ក្រុង​ប៊ូហ្គូតា: អាជ្ញាធរ​ប្រទេស​កូ​ឡុំ​ប៊ី​ បាន​ចាប់​កង្កែប​ពុល​ចំនួន ១៣០ ​ក្បាល ដែល​ត្រូវបាន​ជួញដូរ​តាម​អាកាសយានដ្ឋានប៊ូហ្គូតា កាលពី​ថ្ងៃ​ចន្ទ (២៩ មករា​) ហើយ​បាន​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​ប្រេ​ស៊ី​ល​ដែល​ដឹក​ពួកគេ​។​

​ស្ត្រី​រូបនេះ​កំពុង​ដឹកជញ្ជូន​កង្កែប​ពុល harlequin ចម្រុះ​ពណ៌ (oophaga histrionica) ក្នុង​ប្រអប់​រុំ​ហ្វីម​ ខណៈ​ពេល​ដែល​​ធ្វើដំណើរ​ទៅកាន់​ទីក្រុងសៅប៉ូឡូ​ ដោយ​ឈប់សម្រាក​នៅ​ប៉ា​ណា​ម៉ា​។​

​លោកស្រី អេនទ្រីយ៉ាណា សូតូ​ រដ្ឋលេខាធិការ​បរិស្ថានប៊ូហ្គូតា​​ បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​ចែក​រំលែក​​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖ «គាត់​​​បាន​អះអាងថា ​សហគមន៍​ក្នុង​តំបន់​បានផ្តល់កង្កែប​ទាំង​នោះ​​ជា​អំណោយ»។​


​កង្កែប Harlequin មាន​ពិស ​​ទំហំ​តូច​ជាង ៥ សង់ទីម៉ែត្រ និង​រស់នៅ​ក្នុងព្រៃ​សើម តាម​បណ្តោយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក រវាង​អេ​ក្វា​ឌ័​រ និង​កូ​ឡុំ​ប៊ី ក៏ដូចជា​នៅក្នុង​ប្រទេស​ផ្សេងទៀត​នៅ​អាមេរិក​កណ្តាល និង​ខាងត្បូង​។​

កង្កែបពិសដ៏កម្រ​ ត្រូវបាន​ប្រទះឃើញ​ស្ដ្រីម្នាក់​រត់ពន្ធ​នៅ​អាកាសយានដ្ឋាន​ក្រុងសៅប៉ូឡូ។AFP


​មេបញ្ជាការ​ប៉ូលិស ប៊ូហ្គូតា​ លោក ចូន កាឡូស អារ៉េវ៉ាឡូ​ បាន​និយាយថា៖​ «​​ប្រភេទ​សត្វ​ជិត​ផុត​ពូជទាំង​​នេះមាន​ការ​ពេញ​និយម​នៅលើ​ទីផ្សារ​អន្តរជាតិ។ អ្នកប្រមូលទិញលក្ខណៈ​​ឯកជនហ៊ាន​ចំណាយ​រហូតដល់ ១ ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ក្បាល​»។​

​ប៉ូលិស​បាន​រាយការណ៍​ថា​ ស្ត្រី​ដែល​ដឹក​កង្កែប​ត្រូវបាន​ចាប់ខ្លួន «ពីបទ​ឧក្រិដ្ឋកម្ម​ជួញដូរ​​សត្វព្រៃ​» មុនពេល​ត្រូវ​បាន​​ប្រគល់ឱ្យ​ការិយាល័យ​ព្រះរាជអាជ្ញា​។​

​ការជួញដូរ​សត្វ​គឺជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ជីវចម្រុះ​បំផុត​នៅក្នុង​ពិភពលោក ជាពិសេស​គឺ​ពពួកសត្វ amphibians ថនិកសត្វ​តូចៗ និង​ផ្នែក​សត្វ​សមុទ្រ ដូចជា​ត្រី​ឆ្លាម​ជាដើម​៕ 

កង្កែបពិសដ៏កម្រ​ ត្រូវបាន​ប្រទះឃើញ​ស្ដ្រីម្នាក់​រត់ពន្ធ​នៅ​អាកាសយានដ្ឋាន​ក្រុងសៅប៉ូឡូ។AFP