ក្រុង​បូហ្គោតាៈ កងទ័ពជើងទឹក​កូឡុំប៊ី​ បាន​និយាយ​ កាល​ពី​ថ្ងៃសុក្រ​ ថា ពួកគេ​បាន​ជួយសង្គ្រោះ​ជនជាតិ​ប៉ាណាម៉ា ៣ នាក់​ ដែល​បាន​រសាត់​អណ្ដែត​ក្នុ​ងមហាសមុទ្រ​ប៉ាស៊ីហ្វិក ​អស់​រយៈ​ពេល ១១ ថ្ងៃ បាន​រួច​រស់រាន​មាន​ជីវិត​ដោយសារ​ការ​ផឹក​ទឹកភ្លៀង និង​បរិភោគ​ដូង ដែល​អណ្តែត​លើ​ផ្ទៃទឹក។

អ្នកទាំង​បី​បាន​ធ្វើដំណើរ​ប្រហែល ៦០០ គីឡូម៉ែត្រ តាម​ទម្លាប់​ចេញ​ពី​តំបន់​វើរ៉ាគ្រូស (Veracruz) ដែល​មាន​ចម្ងាយ​ប្រហែល ២៥ គីឡូម៉ែត្រ​នៅ​ខាង​ក្រៅទីក្រុង​ប៉ាណាម៉ា​ដើម្បី​ចាក់​ប្រេង​ទូក​នេសាទ។

លោក Blas Olivardia អាយុ ៣០ ឆ្នាំ បាន​និយាយ​នៅ​ក្នុងវីដេអូមួយ ​ដែលបានចេញផ្សាយ ទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ​ថា៖ «យើងបានចាក់ប្រេងនៅម៉ោង ៥-៦ ល្ងាច ហើយបន្ទាប់មកនៅពេលដែលមនុស្ស​គ្រប់គ្នា​បានចេញ​ទូក​​ទៅ​ឆ្ងាយ​រៀងៗ​ខ្លួន ម៉ាស៊ីនរបស់យើងបានជាប់គាំង»។


លោកបានបន្ថែមថា៖ ចាប់ពីពេលនោះមក ការធ្វើដំណើររបស់យើងអាស្រ័យ​លើ​​​ខ្យល់បើក​ពី​ទិស​​ខាងជើង។ យើង​ចំណាយពេល ១១ ថ្ងៃ»។

ដោយគ្មានស្បៀង​​ផ្គត់ផ្គង់ ពួកគេបានរស់រានមានជីវិត ដោយ​យក​ទឹកភ្លៀង និងដូងអណ្ដែត​តាមទឹក​មក​បំពេញក្រពះ។


លោក​ Rey Arturo Torres អាយុ ២៧ ​ឆ្នាំ ដែលត្រូវបានជាប់គាំងនៅលើទូកជាមួយ Jose Olivardia អាយុ ២១ឆ្នាំបាននិយាយថា​ល «ផ្លែដូង​បានអណ្ដែត​តាមចរន្ត​ទឹក ហើយ​យើង​បាន​ចាប់វា បំបែកយក​មកហូបជាអាហារ»។

ការល្បាតរបស់កងទ័ពជើងទឹកកូឡុំប៊ី បានប្រទះឃើញទូកដែលអណ្តែតជាមួយនឹងមនុស្សនៅលើទូក ដែលមានចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រ ពី​កំពង់ផែ Buenaventura របស់ប្រទេសកូឡុំប៊ី។

គ្រូពេទ្យពិនិត្យសុខភាពបុរស ដែលទើបរស់រានមានជីវិតពីការអណ្ដែតលើសមុទ្រ។AFP

ដោយ មេបញ្ជាការកងទ័ពជើងទឹកកូឡុំប៊ី លោក Juan David Rendon បានប្រាប់ AFP ថា បុរសទាំង ៣​ នាក់ ស្ថិត​ក្នុងស្ថានភាព​ប្រក្រតី បើទោះជាពួកគេ​អណ្តែត​លើ​សមុទ្រ​ ១១ ថ្ងៃក៏ដោយ។

នៅក្នុងរូបភាពដែលចេញដោយកងទ័ពជើងទឹក គេឃើញបុរសទាំងបីនាក់កំពុងឈរក្បែរទូកមួយ។ ម្នាក់​ជើង​ទទេ ម្នាក់​ទៀត​មានតែ​​ស្រោម​ជើង ហើយ​ម្នាក់​ទៀត​ពាក់​ស្បែក​ជើងស៊ក។

ជនជាតិប៉ាណាម៉ាបាន​រំឭក​គុណ​បុណ្យ​ដល់​ផ្លែ​ដូងសំណាង ដែលជួយ​ឱ្យ​មនុស្ស​បន្ត​ជីវិត​លើ​មហាសមុទ្រ។ គួរ​រំឭក​ផង​ដែរថា កាលពី​ខែមករា ឆ្នាំ ២០២៣ កងទ័ពជើងទឹកកូឡុំប៊ី​ ក៏​បានជួយសង្គ្រោះបុរសម្នាក់ពីកោះការ៉ាបៀន នៃប្រទេស​សាធារណរដ្ឋ​ដូមីនិក ដែល​បរិភោគ​តែទឹកប៉េងប៉ោះ ឱ្យ​បានរួចរស់រានមាន​ជីវិត​ពី​ការ​ជិះទូកក្ដោងរសាត់អណ្តែត​លើ​មហាសមុទ្រ​រយៈពេល ២៤ ថ្ងៃ៕ AFP

កងទ័ពជើងទឹកកូឡុំប៊ី បានសង្គ្រោះជនជាតិប៉ាណាម៉ា ៣ នាក់ ដែលបានជាប់លើមហាសមុទ្រប៉ាស៊ីហ្វិក ១១ថ្ងៃ។AFP