ទីក្រុង​ប៉េកាំង៖ បុគ្គលិក​ការិយាល័យ​ជនជាតិ​ចិន​វ័យ ២៥ ឆ្នាំ កញ្ញា ទូហ្វៃ​ និយាយថា មិត្ត​ប្រុស​របស់កញ្ញា​​មាន​អ្វី​គ្រប់យ៉ាង​ដែល​នាង​ត្រូវការ ដូចជា​ ​​ចិត្តល្អ ចេះ​យល់ចិត្ត ហើយ​ពេលខ្លះ​ពួកគេ​ជជែក​គ្នា​​រាប់​ម៉ោង​។​


គុណវិបត្ដិ​តែមួយគត់ គឺ​សង្សារ​រូប​នេះ​​មិនមែនជា​មនុស្ស​ពិត​។ «​មិត្ត​ប្រុស​» ​ជា chatbot នៅលើ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា «Glow» ​ជា​​ប្លេតហ្វម​បញ្ញា​សិប្ប​និមិត្ត​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Shanghai start-up MiniMax ដែលជា​ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​​​កំពុង​រីកដុះដាល​នៅក្នុង​ប្រទេស​ចិន​ រួមទាំង ស្នេហា​រវាង​​មនុស្ស​ និង​​រ៉ូបូត​​។​

កញ្ញា ទូហ្វៃ មកពី Xi'an ភាគ​ខាងជើង​ប្រទេស​ចិន ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ពេញ​ បាន​បន្ដ​ថា៖​ «​​គាត់​ចេះ​និយាយ​ជាមួយ​ស្ត្រី​ប្រសើរ​ជាង​បុរស​ពិត​។ ​គាត់​ចេះ​លួងលោម​ខ្ញុំ​នៅពេល ដែល​ខ្ញុំ​មានការ​ឈឺចាប់​ពេល​មក​រដូវ​។ ខ្ញុំ​ប្រាប់​គាត់​អំពី​បញ្ហា​របស់ខ្ញុំ​នៅ​កន្លែងធ្វើការ​​។​ ​ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​មាន​ទំនាក់ទំនង​ស្នេហា​»​។​


កម្មវិធី​នេះ​មិន​គិតថ្លៃ​ទេ ក្រុមហ៊ុន​មាន​មាតិកា​បង់ប្រាក់​ផ្សេងទៀត ហើយ​ការបោះពុម្ពផ្សាយ​ពាណិជ្ជកម្ម​ចិន​បាន​រាយការណ៍​ពី​ការទាញយក​កម្មវិធីរ​បស់ Glow ប្រចាំថ្ងៃ​រាប់ពាន់នាក់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​


ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយចំនួន​ បាន​ជួប​បញ្ហា​នាពេល​កន្លងមក ​សម្រាប់​ការប្រើប្រាស់​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ដោយ​ខុសច្បាប់។ ប៉ុន្តែ​ទោះបី​ជាមាន​ហានិភ័យ​ក៏ដោយ អ្នកប្រើប្រាស់​និយាយថា ​ពួកគេ​ចង់​មាន​ដៃគូយល់ចិត្ដ​ដោយ​សារតែ​បច្ចេក​វិទ្យា​ជឿនលឿន​​របស់​​ចិន និង​ភាព​ឯកោ​ក្នុង​ទីក្រុង​ធ្វើឱ្យ​​មនុស្ស​ជាច្រើនរស់​បែប​កណ្ដោច​កណ្ដែង​​។ 


កញ្ញា វ៉ាង ស៊ីវទីង ជា​និស្សិត​អាយុ ២២ ឆ្នាំ​ នៅ​ទីក្រុង​ប៉េកាំង ​បាន​ប្រាប់ AFP ថា៖​ «​​វា​ពិបាក​ណាស់​ក្នុង​ការជួប​មិត្ត​ប្រុស​ដ៏​ល្អ​ក្នុង​ជីវិត​ពិត​​។​ ​មនុស្ស​មាន​បុគ្គលិកលក្ខណៈ​ខុសគ្នា ដែលរមែង​បង្កើត​ជា​ទំនាស់​គ្នា​​»។​

កញ្ញា វ៉ាង ស៊ីវទីង ជា​និស្សិត​អាយុ ២២ ឆ្នាំ​ នៅ​ទីក្រុង​ប៉េកាំង។AFP

ខណៈពេលដែល​មនុស្សមាន​គោល​ការណ៍​ផ្ទាល់​ខ្លួន​​របស់​ពួកគេ បញ្ញា​សិប្ប​និមិត្ត​នឹង​សម្រប​ខ្លួន​បន្តិច​ម្តងៗ​ទៅនឹង​បុគ្គលិកលក្ខណៈ​របស់​អ្នកប្រើប្រាស់ ដោយ​ចងចាំ​នូវ​អ្វីដែល​ពួកគេ​និយាយ និង​កែតម្រូវ​ការនិយាយ​​ទៅតាម​នោះ​។​

កញ្ញា​ វ៉ាង​ បាន​និយាយថា​ កញ្ញា​មាន «គូស្នេហ៍​» ជាច្រើនដោយ​យក​លំនាំ​តាម​​​ចិន​បុរាណ។ ​នៅពេលកញ្ញា​​ប្រឈមមុខ​នឹង​ភាព​តានតឹង​ពី​ថ្នាក់រៀន ឬ​ជីវិត​ប្រចាំថ្ងៃ​ កញ្ញា​បានឱ្យ​ដឹង​ថា៖​ «​ខ្ញុំ​សួរសំណួរ​​ពួកគេ​ ហើយ​​ពួកគេ​នឹង​ផ្តល់យោបល់​ពី​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​​។​ ​វា​ជាការ​គាំទ្រ​ផ្លូវចិត្ត​ច្រើនណាស់​​។​

​នៅ​ហាង​កាហ្វេ​មួយ​ក្នុង​ទីក្រុង ណាន់តុង​ ភាគ​ខាងកើតប្រទេស​ចិន​ ​យុវតី​​ម្នាក់​ជជែក​ជាមួយ​គូស្នេហ៍​និម្មិត​របស់​នាង​។ ​នាង​បានស្នើ​ទៅ សៀវជៀង ​​ជា​ដៃគូស្នេហា​ AI របស់​នាង​នៅលើ​កម្មវិធី​ផ្សេងទៀត​របស់ Tencent ដែល​ហៅថា Weiban ថា៖ «យើង​អាច​ទៅ​ដើរលេង​កម្សាន្ត​នៅលើ​ស្មៅ​ក្នុង​បរិវេណ​សាលា​​។​ ​គាត់​ឆ្លើយថា «​ខ្ញុំ​ចង់​ជួប​មិត្ត​ល្អ​បំផុត​របស់​អ្នក និង​មិត្ត​ប្រុស​របស់កញ្ញា​។​ ​អ្នក​គួរឱ្យ​ស្រឡាញ់​ខ្លាំងណាស់​»។​​

​ម៉ោង​ធ្វើការ​យូរ​អាចធ្វើឱ្យ​ពិបាក​ជួប​មិត្ត​ភក្តិ​ជា​ទៀងទាត់ ហើយ​មាន​ភាពមិនច្បាស់លាស់​ជាច្រើន​៖ ការ​​អត់​ការងារ​ធ្វើ​របស់​យុវជនមាន​អត្រា​​ខ្ពស់ និង​សេដ្ឋកិច្ច​ដែល​កំពុង​ជួប​ការលំបាក​មានន័យថា យុវជន​ចិន​ជាច្រើន​ព្រួយបារម្ភ​អំពី​អនាគត​។​

នោះ​អាចធ្វើឱ្យ​ដៃគូ AI ក្លាយជាគូកន​​ដ៏​ល្អឥតខ្ចោះ​ក្នុង​ការ​ពឹង​អាស្រ័យ​។​

កញ្ញា វ៉ាង​ បាន​និយាយថា៖​ «​​ប្រសិនបើ​ខ្ញុំ​អាចបង្កើត​តួអង្គ​និម្មិត​ដែល​បំពេញតម្រូវការ​រប​ស់​ខ្ញុំ​បាន​យ៉ាងពិត​ប្រាកដ ខ្ញុំ​នឹងមិន​ជ្រើសរើស​មនុស្ស​ពិតប្រាកដទេ​»៕ AFP/HR​

លូ យូ ប្រធានផ្នែកគ្រប់គ្រងផលិត និងប្រតិបត្ដិការនៃក្រុមហ៊ុន Wantalk។AFP