​ក្រុងតូក្យូ : ទិន្នន័យ​របស់​រដ្ឋាភិបាលបានបង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា ចំនួន​ទារក​ដែល​កើត​នៅក្នុង​ប្រទេស​ជប៉ុន ​កាលពី​ឆ្នាំមុន​ បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ជាប់ៗ​គ្នា​ ដល់​កម្រិតកំណត់​ត្រា​​ថ្មី​មួយ ហើយ​មន្ត្រី​កំពូល​ម្នាក់​បាន​និយាយថា វា​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​នេះ​ ក្នុងការ​ផ្លាស់ប្តូរ​និន្នាការ​នេះ ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ខាងមុខ​។​

ទារក​ចំនួន ៧៥៨ ៦៣១ នាក់ ​ដែល​កើត​នៅក្នុង​ប្រទេស​ជប៉ុន ​ក្នុង​ឆ្នាំ ២០១៣ ​គឺ​ធ្លាក់ចុះ ៥,១ ភាគរយ ធៀប​នឹង​ឆ្នាំមុននេះ ​បើ​យោងតាម​ក្រសួងសុខាភិបាល និង​សុខុមាលភាព​។ វា​ជា​ចំនួន​កំណើត​ទាប​បំផុត​ចាប់តាំងពី​ប្រទេស​ជប៉ុន ​បានចាប់ផ្តើម​ចងក្រង​ស្ថិតិ​ក្នុង​ឆ្នាំ ១៨៩៩។​

​ចំនួន​អាពាហ៍ពិពាហ៍​បាន​ធ្លាក់ចុះ ៥,៩​ ភាគរយ​មក​នៅត្រឹម ៤៨៩ ២៨១ គូ ដែល​ធ្លាក់​ចុះក្រោម​ពាក់កណ្តាល​លាន​ជា​លើកដំបូង​ក្នុង​រយៈពេល ៩០ ឆ្នាំ​ ជា​ហេតុផល​សំខាន់​មួយ ​សម្រាប់​ការថយចុះ​នៃ​កំណើត​។ ការកើត​ក្រៅ​អាពាហ៍​ពិពាហ៍​គឺ​កម្រ​មាន​ណាស់​នៅក្នុង​ប្រទេស​ជប៉ុន ដោយសារ​តម្លៃ​គ្រួសារ​ផ្អែកលើ​ប្រពៃណីនិយម​។


ការស្ទង់មតិ​បង្ហាញថា យុវជន​​ជប៉ុន​ ជាច្រើន​នាក់រួញរា​រឿង​​រៀបការ ឬ​មានគ្រួសារ ដោយ​បាក់​ទឹកចិត្ត​ ចំពោះ​​អនាគត​ការងារ​ដ៏​អាក្រក់ តម្លៃ​នៃ​ការរស់នៅ ​ដែល​កើនឡើង​ក្នុង​ល្បឿន​លឿន​ជាង​ប្រាក់ខែ និង​វប្បធម៌ ​​​ដែល​មិនអនុញ្ញាត​ឱ្យ​ឪពុក​ម្ដាយ​ធ្វើការ​​ទាំងពីរនាក់​​។ កា​រយំ​របស់​ទារក និង​កុមា​រ ដែ​លលេង​នៅ​ខាងក្រៅ​ត្រូវបាន​ចាត់ទុកថា​ ជា​ភាព​រំខាន​កាន់​តែ​ខ្លាំង​ឡើង ហើយ​ឪពុកម្តាយ​វ័យក្មេង​ ជាច្រើន​និយាយថា​ពួកគេ​តែងតែមាន​អារម្មណ៍​ឯកោ​។​

​លោក Yoshimasa Hayashi ប្រធាន​លេខាធិការ​ខុទ្ទកាល័យ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ កាលពី​ថ្ងៃ​អង្គា​រថា​អត្រា​កំណើត ​​ដែល​កំពុង​ធ្លាក់ចុះ​កំពុងស្ថិត​ក្នុង«​ស្ថានភាព​អាសន្ន​​»។​


លោក​​បាន​និយាយថា៖ «​រយៈពេល​ក្នុង​រយៈពេល ៦ ឆ្នាំ​ ខាងមុខ ឬ​រហូតដល់ទសវត្សរ៍​​ឆ្នាំ២០៣០​ នៅពេល ដែល​ចំនួន​ប្រជាជន​វ័យក្មេង ​​​ចាប់ផ្តើម​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស វានឹង​ក្លាយជា​ឱកាស​ចុងក្រោយ​ ដែល​យើង​អាច​នឹង​​ផ្លាស់ប្តូរ​និន្នាការ​នេះ​​។​កុំ​​ខ្ជះខ្ជាយពេល​វេលា​នេះ​»។​

នាយករដ្ឋមន្ត្រី Fumio Kishida បាន​ហៅ​​អត្រា​កំណើត​​ទាប​ថា ​ជា «​វិបត្តិ​ដ៏​ធំ​បំផុត​ដែល​ជប៉ុន​ប្រឈមមុខ» ហើយ​​បាន​ដាក់ចេញ​នូវ​កញ្ចប់​វិធាន​ការ ដែល​រួមបញ្ចូល​ការគាំទ្រ និង​ការឧបត្ថម្ភ​បន្ថែម​ភាគច្រើន​សម្រាប់​ការ​សម្រាលកូនកុមារ និង​គ្រួសារ​របស់​ពួកគេ​។​

​ប៉ុន្តែ​អ្នកជំនាញ​និយាយថា ពួកគេ​សង្ស័យថា ​តើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ​នឹងមាន​ប្រសិទ្ធភាព​ឬ​ទេពីព្រោះ​រហូតមក​ដល់ពេលនេះ ពួកគេ​បាន​ផ្តោត​ភាគច្រើន​លើ​មនុស្ស​​​រៀបការ​រួចហើយ ឬ​កំពុងមាន​គម្រោង​​មានកូន ខណៈ​​​មិនទាន់​ដោះស្រាយ​ចំនួន​ប្រជាជន​វ័យក្មេង ​កំពុង​កើនឡើង​ ដែល​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្កើត​គ្រួសារ​​នោះ​។​

​ចំនួន​កំណើត​បាន​ធ្លាក់ចុះ​ចាប់តាំងពី ៥០ ឆ្នាំ មុន​ នៅពេលដែល​វា​ឈានដល់​កម្រិត​កំពូល​ប្រហែល ២,១ លាន​នាក់។ ការធ្លាក់ចុះ​ដល់​ចំនួន​ប្រចាំឆ្នាំ​ក្រោម ៧៦ ម៉ឺន​នាក់ បានកើត​ឡើង​លឿន​ជាង​ការព្យាករណ៍​ពី​មុន​​ដែល​ព្យាករណ៍​ថា​នឹង​កើតឡើង​នៅ​ឆ្នាំ២០៣៥ ឯនោះ​។​

​ប្រជាជន​ជប៉ុន​ជាង ១២៥ ​លាន​នាក់ ​ត្រូវបាន​ព្យាករណ៍​ថា​ នឹង​ធ្លាក់ចុះ​ប្រហែល ៣០ ​ភាគរយ​ មក​ត្រឹម ៨៧​ លាន​នាក់​ នៅ​ឆ្នាំ ២០៧០​​ ដោយ​​មនុស្ស ៤ នាក់ ​ក្នុងចំណោម ១០ នាក់ ​ដែលមាន​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ ឡើងទៅ​។ ចំនួន​ប្រជាជន​ ដែល​ធ្លាក់ចុះ និង​វ័យ​ចំណាស់ មាន​ផលប៉ះពាល់​យ៉ាង​ធំ​ សម្រាប់​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​នៅពេល ដែល​ប្រទេស​នេះ ​ស្វែងរក​ការពង្រឹង​កម្លាំងយោធារ​បស់​ខ្លួន៕