ក្រុង​ញូវយ៉ក៖ ទីបំផុត មានដំណឹងល្អហើយ! អ្នកព្យាករណ៍ដំបូងរបស់រដ្ឋ Pennsylvania សត្វ​កកេរ​ឈ្មោះ Punxsutawney Phil មិនបានឃើញស្រមោលរបស់វា​ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យ Groundhog ប្រចាំឆ្នាំរៀងរាល់ថ្ងៃទី ២ ខែកុម្ភៈនោះទេ។ នោះ​មានន័យថា យោងទៅតាមរឿងព្រេង ​និទាឃរដូវនឹង​ចូល​មក​ដល់​​លឿន​ជាងធម្មតា។


ប្រពៃណីរបស់រដ្ឋអាមេរិកក្នុងការប្រើសត្វកកេរដ៏ធំមួយដើម្បីទស្សន៍ទាយរដូវមានតាំងពីជំនឿ​ Pennsylvania Dutch ជឿថា ប្រសិនបើសត្វកកេរចេញពីរូងរបស់វា ហើយឃើញស្រមោលរបស់វា វានឹងវិលចូល​ខាង​​ក្នុងរូង​របស់វា​វិញ ហើយរដូវរងានឹងបន្តរយៈពេល ៦ សប្តាហ៍ទៀត។

ឥឡូវនេះ Groundhog Day គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នៅក្នុង Gobbler's Knob ក្នុងទីក្រុង Punxsutawney រដ្ឋ Pennsylvania ដែលពោរពេញទៅដោយោ​​ហ្វូងមនុស្សអបអរសាទរ និង​សារព័ត៌មានព្រោងព្រាត​រង់ចាំ​អ៊ុតមើល​ការព្យាករណ៍របស់សត្វ​កកេរ Groundhog។


សត្វកកេរ​ Phil និងសត្វ​កាន់តំណែងមុនៗ​ បានប្រកាន់ខ្ជាប់ប្រពៃណី​ព្យាករណ៍រដូវកាល​អាកាសធាតុ​តាំងពីឆ្នាំ ១៨៨៧ ហើយនៅឆ្នាំនេះមនុស្សជាង ៤ ម៉ឺន​នាក់ បានបោះជំរុំក្នុងបរិវេណ​ពិធីបុណ្យដើម្បីរង់ចាំថ្ងៃរះ និង​ការលេចចេញពីរូង​​របស់សត្វកកេរ Groundhog។


លោក Dan McGinley អនុប្រធានក្លិប Punxsutawney Groundhog អានសារព្យាករណ៍ថា៖ «ការ គេង​នា​រដូវរងារបស់ត្វ Groundhog ត្រូវបានចប់ហើយ​ ដូច្នេះពួកវា​អាចជួបហ្វូងមនុស្សដ៏អ៊ូអរ»។


លោក McGinley ថែមទាំងបានលើកឡើងពីការរំពឹងទុករបស់អ្នកបោះឆ្នោតដែលសរសេរឈ្មោះរបស់ Punxsutawney Phil នៅលើសន្លឹកឆ្នោតនៅពេលដែលសហរដ្ឋអាមេរិកឈានចូលឆ្នាំបោះឆ្នោតប្រធានាធិបតី។

យោងតាមរដ្ឋបាលជាតិ មហាសមុទ្រ និងបរិយាកាស (NOAA) បានឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ហ្វីល មានភាពត្រឹមត្រូវត្រឹមតែ ៣០ភាគរយនៃពេលវេលាប៉ុណ្ណោះ។

កាលពី​ឆ្នាំ ២០២៣ សត្វកកេរ Phil បានឃើញស្រមោលរបស់វា ប៉ុន្តែសីតុណ្ហភាពក្នុង​ខែ​កុម្ភៈ​គឺ​ខ្ពស់​ជាង​សីតុណ្ហភាព​មធ្យម ហើយ​នៅ​ក្នុងខែមីនាសីតុណ្ហភាព​ចុះត្រជាក់​ជាង​កម្រិតមធ្យមបន្តិច​ ដែល​នាំ​ឱ្យ  NOAA ប្រកាសថា សត្វ​កកេរ​ជា​​ព្យាករណ៍មិនត្រឹមត្រូវ​នោះទេ៕ AFP/HR

សត្វកកេរឈ្មោះ Punxsutawney Phil ត្រូវបានគេជឿថាអាចព្យាករណ៍អាកាសធាតុនៃការប្រែប្រួលរដូវ។AFP