​ក្រុង​បាងកក: ប្រទេស​ថៃ​ បាន​បញ្ជា​ឱ្យ​កំពង់ផែ​របស់ខ្លួន ​កាលពី​ថ្ងៃ​អង្គារ​ ដើម្បីតាមដានការ​នាំចូល​ «​ខោ​ដំរី» ​​មកកាន់​​ព្រះរាជាណាចក្រ​មួយ​នេះ ខណៈ​​ទីក្រុង​បាងកក​បាន​បន្លឺសំឡេង​ទាមទារ​កម្មសិទ្ធិបញ្ញា​​របស់​ខ្លួន​ចំពោះ​ការបោះពុម្ពគំរូ​រូបភាព​សត្វ​ដំរី​ដ៏​ពេញនិយម​។​

ខោ​កប្បាស​ស្តើង ​ជា​វត្ថុ​សំខាន់​របស់​អ្នកធ្វើដំណើរសម្ពាយ​​អឺរ៉ុប ​ជា​យូរ​មកហើយ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​អាស៊ីអាគ្នេយ៍​។​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខោ​ដំរី​​បាន​ក្លាយជាការ​ពេញ​និយម​ខ្លាំង​ចំណោម​​យុវជន​ថៃ​។​

ប៉ុន្តែ​ការហូរចូល​នៃ​ខោ​​​ផលិត​ពី​ប្រទេស​ចិន​ ដែលមាន​តម្លៃ​ថោក​បានធ្វើឱ្យ​មានកា​រ​ព្រួយបារម្ភ​ចំពោះ​​​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក និង​ទាក់ទាញ​ការយកចិត្តទុកដាក់រ​បស់​មន្ត្រីផង​ដែរ​​។​


លោក​ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai បាន​ប្រាប់​អ្នកយកព័ត៌មាន​ កាលពី​ថ្ងៃ​អង្គា​រថា៖​ «​យើង​បាន​បញ្ជា​ឱ្យ​មាន​​ការឃ្លាំមើល​ខោ​ដំរី​នៅក្នុង​កំពង់ផែ​ទាំងអស់​»។​

​លោក Phumtham ​ជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​​ បាន​និយាយថា ការ​រចនា​គំនូរ​ដំរីនៅលើ​ផ្ទៃ​​ខោ​​​ត្រូវបាន​រក្សា​កម្ម​សិទ្ធិបញ្ញា​​។​


​លោក​បាន​ថ្លែងថា​៖ «​ប្រសិនបើ​យើង​អនុញ្ញាតឱ្យ​ផលិតករ​បរទេស​ផលិត​វា​ឡើង វា​អាច​នឹង​ប៉ះពាល់​ដល់​ផលិតផល​ថៃ​ក្នុងស្រុក​​​។​ ​​ផលិតផល​ថៃ​មាន​ស្តង់ដា​​។ ផលិតផល​ខ្លះ (​នាំចូល​)​ ងាយ​ដាច់រហែក ​បន្ទាប់ពី​ប្រើ​ពីរ​បី​ដង»​។​

​ខណៈដែល​ខោដំរី​​ត្រូវបាន​លក់​ចេញពី​តូប​ផ្សារ​ក្នុងតម្លៃ​ត្រឹមតែ ១៥០ បាត (៤ ដុល្លារ​) អ្នក​លក់រាយ​លំដាប់​ខ្ពស់​ក៏បាន​ជ្រើសរើសប្រភេទ​ខោ​កំពុង​តែ​មានភាព​​​ទាន់សម័យ​មួយចំនួន​ ដែលមាន​តម្លៃ​រហូតដល់ ៣០ ដុល្លារ​។​

ការលើកឡើង​របស់លោក Phumtham ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ត្រូវបាន​សួរ​អំពី​ខោ​ដំរី ​​ផលិត​ពី​ប្រទេស​ចិន ​ដែលមាន​តម្លៃ​ថោក​កំពុង​គ្របដណ្តប់​ទីផ្សារ​ក្នុងស្រុក​។​

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​នេះ​មិនមាន​អ្វី​ថ្មី​ទេ​ក្នុង​ការធ្វើ​អាជីវកម្ម​។ កន្លែង​ណា​មានឱកាស មាន​អ្នក​ឆ្លៀតឱកាស​។​ ​ប្រសិនបើ​យើង​មិន​ធ្វើ​លឿន​ទេ យើង​នឹង​បាត់បង់​ឱកាស​ ដូច​អ្វីដែល​យើង​បាន​បាត់​បង់​កន្លងមក​»​៕​HR