គម្រោងដែល​លេចធ្លោក្នុង​ការអភិវឌ្ឍ​កសិកម្ម​ខ្នាតតូច​នៅកម្ពុជា ដោយផ្តល់​ការយកចិត្តទុក​ដាក់ និងអាទិភាពខ្ពស់​ក្នុងការកាត់​បន្ថយភាព​ក្រីក្រ និង លើកកម្ពស់​សិទ្ធិស្រ្តី បានឈ្នះពាន​រង្វាន់​ឆ្នើមជាសកល​ផ្នែកយេនឌ័រ នៃមូលនិធិ​អន្តរជាតិ​សម្រាប់អភិវឌ្ឍន៍​កសិកម្ម (IFAD Gender Award) ដ៏ល្បីល្បាញ តំណាងឱ្យ​តំបន់អាស៊ី​និងប៉ាស៊ីហ្វិក តាមរយៈ​ដំណើរការ​ជ្រើសរើស ប្រកបដោយភាព​ប្រកួតប្រជែងខ្ពស់ ក្នុងចំណោម​គម្រោង​ដទៃមកពី ១៧៧ ប្រទេស​ជុំវិញ​ពិភពលោក។ 

នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ (NCDDS)  ចុះថ្ងៃទី ២៣ ខែកុម្ភៈ ២០២៤។

លោក នី គឹមសាន អនុប្រធាន NCDDS និងជាប្រធាន​គម្រោង TSSD-AF លោកស្រី ម៉ន លក្ខិណា នាយិកា​ក្រុមប្រឹក្សាភិបាល​នៃសមាគម​កែលម្អ​ជីវភាព​កសិករ និង លោកស្រី លឹម សេរីរ័ត្ន ទីប្រឹក្សា​យេនឌ័រ បានធ្វើ​ជាតំណាង​នៃគម្រោង​ទៅទទួល​ពានរង្វាន់​ខាងលើនៅក្នុង​ពិធីប្រគល់​រង្វាន់ផ្លូវការ​កាលពី​ថ្ងៃទី ១៤-១៥ ខែកុម្ភៈ នៅទីក្រុងរ៉ូម នៃប្រទេស​អ៊ីតាលី។


សេចក្តីប្រកាសបញ្ជាក់​ថា៖«គម្រោង​ហិរញ្ញប្បទាន​បន្ថែមសម្រាប់​កាត់បន្ថយភាព​ក្រីក្រ និងអភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប (TSSD-AF) នេះបាន​ឈ្នះពានរង្វាន់​ដោយសារ​ការប្តេជ្ញាចិត្ត​ផ្អែកលើលទ្ធផល​យ៉ាងខ្លាំង​លើសមភាព​យេនឌ័រនិងការផ្តល់​សិទ្ធិអំណាច​ដល់ស្ត្រី​ជនបទ​ក្នុងវិស័យ​កសិកម្ម និងការលើកកម្ពស់​ជីវភាព និងលទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន នៅក្នុងខេត្ត​គោលដៅ​ចំនួន ៧ របស់​ខ្លួន ក្នុងតំបន់​ទន្លេសាប​នៃប្រទេស​កម្ពុជា»។

គម្រោងនេះ អនុវត្ត​ដោយលេខាធិការដ្ឋាន​នៃគណៈកម្មាធិការ​ជាតិ​សម្រាប់ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោមជាតិ (NCDDS) នៃក្រសួង​មហាផ្ទៃ និង ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំង​ពី ឆ្នាំ២០១៨ មក ។


ក្រោម​សហហិរញ្ញប្បទាន​ពីរាជរដ្ឋាភិបាល​កម្ពុជា ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង IFAD គម្រោង TSSD-AF នេះបានជំរុញ​ឱ្យមាន​តំណាងស្ត្រី​ដល់​ទៅ ៦០% នៅក្នុងគណៈកម្មការ​គ្រប់គ្រង​នៅទូទាំង​ឃុំគោលដៅ​ចំនួន ២៧០ របស់ ខ្លួន ធ្វើឱ្យ ធនធាន កសិកម្ម របស់កម្ពុជា មានភាព​ ប្រសើរឡើង ​គួរឱ្យ​កត់សម្គាល់ និង អភិវឌ្ឍ​វិស័យកសិកម្ម​ប្រកបដោយ​និរន្តរភាព​រយៈពេល​វែងក្នុង​ខេត្ត​គោលដៅ។

តាមរយៈ​សកម្មភាពទាំងនេះ​វាបានផ្តល់​អត្ថប្រយោជន៍​ដល់គ្រួសារ​ចំនួន ៦៥០០០០ ជាពិសេស​កសិករ​ខ្នាតតូច​ដែលធ្លាក់ក្នុង​ភាពក្រីក្រ​ជាយូរ​មកហើយ។

លោកស្រី ម៉ន លក្ខិណា បានមានប្រសាសន៍​ថា  «វាជាកិត្តិយស​ណាស់​សម្រាប់ខ្ញុំ​ដែលបានចូលរួម តំណាងឱ្យ​ស្ត្រី​ដែលជាអ្នក​ទទួលផល​នៃគម្រោង ដើម្បី​ទៅទទួល​ពានរង្វាន់។ ពួកគាត់​កំពុងរីករាយ​ជាមួយនឹង​ជីវភាពរស់នៅ​ដែលប្រសើរ​ជាងមុន មានលទ្ធភាព​បញ្ជូនកូនៗ​ឱ្យរៀន​បានខ្ពស់ ព្រមទាំង​ពង្រីកអាជីវកម្ម​របស់ខ្លួន​បន្ថែម។ ក្នុងនាមជា​អ្នកទទួល​ផលម្នាក់​ពីគម្រោង និងក្នុងនាម​ជាខ្មែរ​ម្នាក់ ខ្ញុំពិតជា​មានមោទនភាព​យ៉ាងខ្លាំង ចំពោះ​ពានរង្វាន់​ដែលទទួល​បាននេះ»។

គម្រោង TSSD-AF នេះបានអនុវត្ត​បន្តពី​គម្រោងកាត់បន្ថយ​ភាពក្រីក្រ និងអភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប (TSSD) ដែលជា​ជំហានទីមួយ។ គម្រោង TSSD-AF មានថវិកា​សរុប ៦៦ លានដុល្លារ ដែលក្នុងនោះ​មានសហហិរញ្ញប្បទាន​ពីរាជរដ្ឋាភិបាល​កម្ពុជា ៦ លានដុល្លារ ពី ADB ៥០ លានដុល្លារ និង ពី IFAD ១០ លានដុល្លារ។

លោក នី គឹមសាន បានមានប្រសាសន៍​ថា ៖«គម្រោង TSSD-AF របស់​យើង ឆ្លើយតបទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ និង យុទ្ធសាស្ត្រ​បញ្ចកោណ របស់​រាជរដ្ឋាភិបាល ដែលផ្តល់​អាទិភាពខ្ពស់ ក្នុងការកាត់​បន្ថយភាព​ក្រីក្រ​ប្រកបដោយ​បរិយាបន្ន និរន្តរភាព និង ភាពធន់»។

លោកបន្ត​ថា គម្រោងទាំងមូល ផ្តល់អាទិភាព​ធំធេង​លើការរួម​បញ្ចូលស្ត្រី ជាពិសេស​កសិករ​ខ្នាតតូច​ស្ថិតក្នុង​ភាពក្រីក្រ ព្រមទាំង​លើកកម្ពស់ ផលិតភាពនិងពិពិធកម្ម​កសិកម្ម ក៏ដូចជា​លទ្ធភាព​ទទួលបាន​ទីផ្សារក្នុង​តំបន់គោលដៅ​របស់​គម្រោង ដែលធ្វើ​ឱ្យជីវភាពរស់នៅ​របស់​ពួកគាត់​បានប្រសើរ និងមានចំណូល​កាន់តែខ្ពស់។

សូមជម្រាប​ថា ដោយអនុវត្ត​រហូតដល់ ខែកក្កដា ឆ្នាំ ២០២៤ គម្រោង TSSD-AF គ្របដណ្តប់​ជាពិសេស​លើខេត្ត​ក្នុងតំបន់​ទន្លេសាប ដែលក្នុងនោះ​ខេត្តគោលដៅ​របស់​គម្រោង​រួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងព្រៃវែង៕