ក្រុងញូវយ៉ក៖ ពី​រដ្ឋ​កាលីហ្វ័រនីញ៉ា​ ដល់​អាស៊ីអាគ្នេយ៍ Facebook កំពុង​ទាក់ទាញ​​អ្នកប្រើប្រាស់​ជំនាន់​ថ្មី ដែល​មើលឃើញថា​វា​ជា​ឧបករណ៍​ពាណិជ្ជកម្ម ជាជាង​​ប្លេតហ្វម​​បណ្តាញសង្គម​បែប​កម្សាន្ដ​។​

​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​​ទំនងជា​កំពុង​លើកកម្ពស់​អាជីវកម្មរ​បស់​ពួកគេ​ជាជាង​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​មិត្តភក្តិ​។​
​នៅពេលដែល​ប្លេតហ្វម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជើងចាស់មួយ​នេះ​​ប្រារឰ​​ខួប ២០​ ឆ្នាំ​ របស់ខ្លួន អ្នកប្រើប្រាស់ ៤ នាក់​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​ជាមួយ AFP ។​

អ្នកស្រី នីណា វូគីសេវិក អាយុ ៣១​ ឆ្នាំ រដ្ឋកាលីហ្វ័រនីញ៉ា បាន​​និយាយថា៖​«​​ខ្ញុំ​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ខ្ញុំ​មិនអាច​ប្រាប់​​បានទេ​ថា​ខ្ញុំ​មើល​វា​លើកចុងក្រោយនៅពេលណា» ។​


អ្នកស្រី វូគីសេវិក គឺជា​អ្នកគ្រប់គ្រង​កសិដ្ឋាន​នៅ Common Roots Farm ​ជា​អង្គ​ការមិន​រកប្រាក់​កម្រៃ​នៅ Santa Cruz ដែល​ផលិត​អាហារ​សរីរាង្គ និង​បើក​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ថែ​សួន និង​កសិកម្ម​។​

អ្នកស្រីបាន​និយាយថា Facebook មានការ​ប្រើប្រាស់​ជាច្រើន​សម្រាប់​អាជីវកម្ម មិន​ថា​ការចែករំលែក​គំនិត​នៅក្នុង​ក្រុម​អ្នកឯកទេស ឬ​បង្ហោះ​ព័ត៌មាន​ថ្មីៗ​ទៅកាន់​ទំព័រ​របស់​កសិដ្ឋាន​នោះទេ​។​


អ្នកស្រី នីណា វូគីសេវិក អាយុ ៣១ ឆ្នាំ ប្រើប្រាស់ Facebook សម្រាប់ការចែករំលែកគំនិតនៅក្នុងក្រុមអ្នកឯកទេស ឬបង្ហោះព័ត៌មានថ្មីៗទៅកាន់ទំព័ររបស់កសិដ្ឋាន។AFP

​ពួកគេ​បាន​និយាយថា៖«​ដោយ​មាន​ការ​ចងក្រង​ជាក្រុម​ ខ្ញុំ​អាច​ស្វែងរក​ទំនាក់ទំនង​ក្នុង​តំបន់​បាន​កាន់តែច្រើន ប៉ុន្តែ​ក៏មាន​ធនធាន​ពី​ជុំវិញ​ពិភពលោក​ផងដែរ លើ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​។​​ខ្ញុំ​អាច​ជជែក​​ជាមួយ​អ្នក​ថែ​សួន​​​ក្នុងប្រទេស​ស្វ៊ី​ស​ដែល​ ខ្ញុំ​​មិនធ្លាប់​​អាច​ភ្ជាប់​ទំនាក់ទំនងកន្លងមក​នោះទេ​។​​និយាយ​ឱ្យ​ត្រង់​ទៅ (​ប្រសិនបើ Facebook បាត់​) ខ្ញុំ​នឹងត្រូវ​ខាត​បង់​ ដោយសារ​នៅលើ​បណ្ដាញ​សង្គម​នេះ​​មាន​ធនធាន​ទាំងនេះ​»។​​

លោក ដាវ ម៉ាញធួន អាយុ ៣៣ ឆ្នាំ​ នៅ​ក្រុង​ហាណូយ​ ​មាន​អ្នកតាមដាន​១ពាន់​នាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​និង​៣៨០០០ នាក់​ នៅលើ​គណនី​អាជីវកម្ម​របស់លោក​​។​

លោក​បាននិយាយថា​៖ «​គ្មាន​នរណាម្នាក់​អាច​បដិសេធ​អត្ថប្រយោជន៍​របស់ Facebook បានទេ ព្រោះ​វា​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​ច្រើន​»។​

លោក ធួនបើក​អាជីវកម្ម​លក់​ផលិតផល​បច្ចេកវិទ្យា​អេឡិចត្រូនិក​ ​ដូចជា​ក្តារ​ចុច និងគ្រឿង​អេឡិចត្រូនិក​​ផ្សេងៗទៀត ហើយ​ប្រើ​ប្លេតហ្វម​នេះ​ដើម្បី​ផ្សាយពាណិជ្ជកម្ម និង​បង្កើត​ការលក់​តាមរយៈ Messenger​។​

​ប៉ុន្តែ​លោក​បាន​និយាយថា ការ​លក់​ដូរ​នៅលើ​ប្លេតហ្វម​នេះ​មានការ​ធ្លាក់ចុះ​​ ជាពិសេស​នៅពេលដែល​អ្នកលក់​ផ្សេងទៀត​លក់​ផលិតផលមិន​ស្មោះ​ត្រង់​​។​

​​លោក​បាន​និយាយថា​​ប្លេតហ្វម​ផ្សេងៗ​ ​ដូចជា​ Lazada របស់​​ក្រុមហ៊ុន Alibaba មាន​មុខងារ​ផ្សាយ​បន្ត​ផ្ទាល់​ល្អ​ជាង​​និង​អនុញ្ញាត​ឱ្យមាន​ការលក់​ផ្ទាល់​។​

កញ្ញា ណាត់ឆា រ៉ាមីងវុង ​អាយុ ២១​ ឆ្នាំ នៅ​ក្រុង​បាងកក​ ជា​​និស្សិត​សាកលវិទ្យាល័យ ​បាននិយាយ​ថា Facebook ល្អ​សម្រាប់​អាជីវកម្ម​​ ដោយ​កញ្ញា​​បាន​រចនា និង​លក់​គ្រាប់​ចុចឃ្យូតៗ ដែល​អនុញ្ញាតឱ្យ​​អ្នក​ប្រើ​កុំព្យូទ័រ​​អាច​ប្ដូរ​ក្តារ​ចុច​របស់​ពួកគេ​បាន​។​

ទំព័រ Facebook របស់ BungkeeCaps បង្ហាញ​ដោយ​មោទនភាព​នូវ​រូបភាព​បដា​នៃ​ជ្រូក​ពណ៌​ផ្កាឈូក​តូច​រុំ​ក្នុង​ភួយ​ដែល​កាន់​រួមគ្នា​ជាមួយនឹង​ម្ជុលខ្ទាស់​។​

កញ្ញា​​បាន​និយាយថា៖​«​ខ្ញុំ​បានដឹងថា​មាន​មនុស្ស​មួយក្រុម​ ដែល​ស្រឡាញ់​គ្រាប់​ចុច​កុំព្យូទ័រ​ខ្លាំង​»។ 

កញ្ញា ណាត់ឆា រ៉ាមីងវុងបាន​ប្រើ​​ប្លេតហ្វម ​​Facebook នេះ​ជា​លើកដំបូង នៅពេលដែល​គ្រូ​របស់​កញ្ញា​​បាន​បង្កើត​ក្រុម​សម្រាប់​​ថ្នាក់រៀន​​​កាលពី ១០​ ឆ្នាំមុន ហើយ​កញ្ញា​​រីករាយ​​ជាមួយ​​​បទពិសោធន៍ថ្មី​ជា​លើកដំបូង​​។​

កញ្ញា​​បាន​និយាយថា​៖ «​ខ្ញុំ​ចាប់ផ្ដើម​ដោយ​ការ​រចនា​គ្រាប់​ចុចកុំព្យូទ័រ​​ដំបូង​របស់ខ្ញុំ ហើយ​ខ្ញុំ​បាន​បង្ហោះ​ក្នុង​ក្រុម​​។ពេល​នោះ​​ សមាជិក​ក្រុម​​ហាក់ដូចជា​ចូលចិត្ត​វា​»​។​

យុវតី រូប៊ី ហាមម័រ​​អាយុ ១៨​ ឆ្នាំ មក​ពី​រដ្ឋកាលីហ្វ័រនីញ៉ា ​បាន​និយាយថា៖​«​វា​ជា​រឿង​ឆ្កួត​ដែល​គិតថា​កម្មវិធីទូរស័ព្ទ​​មួយ​អាច​ទ្រទ្រង់​ខ្លួន​វា​បានយូរ​យ៉ាង​នេះ​»។​

​នាង​បានចាប់ផ្តើម​ប្រើប្រាស់ Facebook កាល​ពីមួយ​ឆ្នាំមុន ភាគច្រើន​ដើម្បី​ផ្តល់​សេវាកម្ម​​​ជា​អ្នកមើល​ផ្ទះ និង​អ្នក​មើលថែទាំ​ក្មេង​។​

​ហាមម័រ​​​បាន​និយាយថា​៖ «​ខ្ញុំ​ប្រើ​ Facebook ​ជាពិសេស​ដើម្បី​កំណត់​គោលដៅ​ទស្សនិកជន​មួយចំនួន​ព្រោះ​ខ្ញុំ​ដឹងថា​មិត្តភក្តិ​របស់​ម្តាយ​ខ្ញុំ​នឹង​ចាប់អារម្មណ៍​។ ​Facebook ពិតជា​​ល្អ​ចំពោះ​​មនុស្ស​ជំនាន់​មុន​»។​

យុវតីរូប​នេះ បាន​បន្ថែម​ថា កញ្ញា​​នឹងមិន​ប្រើ​វា​ជា​ឧបករណ៍ទំនាក់ទំនង​​សង្គម​ទេ​ព្រោះ​​​មិន​ចង់ឃើញ​រឿងរ៉ាវ​«​អាម៉ាស់​» ដែល​ឪពុកម្តាយ​របស់​នាង​បង្ហោះ​អំពី​នាង​។​

ដូច​មនុស្ស​វ័យក្មេង​ជាច្រើន Instagram និង Snapchat គឺជា​គោលដៅ ​ដែល​ទំនង​​​សម្រាប់​ទំនាក់ទំនង​សង្គម​ចំពោះ​នាង៕ AFP/HR ​