ទីក្រុងម៉ាឌ្រីតៈ បង្កើតភាព​ភ្ញាក់ផ្អើល​ខ្លាំង ដោយស្ងាត់ៗ ស្រាប់តែ​កីឡាករ​បាល់ទាត់​​ដ៏​ល្បីជនជាតិ​បារាំង Antoine Griezmann វ័យ ​៣២ ​ឆ្នាំ ​ដែល​កំពុង​លេងក្លិប Atlético Madrid នៃ​លីគកំពូល​​ក្នុង​ប្រទេសអេស្ប៉ាញ ឆ្លៀតមក​បើ​កភោជនីយដ្ឋាន​ដ៏​ថ្មីសន្លាង​មួយ ​នាពេលថ្មី​ៗ ដើមឆ្នាំ​២០២៤​ នេះ​។

​ភោជនីយដ្ឋានថ្មីនោះ​ឈ្មោះ Rhudo ដែលមាន​នៅទីតាំង​លើផ្ទះលេខ ៦៤  វិថី  Velázquez  ស្ថិតនៅ​ក្នុងទីក្រុង​ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដែល​ជាកម្មសិទ្ធិរបស់កីឡាករ Antoine Griezmann និង​មាន​ការស្រាក់ដៃគ្នា​ជាមួយ​ក្រុម​តារាបាល់ទាត់ តារាសិល្បៈ​ល្បីល្បាញដទៃផងដែរ។

កីឡាករបាល់ទាត់ Antoine Griezmann និង Marcos Llorente បានចូលរួមជាមួយតារាសម្ដែង Álex González និង Miguel Ángel Silvestre រួមជាមួយមេចុងភៅ Paco Roncero ដើម្បីបើកកន្លែងអាហារដ្ឋាន​ដ៏​​ថ្មីបំផុតនេះ នៅក្នុង​ទី​ក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ។ 


 

វា​ស្ថិត​នៅ​ផ្ទៃដីទំហំ ១ ៨០០ ម៉ែត្រការ៉េ និង​អាចទទួលភ្ញៀវបានរហូតដល់ ៣០០​ នាក់ ហើយមានទីតាំងនៅជិតសណ្ឋាគារ Bless Hotel Madrid ដ៏ប្រណិតបំផុត។ ​​វា​សេវាកម្មបែប​​​បារ៍​ មាន​ផ្ទះបាយ និងជា​កន្លែង​តាំង​បង្ហាញ​រួម​មាន​កន្លែង​អង្គុយ​សម្រាប់​ភោជនីយដ្ឋាន។


ទោះបីជា​មិនទាន់ដឹងច្បាស់ថា កន្លែងនោះ​យ៉ាងណាទេ ប៉ុន្តែយោងទៅតាមការផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ីនស្តាក្រាម ភោជនីយដ្ឋានថ្មី​ Rhudo ផ្តោតលើគ្រឿងផ្សំឆៅ និងការប្តេជ្ញាចិត្ត ចំពោះរសជាតិបែប​អ្នក​មេឌីទែរ៉ាណេ ជាមួយនឹងរសជាតិ avant-garde។​ 

គេក៏ឃើញ​មាន​បញ្ជីស្រាក្រហម​ល្បី​នាំមកពី​ប្រទេសជា​អ្នកផលិតដ៏ល្អឥតខ្ចោះនៅក្នុងពិភពលោក​ដូចជា​ប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អូស្ត្រាលី អាហ្សង់ទីន អាហ្រ្វិកខាងត្បូង និងសហរដ្ឋអាមេរិក បូករួមទាំងស្រាក្រឡុកដែលរចនាឡើងដោយអ្នកជំនាញចម្រុះវិជ្ជាជីវៈ Miguel Pastor ។

បើ​តាម​ការ​បង្ហើប​ពី​បណ្តាញសង្គម​ ភោជនីយដ្ឋាននេះ បានបើកទ្វារនៅ​ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ​២០២៤ កន្លងមកថ្មីៗនេះ​តែម្តង៕PR