ក្រុង​អាក្រា: នី អាម៉ា​ និងក្រុម​ការងារ​​​នេសាទ​ប្រមាណ ៣០ នាក់​ ត្រូវ​ចំណាយ​ពេល​ជាច្រើន​ម៉ោង ​ដើម្បី​ទាញ​អួន​ដ៏​សែន​ធ្ងន់​ទៅកាន់​ច្រាំង​​លើ​ឆ្នេរ Korle-Gonno ដ៏​អ៊ូអរ​នៃ​រដ្ឋធានីអាក្រា​ប្រទេស​ហ្គា​ណា​។​


ទីបំផុត អ្វី​ដែល​នៅ​ក្នុង​អួត​ដែល​ធ្វើ​ឱ្យ​ក្រុ​ម​ការងារ​ចំណាយ​ពេល​ដ៏​ច្រើន​នោះ​ប្រែ​ទៅជា​ឥតប្រយោជន៍ ដោយ​ពួកគេ​ទទួល​បានតែ​សម្លៀកបំពាក់​បោះចោល​ជាច្រើន។ ​

កន្លែង​ដែល​ធ្លាប់សម្បូរ​​ត្រី ឥឡូវនេះ​ពួកវា​មិន​អាច​ទ្រាំ​រស់​នៅ​ជាមួយ​ខោ​អាវ​ចាស់​ៗ​​រាប់​តោន​ដែល​បោះ​ចូលទៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ពី​ផ្សារលក់​ផលិតផល​ជជុះដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​ កានតាម៉ាន់តូ​​នោះទេ​។​


​លោក អាម៉ា​បាន​ប្រាប់ AFP ថា៖​«អួត​​​របស់​យើងបានខូច​ខាត​ជាច្រើន​ដោយសារតែ​ខោ​អាវ​ជជុះ​នៅ​ផ្សារ​ ​ហើយ​ត្រី​ក៏​លែង​ហ៊ាន​នៅ​ក្នុង​ដែន​ទឹក​នោះ​ទៀត​ហើយ​»។​


ផ្សារ កានតាម៉ាន់តូ​​ មាន​ទំហំ​ធំ លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ២០ ហិច​តា នៅ​ចំ​កណ្តាល​តំបន់​ពាណិជ្ជកម្ម​ក្រុង​អាក្រា ហើយ​តូប​លក់នីមួយៗ​សុទ្ធតែ​​​សម្លៀកបំពាក់ និង​ស្បែកជើង​ជជុះ​មកពី​ប្រទេស​លោកខាងលិច និង​ប្រទេស​ចិន​។​


​បើ​យោងតាម​ក្រុម​បរិស្ថាន OR Foundation​ ពាណិជ្ជកម្ម​​នាំចូល​សម្លៀកបំពាក់​ចំនួន ១៥ លានឈុត ​​ក្នុង​មួយ​សប្តាហ៍​នេះ​។ ប៉ុន្តែ​ប្រហែល ៤០ ភាគរយ​​​ត្រូវបាន​​បោះចោល​ក្នុង​កន្លែង​ចាក់សំរាម ហើយ​ច្រើនតែ​ត្រូវបាន​បោក​ចោល​ទៅក្នុង​សមុទ្រ ដែល​​បង្ក​​ឱ្យ​​មាន​វិបត្តិ​សុខភាព​សាធារណៈ និង​ប៉ះពាល់​ដល់​បរិស្ថាន​។​

​សម្លៀកបំពាក់​ចាស់ៗ ដែលត្រូវបានដុត និងបោះចូលទៅសមុទ្រ។

យោងតាម​គេហទំព័រ​ទិន្នន័យ Observatory of Economic Complexity (OEC) បានឱ្យដឹងថា ហ្គា​ណា​បាន​ក្លាយជា​ប្រទេស​នាំចូល​សម្លៀកបំពាក់​ជជុះ​ធំជាងគេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០២១​ ដោយ​សម្លៀកបំពាក់​មាន​តម្លៃ ២១៤​ លាន​ដុល្លារ​ត្រូវបាន​ដឹកជញ្ជូន​ភាគច្រើន​មកពី​ប្រទេស​ចិន ចក្រភព​អង់គ្លេស និង​កាណាដា​។​

ប៉ុន្តែ​ការកើនឡើង​នៃ​ម៉ូដ​ទាន់សម័យ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ​បានធ្វើឱ្យ​ប្រទេសហ្គាណា​​ស្ថិតក្នុង​ចំណង​ទ្វេ​រដង ជាមួយនឹង​រលក​ស៊ូណាមិ​កាន់តែ​ធំ​នៃ​សម្លៀកបំពាក់​បោះចោល​ដែល​មកពី​ប្រទេស​អ្នកមាន។​

ទោះបីជា​អាជីវ​កម្មនេះ​បាន​បង្កើត​ការងារ​រហូតដល់ ៣ម៉ឺន​នាក់​​​ក៏ដោយ អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ បាន​ឱ្យ​ដឹង​ថា​វា​ស្ថិត​ក្នុងសភាព​ប្រកាស​«អាសន្ន​ផ្នែក​បរិស្ថាន និង​សង្គម​» ដោយ​ប្រទេស​ហ្គា​ណា​រកចំណូលបាន​តិចជាង​មួយ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​ នាំចេញ​សម្លៀកបំពាក់​ប្រើប្រាស់​រួច​ដែល​ខ្លួន​ទទួលបាន​ទៅកាន់​ប្រទេស​អាហ្វ្រិក​ផ្សេងទៀត។

ក្រុមប្រឹក្សា​មូលដ្ឋាន សភា​ក្រុងអាក្រា ចំណាយ​ប្រហែល ៥០​ ម៉ឺន​​ដុល្លារ​ ក្នុង​មួយឆ្នាំ ដើម្បី​ប្រមូល និង​បោះចោល​វត្ថុ​ដែល​មិន​ចង់បាន​ពី​ទីផ្សារកានតាម៉ាន់តូ​​។​

​ប៉ុន្តែ​វា​អាច​ដោះស្រាយ​បានតែ​ប្រហែល ៧០ ភាគរយ​នៃ​កាកសំណល់​ទីផ្សារ​ប៉ុណ្ណោះ​។ នៅសល់​ត្រូវបាន​ដុត​នៅក្បែរនោះ បង្ក​ការបំពុល​បរិយាកាស ឬ​បោះចោល​ក្នុង​ប្រព័ន្ធ​អេកូ​ដែល​ផុយស្រួយ។​

អ្វីៗ​កាន់តែ​អាក្រក់​ទៅៗ នៅពេលដែល​កន្លែង​ចាក់សំរាម​អនាម័យ​តែមួយគត់​របស់​ប្រទេស​ហ្គា​ណា​បាន​ផ្ទុះ​ក្នុង​ខែសីហា ឆ្នាំ ២០១៩​ បន្ទាប់ពី​ត្រូវបាន​ជន់​លិច​ដោយ​សម្លៀកបំពាក់​ជជុះ​។​

ទីលាន​ចាក់សំរាម Kpone ត្រូវបាន​បិទ​បន្ទាប់ពី​ភ្លើង​ឆេះ ដោយ​បន្សល់ទុក​នូវ​ទីប្រជុំជន​ដែល​រីកលូតលាស់​លឿន​បំផុត​មួយ​របស់​ពិភពលោក ដោយ​គ្មាន​កន្លែង​ចាក់សំរាម​​​ត្រឹមត្រូវ​។៕ AFP/HR

AFP