ក្រុង​បាងកក:បុគ្គលិក​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក ត្រូវបានជូនដំណឹង​​​ឱ្យធ្វើ​ការ​ពី​ផ្ទះ ដើម្បី​ជៀសវាង​ការបំពុល​ខ្យល់​ដែល​បង្ក​គ្រោះថ្នាក់ ខណៈ​​ស្រទាប់​អ័ព្ទ​ដ៏​អាក្រក់​បាន​គ្របដណ្តប់​រាជធានី​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

អាជ្ញាធរ​ក្រុង​បានស្នើ​សុំ​កិច្ចសហប្រតិបត្តិការ​ពី​និយោជក​ដើម្បី​ជួយ​នយោជិក​​​នៅក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​ប្រមាណ ១១ លាន​នាក់​ជៀសវាង​ការបំពុល ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងអូស​បន្លាយ​​រហូតដល់​ថ្ងៃ​សុក្រ​។​

គេហទំព័រ​ត្រួតពិនិត្យ​ខ្យល់ IQAir បានដាក់​ចំណាត់ថ្នាក់​ទីក្រុង​បាងកក ក្នុងចំណោម​ទីក្រុង​ទាំង ១០ ដែលមាន​ការបំពុល​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​


យោងតាម IQAir បានឱ្យដឹងថា កម្រិត​នៃ​ភាគល្អិត PM2.5 ដ៏​គ្រោះថ្នាក់​បំផុត ដែល​ពួកវា​អាច​ចូលទៅក្នុង​ចរន្តឈាម គឺមាន​ច្រើនជាង ១៥​ ដង​នៃ​ការណែនាំ​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។​

​អភិបាលក្រុង​បាងកក លោក ChadchartSittipuntបាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា បុគ្គលិក​ទីក្រុង​ទាំងអស់​នឹងធ្វើ​ការ​ពី​ផ្ទះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​។​


លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖​«​ខ្ញុំ​ចង់​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ពី​បណ្តាញ BMA (អក្សរ​កាត់​សម្រាប់​រដ្ឋបាល​ក្រុង​បាងកក)នៃ​ក្រុមហ៊ុន និង​អង្គការ​ប្រហែល ១៥១​ ទាំង​ការិយាល័យ​រដ្ឋាភិបាល និង​វិស័យ​ឯកជនដោយ​មនុស្ស​ជាង ៦ម៉ឺន​នាក់​បាន​រង​ផលប៉ះពាល់»​។​

លោក Chadchartបាន​និយាយថា យ៉ាងហោចណាស់​សង្កាត់​ចំនួន ២០ នៃ​សង្កាត់​ចំនួន ៥០ របស់​ទីក្រុង​បាងកក ត្រូវបាន​គេ​រំពឹងថា​នឹងមាន​កម្រិត​នៃ​ភាគល្អិត PM2.5 ដែល​មិនល្អ​សម្រាប់​សុខភាព ហើយ​បញ្ហា​នេះ ​នឹង​បន្ត​កើតមាន​ដោយ​សារ​តែ​អាកាសធាតុ​ស្ងប់ស្ងាត់​។​

គុណភាព​ខ្យល់​នៅក្នុង​ប្រទេស​ថៃ​ធ្លាក់ចុះ​ជាប្រចាំ​នៅ​ដើមឆ្នាំ ដោយសារ​ផ្សែង​ពី​កសិករ​ដែល​កំពុង​ឆេះ​ចំបើង​នៅក្នុង​វាលស្រែ​បន្ថែម​ការ​បំ​ភាយ​ឧស្ម័ន​ឧស្សាហកម្ម និង​ផ្សែង​រថយន្ត​។​

បាងកក និង​ទីក្រុង​ឈៀង​ម៉ៃ ភាគ​ខាងជើង​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ទីក្រុង​ដែល​បំពុល​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កាលពី​ឆ្នាំមុន​។​

វិបត្តិ​សុខភាព​សាធារណៈ​កំពុង​ផ្ទុះឡើង​ជុំវិញ​បញ្ហា​នេះ ដោយមាន​មនុស្ស​យ៉ាងហោចណាស់​ពីរលាន​នាក់​ នៅក្នុង​ប្រទេស​ថៃ​ត្រូវការ​ការព្យាបាល​វេជ្ជសាស្ត្រ​ដោយសារតែ​ការបំពុល​នៅ​ឆ្នាំ ២០២៣។​

រដ្ឋាភិបាល​របស់លោក​ស្រី SretthaThavisin ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែសីហា បាន​សន្យាថា​នឹងធ្វើ​ឱ្យ​ការដោះស្រាយ​ការបំពុល​បរិយាកាស​ជា «​របៀបវារៈ​ជាតិ» ហើយ​សេចក្តីព្រាងច្បាប់​ខ្យល់​ស្អាត​ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​របស់​លោក​​កាលពី​ខែ​មុន​។​

​ប៉ុន្តែ​បញ្ហា​នៅតែ​បន្ត​កើតមាន ហើយ​តុលាការ​នៅ​ឈៀង​ម៉ៃ​កាលពី​ខែ​មុន​បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​បង្កើត​ផែនការ​បន្ទាន់​មួយ​ដើម្បី​ដោះស្រាយ​ការបំពុល​បរិយាកាស​ត្រឹម​​រយៈពេល ៩០ ថ្ងៃ​៕ AFP/HR ​

AFP