ក្រុង Dhurnal: អង្គុយ​លើ​គ្រែ​ប្រពៃណី​ អ្នកស្រី Naeem Kausir និយាយថា ខ្លួន​ក៏​​​ចង់ទៅ​​បោះឆ្នោត​ដែរ ​ក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​របស់​ប្រទេស​ប៉ា​គី​ស្ថាន ប្រសិនបើ​មានតែ​បុរសណាម្នាក់​​ក្នុង​គ្រួសារ​ អនុញ្ញាតឱ្យអ្នកស្រីធ្វើ​ដូច្នោះ​។​


​មិនខុសពី​​ស្ត្រី​ទាំងអស់​នៅក្នុង​ទីក្រុង Dhurnal អ្ននកស្រី Kausir ជាអតីត​នាយិកា​​សាលា​អាយុ ៦០ ឆ្នាំ និង​កូនស្រី ៧ នាក់​របស់​ ដោយ​ក្នុងនោះ ៦​ នាក់​ បានចូលរៀន​នៅ​សកល​វិទ្យាល័យ​រួចហើយនោះ​ ត្រូវបានបុរស​ចាស់ទុំ​ក្នុងគ្រួសារ​​ហាមឃាត់​មិនឱ្យ​បោះឆ្នោត​​។​

គ្របដណ្ដប់​ដោយ​ស្បៃ​លើ​ក្បាល អ្នកស្រី Kausir បាន​និយាយ​នៅ​ក្នុងទីធ្លា​ផ្ទះថា៖ «ស្ត្រី​ម្នាក់​ៗប្រឈម​នឹង​ការបង្ខំ ដោយបុរស​មិន​ថា​ជា​​ប្តី ឪពុក កូនប្រុស ឬ​បងប្រុស​នោះទេ។ នៅទីនេះ​នាង​ខ្វះ​ស្វ័យភាព​ក្នុងការ​សម្រេចចិត្ត​ដោយ​ឯករាជ្យ​»។​
​ស្ត្រី​មេម៉ាយរូបនេះ​​បាន​ប្រាប់ AFP ថា៖ «​បុរស​ទាំងនេះ​ខ្វះ​ភាពក្លាហាន​ក្នុងការ​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​»។​


ស្ត្រីប៉ាគីស្ថាននៅតំបន់ជនបទនៅតែត្រូវបានស្វាមីហាមមិនឲ្យបោះឆ្នោត។AFP


ទោះបីជា​ការបោះឆ្នោត​ជា​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​សម្រាប់​មនុស្សពេញវ័យ​ទាំងអស់​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន​​ក៏ដោយ ក៏​តំបន់​ជនបទ​មួយចំនួន​ក្នុងប្រទេស​អភិរក្សនិយមមួយ​នេះ ​សង្គមជាក់ស្ដែង​​នៅតែ​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ចាស់គំរឹលតាម​បែបបទបុរស​​​អ្នក​ចាស់ទុំ​ក្នុង​ភូមិ​ប ​ដែលមាន​ឥទ្ធិពល​យ៉ាង​សំខាន់​​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​


នៅតំបន់​ជនបទនៃ​ក្រុង​ Dhurnal ក្នុង​រដ្ឋ Punjab ដែល​លាតសន្ធឹង​ដោយ​​វាលស្រែ និងជាជម្រកអ្នក​ភូមិ​​​​មនុស្ស​រាប់ពាន់​នាក់ បុរសក្នុងភូមិ​​ បាន​អះអាង​ពី​ហេតុផល​ជាច្រើន​ សម្រាប់​ការហាមឃាត់ស្ត្រី​បោះឆ្នោត តាម​ទម្លាប់ជាង​ ៥០ ឆ្នាំ មកហើយ​។​

លោក Malik Muhammad សមាជិក​ក្រុមប្រឹក្សា​ភូមិបាន​រំឭកប្រាប់ថា៖ «​ប៉ុន្មាន​ឆ្នាំមុន ក្នុងអំឡុងពេល​នៃ​អត្រា​អក្ខរកម្ម​ទាប ប្រធាន​ក្រុមប្រឹក្សា​មួយ​បានចេញ​សេចក្តីសម្រេច​ថា ប្រសិនបើ​បុរស​ចេញទៅ​បោះឆ្នោត ហើយ​ស្ត្រី​ធ្វើតាម តើន​រណា​ជា​អ្នកចាត់ចែង​កិច្ចការ​គ្រួសារ និង​ការថែទាំ​កុមារនៅផ្ទះ​​?»​។​

លោក​បានបញ្ចប់​ថា​៖ «​ការខកខានកិច្ចការ​ផ្ទះ ដើម្បី​តែ​​ការបោះឆ្នោត​​មួយ​ប៉ុណ្ណោះ ​ត្រូវបាន​គេ​ចាត់​ទុកថា​មិនចាំបាច់​ទេ​សម្រាប់ស្ត្រី​​»​។​

អ្នកស្រី Robina Kausir អាយុ ៤០ឆ្នាំ ជាបុគ្គលិកថែទាំសុខភាព បានរៀបចំឡានក្រុងដឹកស្ត្រីទៅ បោះឆ្នោត។AFP

ប៉ា​គី​ស្ថាន​ បាន​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ស្ត្រី​មូស្លីម​ដំបូង​គេ​របស់​ពិភពលោក​ក្នុង​ឆ្នាំ ១៩៨៨ គឺ​លោកស្រី Benazir Bhutto ដែល​បាន​ណែនាំ​គោលនយោបាយ​ជំរុញ​ការអប់រំ លទ្ធភាព​ទទួលបាន​ប្រាក់ចំណូល ​​សម្រាប់​ស្ត្រី និង​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពជ្រុលនិយម​ខាង​សាសនា បន្ទាប់ពី​មេដឹកនាំ​ផ្តាច់ការ​យោធា Zia ul-Haq បាន​ណែនាំ​យុគសម័យ​ថ្មី​នៃ​សាសនា​ឥស្លាម​។ សិទ្ធិ​ស្ត្រី​ត្រឡប់មកវិញ​។​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​និយាយថា ទោះជា​យ៉ាងណាក៏ដោយ ជាង 30 ឆ្នាំ​ក្រោយមក មានតែ​ស្ត្រី​ចំនួន 355 នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ប្រកួតប្រជែង​ដណ្តើមយក​អាសនៈ​សភាជាតិ​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បើ​ធៀប​នឹង​បុរស​ចំនួន ៦០៩៤ នាក់​។​

អ្នកស្រី Robina Kausir អាយុ ៤០ ឆ្នាំ ជា​បុគ្គលិក​ថែទាំ​សុខភាព​បាន​និយាយថា ស្ត្រី​កាន់តែ​ច្រើនឡើង​នៅក្នុង​ទីក្រុង Dhurnal ចង់​ប្រើ​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​ខ្លាច​មានប្រតិកម្ម​ពី​សហគមន៍​អភិរក្ស​សាសនា​ប្រសិនបើ​ពួកគេ​ហ៊ានធ្វើរឿង​នេះ ​ជាពិសេស​ការគំរាមកំហែ​លែងលះ​ដែលជា​បញ្ហា​ដ៏​ធំ និង​អាម៉ាស់​នៅក្នុង​វប្បធម៌​ប៉ា​គី​ស្ថាន​។​
​អ្នកស្រី​​បានលើកឡើង​ពីគុណប្រយោជន៍​​​មួយ​នៃ​ការផ្លាស់ប្តូរ គឺ​ការ​​​ទទួលបាន​ព័ត៌មានដោយសារ​តែ​កំណើន​​​នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

ស្ត្រីប៉ាគីស្ថាននៅតំបន់ជនបទនៅតែត្រូវបានស្វាមីហាមមិនឲ្យបោះឆ្នោត។AFP

​អ្នកស្រី​​បាន​ប្រាប់ AFP ថា​៖ «​បុរស​ទាំងនេះ​បង្ក​ការភ័យខ្លាច​ដល់​ស្ត្រី ហើយស្ត្រីជា​ច្រើន​រងការ​កំរាមកំហែង» ​។​

សំណាងល្អ អ្នកស្រី Robina ដែល​ត្រូវបាន​គាំទ្រ​ដោយ​ស្វាមី​របស់អ្នកស្រី​ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ ​ដែល​បាន​រៀបចំខ្លួន​ដើម្បី​ប្រថុយក្នុងការតស៊ូមតិ​លើកតម្កើង​សិទ្ធិបោះឆ្នោត​របស់ស្ត្រី​​។​

នៅពេលដែល​រឿងព្រេង​និទាន​កីឡា​គ្រី​ឃី​ត Imran Khan បាន​ឡើងកាន់​អំណាច​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ អ្នកស្រី Robina បានសម្រួលមធ្យបាយធ្វើដំណើរ ដោយ​រៀបចំ​ឡានក្រុង​សម្រាប់​ដឹក​ស្ត្រី​ទៅ​កាន់​​ការិយាល័យ​បោះឆ្នោត​ក្នុង​តំបន់​។​

​មាន​តែស្ត្រី​​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ជាមួយ​អ្នកស្រី ប៉ុន្តែ​អ្នកស្រី​នៅតែ​សម្គាល់ថា​វា​ជា​ជោគជ័យ ហើយ​នឹងបន្ត​​ធ្វើ​ដូចគ្នា​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​នេះ​។​

អ្នកស្រី Robina បាន​និយាយថា៖ «​ខ្ញុំ​ត្រូវបាន​គេ​បំពាន​ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ទេ ខ្ញុំ​នឹង​បន្ត​តស៊ូ​ដើម្បី​សិទ្ធិ​បោះឆ្នោត​​របស់​អ្នក​គ្រប់គ្នា​»៕ AFP/HR