ភ្នំពេញ៖ បេសកកម្ម​ជិះ​កង់​របស់លោក​ ទីវ តារារិទ្ធិ​លើ​ផ្លូវ Pamir Highway តំបន់​​អាស៊ី​កណ្តាល គឺជា​ដំណើរ​ដ៏​ពុះពារ​បំផុត​​ ការរស់រានមានជីវិត និង​ការប្តេជ្ញាចិត្ត​​​ចំពោះ​បុព្វហេតុ​ធំ​ជាង​ខ្លួនឯង​​។​

​អ្វីដែល​ចាប់ផ្តើម​ដូចជា​សុបិន​បានក្លាយ​ទៅជា​បទពិសោធ​ន៍ស្ទើរ​តែ​លែង​បាន​វិល​ត្រឡប់​មក​មាតុភូមិ​កំណើត​វិញ ​នៅពេល​​អ្នក​ផ្សងព្រេង​កម្ពុជា​ក្លាហានឆ្លង​កាត់​តំបន់​ដែលមាន​សីតុណ្ហភាព​​ -៣០អង្សាសេ​​។​

ក្នុង​ដំណើរ​ជិះ​កង់​រយៈពេល​ប្រាំ​មួយខែ​លើ​ដំណើរ​​មួយឆ្នាំ​​ពី​កម្ពុជា​ទៅ​អឺរ៉ុប អ្នកជិះ​កង់​ផ្លូវ​ឆ្ងាយ​កម្ពុជា និង​សប្បុរសជន​បានចាប់ផ្ដើម​មហិច្ឆតា​រៃអង្គាស​ថវិកា​ដល់​កុមារ​កម្ពុជាកំពុង​ព្យាបាល​ជំងឺ​មហារីក​​។​


លោក ទីវ តារារិទ្ធិ បាន​រៀបរាប់​អំពីបទពិសោធ​​ធ្វើដំណើរ​លើផ្លូវ​សូត្រ​តំបន់​អាស៊ី​កណ្តាល (Pamir Highway) ​ជា​ផ្លូវ​ត​ភ្ជាប់​តំបន់ភ្នំ​នៃ​ប្រទេស​កៀ​ហ្សី​ស្ថាន (Kyrgyzstan) ជាមួយ​ប្រទេស​តាជី​គី​ស្ថាន (Tajikistan) និង​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ចិន (China) ប៉ា​គី​ស្ថាន (Pakistan) និង​អាហ្គានីស្ថាន (Afghanistan)​។

ផ្លូវ​សូត្រ​តំបន់​អាស៊ី​កណ្តាល ឬ ប៉ា​មៀ​ហាយវ៉េ (M41) គឺជា​ឈ្មោះ​នៃ​តំបន់​ទេសភាព​ដ៏​ស្រស់ស្អាត​អស្ចារ្យ​ជាមួយនឹង​រសជាតិ​សម្រាប់​ការធ្វើដំណើរ​ផ្សងព្រេង​។ 


វា​ជាទី​កន្លែង​ដែល​នៅ​ផ្តាច់ចេញ​ពីអ្វីៗ​ទាំងអស់ និង​ជា​តំបន់​ដាច់​ស្រ​យ៉ា​ល​បំផុត​មួយ​។ M41 ជា​លេខ​ផ្លូវ​ហាយវ៉េ ដែល​ស្ថិតនៅ​រយៈកម្ពស់​ខ្ពស់​ជាងគេ​បង្អស់ លេខ ២ នៅលើ​លោក បន្ទាប់ពី​ផ្លូវ​ហាយវ៉េ ខា​រ៉ា​កូ​រ៉ូម​។​

លោក តារារិទ្ធិ បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ប្រទេស​​តាជី​គី​ស្ថានថា​៖ «​នៅទីនេះ​មាន​សីតុណ្ហភាព​អាក្រក់​បំផុត​ ហើយ​ខ្ញុំ​ត្រូវ​ជិះ​កង់​គេចកន្លែងដែល​ខ្ពស់ៗ​បំផុត​។ ពេល​ដឹង​ខ្លួន​ថា កំពុង​ជិះ​កន្លែង​ខ្ពស់ ខ្ញុំ​ត្រូវ​ជិះ​ចុះ​ឱ្យ​បាន​លឿន​តាម​ដែលអាច​ធ្វើ​ទៅបាន​»។

លោក​មិន​អាច​ចំណាយ​ពេល​យប់​នៅលើ​រយៈ​កម្ពស់​ចាប់​ពី​ ៤៦០០​ម៉ែត្រ​នោះទេ​ ពីព្រោះ​វា​ប្រាកដជា​គ្រោះថ្នាក់បំផុត​។ 

ប៉ុន្ដែ​ឧបសគ្គកើតឡើង​ មិន​អាច​សន្មត់​ទុក​បាន​ទេ ដោយសារ​ពេល​ខ្លះ​ ការ​ជិះ​កង់​មាន​ល្បឿន​យឺត​ និង​មិន​អាច​ត្រឡប់​ក្រោយ​វិញ​ទេ​។ 

លោក​បាន​អះអាថា ដំណើរ​ផ្សងព្រេងនៅ​អាស៊ី​កណ្ដាល​នេះ​ពិត​ជា​លំបាក​ គឺលំបាក​ឥតគណនា​ ដោយ​សារ​វាជា​តំបន់​ជួរភ្នំ​ខ្ពស់​ៗដូចនៅ​ហេមពាន្ដ​ដែរ។ ប៉ុន្ដែ​លើស​ពីនេះ វា​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​មែន​ទែន​។

លោក​បាន​ប្រាប់​ថា​៖ «​តំបន់​អាស៊ី​កណ្ដាល​នេះ​គឺជា​ស្នូល​នៃ​បេសកកម្ម​ដើម្បី​កុមារ​កម្ពុជា​ ដែល​ខ្ញុំ​មិន​អាច​រំលង​ទី​នេះ​បាន ហើយ​ណាមួយ​វាជា​ទី​កន្លែង​តែមួយ​គត់​នៅក្នុង​ក្ដីស្រមៃរបស់​ខ្ញុំ ដែល​ខ្ញុំ​ចង់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ ទោះត្រូវ​ប្រថុយ​ប្រថាន​ជីវិត​ក៏ដោយ​»។

នេះ​ជា​ដំណើរ​ផ្សងព្រេង​ដែលមាន​តែមួយគត់​ក្នុង​ឆាក​ជីវិត​របស់​អ្នក​ជិះកង់​ដើម្បី​កុមារ​កម្ពុជា​រូប​នេះ​ ដែល​លោក តារា​រិទ្ធិ នៅតែ​កោត​ស្ញប់​ស្ញែង​ចំពោះ​សម្រស់​ធម្មជាតិ​នៅ​តំបន់​អាស៊ី​កណ្ដាល​នេះ​។

លោក​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ថា​៖ «​នៅ​ផ្លូវ​ហាយវ៉េ​នេះ គឺ​ហាក់បីដូចជា​មានតែ​ខ្ញុំ​តែ​ម្នាក់​ទេ​ដែល​កំពុងធ្វើដំណើរ វា​ដូចជា​ពិភព​ពណ៌​​ស​មួយ និង​ផ្តាច់​ចេញពី​ពិភព​មនុស្ស​។ ល្ងាច​មួយ​ខ្ញុំ​បាន​ឈប់សម្រាក អង្គុយ​មើល​ព្រះអាទិត្យ​លិច​នៅលើ​ភ្នំ ទឹកភ្នែក​ខ្ញុំ​រលីងរលោង ហើយ​ខ្សឹប​ខ្សួល​ប្រាប់​ខ្លួនឯង ប្រហែល​នេះ​ជា​មូល​ហេតុដែល​ខ្ញុំ​ហ៊ាន​ប្រថុយ​ជីវិត​ធ្វើដំណើរ​មកកាន់​ទីនេះ​។ ទេសភាព​ទាំងអស់នេះ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំងអស់គ្នា»​។​

លោក​បាន​រំឭក​ពេល​ធ្វើដំណើរ​កាត់​យប់ថា​៖ «​វា​ជាប់​យប់​ដ៏​រន្ធត់ ទាំង​ភ័យខ្លាច និង​គួរ​ឲ្យ​ចងចាំ។ ជា​យប់​ដែលមាន​សំឡេង​សត្វ​ឆ្កែចចក​ពី​ចម្ងាយ និង​មាន​សីតុណ្ហភាព​ត្រជាក់​ដល់​ទៅ -៣០​អង្សាសេ​ (​នៅ​ពាក់កណ្តាល​អាធ្រាត្រ​​)​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​រស់​ឡើងវិញ​ម្តងទៀត​អញ្ចឹង នៅពេល​ក្តីសង្ឃឹម​របស់ខ្ញុំ​ទាប​បំផុត​នៅក្នុង​យប់​មួយ​នោះ​»។

លោក​​បាន​ជួប​ជនជាតិ​កៀ​ហ្សី​ស្ថាន និង​មាន​មិត្ត​ភ​ក្តិថ្មីៗ​ជាច្រើន​ដែល​​ពួកគេ​បាន​ហាមឃាត់​លោក​ពីការ​ធ្វើ​ដំណើរ​​​ប្រថុយប្រថាន​ជិះ​កង់​ឡើង​ទៅលើ​ភ្នំ​ក្រោម​​អាកាសធាតុ​អាច​ធ្លាក់ចុះ​ដល់ -៣០ ឬ -៤០​អង្សាសេ​។

លោក​បាន​បន្ដថា​​៖ «​ខ្ញុំ​ជា​អ្នកធ្វើដំណើរ​ម្នាក់​ដែលមាន​ចិត្ត​មានៈ​ខ្លាំងណាស់ គឺ​មិន​ងាយ​ស្តាប់​យោបល់​គេ​នោះទេ ហើយ​តែងតែ​ធ្វើ​អ្វីមួយ​ដោយ​ជឿ​លើ​ខ្លួនឯង​»។

ពេលវេលា​មួយ​នោះមក​ដល់ ដែល​លោក​​មិនអាច​ចាក​ចេញពី​កំពូលភ្នំ​ទាន់ពេល រហូត​បង្ខំចិត្ត​បោះ​មូលដ្ឋាន​ដេក​នៅលើ​ភ្នំ​មួយ ក្នុង​សីតុណ្ហភាព​​ជិត -២៥​អង្សាសេ​ដែល​​ធ្វើ​ឱ្យ​លោក​​ស្ទើរ​កក​ស្លាប់​នៅលើ​ភ្នំ​មួយ​នោះ។

លោក​បាន​បន្ថែមថា​៖ «ប៉ុន្តែ​សំណាងល្អ​ណាស់ ដោយសារ​ខ្ញុំ​មាន​កាយ​សម​ប្ប​ទាន​រឹង​រាំ ហើយ​ធន់​ទ្រាន់​ខ្លាំងណាស់ ទើប​អាច​បន្ត​ទប់ទល់​រហូតដល់​ថ្ងៃ​រះ និង​មាន​ឈើ​ងាប់ៗ​ជាច្រើន​ដើម្បីឱ្យ​​ខ្ញុំ​ដុត​កម្តៅ​ខ្លួនប្រាណ​ឡើងវិញ​»។

លោក តារារិទ្ធិ នៅមាន​ឱកាស​សរសេរ​ចោទ​ជា​សំណួរ​ថា​៖ «​តើ​អ្នកដឹង​ឬទេ​ហេតុអ្វី​ទើប​ខ្ញុំ​ហ៊ាន​ប្រថុយប្រថាន​នឹង​រឿង​ទាំងអស់នេះ​? ពីព្រោះ​ខ្ញុំ​តែងតែ​ចង់យក​ឈ្នះ​លើ​ភាពភ័យខ្លាច​របស់ខ្លួន​ឯង ដើម្បី​ឈប់​ខ្លាច​រឿង​អ្វីមួយ អ្នក​ត្រូវតែ​ធ្វើ​រឿង​មួយ​នោះ​។ សូមឱ្យ​​សេចក្តី​ខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ អាច​ពាំនាំ​អត្ថប្រយោជន៍​ទៅដល់​កុមា​រក​ម្ព​ជា​ជាច្រើន​នៅក្នុង​មន្ទី​ពេទ្យ​»។

លោក​បា​ន​បញ្ជាក់ថា បើទោះជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ លោក​​នឹង​បន្តដំណើរ​ទៅមុខ​រហូត ពីព្រោះ​លោក​​ធ្វើ​កិច្ចការងារ​មួយ​នេះ​ដើម្បី​កុមារ​កម្ពុជា​ជាច្រើន​នៅក្នុង​មន្ទី​ពេទ្យ និង​បុព្វហេតុ​​កុមារ​ដែល​កំពុងមាន​ជំងឺ​មហារីក​។

លោក តារារិទ្ធិ បាន​បង្ហាញ​រូបថត​មួយ​​ចំនួន​នៅក្នុង​ទីក្រុង Bishkek រដ្ឋធានី​នៃ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន ភូមិភាគ​អាស៊ី​កណ្តាល។ លោក​ត្រូវ​​ជិះ​កង់​ទៅកាន់​ទីក្រុង Osh ​ជា​ទីក្រុង​ធំ​ទី ២ នៃ​ភូមិភាគ​ខាងត្បូង​ប្រទេស និង​បន្ត​ធ្វើដំណើរ​លើផ្លូវ Pamir Highway ឆ្លងដែន​ចូលទៅ​កាន់​ប្រទេស​តាជី​គី​ស្ថាន តាម​បណ្តោយ​ព្រំដែន​ប្រទេសអាហ្វហ្កានីស្ថាន​​៕