
ពិព័រណ៍ «ចន្លោះខ្យល់ដង្ហើម» របស់សិល្បករ កញ្ញា សុខ អេឡេអូន័រ ដែលកំពុងដាក់តាំងបង្ហាញនៅហាង Java Creative Café ទួលទំពូង ផ្តល់ជូនអ្នកទស្សនានូវការស្វែងយល់បទពិសោធន៍របស់មនុស្សតាមរយៈការសម្តែង និងសិល្បៈសោតទស្សន៍។ រូបថត សហការី
ភ្នំពេញ៖ ការតាំងពិព័រណ៍ «ចន្លោះខ្យល់ដង្ហើម» របស់សិល្បករ កញ្ញា សុខ អេឡេអូន័រ ដែលកំពុងដាក់តាំងបង្ហាញនៅហាង Java Creative Café ទួលទំពូង ផ្តល់ជូនអ្នកទស្សនានូវការស្វែងយល់បទពិសោធន៍របស់មនុស្សតាមរយៈការសម្តែង និងសិល្បៈសោតទស្សន៍។
ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២២០២៥ កម្មវិធីនេះគឺជាផ្នែកមួយនៃកម្មវិធីមហោស្រពរូបថតភ្នំពេញ លើកទី១៥ ដែលជាព្រឹត្តិការណ៍ពិព័រណ៍ថតរូបដ៏សំខាន់បំផុតមួយរបស់អាស៊ីអាគ្នេយ៍។
អេឡេអូន័រ ជាវិចិត្រករជនជាតិបារាំង-ខ្មែរដែលមកកាន់កម្ពុជាតាំងពីឆ្នាំ២០១៥ មានភាពល្បីល្បាញចំពោះគំនិតច្នៃប្រឌិតបង្កើតស្នាដៃសិល្បៈ ពីការរួមបញ្ចូលគ្នានៃការថតរូប ការសម្តែង និងសិល្បៈរាងកាយដើម្បីស្វែងយល់ពីប្រធានបទភាពជាស្ត្រី ការចងចាំ បំណងប្រាថ្នា ក៏ដូចជាចំណុចប្រសព្វនៃប្រវត្តិសាស្ត្រផ្ទាល់ខ្លួន និងសមូហភាព។
ពិព័រណ៍ «ចន្លោះខ្យល់ដង្ហើម» ផ្ដោតលើសំខាន់លើរាងកាយមនុស្សជានាវាទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលឱបក្រសោបភាពតានតឹងដែលកំពុងតែផុសឡើងរវាងការដឹង និងមិនដឹង។
យោងតាមអ្នករៀបចំមហោស្រពរូបថតភ្នំពេញ បានឱ្យដឹងថា៖ «ក្នុងនាមជាទស្សនិកជន យើងចង់ដាក់ខ្លួនឱ្យលង់ចូលទៅក្នុងពេលវេលាមួយដែលពោលពេញទៅដោយភាពប្រហុចញុច និងភាពចាំបាច់នោះ ដូចជាការដកដង្ហើមចូលយ៉ាងវែង ការរវេញខ្សែឱ្យកាន់តែតឹងទៅៗ ឬក៍ដូចជាការទាញប្រយឺតខ្សែធ្នូ ថាមពលទាំងនេះបញ្ចូលគ្នា គឺមានទាំងភាពគ្រោះថ្នាក់ និងភាពរំភើបញាប់ញ័រ»។
សិល្បៈស៊េរីដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងការតាំងពិពណ៍គឺការងាររបស់កញ្ញាជាមួយសិល្បករ New Cambodian Artists ជាក្រុមរបាំសហសម័យដែលកញ្ញាបានបង្កើតឡើងក្រោមចំណងជើងថា «គ្រាប់ពូជ និងសាបព្រួស»។

«គ្រាប់ពូជ និងសាព្រួស» ជាផ្នែកមួយនៃ ពិព័រណ៍ «ចន្លោះខ្យល់ដង្ហើម» គឺជាកម្រងរូបភាពសម្តែងដែលបង្កើត និងផលិតឡើងដោយសហការជាមួយ New Cambodian Artists (NCA) ជាក្រុមអ្នករាំបីនាក់របស់យុវនារីកម្ពុជាក្នុងឆ្នាំ ២០១៩ និង ២០២០។ រូបថត សហការី
បើយោងតាមសំណេរជីវប្រវត្ដិរបស់កញ្ញា អេឡេអូន័រ បានបង្ហាញថា៖ «គ្រាប់ពូជ និងសាបព្រួស ជាផ្នែកមួយនៃការតាំងពិព័រណ៍នៅឯ Art Nomad “Natte, Nappes” បីឆ្នាំនៅប្រទេសបារាំង (២០២១)។ វាត្រូវបានដាក់តាំងបង្ហាញនៅមហោស្រពរូបថតឥណ្ឌា (២០២៣) និងមហោស្រពរូបថតភ្នំពេញ (២០២៣)»។
ការងារនិពន្ធ ការថតរូប និងឯកសាររបស់កញ្ញា រួមទាំងការសរសេរអត្ថបទកាសែតឆ្នាំ ២០១៩ បានផ្តោតលើភាពស្មុគស្មាញនៃអត្តសញ្ញាណខ្មែរ រចនាសម្ព័ន្ធសង្គម និងអន្តរកម្មនៃការចងចាំប្រវត្តិសាស្ត្រជាមួយនឹងជីវិតសម័យទំនើប។

សិល្បៈរបស់កញ្ញា អេឡេអូន័រ ផ្ដោតលើសំខាន់លើរាងកាយមនុស្សជានាវាទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលឱបក្រសោបភាពតានតឹងដែលកំពុងតែផុសឡើងរវាងការដឹង និងមិនដឹង។ រូបថត សហការី
ការពិព័រណ៍ «ចន្លោះខ្យល់ដង្ហើម» នៅ Java Creative Café អញ្ជើញអ្នកមើលឱ្យនៅស្ងៀមក្នុងគ្រានៃភាពតានតឹង និងការឆ្លុះបញ្ចាំង ដូចជាការជញ្ជឹងគិតអំឡុងពេលនៃចន្លោះការដកដង្ហើមចូល និងដង្ហើមចេញ។
ជាផ្នែកមួយនៃមហោស្រពរូបថតភ្នំពេញ ការតាំងពិព័រណ៍នេះរួមចំណែកដល់ការសន្ទនាកាន់តែទូលំទូលាយអំពីតួនាទីនៃការថតរូប និងសួរសំណួរអំពីការផ្លាស់ប្តូរសង្គម។

នៅក្នុងសិល្បៈស៊េរី អេឡេអូន័រ បានអញ្ជើញអ្នកសម្ដែងឱ្យស្វែងយល់ពីការស្រមើស្រមៃ អត្តសញ្ញាណរាងកាយដែលបែកខ្ញែក និងភាពចម្លែកដ៏គួរឱ្យរំខានចិត្ដ។ រូបថត សហការី
សម្រាប់អ្នកនៅក្នុងទីក្រុងភ្នំពេញដែលស្វែងរកបទពិសោធន៍សិល្បៈប្រកបដោយការស្រមើលស្រមៃ និងបំផុសគំនិត ការពិព័រណ៍ «ចន្លោះខ្យល់ដង្ហើម» ផ្តល់ឱកាសដើម្បីផ្អាក ទប់ដង្ហើម និងរស់នៅក្នុងចន្លោះដែលការពិតត្រូវបានលាតត្រដាងដោយស្ងប់ស្ងាត់។
មហោស្រពរូបថតភ្នំពេញលើកទី១៥ នៅតែបន្តអបអរសាទរសិល្បៈថតរូបដ៏រស់រវើករបស់ប្រទេសកម្ពុជា ជាមួយនឹងការតាំងពិព័រណ៍ និងព្រឹត្តិការណ៍ជាច្រើន ដែលផ្តល់វេទិកាសម្រាប់សិល្បករក្នុងស្រុក និងអន្តរជាតិ៕