ក្រុង​ឡុង​ដ៍​៖ ទន្លេ​ជាង ៨០ ភាគរយ​ក្នុងប្រទេស​អង់គ្លេស ត្រូវបាន​បំពុល​ដោយ​សារធាតុ​ផូស្វាត នេះ​បើ​យោងតាម​ការសិក្សា​ទើប​នឹង​ចេញផ្សាយ​ថ្មី​ ដែល​ទំនងជា​ផ្តោត​ការរិះគន់​បន្ថែមទៀត​ ទៅ​លើ​ក្រុមហ៊ុន​ទឹក​អង់គ្លេស ​ចំពោះ​ការ​បង្ហូរ​សំណល់​រាវ​របស់​ពួកគេ​។​


​របាយការណ៍​ប្រចាំឆ្នាំ​ដំបូង​ពី​បណ្តាញ​ត្រួតពិនិត្យ​គុណភាព​ទឹក Angling Trust បាន​និយាយថា​មាន៖ «យើងត្រូវការ​អន្តរគមន៍​បន្ទាន់ចំពោះ​សកម្មភាព​​ជុំវិញ​ការបំពុល​ផ្លូវទឹក»​។​

បណ្ដាញ​ត្រួតពិនិត្យ​គុណភាពទឹក​បាន​រាយការណ៍ថា៖ «​ក្នុងចំណោម​ទន្លេ​ចំនួន ១៦៣ ដែលត្រូវបាន​យក​​សំណាក វិភាគ និង​​​កត់ត្រា ៨៣% មិនបាន​បំពេញ​តាម​ស្តង់ដារ​កម្រិត​ផូស្វាត​ សម្រាប់​ស្ថានភាព​អេកូឡូស៊ី​ល្អ​ឡើយ»។​


ផូស្វាត​នៅក្នុង​ទន្លេ​ភាគច្រើន​បានមកពី​ការបង្ហូរ​ចេញពី​រោងចក្រកែច្នៃ​ចម្រោះ​​​សំណល់រាវ​ និង​ពី​ការប្រើប្រាស់​របស់​វា​នៅ​លើដី​កសិកម្ម​។ ផូស្វាត​លើសកម្រិត​​អាច​បន្ថយ​កម្រិត​អុក​ស៊ី​ហ្ស៊ែ​ន​នៅក្នុង​ផ្លូវទឹក ដោយ​ជំរុញឱ្យមាន​ការរីកលូតលាស់​នៃ​សារាយ និង​រុក្ខជាតិ​ក្នុង​ទឹក​ដទៃទៀត​។​


លោក Jamie Cook នាយក​ប្រតិបត្តិ​បណ្ដាញ​ត្រួតពិនិត្យ​គុណភាពទឹក​ Angling Trust បាន​និយាយថា៖ «​យើង​ត្រូវ​ឃើញ​ការអនុវត្ត​បន្ថែមទៀត និង​កែកុន​បន្ថែម​​​នៃ​ច្បាប់​ដែលមាន​ស្រាប់ ដើម្បី​ដោះស្រាយ​ការ​បំពុល​ទឹកទន្លេ និងឱ្យ​អ្នកបំពុលទទួលខុសត្រូវចំពោះ​មុខ​ច្បាប់​​»។​


​របាយការណ៍​ភាគច្រើន​ត្រូវបាន​អនុវត្ត​ដោយ​អ្នកស្ម័គ្រចិត្ត​យកសំណាក​​​ទឹក​នៅ​ទូទាំងប្រទេស​ដោយមាន​ក្លិប​នេសាទ​ចំនួន ២៤០ កំពុង​ត្រួតពិនិត្យ​គុណភាព​ទឹក​។​

​ក្រុមហ៊ុន​ទឹក​របស់​ចក្រភព​អង់គ្លេស​ត្រូវបាន​គេ​រិះគន់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​សម្រាប់​ការបង្ហូរ​ទឹក​សំណល់​ចូលទៅក្នុង​ទន្លេ ​និង​សមុទ្រ​ដោយសារតែ​កង្វះ​ការវិនិយោគ​លើ​បណ្តាញ​លូ​ដែល​ភាគច្រើន​មាន​តាំងពី​សតវត្ស​ទី ១៩។​

​ការកែលម្អ​នឹងត្រូវ​ចំណាយប្រាក់​​អស់​រាប់ពាន់​លាន ប៉ុន្តែ​ក្រុមហ៊ុនជាប់កំណើន​​បំណុល​ច្រើន ៦០ ពាន់​លាន​ផោន (៧៥ ពាន់​លាន​ដុល្លារ​) ចាប់តាំងពី​ពួកគេ​ត្រូវបានធ្វើ​ឯកជន​ភាវូបនីយកម្ម​ក្នុង​ឆ្នាំ ១៩៨៩ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី Margaret Thatcher៕​ AFP/HR