពេលប្រហែល ៤០ នាទីពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់កំពង់ផែកោះរ៉ុង។ រូបថត ហុង រស្មី

កន្លែងស្នាក់នៅមានចាប់ពីអន្តេវាសិកដ្ឋានតម្លៃសមរម្យ រហូតដល់បឹងហ្គាឡូដ៏ប្រណិត ដែលមានតម្លៃចន្លោះពី ១០ ដុល្លារ ទៅ ៧០​ ដុល្លារក្នុងមួយយប់ ដែលផ្តល់ជូនអ្នកធ្វើដំណើរដ៏សម្បូរបែប។

​ផ្ទះបែប​ប្រពៃណី​ខ្មែរ​តូចៗ​សង់​ប្រជ្រៀត​គ្នា​រកេត​រកូត​​ បារ និងភោជនីយដ្ឋានដែលផ្តល់នូវភាពទាក់ទាញ ផ្លូវដីខ្សាច់ស​ក្បុរ​ លាយ​ឡំ​ជាមួយ​តូប​លក់ដូរ​ និង​​ស្លាក​សញ្ញាផ្សាយពាណិជ្ជកម្មពីសកម្មភាពក្នុងតំបន់។

ទេសចរ​អន្ដរជាតិ​ប្រមូលផ្តុំជុំវិញភោជនីយដ្ឋានបែបបុរាណ ជជែក​សើច​ក្អាក​ក្អាយ​ជាមួយ​សម្លៀកបំពាក់​បែប​លម្ហែ​នៅ​សមុទ្រ​។

ក្របខ័ណ្ឌ​រដ្ឋបាល​

នៅ​ឆ្នាំ២០១៩​ អនុក្រឹត្យ​បានប្រែក្លាយ​កោះរ៉ុង​ពី​សង្កាត់​មួយ​នៃ​ក្រុងព្រះសីហនុ​ទៅជា​ក្រុង​ថ្មី​។​ ​សព្វថ្ងៃនេះ កោះ​នេះ​មាន​ផ្ទៃដី​ប្រមាណ ១០២,៥ គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន ១៣៥១ គ្រួសារ ដែលមាន​ប្រជាជន​សរុប​ចំនួន ៣៩៥០ នាក់​។​

ក្រុង​កោះរ៉ុង មាន​ពីរ​សង្កាត់ និង ៤ភូមិ​ គឺ​សង្កាត់​កោះ​រ៉ុង និង​សង្កាត់​កោះរ៉ុង​សំឡឹម ដែល​មាន​វិសាលភាព​គ្រប់គ្រង​រហូតដល់ ១៨កោះ រួមទាំង កោះតាង និង​កោះ​ពូលូវ៉ៃ​។ 
លោកបាន​ឱ្យដឹងថា៖ «​ប៉ុន្ដែ​ជាក់ស្ដែង ការ​គ្រប់គ្រង​យើង​សព្វថ្ងៃ មាន​តែពីរ​កោះ​នោះទេ គឺកោះ​រ៉ុង និង​កោះ​រ៉ុង​សំឡឹម ហើយ​នៅ​តាម​បណ្ដា​កោះ​ផ្សេងៗ មានតែ​កម្លាំង​កងទ័ព​ដែល​លោក​ឈរ​ជើង​នៅ​ទីនោះ​»។

ថ្វីដ្បិតតែ​សង្កាត់​កោះរ៉ុង​សំឡឹមមាន​រដ្ឋបាល​ផ្ទាល់​ខ្លួន​យ៉ាង​ណាក៏ដោយ ក៏​ភូមិមួយ​ក្នុង​ចំណោម​ពីរ​ភូមិ​របស់​កោះ​នេះ គឺភូមិ​កោះតូច ស្ថិត​នៅលើ​ដែន​កោះរ៉ុង ដែល​ស្ថិត​លើទីតាំងដាច់​ពី​គ្នា​​។

ភ្ញៀវទេសចរកំពុងធ្វើដំណើរទៅកាន់ចំណតតាក់ស៊ី ដើម្បីធ្វើដំណើរទៅកាន់ភូមិនានា ជាពិសេសភូមិកោះតូច។ រូបថត ហុង រស្មី

បញ្ហា​ប្រឈម​គឺ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​កោះ​តូច​ត្រូវ​ប្រើប្រាស់​សេវា​រដ្ឋបាល​នៅកោះ​រ៉ុង​សំឡឹម ដែល​ជា​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​។លោក​អភិបាល​ក្រុង​កោះរ៉ុង បាន​ពន្យល់ថា​៖ «​ការ​ធ្វើដំណើរ​តាម​ទូក​ទៅ​ទទួល​សេវា​នៅ​កោះរ៉ុង​សំឡឹម​ជួប​ហានិភ័យ​ខ្លះ​ចំពោះ​បញ្ហា​អាកាសធាតុ»​។

លោក​បាន​ថា ដើម្បី​កាត់​បន្ថយ​ហានិភ័យ ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​គ្រប់​បែប​យ៉ាងរបស់​ប្រជាពលរដ្ឋ មន្ដ្រី​សង្កាត់​កោះ​រ៉ុង​សំឡឹម​តែងតែ​ធ្វើដំណើរ​ដោយ​ផ្ទាល់​មក​កាន់​កោះរ៉ុង​ដើម្បី​ផ្ដល់​សេវាដល់​ប្រជាពលរដ្ឋ​ភូមិ​កោះតូច​របស់​ខ្លួន​។

ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​

​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​បាន​គាំទ្រ​ការផ្លាស់ប្តូរ​របស់​កោះរ៉ុង​ទៅជា​គោលដៅ​ទេសចរណ៍​ទំនើប​។​ ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​សាងសង់​ផ្លូវ​បេតុង​ប្រវែង ៤០ គីឡូម៉ែត្រ​ជុំវិញ​កោះ ដោយ​បង្កើន​ការតភ្ជាប់​រវាង​ភូមិ​របស់ខ្លួន​។​​អគ្គិសនី​ក៏ត្រូវ​បាន​ពង្រីក​ពី​តា​រ៉ាសាគរ​ទៅ​កោះរ៉ុង​ដែរ បើទោះជា​កោះរ៉ុង​សំឡឹម​​នៅ​ខ្វះ​អគ្គិសនី​រដ្ឋ​ក៏ដោយ​។​

​ទោះបីជា​មានការ​រីកចម្រើន​ទាំងនេះ​ក៏ដោយ ក៏​កោះ​នេះ​ប្រឈមមុខ​នឹង​បញ្ហា​ជា​បន្តបន្ទាប់ ដូចជា​កង្វះ​ទឹកស្អាត​ក្នុង​រដូវប្រាំង​។​​លោក​អភិបាល​ ប៊ុន​ថុល បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​អាជ្ញាប័ណ្ណ ព​ន្លឿ​ន​ការងារ​របស់ខ្លួន ដើម្បី​ដោះស្រាយ​តម្រូវការ​ដ៏​សំខាន់​នេះ​។​

​សេវា​ថែទាំ​សុខភាព​នៅលើ​កោះ​ក៏មាន​ភាពប្រសើរឡើង​ផងដែរ​។ មណ្ឌល​សុខភាព​កោះរ៉ុង ផ្តល់​ការថែទាំ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​។​​លោក​បាន​ឱ្យដឹងថា៖ «​ក្នុងករណី​ធ្ងន់ធ្ងរ អ្នកជំងឺ​ត្រូវបាន​បញ្ជូន​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ព្យាបាល​បន្ថែម គាំទ្រ​ដោយ​ក្រុមហ៊ុន​ទូក​ល្បឿនលឿន​របស់​​លោក ទៀ វិចិត្រ ដែលមាន​ជំនាញ​ក្នុង​ការដឹក​ជញ្ជូន​​ជាបន្ទាន់​»​។​

ភូមិកោះតូចបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កោះរ៉ូងសម្រាប់អ្នកទេសចរសម្ពាយ ដែលល្បីល្បាញដោយសារការកម្សាន្តពេលរាត្រី ភោជនីយដ្ឋាន ផ្ទះសំណាក់ និងបឹងហ្គាឡូ។ រូបថត ហុង រស្មី

ឱកាស​ក្នុង​វិស័យ​អប់រំ​

​ការអប់រំ​គឺជា​ចំណុច​ស្នូល​សម្រាប់​ការអភិវឌ្ឍន៍​លើ​កោះរ៉ុង​។ កោះ​នេះ​ពីមុន​មាន​អនុវិទ្យាល័យ​តែមួយ គឺ​អនុវិទ្យាល័យ​ព្រៃ​ស្វាយ ដែល​បង្ខំ​សិស្ស​ឱ្យធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​សិក្សា​នៅថ្នាក់​វិទ្យាល័យ​។​

ជារឿយៗ​នេះ​នាំឱ្យមាន​អត្រា​បោះបង់​ការសិក្សា​ខ្ពស់ ដោយ​កុមារ​ជាច្រើន​បាន​ចាប់យក​ការងារ​ក្នុង​វិស័យ​សំណង់ ឬ​ទេសចរណ៍​ជំនួស​វិញ​។​លោក ប៊ុន​ថុល បាន​ថ្លែងថា កន្លងមក សិស្ស​ត្រូវធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​រៀន​នៅ​វិទ្យាល័យ ដោយ​បង្ខំឱ្យ​​អ្នកខ្លះ​បោះបង់ចោលការ​សិក្សា​ពីព្រោះ​ខ្វះ​លទ្ធភាព​​។​

លោក ប៊ុនថុល​ បានថ្លែងថា៖ «បច្ចុប្បន្ន​នេះ អនុវិទ្យាល័យ​ភូមិ​ព្រែកស្វាយ ត្រូវបាន​តំឡើង​ទៅជា​វិទ្យាល័យ​ ដែល​មាន​អគារ ៤​ខ្នង ក្រោម​ជំនួយ​របស់​ធនាគារ​ពិភពលោក​ និង​ក្រសួង​អប់រំ​»។

ការផ្លាស់ប្តូរ​បរិស្ថាន និង​សេដ្ឋកិច្ច​

ការផ្លាស់ប្តូរ​ពី​ការនេសាទ​ទៅជា​ទេសចរណ៍​បាន​នាំមក​នូវ​ឱកាស និង​បញ្ហា​ប្រឈម​។ បច្ចុប្បន្ន​អតីត​អ្នកនេសាទ​ជាច្រើន​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ផ្តល់​សេវាកម្ម​ ដូចជា ​ការដឹកជញ្ជូន មគ្គុទ្ទេសក៍​ទេសចរណ៍ និង​កន្លែង​ស្នាក់នៅ​។​

​យុវជន​ ឈួន អាន អាយុ ១៦​ឆ្នាំ ជា​អ្នកបើកបរ​តាក់ស៊ី ដែល​ដឹក​ភ្ញៀវ​តាម​រថយន្ត​ភី​ក​អាប់​ឆ្លងកាត់​កោះ​នោះ បាន​និយាយថា ភាគច្រើន​ខ្លួន​​ដឹក​ភ្ញៀវ​ពី​កំពង់ផែ​ទៅកាន់​គោលដៅ​ផ្សេងៗ​នៅលើ​កោះ ជាពិសេស​ភូមិ​កោះ​តូច​ និងសហគមន៍​អេកូទេសចរណ៍​​ព្រៃកោងកាងជាដើម​។​

ភ្ញៀវទេសចរជួលម៉ូតូតម្លៃ ១៥ ដុល្លារក្នុងមួយថ្ងៃ ដើម្បីធ្វើដំណើរ និងស្វែងយល់ភូមិឋាននានានៅកោះរ៉ុង។ រូបថត ហុង រស្មី

យុវជន អាន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​ខ្ញុំ​បាន​ឈប់រៀន​នៅ​ថ្នាក់​ទី ៦ និង​ធ្វើ​ជា​កម្មករសំណង់ មុនពេល​ខ្ញុំ​រៀន​បើកឡាន ហើយ​ចាប់ផ្តើម​ធ្វើការ​ឱ្យ​ជីតា​របស់ខ្ញុំ»។​
​អាន ​បាន​និយាយថា ខ្លួន​​ចូលចិត្ត​ធ្វើជា​អ្នកបើកបរ​ជាង​ការធ្វើជា​អ្នកនេសាទ ព្រោះ​វា​​ងាយស្រួល មិន​ប្រឈម​គ្រោះ​ថ្នាក់​ និង​រកចំណូលបាន​ច្រើន​។​

​អ្នក​បើកបរ​ដឹកភ្ញៀវ​រូប​នេះ អាច​រកប្រាក់​បាន​ចន្លោះ​ពី ៤០ ទៅ ៧៥​ ដុល្លារ​ក្នុង​មួយជើង​ អាស្រ័យ​លើ​ទិសដៅ​ដែល​អតិថិជន​ពេញចិត្ត ​ជា​រឿយៗ​ជា​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ជា​ក្រុម​។​

យុវជន​រូប​នេះ បាន​បន្ដថា​៖ «​​ប្រសិនបើ​ខ្ញុំ​ទៅនេសាទ​​នៅ​សមុទ្រ ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង២​ទៀប​ភ្លឺ ហើយ​ត្រលប់​មកវិញ​មុនពេល​អាហារ​ថ្ងៃត្រង់​។ ថ្វីត្បិតតែ​ក្នុង​រដូវ​មិនសម្បូរ​ភ្ញៀវ​ ខ្ញុំអាច​ដឹក​ភ្ញៀវ​​​ពីរ-​បី​​ក្រុម​​ក្នុង​មួយ​សប្តាហ៍ដែរ​ ខ្ញុំ​នៅតែ​គិតថា ​វា​ប្រសើរ​ជាង​ការនេសាទ​។ ក្នុង​រដូវ​កាល​នេះ ជាពិសេស​ពេល​ចូលឆ្នាំ​ខ្មែរ ខ្ញុំ​មាន​អតិថិជន​ជា​រៀងរាល់ថ្ងៃ​»​។​

ខណៈពេលដែល​វិស័យ​ទេសចរណ៍​បាន​លើកកម្ពស់​ជីវភាព​រស់​នៅក្នុង​ស្រុក វា​ក៏បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ផងដែរ​។​អនាម័យ​ឆ្នេរ​ត្រូវបាន​ថែរក្សា​ជាប្រចាំ ប៉ុន្តែ​ការគ្រប់គ្រង​ទឹកស្អុយ​នៅតែ​មិន​គ្រប់គ្រាន់​។ ជា​ឧទាហរណ៍ ភូមិ​កោះ​តូច បាន​ជួបប្រទះ​នូវ​ទឹក​សម្អុយ​​ដែល​ហូរ​ចូលទៅក្នុង​សមុទ្រ ដែល​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អុយ​ត្រឹមត្រូវ​។​

លោក​ ប៊ុនថុល បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​សំណើរ​ដែរ​ថា បើសិនជា​យើង​មាន​អាង​ប្រព្រឹត្ដិកម្ម វាពិត​ជា​ល្អ​។ ជាការពិត ការ​សាងសង់​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ធ្វើ​ឡើង​ចម្រុះ ដោយ​គ្មាន​ស្ដង់ដា​ដោះស្រាយ​បញ្ហា​ចេញ​នោះទេ​»៕