ក្រុងប៉ារីស:ឧបករណ៍ឆ្លាតវៃសិប្បនិម្មិតថ្មីមួយដែលមានសមត្ថភាពបង្កើតវីដេអូខ្លីៗរយៈអត្ថបទសាមញ្ញបានបង្កើនការព្រួយបារម្ភចាប់ពីសិល្បករ និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ។
OpenAI ជាក្រុមហ៊ុនបង្កើត ChatGPT និងម៉ាស៊ីនបង្កើតរូបភាព DALL-E បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងសាកល្បងកម្មវិធីបំប្លែងអត្ថបទទៅវីដេអូហៅថា «Sora»ដែលអាចឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូជាក់ស្តែងជាមួយនឹងសំណេរសាមញ្ញៗ។
ក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូ បានបង្ហាញថា Sora អាចបង្កើតឈុតឆាកស្មុគ្រស្មាញជាមួយនឹងតួអង្គច្រើនប្រភេទ ចលនាជាក់លាក់ និងព័ត៌មានលម្អិតត្រឹមត្រូវនៃប្រធានបទ និងផ្ទៃខាងក្រោយ។ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថាវានៅតែមានដែនកំណត់ ដូចជាមិនច្បាស់ពីលាយឆ្វេង និងស្តាំ ជាដើម។
នេះគឺជាប្រតិកម្មដំបូងពីឧស្សាហកម្មដែលអាចរងផលប៉ះពាល់ពីឧបករណ៍បញ្ញាសិប្បនិម្មិតជំនាន់ថ្មី (AI)៖
ស្ទូឌីយោ
ឧទាហរណ៍នៃឃ្លីបដែលបង្កើតដោយ Sora នៅលើគេហទំព័ររបស់ OpenAI មានច្រើនបែបយ៉ាងទូលំទូលាយតាមរចនាប័ទ្ម និងប្រធានបទ ចាប់ពីរូបភាពវីដេអូដ្រូនលើផ្សារដែលមានមនុស្សច្រើន រហូតដល់សត្វទន្សាយមានចលនាលោតពេញព្រៃ។
លោក Thomas Bellenger ស្ថាបនិក និងជានាយកសិល្បៈនៃផលិតកម្ម Cutback បាននិងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃការបង្កើតរូបភាព AI ជំនាន់ថ្មី។
Bellenger ជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសបារាំងបានផលិតវីដេអូនិម្មិតទ្រង់ទ្រាយធំ បាននិយាយថា៖««មានអ្នកយល់ថាវាជាហេតុផលដែលមិនអាចបញ្ឈប់បានដែលកំពុងរីកចម្រើនក្នុងអត្រាគួរឱ្យភ្ញាក់ផ្អើលមួយ ហើយអ្នកដែលគ្រាន់តែមិនចង់ឃើញវា»។
លោកបាននិយាយថា ការអភិវឌ្ឍន៍នៃ AI ជំនាន់ថ្មីបាន បង្កើតការជជែកពិភាក្សាគ្នាជាច្រើន នៅក្រុមហ៊ុន និងពេលខ្លះមានប្រតិកម្មផ្នែកខាងក្នុងជាច្រើន។ Bellenger បានកត់ សម្គាល់ថា Sora មិនទាន់ត្រូវបានចេញផ្សាយនៅឡើយ ដូច្នេះសមត្ថភាពរបស់វាមិនទាន់ត្រូវបានសាកល្បងជាសាធារណៈនោះទេ។
វីដេអូហ្គេម
អ្នកបង្កើតវីដេអូហ្គេមទំនងជាត្រូវបានរងផលប៉ះពាល់ពីកម្មវិធី AI ថ្មីនេះ ដោយមានប្រតិកម្មខុសៗគ្នារវាងអ្នកដែលបើកចំហរក្នុងការទទួលយកបច្ចេកវិទ្យាថ្មី និងអ្នកដែលខ្លាចថាវាអាចជំនួសពួកគេ។
ក្រុមហ៊ុនវីដេអូហ្គេមយក្សរបស់បារាំង Ubisoft បានសាទរចំពោះសេចក្តីប្រកាសរបស់ OpenAI ថាជា «ការបោះជំហានទៅមុខខ្លាំង» ជាមួយនឹងសក្តានុពល ដែលអាចឱ្យអ្នកលេង និងក្រុមអភិវឌ្ឍន៍បង្ហាញពីការស្រមើលស្រមៃរបស់ពួកគេ។
អ្នកនាំពាក្យ Ubisoft បានប្រាប់ AFP ថា៖«យើងបានរុករកសក្តានុពលនេះអស់រយៈពេលជាយូរមកហើយ»។
លោក Alain Puget ប្រធានស្ទូឌីយោ Alkemi ដែលមានមូលដ្ឋាននៅទីក្រុង Nantes បាននិយាយថា លោកនឹងមិនជំនួសសិល្បករណាម្នាក់ដោយប្រើឧបករណ៍ AI ដែល «ផលិតឡើងវិញនូវអ្វីដែលមនុស្សធ្វើប៉ុណ្ណោះ»។
ទោះជាយ៉ាងណាក៏ដោយ Puget បានកត់សម្គាល់ថាឧបករណ៍ «វីដេអូគួរឱ្យចាប់អារម្មណ៍» នេះអាចត្រូវបានប្រើដោយស្ទូឌីយោតូចៗដើម្បីផលិតរូបភាពដែលមានជំនាញវិជ្ជាជីវៈបន្ថែមទៀត។
ខណៈពេលវីដេអូ «ឈុតឆាក»តាមលំដាប់លំដោយ ដែលតែងតែបង្កើនភាពទាក់ទាញក្នុងវីដេអូហ្គេមលោក Puget រំពឹងថាឧបករណ៍ដូចជា Sora នៅទីបំផុតអាចជំនួស «វិធីដែលយើងធ្វើ»។
ការពិត និងរឿងប្រឌិត
លោក Basile Simon អតីតអ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Stanford គិតថាមាន «ការអភិវឌ្ឍដ៏គួរឱ្យភ័យខ្លាចរយៈពេលមួយឆ្នាំចុងក្រោយនេះ» នៅពេលនិយាយអំពី AI ជំនាន់ថ្មី ដែលរឿងរ៉ាវប្រឌិតដូចពិតត្រូវបានផលិតយ៉ាងព្រោងព្រៀត។
លោកបារម្ភថា បច្ចេកវិទ្យា AI នឹងបង្កជាការរំលោភបំពានក្នុងអំឡុងពេលបោះឆ្នោត ហើយខ្លាចសាធារណជននឹង «លែងដឹងថាត្រូវជឿអ្វីទៀត»។
លោក Julien Pain មកពីប៉ុស្តិ៍ទូរទស្សន៍បារាំង FranceInfo កម្មវិធីពិនិត្យការពិត «Vrai ou Faux» (ពិតឬមិនពិត) និយាយថា លោកក៏ព្រួយបារម្ភអំពីការបំពានរបស់បច្ចេកវិទ្យា AI ផងដែរ។
លោក Pain បាននិយាយថា៖«រហូតមកដល់ពេលនេះ ការបែងចែកភាពពិត និងប្រឌិតនៅមានភាពងាយស្រួល នៅឡើយ។ ប៉ុន្ដែមិនយូរប៉ុន្មានទៀត វាកាន់តែទំនើប យើងលែងអាចបែងចែកវាដឹងហើយ»។
លោកបន្ដថា ខណៈពេលដែលក្រុមហ៊ុន OpenAI និងបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក អាចលើកកម្ពស់ឧបករណ៍សុវត្ថិភាពដូចជា ការដាក់រូបសញ្ញាសម្គាល់ទូទាំងឧស្សាហកម្ម ដែលបង្ហាញពីរូបភាពដែលបង្កើតដោយ AI ចុះគូប្រជែងមកពីចិន និងរុស្ស៊ី តើបច្ចេកវិទ្យានៅពេលអនាគតយ៉ាងណាដែរ?
ការផ្សាយពាណិជ្ជកម្ម
ទីភ្នាក់ងារ Fred & Farid ដែលបានសហការជាមួយម៉ាកយីហោ Longchamp និង Budweiser និងជាកន្លែងដែលស្ទូឌីយោប្រើ AI ត្រូវបានបើកនៅដើមខែមករា រំពឹងថា ៨០ ភាគរយនៃមាតិការបស់យីហោនឹងត្រូវបានបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។
«ទេពកោសល្យច្នៃប្រឌិត» នឹងមិនត្រូវបានកម្រិតដោយជំនាញផលិតទៀតទេ ដោយសារបច្ចេកវិទ្យា AI ដែលផ្ដល់ភាពងាយស្រួលជាងមុន។
អ្នកស្រី Stephanie Laporte នាយកប្រតិបត្តិ និងជាស្ថាបនិកនៃភ្នាក់ងារផ្សាយពាណិជ្ជកម្ម OTTA ជឿជាក់ថាបច្ចេកវិទ្យានេះនឹងបង្ខំឱ្យឧស្សាហកម្មនេះវិវត្តន៍ទៅមុខ។
អ្នកស្រីក៏រំពឹងថាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលមិនសូវថវិកានឹងប្រើបច្ចេកវិទ្យា AI ដើម្បីសន្សំប្រាក់លើកម្មករ។ ករណីលើកលែងដែលអាចកើតមានគឺក្រុមហ៊ុនធំៗ ដែលម៉ាកយីហោរបស់ពួកគេ«ប្រកាន់ភ្ជាប់ចំពោះភាពត្រឹមត្រូវ» ហើយ «ប្រហែលជានឹងប្រើ AI តិចតួច»៕ AFP/HR